ក្រុមកម្មករ ធ្វើការនៅរោងចក្រកាត់ដេរ គ្រីស្ដាល់ ម៉ាទីន (Crystal Martin) នៅខេត្តកណ្ដាល ព្រមានថា នឹងលើកគ្នាទៅតវ៉ានៅមុខរោងចក្របន្តទៀត ព្រោះថៅកែមិនព្រមបើកលុយ ព្យួរការងារ ៤០ភាគរយ តាមការសន្យាឲ្យ។
កម្មការិនីឈ្មោះ ខែម ស្រីណែត ឲ្យដឹងថា ភាគីថៅកែបានសន្យាថា នឹងវេរលុយឈ្នួលរយៈពេលព្យួរការងារ ឲ្យកម្មករចំនួន ៤0ភាគរយ នៅថ្ងៃទី៦ មីនា តែមកដល់ម៉ោង ៥ល្ងាចទៅហើយ កម្មករមិនទាន់បានទទួលលុយទេ។ ដូច្នេះ ក្រុមកម្មករគ្រោងលើកគ្នាទៅតវ៉ាម្ដងទៀត នៅថ្ងៃទី៧ មីនា។
កម្មការិនី ខែម ស្រីណែត ឲ្យដឹងថា កម្មករធ្វើការនៅអគារទី១ នៃរោងចក្រគ្រីស្ដាល់ ម៉ាទីន (Crystal Martin) ជិតប្រាំបីរយ (៨០០)នាក់ បានតវ៉ាច្រើនថ្ងៃមកហើយ តាំងពីដើមខែមីនា ព្រោះថៅកែមានគម្រោងបញ្ឈប់កម្មករ ដោយប្រើហេតុផលអស់វត្ថុធាតុដើមឲ្យកម្មករដេរ។ តែក្រោយការតវ៉ាច្រើនថ្ងៃមក អាជ្ញាធរវិស័យការងារ បានមកសម្របសម្រួល និងអន្តរាគមន៍ ប្រជុំគ្នា ឲ្យថៅកែបង់ ៤០ភាគរយ ឯរដ្ឋាភិបាលផ្ដល់ជូន ២០ភាគរយបន្ថែមឲ្យកម្មករ សម្រាប់ការព្យួរការងាររយៈពេល ២ខែ ចាប់ពីថ្ងៃទី៥ មីនា ដល់ថ្ងៃទី៣០ ខែមេសា។
ក្នុងកិច្ចព្រមព្រៀងនោះ កម្មករថា ភាគីថៅកែសន្យាថា នឹងបើកប្រាក់ឈ្នួល ៤០ភាគរយ នៃប្រាក់ឈ្នួលគោលអប្បបរមា ១៩០ដុល្លារអាមេរិក នៅថ្ងៃទី៦ មីនា ហើយខាងក្រសួងការងារ នឹងបើកឲ្យ២០ភាគរយទៀត នៅថ្ងៃចូលរៀនវគ្គខ្លីជាមួយក្រសួង រយៈពេល ៥ថ្ងៃ តែមិនទាន់បញ្ជាក់ថា ថ្ងៃណាទេ។ ប៉ុន្តែ មកដល់ល្ងាច ថ្ងៃទី៦ មីនាហើយ មិនទាន់ឃើញ ប្រាក់ឈ្នួល ៤០ភាគរយ ចូលក្នុងគណនីធនាគារទេ៖ « ពួកខ្ញុំចាំមើលត្រឹមម៉ោង៤។ ម៉ោង៤ បើសិនឃើញលុយចូលរៀងខ្លួន អាហ្នឹងអត់អ្វីទេ តែបើអត់ឃើញពួកខ្ញុំប្រហែលជាទៅម្ដងទៀតអ៊ីចឹងណា។ និយាយទៅ ខាងក្រុមហ៊ុន គាត់និយាយថា អត់មានឥវ៉ាន់ឲ្យដេរ។ ប៉ុន្តែពួកខ្ញុំកំពុងធ្វើការ គេហៅចុចឈ្មោះថា យើងមានឈ្មោះ គេបញ្ចប់កុងត្រា អ៊ីចឹងណា ព្រោះអ្វី គេបញ្ចប់ត្រឹមអគារ១។ គេសុំព្យួរឈ្មោះត្រឹមអគារ១ សិន ព្រោះអ្វី គ្មានឥវ៉ាន់ដេរ»។
រោងចក្រ គ្រីស្ដាល់ ម៉ាទីន (Crystal Martin) ស្ថិតក្នុងសួនឧស្សាហកម្មសេដ្ឋកិច្ចពិសេស 7NG នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ថៅកែរោងចក្រនេះ សញ្ជាតិអង់គ្លេស ( ឈ្មោះ WALSH SHAUN FREANCIS) មានកម្មករសរុប ជាងបួនពាន់ (៤.០៥០) នាក់។
ក្នុងកំណត់ហេតុនៃកិច្ចប្រជុំស្ដីពីដំណោះស្រាយករណីព្យួរការងារ កម្មករនៅក្រុមហ៊ុនគ្រីស្ដាល់ ម៉ាទីន (Crystal Martin) កាលពីថ្ងៃទី៥ មីនា បង្ហាញថា កម្មករដែលតវ៉ា និងដោះស្រាយ មានចំនួន៧៦២នាក់ ជាកម្មករធ្វើការនៅក្នុងអគារទី១ នៃរោងចក្រ។ កម្មករឲ្យដឹងថា រោងចក្រនេះ មានអគារចំនួន៣ សុទ្ធតែធំៗ ហើយការព្យួរការងារ ធ្វើឡើងតែអគារទី១ កាត់ដេរសំលៀកបំពាក់ធំៗ ដែលថៅកែប្រាប់ថា អស់វត្ថុធាតុដើម។ ឯអគារទី២ គឺកាត់ដេរខោលីអូ និងអគារទី៣ កាត់ដេរអាវទ្រនាប់ មិនទាន់អស់វត្ថុធាតុដើមដេរទេ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានកិច្ចប្រជុំដោះស្រាយវិវាទនៅរោងចក្រគ្រីស្ដាល់ ម៉ាទីន ដែលជាតំណាងរបស់ក្រសួង លោក អ៊ូ រតនា បានទេ នៅថ្ងៃទី៦ មីនា ដោយសារលោកប្រាប់ថា រវល់ប្រជុំ។
ទោះជាយ៉ាងណា ក្នុងកំណត់ហេតុកិច្ចប្រជុំ កាលពីថ្ងៃទី៥ មីនា ពិតជាបានបង្ហាញថា ក្រុមហ៊ុនបានយល់ព្រមបើកប្រាក់ឈ្នួល ៤០ភាគរយ សម្រាប់រយៈពេលព្យួរការងារ សរុបទាំង ២ខែ ឲ្យកម្មករនៅថ្ងៃទី៦ មីនាមែន។ ក្នុងកំណត់ហេតុដដែលបានបញ្ជាក់ថា ក្នុងពេលព្យួរកិច្ចសន្យា ២ខែ ថៅកែ អាចកោះហៅកម្មករនិយោជិត ចូលធ្វើការតាមការស្ម័គ្រចិត្តបាន ហើយក្រោយការព្យួរកិច្ចសន្យាការងារ២ខែ ក្រុមហ៊ុនត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ចូលធ្វើការតាមផ្នែក និងតួនាទីដើម។ ក្នុងករណីក្រុមហ៊ុន នៅតែមិនមានការងារឲ្យកម្មករ និយោជិត ធ្វើការងារទៀត ត្រូវអនុវត្តតាមច្បាប់ស្ដីពីការងារ។
អាស៊ីសេរី គ្មានប្រភពភាគីតំណាងរោងចក្រគ្រីស្ដាល់ ម៉ាទីន (Crystal Martin) ដើម្បីសុំការបញ្ជាក់ឡើយ។ ប៉ុន្តែភាគីសហជីព អះអាងថា កំណត់ហេតុនេះ ធ្វើឡើងក្រោយមានការជជែកគ្នាតឹងសរសៃក រវាងតំណាងកម្មកររោងចក្រ និងមន្ត្រីក្រសួងការងារ។
ប្រធានសហជីពស៊ីខៅឌូ ប្រចាំរោងចក្រគ្រីស្ដាល់ ម៉ាទីន (Crystal Martin) លោក ទិត រ៉ុន ឲ្យដឹងថា តាមផែនការអគារទី១ នៅសល់វត្ថុធាតុដើមសម្រាប់ដេរ ដល់ចុងខែមេសា។ ប៉ុន្តែ ថៅកែបានផ្ទេរវត្ថុធាតុដើម ពីអគារទី១ ទៅអគារទី២ និងទី៣ វិញ ហើយគ្រោងបញ្ចប់កិច្ចសន្យាកម្មករ។ លោកថា ក្រុមកម្មករខ្លះ ក៏មានទំនោរឲ្យថៅកែបញ្ចប់កិច្ចសន្យាដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនជាងព្យួរកិច្ចសន្យាការងារ។
ចំពោះប្រាក់ឈ្នួល ៤០ភាគរយ កំឡុងពេលព្យួរនេះ លោក ទិត រ៉ុន ឲ្យដឹងថា ខាងគណនេយ្យរោងចក្របានធ្វើវិក្កយបត្រឲ្យរួចរាល់ហើយ។ ដូច្នេះ ប្រហែលជាងថ្ងៃទី៧ ឬថ្ងៃទី៨ ទើបអាចធ្លាក់លុយចូលក្នុងគណនីធនាគារ៖ « ជាក់ស្ដែងនៅរោងចក្រនេះ វាអាចខ្វះខាតខ្លះៗ ដែរបង។ ប៉ុន្តែបើសម្រាប់ថា Plan ( ផែនការ ) ពួកខ្ញុំនៅអគារ១ វិញ យើងមាន Plan រហូតដល់ខែ៣ ខែ៤ អ្វីនោះ ទៅតាមផ្នែកនីមួយៗ ហ្នឹង តែគ្រាន់ថា ក្រុមហ៊ុន គេសម្រេចចិត្តបញ្ចប់យើងមុន Plan យើងដេរចប់ហ្នឹង ដោយសារគេដកឥវ៉ាន់យើង ទៅអគារទី២ ទៅណា គេបញ្ចប់យើងមុន Plan» ។
គិតត្រឹមថ្ងៃទី៥ ខែមីនា សមាគមថៅកែរោងចក្រកាត់ដេរ និងសហជីព ឲ្យដឹងថា មានរោងចក្រ សហគ្រាស ៣៣ ហើយ បានព្យួរការងារកម្មករ ខ្លះព្យួរមួយសប្ដាហ៍ ដល់ ២ខែ។ មន្ត្រីក្រសួងការងារ ព្យាករណ៍ថា ក្នុងកំឡុងពេលមានវិបត្តិជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ១៩ (Covid-19) រោងចក្រសហគ្រាស ប្រមាណ ២០០ នឹងព្យួរការងារកម្មករ និយោជិត ដោយសារខ្វះវត្ថុធាតុដើម យកមកពីប្រទេសចិន។ តែនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសថា ក្រុមហ៊ុន និងរដ្ឋាភិបាល នឹងផ្ដល់ប្រាក់ឈ្នួលឲ្យកម្មករ ចំនួន ៦០ភាគរយនៃប្រាក់ឈ្នួលគោល រយៈពេល ៦ខែ ក្នុងកំឡុងពេលព្យួរកិច្ចសន្យាការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។