គេហទំព័ររបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី២៩តុលា បានផ្សាយថា ជនជាតិថៃពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះបានបើកត្រាក់ទ័រ ច្រូតស្មៅ លើមីនតោន ដែលកប់ក្នុងដីជាយូរមកហើយបណ្តាលអោយផ្ទុះស្លាប់តែម្តង។
មេបញ្ជាការវេរ សេនាតូចការពារព្រំដែនលេខ៩១១ លោក សូ សុវណ្ណារី ប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរបបក្រុងភ្នំពេញថា ហេតុការណ៍នេះបានកើតមានឡើងកាលពីថ្ងៃទី២៧ តុលា នៅក្នុងប្រទេសថៃ ត្រង់ចំណុចបង្គោលព្រំដែនលេខ ៤៣ ស្ថិតនៅក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា។
លោកថា ជនរងគ្រោះជាឪពុក និងកូន បានបើកត្រាក់ទ័រមកច្រូតស្មៅ នៅតាមព្រំដែននៃប្រទេសថៃ និងកម្ពុជា ដែលជាអតីត តំបន់ប្រទាញប្រទង់គ្នា សម័យសង្គ្រាម ស៊ីវិល រវាងកងទ័ពរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម មិនទាន់បានបោសសម្អាតគ្រាប់មីននៅឡើយ។
រូបភាពនៅកន្លែងកើតហេតុ បានបង្ហាញថា ត្រាក់ទ័រ បានផ្ទុះខូចខ្ទេចខ្ទីអស់ ហើយបានរអិលធ្លាក់ទឹកអូរដែលនៅក្បែរនោះ ចំណែកសាកសពជនរងគ្រោះ បានដាច់ជាបំណែកៗ។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន កាលពីថ្ងៃទី៩ តុលា បានចេញសេចក្តីណែនាំដល់ពលរដ្ឋកម្ពុជាថា ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មួយចំនួនត្រូវប្រទះឃើញ ដោយសារការហូរច្រោះដី នៅតំបន់ដែលមានមីន ប្រឆាំងនឹងមនុស្ស មីនប្រឆាំងនឹងរថក្រោះ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅភាគពាយព្យរបស់ប្រទេសកម្ពុជា។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC) បានចេញរបាយការណ៍ថា ក្នុងឆមាសទី១ឆ្នាំ២០២០នេះ ស៊ីម៉ាក់(CMAC) បានបោសសំអាតផ្ទៃដីបានចំនួនជាង៤១លានម៉ែត្រការ៉េ រកឃើញគ្រាប់មីន មិនទាន់ផ្ទុះ បានចំនួនជាង២ម៉ឺនគ្រាប់(២០០៤៦គ្រាប់)។ប៉ុន្តែមិនមានពលរដ្ឋកម្ពុជាណាម្នាក់បានរងគ្រោះដោយសារគ្រាប់មីន នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។