អង្គការសហប្រជាជាតិផ្ដល់លុយ ១លានដុល្លារ ឲ្យរដ្ឋាភិបាលសម្រាប់ជួយដល់ពលករចំណាកស្រុក ដែលបាត់បង់ការងារធ្វើនៅក្រៅប្រទេស និងបានវិលត្រលប់ចូលមកកម្ពុជាវិញ។ កញ្ចប់ថវិកាមួយលានដុល្លារនេះជាគម្រោងដាច់ដោយឡែក ដែលក្រសួងមហាផ្ទៃ នឹងប្រើប្រាស់តែសម្រាប់ជួយដល់ពលករទីទ័លក្រ នៅភាគពាយ័ព្យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា លុយ ១លានដុល្លារនេះ រដ្ឋាភិបាលនឹងបែងចែកជួយដល់ ពលករចំណាកស្រុកក្នុងគម្រោងសាកល្បងរយៈពេល ៦ខែ ដោយជួយទៅលើពលករដែលត្រលប់មកពីប្រទេសថៃ ហើយកំពុងប្រឈមជីវភាពធ្ងន់ធ្ងរនៅតាមស្រុកខ្លះ នៃខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង។
លោក ស ខេង ថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនចំណាកស្រុកដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ១៩ និងផលប៉ះពាល់ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ កក្កដាថា កន្លងមករដ្ឋាភិបាល ធ្លាប់បានជួយពលករចំណាកស្រុកតាមរយៈ ការផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ៖ « ហើយក្រុមការងារ គេនឹងខិតខំធ្វើការធ្វើរឿងនេះ ឲ្យបានសមស្រប ហើយខ្ញុំសង្ឃឹមថា បើសិនណា ជាយើងអនុវត្តកម្មវិធីនេះ បានល្អ បានន័យថា យើងធ្វើរយៈពេល ៦ខែ។ បើ ៦ខែយើងធ្វើបានល្អ យើងប្រើប្រាស់ថវិកានេះ មានប្រសិទ្ធិភាព យើងនឹងទទួលបាននូវការគាំទ្របន្ថែមទៀតពីអង្គការសហប្រជាជាតិ » ។
ចំណែករដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់សេដ្ឋា លើកឡើងថារដ្ឋាភិបាលនឹងយកថវិកា ១លានដុល្លារ ជួយពលករ តាមរយៈការពង្រឹងសមត្ថភាពនៅតាមមណ្ឌលចត្តាឡឺស័កជួយផ្ដល់ព័ត៌មានដល់ពលករទេសន្តរប្រវេសក៍ ពង្រឹងការព្យាបាលផ្នែកចិត្តសាស្ត្រ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងផ្ដល់កញ្ចប់ជំនួយធ្វើសមាហរណកម្មសេដ្ឋកិច្ចដល់ពលរដ្ឋជាពលករទេសន្តរប្រវេសក៍នៅតាមមូលដ្ឋាន។ របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា រយៈពេលជាង ៣ខែមកនេះ គឺតាំងពីប្រទេសថៃបិទព្រំដែន ជាមួយកម្ពុជាមក មានពលករជាង ១០ម៉ឺននាក់ បានវិលត្រលប់មកកម្ពុជាវិញ ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង លើកឡើងថា មូលហេតុដែលពលករនាំគ្នាត្រឡប់មកវិញ ដោយសារប្រទេសថៃ បានផ្អាកអាជីវកម្មរោងចក្រសហគ្រាសខ្លះបណ្ដាលឲ្យមានការកាត់បន្ថយកម្លាំងពលកម្មមួយចំនួន។ ចំណែកប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធិ ស្វាគមន៍ ការផ្ដល់លុយសម្រាប់ជួយពលករខ្មែរ ដែលបាត់បង់ការងារធ្វើ តែលោកព្រួយបារម្ភថា បើរដ្ឋាភិបាលចាត់ចែងលុយនេះ មិនមានតម្លាភាព នោះលុយមិនធ្លាក់ដល់ដៃគ្រួសារពលករ ដែលក្រីក្រពិតប្រាកដទេ នឹងបណ្ដាលឲ្យមានករណីការប្រថុយលួចឆ្លងដែនខុសច្បាប់ចូលរកការងារធ្វើនៅប្រទេសថៃបន្តទៀត៖ « អ្នកដែលគេស្និទ្ធស្នាលជាមួយមេភូមិ ខ្សែបណ្ដោយរបស់គេគេបានទទួល។ ប៉ុន្តែត្រង់ថា វាមិនមែនជាអ្នកក្រពិតប្រាកដ។ តែបើអ្នកហ្នឹងមិនមែនជាខ្សែបណ្ដោយបក្ខពួករបស់គេគេមិនដែលឲ្យមិនដែលរវីរវល់អ្វីទេ នៅតែអត់អ៊ីចឹង អត់ដាច់បាយអ៊ីចឹងទៅ អត់រហូតអ៊ីចឹងទៅ អត់មិនដែលបានទទួលអ្វីសោះតែម្ដង ពួកគាត់នៅ តែអត់អ៊ីចឹង » ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គិតត្រឹមថ្ងៃទី១៣ កក្កដា រដ្ឋាភិបាល បានឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រ បានប្រមាណ ៥២ម៉ឺនគ្រួសារ ដែលមានទឹកប្រាក់ប្រមាណ ៩២.០០០លានរៀល ឬស្មើ ២៣លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។