ពលករខ្មែរមួយចំនួនធ្វើការងារនៅប្រទេសថៃនៅតែព្រួយបារម្ភខ្លាចបាត់បង់ការងារក្នុងពេលទៅលេងបុណ្យចូលឆ្នាំខ្មែរនៅពេលខាងមុខ។ពួកគេហាក់គ្មានជំនឿនឹងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកដែលប្រកាសឱ្យពលករទៅលេងស្រុកកំណើតក្នុងថ្ងៃបុណ្យប្រពៃណីជាតិដោយអះអាងថា នឹងមិនមានការបាត់បង់ការងារនោះទេ។
ពលការិនីខ្មែរធ្វើការសំណង់នៅទីក្រុងបាងកកកញ្ញា សារិន ស្រីនិច្ច ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៣មីនាថាពលករធ្វើការនៅក្រុមហ៊ុនជាមួយកញ្ញាប្រមាណ ២០០នាក់ កំពុងព្រួយបារម្ភខ្លាចថៅកែមិនទទួលឱ្យចូលការងារវិញប្រសិនបើពួកគេទៅលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរលើសពី ៧ថ្ងៃនោះ។ ពលការិនីមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះបន្តថានៅពេលនេះមានពលករប្រមាណ៤០ភាគរយហើយ ដែលសម្រេចមិនទៅលេងស្រុកកំណើតអំឡុងពេលបុណ្យប្រពៃណីជាតិនេះ ដោយសារខ្លាចត្រឡប់មកវិញមិនទាន់ថ្ងៃកំណត់ ដែលថៅកែអនុញ្ញាតច្បាប់ឱ្យឈប់សម្រាក៧ថ្ងៃនោះ៖ «ខាងស្ថានទូតចេញមកខ្ញុំអត់ដឹងទេព្រោះកន្លែងខ្ញុំធ្វើការគឺប្រកាសអីចឹងបណ្ដោយបើសិនជាអ្នកទៅផ្ទះលើលើសពី៧ថ្ងៃហ្នឹងគែគេអត់ទទួលយកវិញទេមិនមែននៅតែកន្លែងខ្ញុំមួយទេកន្លែងផ្សេងក៏ដូចគ្នាដែរ។វាពិបាកដែរបើគេអត់ទទួលយកយើងធ្វើការទេគឺលិខិតឆ្លងដែនហ្នឹងត្រូវទាំងអស់បណ្ដោយដូចថាយើងត្រូវធ្វើសារថ្មីព្រោះនៅពេលយើងទៅរកកន្លែងការងារផ្សេងគេអត់យកលិខិតឆ្លងដែនហ្នឹងទេគឺ គេត្រូវឱ្យវាយបិទប៉ាសស្ព័រហ្នឹងហើយត្រូវធ្វើប៉ាសស្ព័រថ្មីឱ្យគេហើយត្រូវបង់លុយសាថ្មី » ។
ស្រដៀងគ្នានេះដែរពលករខ្មែរធ្វើការនៅខេត្តជាប់ទីក្រុងបាងកកម្នាក់ទៀតលោក មាស ប៊ូរ៉ាថ្លែងថាថៅកែរបស់លោកមិនឱ្យពួកគេទៅលេងស្រុកកំណើតអំឡុងពេលនេះឡើយពីព្រោះខ្លាចឆ្លងជំងឺកូវិត១៩នៅពេលត្រឡប់មកកន្លែងធ្វើការវិញ។ លោកបញ្ជាក់ទៀតថា ថៅកែក៏បានព្រមានចំពោះរូបលោកថា ប្រសិនបើទៅលេងផ្ទះនៅពេលនេះ គេនឹងមិនទទួលឱ្យចូលធ្វើការងារវិញឡើយ៖ «បើស្ថានទូតគាត់និយាយថាមានការបើកទូលាយឱ្យពលករទៅបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងអីចឹងតែនៅតាមក្រុមហ៊ុនផ្សេងៗវាពិបាកមិនដូចដែលស្ថានទូតនិយាយទេគឺ មានការរឹតបន្តឹងច្រើន។បើកន្លែងខ្ញុំវាពិបាកណាស់គេមិនចង់ឱ្យយើងទៅផ្ទះទេមានកន្លែងខ្លះសុំគេទៅឡើងផ្ទះក៏អត់បានទៅដែរហើយសូម្បីតែកូនខ្ញុំនៅខាងរោងចក្រផ្សេងសុំគេទៅយកប្អូននៅព្រំដែននោះក៏គេអត់ឱ្យចូលទៅខ្មែរដែរ។គេថាបើសិនជាចូលទៅខ្មែរមកវិញគេនឹងផ្អាកការងារ១៤ថ្ងៃគេឱ្យទៅត្រឹមព្រំដែន » ។
ពលករខ្មែរទាំងនេះបានប្រតិកម្មនឹងការលើកឡើងរបស់មន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកដែលថានឹងជួយដល់ពលករឱ្យបានទៅលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរគ្រប់ៗ គ្នា ដោយពុំបាត់បង់ការងារនោះ គឺជារឿងដែលមិនអាចធ្វើទៅរួចឡើយ ពីព្រោះកន្លងមកពួកគេធ្លាប់ទាក់ទងទៅស្ថានទូតឱ្យជួយជាច្រើនករណីមកហើយប៉ុន្តែមិនអាចជួយពួកគាត់បានម្ដងណានោះទេក្រោមហេតុផលថាមន្ត្រីស្ថានទូតមានគ្នាតិច។
កាលពីថ្ងៃទី១២ មីនាមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកទទួលបន្ទុកផ្នែកពលករលោក កឹម ចំរើន បានប្រកាសឱ្យពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃទៅបុណ្យចូលឆ្នាំខ្មែរនៅស្រុកកំណើតបានជាធម្មតា និងថៅកែមិនហាមឃាត់ពលករទៅលេងស្រុកកំណើតនោះឡើយ។ លោកបន្តថាអ្នកទៅលេងស្រុកកំណើត នៅពេលត្រឡប់មកប្រទេសថៃវិញចូលធ្វើការជាធម្មតាដដែល ដោយមិនបាត់បង់ការងារនោះទេ។ លោកបញ្ជាក់ទៀតថា ពលករដែលត្រឡប់មកពីលេងស្រុកវិញឆ្លងដែនចូលប្រទេសជាធម្មតា ដោយពុំមានដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃដើម្បីតាមដានសុខភាពនោះទេ ប្រសិនបើពួកគាត់មានសុខភាពល្អ ប៉ុន្តែចំពោះពលករណាដែលមានកម្ដៅក្នុងខ្លួនខ្លាំងនឹងត្រូវដាក់ដោយឡែកតាមដានសុខភាព ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យឆ្លងដែនចូលធ្វើការវិញបាន ព្រោះខ្លាចមានជំងឺកូវិដ១៩ (COVID19)៖ «គេខ្លាចយើងហ្នឹងឆ្លងជំងឺកូវិដ១៩ ហ្នឹងហើយបើយើងឆ្លងមែនគេហ្នឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដោយមិនគិតថ្លៃសេវាទេព្រោះរដ្ឋាភិបាលថៃកំណត់ហើយគឺអ្នកឆ្លងជំងឺនេះគឺអត់មានគិតថ្លៃសេវាព្យាបាលទេ។អីចឹងបងប្អូនយល់ហើយចំណុចហ្នឹងករណី១៤ថ្ងៃហ្នឹងគឺករណីដែលគេពិនិត្យឃើញបងប្អូនមានកម្ដៅលើ៣៧ . ៥អង្សា ហើយបើសិនគេហាមមិនឱ្យបងប្អូនធ្វើសុំឱ្យបងប្អូនជូនដំណឹងមកស្ថានទូតហើយស្ថានទូតរង់ចាំជួយបងប្អូន » ។
លោកបន្ថែមថាការធ្វើបែបនេះដោយសារតែជំងឺកូវិដ១៩ កំពុងតែរាតត្បាតខ្លាំងនៅលើពិភពលោកហើយគ្មានថ្នាំព្យាបាលជំងឺនេះនៅឡើងទេ។
ទោះជាយ៉ាងណាប្រធានផ្នែកពលករចំណាកស្រុកនៃអង្គការសិទ្ធិការងារសង់ត្រាល់ លោក ឌី ថេ ហូយ៉ា លើកឡើងថា ពលករខ្មែរនៅប្រទេសថៃមួយចំនួនប្រឈមនឹងថៅកែបញ្ឈប់ពីការងារប្រសិនបើពួកគេទៅលេងផ្ទះអំឡុងពេលបុណ្យចូលឆ្មាំខ្មែរនោះ។លោកបន្តថា បញ្ហានេះបណ្ដាលមកពីផលប៉ះពាល់សេដ្ឋកិច្ចនៅក្នុងប្រទេសថៃដោយសារជំងឺផ្លូវដង្ហើម កូវិដ១៩៖ «តាមការប្រមើលមើលហ្នឹង វាមានបញ្ហាធំ២។ ទីមួយ បញ្ហា GSP របស់អាមេរិកដកហ្នឹងមួយផ្នែកទៅអីចឹងមានបញ្ហាជំងឺកូវិដ១៩ បន្ថែមលើបញ្ហាដែលមានស្រាប់ទៀតទៅ តែយើងមិនដឹងថា វាប៉ះពាល់កម្រិតណាទេ។ ប៉ុន្តែបើសិនជាអាមេរិកដក GSP ហើយជំងឺកូវិដហ្នឹងអូសបន្លាយទៅយូរទៀតខ្ញុំមើលឃើញថាវាមានវិបត្តិធ្ងន់ធ្ងរមែនទែនលើផ្នែកសេដ្ឋកិច្ចនៅប្រទេសថៃ »។
របាយការណ៍របស់ក្រសួងការងារបង្ហាញថា ពលករខ្មែរធ្វើការប្រទេសថៃមានជាង ១ លាន ១ សែននាក់ (១.១០០.០០០)។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ ឱ្យដឹងថាមានពលករខ្មែរស្របច្បាប់និងខុសច្បាប់ប្រមាណ ២លាននាក់ (២.០០០.០០០) កំពុងធ្វើនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។