អាជ្ញាធរកម្ចាត់មីនកម្ពុជា អះអាងថា បុរសម្នាក់ ដែលបានយកគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៣០ គ្រាប់ទៅចង់ព្យួររណែងរណោង លើដើមឈើមុខផ្ទះរបស់ខ្លួនសម្រាប់កម្សាន្តនោះ មិនត្រូវបានអាជ្ញាធរ ចាប់ខ្លួននោះទេ ដោយសារបុរសរូបនោះ ជាមនុស្សមានសតិមិនគ្រប់។
កាលពីថ្ងៃទី១០ ខែមិថុនា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះទៅប្រមូលទុក និងដើម្បីកម្ទេចចោលនូវគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣០គ្រាប់ ពីបុរសអ្នករើសអេតចាយវ័យ ៤៨ឆ្នាំម្នាក់ រស់នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាលោក ហេង រតនា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ មិថុនានេះ ថាគ្រាប់ទាំងនោះ ខ្លះនៅមានប្រសិទ្ធភាពផ្ទុះនៅឡើយ និងមានគ្រាប់មីនប្រឆាំងរថក្រោះជាដើម។ លោកថា បុរសនេះខុសគេ គាត់ប្រមូលគ្រាប់ទាំងនេះ យកទៅ ដាក់តាំងនៅមុខផ្ទះ ទុកជាល្បែងកម្សាន្ត ដោយមិនបានដឹងអំពីគ្រោះថ្នាក់។
លោក ហេង រតនា បន្ថែមថា កាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋខ្លាំងបំផុត ហើយនៅតែប្រមូលបានរាល់ថ្ងៃ ដោយក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ អាជ្ញាធរជំនាញ ប្រមូលបានជាង ១ម៉ឺន ៣ពាន់គ្រាប់ នៅទូទាំងប្រទេស។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមជុំវិញករណីនេះពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួលទូរស័ព្ទ។
គិតត្រឹមរយៈពេល ៥ខែដើមឆ្នាំនេះ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់បង្កឡើងដោយកាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងបណ្ដាញស្ម័គ្រចិត្តតាមសហគមន៍ បានចុះទៅបង្ហាញណែនាំឱ្យប្រជាពលរដ្ឋយល់ដឹងអំពីគ្រោះថ្នាក់នេះ បានជាងកន្លះលាននាក់ ស្មើនឹងជាង ពីរម៉ឺនគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។