ក្រសួង​ការបរទេស​ថា ស្ត្រី​ខ្មែរ ៧៥​នាក់ ត្រូវ​បាន​រំដោះ​ក្រោយ​ពី​ចាញ់បោក​រៀបការ​ប្ដី​នៅ​ចិន

ដោយ ហេង រស្មី
2020-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ថា ក្នុង​រយៈពេល​៩​ខែ នេះ អាជ្ញាធរ​បាន​រំដោះ ស្ត្រី​ខ្មែរ​ចំនួន​៧៥ នាក់ ដែល​បាន​ចាញ់បោក​គេ​ទៅ​រៀបការ​នៅ​ក្នុង​ប្រទេស​ចិន។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​សិទ្ធិ​ការងារ​លើកឡើង​ថា ដោយសារតែ​បញ្ហា​ជីវភាព ទើប​ធ្វើ​ឱ្យ​ស្ត្រី​ខ្មែរ​ងាយស្រួល​បាញ់​បោក​រៀបការ​ជាមួយ​ជនជាតិ​ចិន​ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង មាន​ប្រសាសន៍ថា ស្ត្រី​ខ្មែរ​ចុងក្រោយ​គេ​ដែល​បាន​រំដោះ​ចេញពី​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​មក​ដល់​ស្ថាន​អគ្គ​កុងស៊ុល កាលពី​យប់ ថ្ងៃ​ទី​១៦ តុលា ដោយ​សុវត្ថិភាព។ លោក​ថា ស្ត្រី​រូប​នោះ​បាន​ស្នាក់នៅ​ស្ថាន​អគ្គ​កុងស៊ុល រហូត​ដល់​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ ២០២០ ទើប​អាច​ចេញដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​ជើង​យន្តហោះ​ស្ពីង អ៊ែរឡាញ​(Spring Airlines 9 c8533) ដោយ​ចេញ​ដំណើរ​ពី​ទីក្រុង​សៀងហៃ ហើយ​និង​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ដដែល​នេះ។

ក្រសួងការបរទេស​កម្ពុជា​ថា ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយ​ស្ត្រី​ខ្មែរ​មួយ​រូប ស្នាក់នៅ​ក្នុង​ខេត្ត​ជឺជាំង ដោយសារតែ​លោកស្រី​រស់នៅ​មិន​ចុះសម្រុង​គ្នា​ជាមួយ​ស្វាមី ហើយ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍។

រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ស្ត្រី​ខ្មែរ​ចំនួន ៧៥ នាក់​ហើយ ក្រោយពី​ចាញ់បោក​គេ​ទៅ​រៀបការ​នៅ​ក្នុង​ប្រទេស​ចិន ក្នុង​រយៈពេល​៩​ខែ​កន្លង​ទៅ​នេះ។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​អ្នកស្រី ជូ ប៊ុនអេង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មាន​​ប្រសាសន៍ប្រាប់​ក្រុម​អ្នកការ​សែត នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តីពី​ការ​ជួយ​ដូរ​មនុស្ស​ថា ស្ត្រី​ខ្មែរ​ក្មេងៗ​ងាយ​នឹង​រង​គ្រោះ​ដោយសារ​ចាញ់បោក​គេ​ទៅ​រៀបការ​ជាមួយ​នៅ​ក្រៅ​ប្រទេស។

អ្នកស្រី​ថា ការ​រៀប​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​សង្ឃឹម​ថា នឹង​មាន​ជីវភាព​សមរម្យ ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ងាយស្រួល​ក្នុង​ការ​ចាញ់បោក​គេ។ អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ខ្មែរ​គួរតែ​ទប់​ស្មារតី​ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​គេ ហើយ​រៀន​រស់នៅ​ក្នុង​ប្រទេស ប្រសើរ​ជាង៖ «អ៊ីចឹង​កុំ​ចេញ​តែ​ប្រថុយប្រថាន យើង​រៀន​រស់នៅ​ក្នុងស្រុក ក្នុង​ស្ថានភាព​មួយ​ល្អ​ប្រសើរ​ដូច​គេ​ដូច​ឯង។ ពីព្រោះ​មនុស្ស​រាប់​លាន​នាក់​គេ​អាច​រស់​បាន តើ​ហេតុអ្វី​យើង​មិន​អាច​រស់​បាន ហើយ​បើ​ចេញ​ទៅ​ក្រៅ​ប្រទេស យើង​មិន​ហាមឃាត់​ទេ បើ​ក្នុង​ករណី​មាន​សុវត្ថិភាព។ ប៉ុន្តែ​បើ​យល់ថា ចេញទៅ​ចាញ់បោក​គេ ហើយ​គ្មាន​សុវត្ថិភាព គួរតែ​ទប់ស្កាត់​ចិត្ត​ខ្លួនឯង​ដើម្បី​កុំ​ឲ្យ​មានការ​ចាញ់បោក​បន្ត​ទៀត»

ទាក់ទិន​នឹង​បញ្ហា​ស្ត្រី​ខ្មែរ​ចាញ់បោក​គេ​នេះ នាយក​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ស្ត្រី​ខ្មែរ​ងាយស្រួល​រងគ្រោះ​ចាញ់បោក​គេ ទៅ​រៀបការ​នៅ​ក្រៅ​ប្រទេស គឺ​បណ្តាល​មក​ពី​ភាព​ក្រីក្រ គ្មាន​ការងារ​ធ្វើ ជំពាក់​បំណុល​គេ ហើយ​នឹង​ប្រព័ន្ធ​សេវា​សង្គម​របស់​រដ្ឋាភិបាល​មិន​ទាន់​បាន​ទូលំទូលាយ។

លោក​ថា នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ពេល​ណា​ដែល​ពលរដ្ឋ​អត់​ការងារ​ធ្វើ រដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​ចំណាយ​មួយ​ចំនួន​របស់​ពលរដ្ឋ ប៉ុន្តែ​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ប្រព័ន្ធ​សង្គម​ឲ្យ​បាន​គ្រប់គ្រាន់​ទេ គឺ​ពលរដ្ឋ​ប្រឹង​រស់ ប្រឹង​រក​ការងារ ប្រឹង​រក​ចំណូល​អ្វី​ផ្សេងៗ​ដោយ​ខ្លួនឯង។ លោក​បន្ថែម​ថា មេខ្យល់​ក៏​ជា​ចំណុច​សំខាន់​ក្នុង​ការ​ទាក់ទាញ​ស្ត្រី​ខ្មែរ ទៅ​រៀបការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ៖ «ដោយសារ​តែ​មាន​មេខ្យល់​មក​បញ្ចុះបញ្ចូល ថា គាត់​អាច​មាន​ឱកាស ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។ល។ ទាំង​ប្រទេស​ថៃ​(Thailand)​ក្តី ម៉ាឡេស៊ី​(Malaysia) ចិន​(China) កូរ៉េ (South Korea) ឬមួយ​ជប៉ុន​(Japan) ជាដើម ។ មេខ្យល់​នេះ​មែនទែន​ទៅ ដោយសារ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា នៅ​មាន​ភាព​ធូររលុង ហើយ​អំពើពុករលួយ​យើង​នៅ​ខ្ពស់។ អ៊ីចឹង ជា​ឱកាស​មួយ​របស់​មេខ្យល់​ហ្នឹង​អាច​ធ្វើ​សកម្មភាព​រាង​ទូលំទូលាយ​ដែរ»

របាយការណ៍ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា អំពើពុករលួយ​យ៉ាង​រាលដាល​ជួយ​ជំរុញ​មាន​បទល្មើស​ជួញដូរ​មនុស្ស។ របាយការណ៍​បន្ថែម​ទៀត​ថា មន្ត្រី​ពុករលួយ​សម្រួល​ការ​ជួញដូរ​ឆ្លង​កាត់​ព្រំដែន រារាំង​ការ​ស៊ើបអង្កេត និង​ការ​កាត់ទោស ហើយ​ក្នុង​ករណី​ខ្លះ ទទួល​បាន​ផល​ចំណេញ​ដោយ​ផ្ទាល់​ពី​ការ​ជួញដូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល