អ្នក​ស្រាវជ្រាវ​មើល​ឃើញ​ថា យុវវ័យ​បាន​យល់​ដឹង​កាន់តែ​ច្រើន​ពី​អត្ថន័យ​នៃ​បុណ្យ​ក្ដី​ស្រឡាញ់

ដោយ សុ ជីវី
2020-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្កាដាក់លក់ ក្នុង​ថ្ងៃនៃក្ដីស្រលាញ់។
ផ្កាដាក់លក់ ក្នុង​ថ្ងៃនៃក្ដីស្រលាញ់។
Photo: RFA

អ្នក​សិក្សា​ស្រាវជ្រាវ​ពី​អាកប្បកិរិយា ឬ​ការប្រព្រឹត្ត​របស់​យុវជន​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​១៤ កុម្ភៈ មើល​ឃើញ​ថា​យុវវ័យ​ភាគច្រើន​បាន​យល់​ពី​អត្ថន័យ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ និង​អនុវត្ត​បាន​ត្រឹមត្រូវ​ក្នុង​ថ្ងៃ​នេះ ដែល​ខុសប្លែក​កាលពី​១០​ឆ្នាំមុន​។ បើ​ទោះ​ជា​យ៉ាងណា ក្រុម​អង្គការ​សង្គម​មើល​ឃើញ​ពី​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ និង​កែលំអ​ដែរ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​យុវតី​នៅ​ក្នុង​ថ្ងៃបុណ្យ​នេះ។

អ្នក​សិក្សា​ពី​ទំនោរ និង​ការប្រព្រឹត្ត​របស់​យុវជន​នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់ លោក តុង សុប្រាជ្ញ លើក​ឡើង​ថា មកដល់ពេលនេះ​គឺ​មាន​ភាព​ផ្ទុយ​ស្រឡះ​គ្នា​រវាង​ឥរិយាបថ​យុវវ័យ​កាលពី​១០​ឆ្នាំមុន ពោល​គឺ​ពួកគេ​មាន​ការ​យល់ដឹង​ច្រើន​ពី​អត្ថន័យ​ពិតប្រាកដ​នៃ​ពិធីបុណ្យ​នេះ ហើយ​ទំនោរ​របស់​គេ​ផ្លាស់ប្ដូរ​មក​ធ្វើ​សកម្មភាព​បែប​សាមញ្ញៗ បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ជា​ជាង សកម្មភាព​ដែល​មានបំណង​តែ​ទៅ​រក​ការ​ចង់​រួមភេទ។

លោក សុប្រាជ្ញ មើល​ឃើញ​ទៀត​ថា មាន​យុវវ័យ​ជាច្រើន​ងាក​មក​ធ្វើ​សកម្មភាព​ផ្សេងៗ ជាច្រើន នៅ​ទី​សាធារណៈ ដែល​មិនមែន​ជាទី​ស្ងាត់កំបាំង​ដូច​ពេល​មុន​ទៀត​ឡើយ៖ «ហាក់បីដូចជា​មានការ​យល់ដឹង​ច្រើន មាន​តិចតួច​បំផុត​នូវ​ការទិញ​ផ្កា​។ ការ​ស្រឡាញ់​គ្នា​ហាក់បីដូចជា​រ៉ូមែនទិក​ច្រើនជាង​ការ​ឈូឆរ ជ្រួលច្របល់​រក​ខារ៉ាអូខេ កម្សាន្ត ឬមួយ​ក៏​រក​កន្លែង​ដូច​នៅ​បាក់​ខែង កន្លែង​សម្រាប់​គ្នា ២​នាក់​ដេក​អីចឹង​ទៅ​។ មូលដ្ឋាន​ទៅលើ​ការស្រាវជ្រាវ​ឥឡូវ​ហ្នឹង​ការ​ទៅ​មើល​កុន គឺ​ប្រមាណ​ពាក់កណ្ដាល​ហើយ​ជាមួយ​គូ​សង្សារ មិត្ត​ស្រី ឬ​មិត្តភ័ក្ដិ​របស់​គាត់ ហើយ​សួរ​ថា បន្ទាប់ពី​ហ្នឹង​គាត់​ធ្វើ​អី គាត់​ថា​គាត់​ចង់​ទៅ​ញ៉ាំ​អី ទៅលេង​ល្បែង​ផ្សេងៗ»

មិន​ខុសគ្នា​នេះ​ដែរ​យុវតី​ម្នាក់ កញ្ញា អយ ម៉ារិនី ដែល​ធ្វើ​ការងារ​នៅ​អង្គការ​មិនមែន​រដ្ឋាភិបាល​លើកឡើង​ដែរ​ថា មក​ដល់​ពេល​នេះ​គឺ​មាន​ភាព​ខុស​ប្លែក​គ្នា បើ​ប្រៀបធៀប​ទៅ​នឹង​ប៉ុន្មាន​ឆ្នាំមុន ចំពោះ​ការប្រព្រឹត្ត​របស់​ក្រុម​យុវវ័យ​ក្នុង​ថ្ងៃ​១៤ ខែ កុម្ភៈ ។ កញ្ញា​បន្ត​ថា ពីមុន​រាល់​ការប្រព្រឹត្ត​របស់​យុវវ័យ​ក្នុង​ថ្ងៃ​នេះ​គឺ​ភាគច្រើន​ទាក់ទង​នឹង​ស្នេហា​រវាង​យុវជន និង​យុវតី ដែល​នាំ​ទៅ​ដល់​ការ​រួម​ភេទ ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់ ដែល​ជា​ការយល់​ខុស​ពី​អត្ថន័យ​ថ្ងៃ​បុណ្យ​នេះ​។ មក​ដល់​ពេល​នេះ​យុវជន​មាន​សកម្មភាព​ផ្សេងៗ ដែល​បង្ហាញ​ក្ដី​ស្រឡាញ់​ពួកគេ​ជាទូទៅ​មិន​ចំពោះតែ​រឿង​ស្ន​ហា និង​ការ​រួម​ភេទ​តទៅ​ទៀត​ហើយ។

កញ្ញា អយ ម៉ារិនី មើល​ឃើញ​ថា ការផ្លាស់ប្ដូរ​នេះ​មាន​កត្តា​សំខាន់​២ គឺ​ការអប់រំ និង​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ការអប់រំ​កន្លែង​នេះ​ខ្ញុំ​មិន​និយាយ​តែ​ក្នុង​ប្រព័ន្ធ​ទេ គឺ​ការអប់រំ​ក្រៅ​ប្រព័ន្ធ​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម​ហ្នឹង​។ មួយទៀត​ចំណាត់​ការ​របស់​អ្នក​ពាក់ព័ន្ធ​ក៏​ជំរុញ​ឱ្យ​មាន​ភាព​ប្រសើរ​។ ប្រសិនបើ​គាត់​នៅ​ស្ងៀមៗ​អត់​និយាយ អា​ចលនា​ហ្នឹង​វា​នោះ តែ​ផុស​ផុល​ប្រែក្លាយ​រឿង​ហ្នឹង​ទៅជា​ការខុសឆ្គង។ នៅ​ពេល​មានការ​ហាមប្រាម​អី​ពី​ក្រសួង​ពាក់ព័ន្ធ​ខ្ញុំ​សង្កេត​ឃើញ​ថា សន្ទុះ​ក្រោយៗ​គឺ​មាន​ភាព​ប្រសើរ​មែនទែន»

ជា​រៀងរាល់​ឆ្នាំ​ក្រសួង​អប់រំ តែង​ចេញ​វិធានការ​អប់រំ​តាម​សាលា និង​អាណាព្យាបាល​សិស្ស ជាពិសេស​គឺ​ក្រុម​សិស្សសាលា​កំពុង​រៀន​នៅ​វិទ្យាល័យ​កុំ​ឱ្យ​យល់​ខុស អនុវត្ត​ខុស​ចំពោះ​ថ្ងៃបុណ្យ​១៤​កុម្ភៈ​។ មិន​ខុស​ពី​រៀងរាល់​ឆ្នាំ​ដែរ​ក្រសួង​អប់រំ បាន​ចេញ​សេចក្ដីណែនាំ​ទៅ​បណ្ដា​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​អប់រំ​ណែនាំ​សិស្ស​កុំ​ឱ្យ​យល់​ខុស​ពី​អត្ថន័យ​ថ្ងៃបុណ្យ​នេះ ពង្រឹង​ការអនុវត្ត​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ តាមដាន​វត្តមាន​របស់​សិស្ស​ជាប្រចាំ ជំរុញ​សកម្មភាព​មិត្ត​អប់រំ​មិត្ត មាន​ទំនាក់ទំនង​ជិត​ស្និទ​ជាមួយ​មាតាបិតា អាណាព្យាបាល និង​សហគមន៍ ទាក់ទង​នឹង​សកម្ម​ភាព​មិន​ប្រក្រតី​របស់​សិស្ស ដើម្បី​ទប់ស្កាត់ កែ​លម្អ​ទាន់​ពេល​វេលា។ ចំណែក​ក្រសួង​កិច្ច​ការ​នារី​ក៏បាន​ចេញ​សេចក្ដី​អំពាវនាវ​ទៅដល់​យុវវ័យ​កុំ​ឱ្យ​យក​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​ទៅ​ប្រព្រឹត្ត​សកម្មភាព ដែល​ប្រាសចាក​ពី​សីលធម៌ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី និង​ទំនៀមទម្លាប់​ល្អ​របស់​ខ្មែរ​។ ក្រសួង​ដដែល​នេះ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប​ជាពិសេស​យុវវ័យ​ពិចារណា​ធ្វើ​អ្វីៗ​សម្រាប់​ខ្លួនឯង ក្រុម​គ្រួសារ ដោយ​ការ​ផ្ដល់​តម្លៃ​ឱ្យ​គ្នា ចែក​រំលែក​ក្ដី​ស្រឡាញ់ ការ​ដឹងគុណ និង​ថ្លៃថ្នូរ​។ លើស​ពី​នេះ​ក៏បាន​ផ្ដែផ្ដាំ​ទៅ​អាណាព្យាបាល​យកចិត្តទុកដាក់​ក្រើន​រំឭក ណែនាំ ដល់​បងប្អូន​កូនចៅ​ចូលរួម​រក្សា​ទំនៀមទម្លាប់​ល្អ​របស់​ខ្មែរ​។ ក្រៅ​ពី​នេះ​ក្រសួង​កិច្ចការ​នារី​ក៏បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​ពី​អត្ថន័យ​ថ្ងៃ​១៤​កុម្ភៈ​ទៅ​ក្រុម​យុវវ័យ ដោយ​បង្ហោះ​សារ រូបភាព និង​កំណាព្យ​អប់រំ​ជាដើម​។

លោក តុង សុប្រាជ្ញ អ្នក​សិក្សា​ពី​ទំនោរ និង​ការប្រព្រឹត្ត​របស់​យុវជន​នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់។
លោក តុង សុប្រាជ្ញ អ្នក​សិក្សា​ពី​ទំនោរ និង​ការប្រព្រឹត្ត​របស់​យុវជន​នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់។ Photo courtesy

លោក តុង សប្រាជ្ញ មើល​ឃើញ​ទៀត​ថា ការ​ផ្លាស់ប្តូរ​ឥរិយាបថ​យុវវ័យ​នៅ​ពេល​នេះ​ក៏​មាន​ចំណែក​នៃ​ការ​ធ្លាក់ចុះ​ឥទ្ធិពល​ពី​ការប្រព្រឹត្ត​របស់​យុវវ័យ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​ដែរ ដោយសារ​ទំនោរ​នៃ​ការប្រព្រឹត្ត​ខុសឆ្គង​នៅ​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​របស់​យុវវ័យ​ថៃ​ក៏​ធ្លាក់​ចុះ​ដែរ។

បើទោះជា​មានការ​លើកឡើង​ពី​ភាព​ប្រសើរ​ឡើង​ចំពោះ​ការ​អនុវត្ត​នៅ​ថ្ងៃ​នៃ ក្ដី​ស្រឡាញ់​នេះ ទាំង​អ្នកស្រាវជ្រាវ និង​មន្ត្រី​សង្គម​ស៊ីវិល នៅ​មើល​ឃើញ​ថា មាន​ចំណុច ដែល​គួរ​មានការ​កែ​លម្អ​បន្ថែម​។​

លោក តុង សុ​ប្រាជ្ញ ដែល​ជា​ទីប្រឹក្សា​ផ្នែក​សុខភាព​បន្ត​ពូជ​ផង​នោះ លើកឡើង​ថា ភាគី​ពាក់ព័ន្ធ​គួរ​បង្កើត​សកម្មភាព​ថ្មីៗ ផ្នែក​សង្គម​ឱ្យ​បាន​ច្រើន​សម្រាប់​យុវជន ដើម្បី​ឱ្យ​ពួកគេ​បាន​ចូលរួម និង​ងាក​ចេញពី​សកម្មភាព​ដែល​មាន​ភាព​ខុស​ឆ្គង។ លើស​ពី​នេះ​ក៏​ត្រូវ​ផ្តោត​ទៅ​លើ​ការអប់រំ​ផ្នែក​សុខភាព​បន្ត​ពូជ​បន្ថែម​ទៀត ដើម្បី​ធានា​ថា យុវវ័យ​នឹង​មិន​ប្រឈម​ចំពោះ​ការ​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង៖ «សំខាន់​គឺ​ចំណេះដឹង​ការ​យល់​ដឹង​ពី​សុខភាព​បន្ត​ពូជ​ក៏ដូចជា​ការ​ការពារ​ជំងឺឆ្លង​ពី​ការ​រួម​ភេទ ឬក៏​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ សំខាន់​គឺ​យើង​ត្រូវ​បង្ហាញ​ត្រូវ​ពន្យល់ ត្រូវតែ​បង្រៀន​គាត់​ប្រាប់​គាត់​ឱ្យ​ច្បាស់​ពី​បញ្ហា​ពាក់ព័ន្ធ អ្វី​ដែល​កើតឡើង​សម្រាប់​គាត់​នៅ​ពេល​អនាគត»

ស្របគ្នា​នេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​មាន​យុទ្ធនា​ការអប់រំ​យុវវ័យ​ឱ្យ​យល់ដឹង​ពី​ការអនុវត្ត​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​ក្នុង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់។ ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ ជា​ភាសា​អង់គ្លេស​ថា Safe Cities for Women ឬ​យុទ្ធនាការ​ទីក្រុង​សុវត្ថិភាព​សម្រាប់​ស្ត្រី​បាន​ផ្សព្វផ្សាយ​វីដេអូ​ខ្លី​មួយ ដើម្បី​អប់រំ​ទាក់ទិន​នឹង​សុវត្ថិភាព​ស្ត្រី​នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់។

ប្រធានបទ​វីដេអូ​ខ្លី​នេះ គឺ​ការ​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ប្រកបដោយ​សុវត្ថិភាព ដោយ​ផ្តោត​លើ​ពាក្យ​ថា​ស្នេហា​ជា​ការ​គោរព។

មន្ត្រី​សម្របសម្រួល​យុទ្ធនាការ​នៃ​អង្គការ Action Aid អ្នកស្រី អ៊ូ សុភារី មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​យុវវ័យ​យល់​ដឹង​ពី​ការប្រព្រឹត្ត​ត្រឹមត្រូវ​នឹង​អាច​ចូលរួម​ដល់​ការកាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី ជាពិសេស​ការ​រំលោភបំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី៖ «អំពើ​ហិង្សា​លើ​ស្ត្រី​គឺ​អាច​លប់​បំបាត់​បាន​នៅ​ពេល ដែល​បុរស​គាត់​ផ្លាស់ប្ដូរ​ឥរិយាបថ បុរស​ហ្នឹង​យល់​អំពី​ទំនាក់ទំនង​ស្នេហា​មានការ​គោរព គឺ​គាត់​នឹង​លែង​ប្រព្រឹត្ត​អំពើ​ដែល​ជា​ការ​បៀតបៀន​ជា​ការ​រំលោភបំពាន​អី​ហ្នឹង ប្រសិនបើ​គាត់​ធ្វើ​សង្គម​នឹង​គឺ​មិន​ទម្លាក់កំហុស ឬ​ត្រូវ​បន្ទោស​ខាង​ស្រី​ទេ គឺ​ត្រូវ​នាម អ្នក​ប្រព្រឹត្ត​ខុស​នោះ​ទៅ​ដាក់ទោស​តាមច្បាប់»

ទាក់ទិន​នឹង​ការអប់រំ​ពី​អត្ថន័យ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ​ដែរ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាលពី​ថ្ងៃ​ទី​១០ ខែ កុម្ភៈ ក៏បាន​ចេញ​ការ​អំពាវនាវ​មួយ​ដែរ​ដោយ​បាន​ដាស់តឿន​ឱ្យ​យុវវ័យ​ស្វែងយល់​ពី​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ​ថា គឺជា​ការកំណត់​របស់​គ្រឹះ​សាសនិកជន ហើយ​ទិវា​នេះ​បាន​ជ្រៀតចូល​ក្នុង​សង្គម​ជាតិ​ខ្មែរ​ជាពិសេស​ស្រទាប់​យុវជន​។ ជាមួយ​គ្នា​នេះ​យុវជន​គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ពី​វប្បធម៌​ប្រពៃណី​របស់​ខ្លួន រួម​នឹង​ខ្លឹមសារ​ឥទ្ធិពល​ពី​វប្បធម៌ និង​ទំនៀមទម្លាប់​ពី​ខាងក្រៅ ដើម្បី​បន្ស៊ី​ចូល​ទៅ​ក្នុង​ឥរិយាបថ និង​បរិបទ​សង្គម​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល