មនុស្ស​ប្រមាណ​៥០០​នាក់​ចូលរួម​បុណ្យ​គម្រប់​១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2016.10.24
បុណ្យ​១០០​ថ្ងៃ កែម ឡី បាត់ដំបង ២០១៦ ៨៥៥ ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​កណ្ដាល ជាប់​ដង​ស្ទឹង​សង្កែ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។
RFA

ក្រុម​យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ប្រារព្ធ​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ចំនួន ២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ តុលា នៅ​វត្ត​កណ្ដាល ជាប់​ដង​ស្ទឹង​សង្កែ សង្កាត់​រតនៈ ក្រុង​បាត់ដំបង។ ពិធី​បុណ្យ​នៅ​ថ្ងៃ​ចុង​ក្រោយ មាន​មនុស្ស​មក​ពី​ទី​ជិត​ឆ្ងាយ​ប្រមាណ ៥០០​នាក់​ចូលរួម។

ព្រះសង្ឃ ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ អ្នក​ខ្លះ​ជា​សិស្ស​របស់​បណ្ឌិត កែម ឡី និង​ជា​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្ដាប់​លោក​បណ្ឌិត​បកស្រាយ​តាម​រយៈ​កម្មវិធី​របស់​វិទ្យុ និង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ទៀត។

អ្នក​ចូលរួម​ខ្លះ​មាន​ទឹក​មុខ​ស្រពោន លាយឡំ​នឹង​អារម្មណ៍​ក្ដុកក្ដួល ដោយសារ​អាឡោះអាល័យ​សោកស្ដាយ​លោក​បណ្ឌិត នៅ​ពេល​ពួក​គាត់​ក្រឡេក​ឃើញ​តែ​រូបថត​ដាក់​តាំង​នៅ​ក្នុង​ពិធី​បុណ្យ។

ពលរដ្ឋ​ម្នាក់​ពាក់​អាវ​ស​ដៃ​វែង​ក្នុង​ឯកសណ្ឋាន​ដូចជា​គ្រូបង្រៀន បង្ហាញ​អារម្មណ៍​ឆ្លេឆ្លា​ភ័យ​ផង អរ​ផង គឺ​លោក ឌុច សារឿន ឈរ​នៅ​ខាង​មុខ​រោង​បុណ្យ​ថ្លែង​ថា លោក​ចង់​ថត​រូប​កម្មវិធី​បុណ្យ​ដើម្បី​ទុក​ជា​អនុស្សាវរីយ ក៏ប៉ុន្តែ​លោក​ដើរ​រក​ជាង​ថត​ឲ្យ​មិន​បាន។ បុរស​វ័យ ៥០​ឆ្នាំ​ប្លាយ​រូប​នេះ បន្ត​ទាំង​ទឹក​ភ្នែក​ថា លោក​ទទួល​ដំណឹង​ពី​ការ​ធ្វើ​បុណ្យ​នេះ​តាម​រយៈ​ការ​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ទី​២២ តុលា ហើយ​ក៏​នាំ​កូន​មក​ពី​ភូមិ​អង់ សង្កាត់​អូរចារ ក្រុង​បាត់ដំបង ចូលរួម​ពិធី​បុណ្យ​តែ​ម្ដង។ លោក​ថា​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​ផ្ដួចផ្ដើម​បុណ្យ​គម្រប់ ១០០​បណ្ឌិត កែម ឡី៖ «បាទ! ខ្ញុំ​សោកស្ដាយ​ខ្លាំង​ណាស់​មិន​គួរ​ណា​ខ្មែរ​កាប់​សម្លាប់​គ្នា​ឯង​អ៊ីចឹង​សោះ។ ខ្ញុំ​អាណិត​គាត់​ខ្លោច​ចិត្តអ៊ីចឹង​ខ្ញុំ​សូម​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងអស់​រួបរួម​គ្នា ដើម្បី​ជួយ​ជាតិ​យើង​កុំ​ឲ្យ​មាន​តែ​ការ​បែកបាក់ ពីព្រោះ​ជា​យូរ​ណាស់មក​ហើយ គឺ​ជួប​តែ​បញ្ហា​នេះ​រហូត»

នៅ​ក្នុង​ពិធី​បុណ្យ​នេះ មាន​ដាក់​តាំង​រូបថត​សកម្មភាព​បណ្ឌិត កែម ឡី ដែល​បាន​បំពេញ​ការងារ​នៅ​តាម​សហគមន៍​ផ្សេងៗ​កន្លង​មក បិទ​ជាប់​នឹង​ក្ដារខៀន​ចំនួន ២​ផ្ទាំង ដាក់​តាំង​ឲ្យ​អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​បាន​ទស្សនា។ ទាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ឈរ​សម្លឹង​រូបថត​នោះ និង​ឈរ​ថត​រូប​ក្បែរ​រូបថត​លោក​បណ្ឌិត កែម ឡី ដែល​បាន​ដាក់​តាំង​នោះ ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ជា​បន្តបន្ទាប់។ ទន្ទឹម​គ្នា​នេះ ក្រុម​យុវជន​ក៏​មាន​ដាក់​លក់​សៀវភៅ​ទស្សនៈ​បណ្ឌិត កែម ឡី ព្រម​ទាំង​អាវ​យឺត​ដែល​មាន​រូប​លោក​បណ្ឌិត ដាក់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជាវ​នៅ​ក្នុង​កម្មវិធី​បុណ្យ​នោះ។

ប្រធាន​យុវជន​ស្លឹក​រឹត កំពុង​អង្គុយ​លក់​អាវ​យឺត​បណ្ឌិត កែម ឡី នៅ​ខាង​មុខ​រោង​បុណ្យ លោក វ៉ាន វាន់ឌី ថ្លែង​ថា អាវ​យឺត​ដែល​បាន​ដាក់​លក់​ទាំងអស់​ចំនួន ២០០​អាវ ដោយ​លក់​អាវ​មួយ​តម្លៃ ១​ម៉ឺន​រៀល។ លោក​បញ្ជាក់​ថា ថវិកា​ដែល​បាន​ពី​ការ​លក់​អាវ​យឺត​នេះ នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌ ដូចជា​ទិញ​សៀវភៅ​ទៅ​ចែក​ដល់​សិស្ស​ក្រីក្រ​នៅ​ទី​ដាច់ស្រយាល ជាដើម៖ «យើង​នឹង​លក់​រហូត​ទាល់​តែ​អស់​អាវ ប៉ុន្តែ​ប្រហែល​ជា​យើង​យក​ទៅ​លក់​កន្លែង​ផ្សេង​បន្ទាប់​ចប់​បុណ្យ​នេះ​ទៅ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​កំណត់​ថា​ត្រូវ​លក់​នៅ​កន្លែង​ណា​ច្បាស់លាស់​នៅ​ឡើយ»

អ្នក​ដែល​មក​ចូលរួម​ពិធី​បុណ្យ​ក្នុង​ថ្ងៃ​ទី​២៣ តុលា មាន​មនុស្ស​ច្រើន​ជាង​ថ្ងៃ​ដំបូង។ ប្រជាពលរដ្ឋ​ខ្លះ​មក​ទី​ឆ្ងាយ​បើក​រថយន្ត​ទំនើបៗ​នាំ​គ្នា​មក​ជា​ក្រុម​ប្រមាណ​ពី ២ ទៅ ៨​នាក់​ក្នុង​មួយ​ក្រុម ដោយ​អ្នក​ខ្លះ​យក​បច្ច័យ​ចូល​បុណ្យ ហើយ​ទិញ​សៀវភៅ និង​អាវ​យឺត រួច​ត្រឡប់​ទៅ​វិញ​ក៏​មាន។ ក្រៅ​ពី​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ និង​ព្រះសង្ឃ​ប្រហែល ១៥​អង្គ​ប្រចាំ​ការ​នៅ​ក្នុង​រោង​បុណ្យ​រហូត​ដល់​ចប់​កម្មវិធី​នៅ​ម៉ោង​ប្រមាណ ១១​កន្លះ​ថ្ងៃ​ទី​២៣ តុលា។

គណៈកម្មការ​រៀបចំ​វិធី​បុណ្យ ១០០​ថ្ងៃ​បណ្ឌិត កែម ឡី គង់​នៅ​វត្ត​កណ្ដាល ព្រះតេជព្រះគុណ ស៊ិន ស៊ីន មាន​ថេរ​ដីកា​ថា ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​ដឹង​គុណ​ដល់​លោក​បណ្ឌិត ដែល​ធ្លាប់​បង្រៀន​ព្រះអង្គ និង​និស្សិត​ក្នុង​ខេត្ត​បាត់ដំបង ផង និង​ជា​ការ​រំឭក​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​ស្រឡាញ់​ទស្សនៈ​បណ្ឌិត កែម ឡី បាន​ចូលរួម ដែល​ពួក​គាត់​ពុំ​មាន​ឱកាស​ទៅ​ចូលរួម​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​ទៅ៖ «អាត្មា​សូម​ផ្ដាំផ្ញើ​ទៅ​លោក​អ្នកចេះ​ដឹង​ទាំងឡាយ ប្រសិន​បើ​ខ្លួន​បាន​រៀន​ចេះ​ហើយ ត្រូវ​យកការ​ដឹងនោះ​ទៅ​និយាយ​នៅ​ក្នុង​សង្គម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​សេចក្ដី​ល្អ​របស់​គាត់ ព្រោះ​ការ​ធ្វើ​អ៊ីចឹង​បញ្ជាក់​ខ្លួន​គាត់​ជា​មនុស្ស​មួយ​ដែល​យល់​សុខ​ទុក្ខ​របស់​សង្គម។ ហើយ​កូន​ចៅ​ជំនាន់​ក្រោយ នឹង​ចងចាំ​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​នោះ»

ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា ពិធី​បុណ្យ​នេះ​នៅ​ថ្ងៃ​ដំបូង​មាន​ប៉ូលិស​ក្រុង​បាត់ដំបង ស្លៀក​ពាក់​ស៊ីវិល​ប្រមាណ ២​នាក់ បាន​ចូល​មក​សាកសួរ និង​ឃ្លាំ​មើល​ការ​រៀបចំ​បុណ្យ​នៅ​ក្នុង​វត្ត​កណ្ដាល ហើយ​ធ្វើ​ឲ្យ​អ្នក​ចូលរួម​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច។ ទោះ​ជា​យ៉ាង​ណា ព្រះតេជព្រះគុណ​បញ្ជាក់​ថា ប្រជាពលរដ្ឋ ក្រុម​យុវជន និង​ព្រះសង្ឃ​បន្ត​ប្រារព្ធ​ពិធី​បុណ្យ​រហូត​ដល់​ចប់​កម្មវិធី។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ក្រុង​បាត់ដំបង គឺ​លោក សៀង ឯកវូនស្សី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ តុលា។ ប៉ុន្តែ​កន្លង​ទៅ លោក​ធ្លាប់​បញ្ជាក់​ថា ការ​រៀបចំ​ពិធី​បុណ្យ​នៅ​ក្នុង​វត្ត​ទៅ​តាម​បែប​ព្រះពុទ្ធសាសនា គឺ​ពុំ​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ។

បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​ស្ដារ​ម៉ាត (Star Mart) កាល់តិច (Caltext) រាជធានី​ភ្នំពេញ។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។ ចំណែក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត សមត្ថកិច្ច​ពុំ​ទាន់​រក​ឃើញ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ក្រុម​យុវជន និង​ព្រះសង្ឃ​ប្រារព្ធ​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី គឺ​ជា​រឿង​ល្អ​នៅ​ក្នុង​សង្គម​ជាតិ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​លោក​បណ្ឌិត មាន​សិទ្ធិ​ប្រារព្ធ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​នៅ​ពេល​ខាង​មុខ​ទៀត​បាន ដោយ​ពុំ​មាន​អ្វី​ខុស​ច្បាប់​ឡើយ៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​ចូលរួម​យ៉ាង​ច្រើន​នេះ​ដោយសារ​គាត់​យល់​ថា ការ​ស្លាប់​របស់​គាត់ គឺ​ជា​អំពើ​ឃាតកម្ម ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្ដុកក្ដួល ជាពិសេស​អ្នក​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​លោក​ពី​មុន​មក មាន​ចិត្តកាន់​តែ​ខ្លាំង​ឡើង»

នៅ​ក្នុង​ពិធី​បុណ្យ​នេះ មាន​តំណាង​ក្រុម​យុវជន និង​និស្សិត​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ដែល​រៀន​ជាមួយ​បណ្ឌិត កែម ឡី ឡើង​អាន​ជីវប្រវត្តិ និង​រៀបរាប់​អំពី​សកម្មភាព​ការងារ និង​អំពើ​ល្អ​របស់​លោក​បណ្ឌិត កែម ឡី ចែក​ជូន​អ្នក​ចូលរួម​ស្ដាប់​ប្រមាណ​កន្លះ​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។