វិបត្តិដោយសារជំងឺកូវីដ-១៩ ដែលអូសបន្លាយជាងកន្លះឆ្នាំមកហើយនេះ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់កម្មករនិយោជិតគ្រប់វិស័យ។ ប្រជាពលរដ្ឋទូទៅ ក៏ជួបការលំបាកជីវភាពខ្លាំងណាស់ដែរ។ បន្ថែមលើការខ្វះខាតនេះ ក្រសួងការងារ កាលពីដើមខែមិថុនា បានប្រកាសផ្អាកប្រាក់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់ការងារ រហូតដល់ឆ្នាំ២០២១។ ការសម្រេចបែបនេះ ធ្វើឲ្យតំណាងសហជីពកម្មករ ផ្ទុះការតវ៉ា និងដាក់ញ្ញត្តិទាមទារឲ្យក្រសួងលុបចោលសេចក្ដីសម្រេចនោះវិញ។
ស្របពេលជាមួយគ្នានេះ តំណាងសហគមន៍កសិករក្រីក្រខ្វះខាតជាច្រើន នៅតាមបណ្ដាខេត្ត នៅតែត្អូញត្អែរថា មិនទាន់បានទទួលដំណឹង អំពីការស្រង់ឈ្មោះអ្នកក្រ និងអ្នកប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅឡើយ។
តំណាងសហព័ន្ធសហជីព ចំនួន ១៤ មកពីវិស័យកាត់ដេរ និងដេរស្បែកជើង វិស័យសំណង់ វិស័យសេវាកម្មសណ្ឋាគារ និងកាស៊ីណូ ប្រមាណ ៥០នាក់ កាលពីថ្ងៃទី ២២ ខែ មិថុនា បានដាក់ញត្តិទៅក្រសួងការងារ ដើម្បីស្នើសុំឲ្យពិចារណាឡើងវិញ និងជំរុញឲ្យនិយោជក បន្តអនុវត្តការបើកប្រាក់អតីតភាពការងារ នៅមុនឆ្នាំ២០១៩ និងឆ្នាំ២០២០ ជូនកម្មករឡើងវិញ។
ការស្នើសុំនេះ បន្ទាប់ពីក្រសួងការងារ បានចេញសេចក្ដីប្រកាស កាលពីដើមខែមិថុនា ឲ្យនិយោជកពន្យារពេល បើកប្រាក់អតីតភាពការងារដល់កម្មកររហូតដល់ឆ្នាំ២០២១។ សហព័ន្ធសហជីពយល់ថា រដ្ឋាភិបាលគិតគូរដល់និយោជក ខ្លាំងជាងកម្មករ ក្នុងពេលវិបត្តិកូវីដ-១៩។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោក ស្រី យ៉ាង សុភ័ណ្ឌ ប្រាប់អាស៊ីសេរីថា ការតវ៉ាឲ្យក្រសួងការងារដកសេចក្ដីសម្រេចនោះវិញ គឺដោយសារកម្មករកំពុងខ្វះខាតខ្លាំងស្រាប់ទៅហើយ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ លោកស្រីថា កម្មករនិយោជិតពឹងពាក់ទាំងស្រុងលើប្រាក់ខែ ដែលមានតិចតួចនេះស្រាប់។ កម្មករជាច្រើន ត្រូវរោងចក្រ និងសហគ្រាសព្យួរការងារ ជាបន្ទុកមួយទៅហើយ ឥឡូវថែមបន្ទុកមួយទៀត គឺក្រសួងសម្រេចព្យួរបើកប្រាក់អតីតភាពការងារ ដែលធ្លាប់សន្យាថា បើកឲ្យកម្មករជាប្រចាំនោះ៖ «ក្រុមគ្រួសារកម្មករស្ទើរតែទាំងអស់ កំពុងជំពាក់លុយក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ។ ម្យ៉ាងទៀតក៏ត្រូវការយកលុយហ្នឹងទៅ ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ ព្រោះម្នាក់ៗ សុទ្ធតែមានមនុស្សដែលរស់នៅក្នុងបន្ទុក។ បន្ទាប់មកទៀត ក្រុមគ្រួសាររបស់គាត់មួយចំនួន មិនមែនជាអ្នកជាទេ គឺគាត់មានជំងឺ ដែលត្រូវការយកលុយទៅពិនិត្យសុខភាព និងមើលជំងឺ។ ដូច្នេះលុយដែលគាត់ទទួលបាន គឺតិចតួចណាស់ក្នុងកំឡុងកូវីដ - ១៩។ តែបែរជារដ្ឋាភិបាលចេញសេចក្ដីជូនដំណឹងបែបហ្នឹងទៀត វាហាក់បីដូចជាមិនបានជួយសម្រួលដល់ស្ថានភាពបងប្អូនកម្មករឲ្យបានប្រសើរឡើងទេ។ ធ្វើឲ្យពួកគាត់កំពុងជួបប្រទះហានិភ័យបន្ថែមទៀត »។
ហានិភ័យនេះ បើតាមតំណាងសហជីពមួយរូបទៀតថា វាធ្លាក់មកលើកម្មករខ្លាំងជាងថៅកែ ព្រោះថៅកែរកស៊ីកាក់កបរាប់ឆ្នាំមកហើយនៅកម្ពុជា ឯកម្មករបានប្រាក់ខែតិចតួច រស់តែមួយគែ មិនគ្រប់ផង។ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំនៅក្រុមហ៊ុនកាស៊ីណូ NAGA World ថា ខាងក្រុមហ៊ុនកាស៊ីណូ នៅមានលទ្ធភាពបង់ប្រាក់អតីតភាពជូនកម្មករនិយោជិត។
បើតាមការអះអាងរបស់កញ្ញា ក្រុមហ៊ុនកាស៊ីណូ ដែលរកប្រាក់បានជាង ១ពាន់លានដុល្លារ កាលពី ឆ្នាំ២០១៩ នោះ បានសម្រេចត្រៀមបើកប្រាក់អតីតភាពជូនកម្មករទាំងអស់ទៅហើយ កាលពីចុងខែ ឧសភា។ ប៉ុន្តែ ស្រាប់តែដើមខែមិថុនា ពេលក្រសួងការងារសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ព្យួរការបើកប្រាក់នេះ ក្រុមហ៊ុនកាស៊ីណូ ក៏ផ្អាកតាមហ្នឹងដែរ ឲ្យស្របតាមសេចក្ដីសម្រេចរបស់ក្រសួងការងារ ទោះខូចប្រយោជន៍កម្មករ៖ «បើនៅណាហ្គាវិញ ខ្ញុំប្រៀបធៀបថា បុគ្គលិកដួសបាយហាមាត់រៀបទំពារហូបទៅហើយ ស្រាប់តែគេចាប់កន្ត្រាក់យកចេញទៅវិញ ពីមាត់បាត់ ! ព្រោះក្រុមហ៊ុនណាហ្គាវើលដ៍ ប្រកាសថា បើប្រាក់អតីតភាពការងារឲ្យនៅ ថ្ងៃទី២៨ ខែឧសភា។ ដល់ថ្ងៃទី២ ខែមិថុនា ក្រសួងចេញសេចក្តីប្រកាសហ្នឹង គេថា គេធ្វើតាមសេចក្ដីប្រកាសរបស់ក្រសួង។ លុយគេរៀបចំហើយអស់ទៅហើយហ្នឹង តាំងពីថ្ងៃទី២៨ ខែឧសភានោះ គឺនៅសល់តែពីរបីថ្ងៃទៀត គេនឹងត្រូវបញ្ចូលទៅក្នុងកុងធនាគារបុគ្គលិកហើយ »។
បើទោះបីជាសេចក្តីសម្រេចរបស់ក្រសួងការងារ ប៉ះពាល់ដល់ប្រយោជន៍កម្មករ ក៏ខាងសហជីពកម្មករ អះអាងថា ក្រសួងមិនបានកោះហៅពួកគាត់ ទៅជួបពិគ្រោះ ឬពិភាក្សាបញ្ហានេះ មុនចេញសេចក្តីសម្រេចនោះទេ។
ប្រធានសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា ជឿថា ថៅកែជាអ្នកដាក់ស្នើសុំព្យួរប្រាក់អតីតភាពការងារកម្មករនេះ។ ឯក្រសួងការងារ ក៏ចេះតែយល់ព្រមតាម ដោយមិនពិគ្រោះជាមួយខាងតំណាងកម្មករនោះទេ ដែលនេះគឺជាបញ្ហា៖ «ជាទូទៅយើងមិនមានការអញ្ជើញណាមួយទេ ជុំវិញការចេញសេចក្ដីប្រកាសនេះ ដោយសារតែយើងមើលឃើញថាក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ - ១៩ ភាគីសហជីពហាក់មិនត្រូវបានគេហៅឲ្យទៅពិភាក្សាជាលក្ខណៈត្រីភាគីណាមួយនោះទេ ពាក់ព័ន្ធទៅនឹងការផ្អាក ឬមួយការផ្ដល់ផលប្រយោជន៍ណាមួយទៅដល់បងប្អូនកម្មករនោះ»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺ ពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរបានទេ ជុំវិញរឿងនេះ ដោយសារតែមន្ត្រីរូបនេះ មិនលើកទូរស័ព្ទអាស៊ីសេរី ជាងមួយឆ្នាំហើយ។
ទោះជាយ៉ាងនេះក្តី កញ្ញា ឈឹម ស៊ីថរ ប្រាប់អាស៊ីសេរីថា លោក និន វណ្ណៈ ដែលតំណាងផ្នែកវិវាទការងារ ពីក្រសួងការងារ ដែលបានចេញមកទទួលញត្តិ សន្យាថានឹងផ្ដល់ចម្លើយនៅសប្ដាហ៍ក្រោយ។ កញ្ញា ឈឹម ស៊ីថរ ថា បើគ្មានដំណោះស្រាយ ខាងសហជីពនឹងបន្តការតវ៉ានេះ។
ស្របពេលដែលស្ថានភាពកម្មករនៅតែតានតឹងរដ្ឋាភិបាលហាក់ដូចជារកវិធីខ្លះដើម្បីបន្ធូរការតវ៉ាពីពលរដ្ឋទូទៅ ជាពិសេស ពលរដ្ឋក្រីក្រខ្វះខាត។ ការបន្ធូរបន្ថយភាពតានតឹងនេះ គឺធ្វើឡើងតាមរយៈអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី១២ ខែមិថុនា ដែលថា នឹងចែកលុយដល់អ្នកក្រ មួយគ្រួសារចាប់ពី ២០ដុល្លារ ដល់ ៣០ ដុល្លារក្នុងមួយខែ។
ប៉ុន្តែការគ្រោងនឹងចែកលុយនេះ គឺមិនធ្វើជាទូទៅទេ ទោះប្រជាពលរដ្ឋខ្មែរទូទៅរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នេះក៏ដោយ។ រដ្ឋនឹងចែកប្រាក់ឲ្យតែគ្រួសារណាដែលមានប័ណ្ណក្រីក្រ (ឬប័ណ្ណសមធម៌)។
បើតាមក្រសួងផែនការ ថា រកឃើញគ្រួសារក្រីក្រីនៅទូទាំងប្រទេសមានជាង ៥សែន ៦ម៉ឺន គ្រួសារ (៥៦៧,៥០៥) ដែលគិតជាចំនួនមនុស្ស គឺប្រមាណ ២លាន ៣សែននាក់។
បើតាមអនុក្រឹត្យនោះ គឺក្រសួងសង្គមកិច្ច ជាអ្នកប្រកាសថ្ងៃ ដែលនឹងត្រូវចាប់ផ្តើមចែកលុយនោះ។ ប៉ុន្តែ មិនបញ្ជាក់ថ្ងៃណានៅឡើយទេ។ ឯការចែកលុយនេះ នឹងធ្វើរយៈពេលប៉ុន្មានខែ ក៏មិនទាន់មានព័ត៌មានលម្អិតនៅឡើយដែរ។
ប៉ុន្តែ បើតាមប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន នៅថ្ងៃទី ២៤ ខែ មិថុនា ខាងមុខនេះ លោក ហ៊ុន សែន នឹងចូលរួមពិធីប្រកាស អំពីការចាប់ផ្ដើមគម្រោងនេះហើយ។
ទោះបីរដ្ឋ ចាប់ផ្ដើមគម្រោងចែកលុយឆាប់ៗ នេះក៏ដោយ ក៏ខាងសហគមន៍ក្រីក្រខ្វះខាតនៅតាមបណ្ដាខេត្តជាច្រើន មិនទាន់បានទទួលដំណឹងអំពីការចុះស្រង់ស្ថិតិអ្នកខ្វះខាតនេះទេ។ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលតំណាងឲ្យសហគមន៍កសិករនៅ ១១ ខេត្ត ស្នើឲ្យរដ្ឋាភិបាលស្រង់ឈ្មោះអ្នកក្រឲ្យមានតម្លាភាព និងគ្មានការរើសអើង ហើយត្រូវបន្តនីតិវិធីនេះ ឲ្យបានទូលំទូលាយ ដើម្បីឲ្យសហគមន៍កសិកររបស់លោកបានដឹងផង៖ «ទោះបីអនុក្រឹត្យចេញហើយក៏ដោយ ខ្ញុំស្នើឲ្យរដ្ឋាភិបាលពិសេសក្រសួងផែនការ និងក្រសួងការងារ រួមនឹងមន្ទីរទាំងពីរនៅតាមបណ្តាខេត្តនានា ត្រូវតែ បន្តនីតិវិធី បើកឲ្យមានការចុះឈ្មោះ និងការធ្វើទិន្នន័យនេះបន្តទៀត ព្រោះការផ្សព្វផ្សាយព័ត៌មាន មិនបានទូលំទូលាយ ធ្វើឲ្យប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម និងអ្នកក្រីក្រ មិនបានទទួលព័ត៌មាន និងបាត់បង់អត្ថប្រយោជន៍នៃកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាល»។
កន្លងមករបបក្រុងភ្នំពេញ រងការរិះគន់ថា ធ្វើនយោបាយប្រជាភិថុតិ ដែលសន្យាថាមានប្រាក់បម្រុងរាប់ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាពលរដ្ឋ ក្នុងគ្រាមានវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែ ស្ថានភាពជំងឺនេះ កើតឡើងជាងកន្លះឆ្នាំទៅហើយ រដ្ឋនៅតែមិនទាន់បានជួយពលរដ្ឋដែលរងគ្រោះ ឲ្យទាន់សភាពការណ៍នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។