កម្មកររោងចក្រ ឌីកនើធី (Dignity Knitter Limited) កាលពីថ្ងៃទី១៥ មិថុនា ម្សិលមិញនៅតែបន្តការតវ៉ា និងដាក់វេនគ្នាដេកយាមខាងមុខរោងចក្រ ដើម្បីការពារកុំឲ្យថៅកែរោងចក្រដឹកសម្ភារៈចេញ និងបិទផ្លូវនៅមុខរោងចក្រ រង់ចាំដំណោះស្រាយក្រោយពីភាគីថៅកែរោងចក្រ រំលោភកិច្ចសន្យាជាមួយកម្មករ ដែលបានព្រមព្រៀងគ្នាថា និងដោះស្រាយបើកលុយឲ្យកម្មករ បន្ទាប់ពីព្យួរការងារកម្មករអស់រយៈពេលជាង ៣ខែមក។
រោងចក្រឌីកនើធី នីតធើរ (Dignity Knitter Limited) ជារោងចក្រផលិតសំលៀកបំពាក់ និងស្រោមជើង ស្ថិតនៅភូមិព្រែកតាព្រីងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រកាសព្យួរការងារកម្មករគ្រប់ផ្នែកទាំងអស់កាលពីថ្ងៃទី១ ខែមិនា កន្លងទៅ ក្រោមហេតុផលថា ក្ស័យធនគ្មានលុយសម្រាប់បង់ជូនកម្មករ ដោយសារតែអត់អ្នកបញ្ជាទិញ និងបញ្ហាវិបត្តិជំងឺកូវីដ១៩។
តំណាងកម្មករម្នាក់ដែលចូលរួមតវ៉ាទាមទាររកដំណោះស្រាយនោះ ឲ្យដឹង ថា ខាងភាគីកម្មករធ្វើការតវ៉ាគ្រប់មធ្យោបាយហើយមុននឹងសម្រេចចិត្ត ឈរបិទផ្លូវនៅមុខរោងចក្រនេះ ដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយ៖ «ដោះស្រាយនៅក្រសួងការងារ ឥឡូវចូលដល់មន្ទីរខេត្តហើយពីម្សិលមិញដោយសារមានការបិទផ្លូវពីកម្មករ និងមានអាជ្ញាធរខេត្តអាជ្ញាធរស្រុកគេមកជួយអន្តរាគមន៍ហើយជួយពន្លឿនរឿងហ្នឹង ហើយពីរថ្ងៃទៀត និងមានដំណោះស្រាយ។
កាលពីដើមខែឧសភាកន្លងទៅខាងភាគីកម្មករ ភាគីរោងចក្រ និងភាគីក្រសួងការងារ បានជួបប្រជុំគ្នារកដំណោះស្រាយម្ដងរួចមកហើយ ដោយភាគីក្រុមហ៊ុនរោងចក្រសន្យាថា នឹងដោះស្រាយជូនកម្មករ ក្នុងនោះមានទាំងកម្មករពេញសិទ្ធ និងកម្មករមិនពេញសិទ្ធ ដែលមានទឹកប្រាក់សរុបចំនួនជាង ១លានដុល្លារ។ លុះមកដល់ថ្ងៃកំណត់ គឺថ្ងៃទី៣ ខែឧសភា ខាងភាគីរោងចក្របានរំលោភកិច្ចសន្យាដោយពុំបានបើកប្រាក់ជូនកម្មករដូចតាមការសន្យានោះទេ ទើបក្រុមកម្មករនាំគ្នាផ្ទុះការតវ៉ានេះឡើង។
ទោះជាយ៉ាងណា ក្រុមកម្មករថា នឹងបន្តតវ៉ាទៀត បើពុំមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។