អាជ្ញាធរវៀតណាមនៅតែបន្តបិទខ្ទប់គ្រប់ច្រក នៅតាមដងទន្លេមេគង្គក្រោម មិនឱ្យពលរដ្ឋរបស់ខ្លួន ចូលទឹកដីវៀតណាម រយៈពេល ៣សប្តាហ៍មកហើយ បើទោះបីជា អាជ្ញាធរកម្ពុជាបានស្នើឱ្យ វៀតណាមទទួលយកជនជាតិវៀតណាមដែលត្រូវបានបណ្តេញចេញពីជម្រកបណ្តែតទឹក ក្នុងរាជធានីភ្នំពេញក្ដី។ ក្រុមអង្គការសង្គមស៊ីវិលហៅទង្វើរបស់រដ្ឋាភិបាលវៀតណាមថា ជាការរំលោភសិទ្ធិពលរដ្ឋរបស់ខ្លួន។
ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកទង្វើរបស់វៀតណាមថា គ្មានចេតនាស្មោះត្រង់ជួយសម្រួលពលរដ្ឋរបស់ខ្លួន ឱ្យវិលទៅត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញដោយសុខសុវត្ថិភាពនោះទេ។ ប្រការនេះ គឺជាមូលហេតុធ្វើឱ្យពួកគេសង្ស័យថា រដ្ឋាភិបាលវៀតណាមមានល្បិចកលផ្សេង ដើម្បីពង្រាយជនជាតិរបស់ខ្លួនឱ្យបន្តរស់នៅដោយខុសច្បាប់លើទឹកដីកម្ពុជា ដើម្បីបង្កើនកូនពួនជាចៅនៅក្នុងថ្ងៃអនាគត។
មន្ត្រីអង្គការការពារសិទ្ធិជនជាតិភាគតិច លោក ទត គឹមស្រូយ ថ្លែងថា ជនជាតិវៀតណាមខ្លះ បានរាយការណ៍មកលោកថា មានជនជាតិវៀតណាមជិត ១រយគ្រួសារ ត្រូវអាជ្ញាធរវៀតណាមហាមមិនឱ្យចូលប្រទេសវៀតណាមជាង ២សប្តាហ៍មកហើយនៅដងទន្លេមេគង្គក្រោមក្នុងខេត្តកណ្តាល។ លោកថា មកទល់ពេលនេះ មានជម្រកបណ្តែតទឹក បែចិញ្ចឹមត្រី និងទូក ជាច្រើនគ្រឿងកំពុងកកស្ទះនៅដងទន្លេបាសាក់ជាប់ព្រំដែនវៀតណាម ៖ «មិនឱ្យប្រជាជនខ្លួនចូលទៅទឹកដី និងប្រទេសរបស់ខ្លួនពាក់ព័ន្ធទៅហ្នឹងកូវីដ១៩ ខ្ញុំថា គ្រាន់តែជាលេសរបស់អាជ្ញាធរ។ ប្រទេសវៀតណាម តែប៉ុណ្ណោះឯង មិនចង់ទទួល គឺចង់ឱ្យប្រជាជនរបស់គេ រស់នៅរាយប៉ាយ លើទឹកដីកម្ពុជាហ្នឹងឯង»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា រដ្ឋាភិបាលវៀតណាមយកលេស ទប់ស្កាត់ជំងឺកូវីដ១៩ បិទខ្ទប់ពលរដ្ឋរបស់ខ្លួន មិនឱ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។ លោកបញ្ជាក់ថា អង្គការលោក នៅមិនទាន់ទទួលបានទិន្នន័យច្បាស់លាស់ ពីចំនួនជនជាតិវៀតណាម ដែលកំពង់កកស្ទះនៅដងទន្លេបាសាក់ ជាប់ព្រំដែនកម្ពុជា និងវៀតណាម ឋិតក្នុងស្រុកកោះធំនោះទេ ខណៈអាជ្ញាធរព្យាយាមបិទបាំងរឿងនេះ។
មន្ត្រីសង្គមស៊ីវិលតាមដានរឿងនេះ អះអាងថា បែត្រី និងផ្ទះបណ្ដែតទឹកមួយចំនួនបានអណ្ដែតពីរាជធានីភ្នំពេញ ពង្រាយតាមដងទន្លេមេគង្គឋិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តព្រៃវែង ចាប់តាំងពីអាជ្ញាធរបញ្ជាឱ្យរុះរើចេញពីដងទន្លេសាប ក្នុងភ្នំពេញ។
ជាមួយគ្នានេះ ហ្វេសប៊ុក (facebook) របស់រដ្ឋបាលខេត្តកណ្ដាល ចុះផ្សាយនៅថ្ងៃទី១៣ មិថុនា ថា អាជ្ញាធរស្រុកនៅជាប់ទន្លេមេគង្គក្រោមទាំង៣ (ល្វាឯម កៀនស្វាយ លើកដែក) កំពុងយាមកាមនៅតាមមាត់ទន្លេយ៉ាងតឹងរ៉ឹង និងមិនអនុញ្ញាតឲ្យបែត្រី និងផ្ទះបណ្ដែតទឹកអែមខាងចូលច្រាំងឡើយ។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក៏បញ្ជាឲ្យអាជ្ញាធរគ្រប់គ្រងស្ថិតិបែត្រី និងផ្ទះបណ្ដែតទឹកទាំងចាស់ទាំងថ្មី ដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេឡើងវិញ សម្រួលដល់ផ្លូវនាវាចរ ប្រព័ន្ធអេកូឡូស៊ី ការបំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពដងទន្លេ និងសុខភាពពលរដ្ឋ។
អាស៊ីសេរីមិនទាន់សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ និងអភិបាលស្រុកលើកដែក ចាប ច័ន្ទវិទ្យា បាននៅឡើយទេ នៅថ្ងៃទី១ កក្កដា។
រីឯអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា អាស៊ីសេរីក៏មិនទាន់អាចទាក់ទងបានដែរ ព្រោះទូរសព្ទហៅចូលតែគ្មានអ្នកលើក។
ប៉ុន្តែលោក ចាប ច័ន្ទវិទ្យា ប្រាប់កាសែតក្នុងស្រុក (ខេមបូចា) កាលពីពេលថ្មីៗនេះថា (៣០ មិថុនា ២០២១) មកទល់ពេលនេះ មានផ្ទះបណ្តែតទឹកប្រមាណ ៨៣ខ្នង និងមានមនុស្សជាង ៤រយនាក់ (៤៣៦) បានមកដល់កោះមួយ នៅត្រើយខាងលិចនៃទន្លេមេគង្គក្រោម កៀកព្រំដែនកម្ពុជា និងវៀតណាម ។ ពួកគេទាំងនោះ ភ្ជាប់ជាមួយនៅ បែចិញ្ចឹមត្រូវជាង ១រយបែ(១១៩)។
រីឯនៅខេត្តព្រៃវែង មានជម្រកបណ្តែតទឹក និងបែចិញ្ចឹមត្រី ១៧០គ្រួសារ និងបែត្រី ៣២កន្លែង បានចុះចតនៅទន្លេមេគង្គក្រោម ក្នុងស្រុកពាមជរ។
មន្ត្រីនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ហួសចិត្តនៅគ្រាដែលពលរដ្ឋវៀតណាមខុសច្បាប់ ដែលអាជ្ញាធរខ្មែរបណ្តេញចេញពីកម្ពុជា បែរជាត្រូវរងទុក្ខនៅប្រទេសសាមីរបស់ខ្លួនទៅវិញ។ លោកថា ទង្វើរបស់រដ្ឋាភិបាលវៀតណាម ឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវទៅលើជោគវាសនារបស់ពលរដ្ឋរបស់ខ្លួន។ លោកសង្ស័យថា អាជ្ញាធរវៀតណាមធ្វើបែបនេះ ហាក់មានចេតនាផ្សេង ពុំមែនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នោះទេ៖ «បណ្តេញចេញពីប្រទេសកម្ពុជាហើយ ត្រូវជារងទុក្ខក្នុងប្រទេសសាមីរបស់ខ្លួនដែល។ រដ្ឋាភិបាលរបស់ខ្លួនមិនទទួលខុសត្រូវលើវាសនារបស់ពួកគាត់ ហើយធ្វើការរំលោភលើសិទ្ធិរបស់ពួកគាត់ទៅវិញ។ ចំណុចទាំងអស់នេះ អាចធ្វើការរិះគន់ពីសហគមន៍អន្តរជាតិ»។
ជាមួយគ្នានេះ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់សារព័ត៌មានថ្មីៗ ថា សំណង់មិនរៀបរយ បែត្រីនិងផ្ទះបណ្ដែតទឹកជាងបួនរយ (៤០០) បានរុះរើចេញពីខណ្ឌច្បារអំពៅរបស់លោក។ បច្ចុប្បន្ននៅសល់បែត្រីតែ៤៦ប៉ុណ្ណោះ ដោយសារម្ចាស់បែស្នើសុំពន្យារពេលដើម្បីដួសត្រី និងសន្យាស្ម័គ្រចិត្តចល័តចេញពីខណ្ឌច្បារអំពៅ។
កាលពីថ្ងៃទី១៣ មិថុនាកន្លងទៅ សមាគមវៀតណាម នៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានហាមមិនឲ្យជនជាតិវៀតណាម វិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ។ ការលើកឡើងនេះ ស្របពេលដែលជនជាតិវៀតណាមរាប់ពាន់គ្រួសារ ស្នាក់នៅតាមផ្ទះបណ្ដែតទឹក ផ្ទះទូក និងក្បូន ក្នុងខណ្ឌចំនួន ៦ ក្រុងភ្នំពេញ បានត្រៀមខ្លួនបន្លាស់ទីទៅប្រទេសវៀតណាមវិញ។ សមាគមថា អាជ្ញាធរវៀតណាម បានបិទខ្ទប់ច្រកទ្វារព្រំដែនវៀតណាម មិនអនុញ្ញាតឲ្យមនុស្សចេញចូលឡើយ ដោយលើកសេចក្ដីសំអាងថា ដើម្បីទប់ស្កាត់ជំងឺ Covid-19 ។ លើសពីនេះ សមាគមវៀតណាមស្នើឱ្យប្រជាជនវៀតណាម គួរតែផ្លាស់ទីជម្រកបណ្តែតទឹកទៅចតនៅទីតាំងថ្មី ដោយគោរពគោលការណ៍ណែនាំរបស់អាជ្ញាធរ៕
សូមទស្សនាលម្អិតទៀតថា ហេតុអ្វីវៀតណាម មិនព្រមទទួលពលរដ្ឋខ្លួនឯងចូលស្រុកវិញ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។