នៅព្រឹកថ្ងៃទី២៥ មិថុនា នេះ ការធ្វើបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើល នេះ បានផ្ទុះហិង្សាដែលបង្កឡើងដោយក្រុមសន្តិសុខ បានប្រើអំពើហិង្សាមកលើបុគ្គលិកជាស្ត្រីធ្វើឲ្យរងរបួសចំនួនពីរនាក់។
ស្ត្រីជាបុគ្គលិក ណាហ្គាវើល ពីរនាក់ រងរបួសក្នុងចំណោមបុគ្គលិករាប់រយនាក់ ខណៈធ្វើការតវ៉ាទាមទារឲ្យថៅកែគោរពសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងសុំដំឡើងប្រាក់ឈ្នួលនៅថ្ងៃទី២៥ មិថុនា។
ក្រុមកម្មករបានអះអាងថា ក្រុមសន្តិសុខការពារក្រុមហ៊ុនជាច្រើននាក់បានយកដែកដាក់របាំងមិនឲ្យបុគ្គលិកចូលទៅក្នុងអគារកាស៊ីណូ ណាហ្គាវើល នោះ រុញទម្លាក់សង្កត់លើបុគ្គលិកខ្លះត្រូវក្បាល និងខ្លះទៀតលើដងខ្លួន និងធ្វើឲ្យរបួសធ្ងន់ពីរនាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលភ្លាមៗ។
សេចក្ដីសម្រេច និងបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល កាលពីឆ្នាំ២០១០ បង្គាប់ឲ្យនិយោជកសហការ និងផ្ដល់លទ្ធភាពឲ្យសហជីពបានរៀបចំទីកន្លែងប្រជុំរបស់ខ្លួន ដូចដែលអនុវត្តកន្លងមក និងអនុញ្ញាតឲ្យថ្នាក់ដឹកនាំសហជីពមានសិទ្ធិចេញចូលក្នុងក្រុមហ៊ុន ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវស្របតាមអាណត្តិសហជីពរបស់ខ្លួន។ បង្គាប់ឲ្យក្រុមហ៊ុនទទួលយកបុគ្គលិក ៤នាក់ ឲ្យចូលធ្វើការកន្លែងដើមវិញ ចាប់ពីសេចក្ដីបង្គាប់នេះចូលជាធរមាន និងផ្ដល់ប្រាក់រំឭកចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញ និងសម្រេចមោឃភាពកិច្ចព្រមព្រៀងទទួលយកប្រាក់បំណាច់កិច្ចសន្យាជាកញ្ចប់ ចុះថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០០៩ និងថ្ងៃទី២ ខែមីនា ឆ្នាំ២០០៩។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើល កញ្ញា ឈឹម ស៊ីថរ អះអាងថា បុគ្គលិកដែលធ្វើបាតុកម្មនេះមានជាង ១ពាន់នាក់ ក្នុងចំណោមបុគ្គលិក ណាហ្គាវើល ទាំងអស់មានជាង ៤៥.០០នាក់។ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា មូលហេតុដែលបុគ្គលិកទាំងអស់នៅតែបន្តធ្វើបាតុកម្មនេះ ដោយសារតែខាងនិយោជកមិនព្រមធ្វើតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងដំឡើងប្រាក់ឈ្នួលជូនបុគ្គលិកទាបបំផុត ១៥០ដុល្លារក្នុងមួយខែ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអនុប្រធានការិយាល័យវិវាទការងារនៃនាយកដ្ឋានវិវាទការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហួន សឿ ដើម្បីសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី២៥ មិថុនា។
ក្រៅពីក្រុមហ៊ុនមិនគោរពសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះ ក្រុមបុគ្គលិកបានចោទប្រកាន់ក្រុមហ៊ុន ណាហ្គាវើល ថាបានគាបសង្កត់បុគ្គលិក និងរំលោភច្បាប់ការងារជាដើម។
មេធាវីតំណាងឲ្យក្រុមហ៊ុន ណាហ្គាវើល មិនបានធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ ដោយប្រាប់ថា គាត់ជាប់រវល់។
អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) និងជាជំនួយការផ្នែកច្បាប់ លោក ណៃ វ៉ង់ដា មានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុន ណាហ្គាវើល មិនទទួលយកសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទេ ក្រុមហ៊ុននេះគួរតែប្ដឹងទៅតុលាការ តែបែរជាក្រុមហ៊ុនប្រើអំណាចរបស់ខ្លួនបញ្ឈប់បុគ្គលិកថែមទៀត។
សេចក្ដីសម្រេច និងបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល កាលពីឆ្នាំ២០១០ នោះ បានបញ្ជាក់ថា សេចក្ដីបង្គាប់នេះនឹងក្លាយជាស្ថាពរ បន្ទាប់ពីថ្ងៃជូនដំណឹងអំពីសេចក្ដីបង្គាប់ចំនួន ៨ថ្ងៃ បើសិនជាមិនមានភាគីណាមួយដាក់ពាក្យជំទាស់ជាលាយលក្ខណ៍អក្សរទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងរយៈពេលនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
