តំណាងសហជីពប្រចាំរោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យដឹងថា ក្នុងជំនួបជាមួយមន្ត្រីក្រសួងការងារ នៅរសៀលថ្ងៃទី១០ មីនា តំណាងរោងចក្រសម្រេចចិត្តថា បិទរោងចក្រចាប់ពីដើមខែមីនាតទៅ ដោយសារ គ្មានអ្នកបញ្ជាទិញ។
លេខាធិការសហជីពស៊ីខៅឌូ ប្រចាំរោងចក្រ ស្យុង យិន និងជាតំណាងកម្មករ លោក សំរ៉ុង បូរី ឲ្យដឹងតាមទូរស័ព្ទនៅក្រោយកិច្ចប្រជុំនោះថា ភាគីរោងចក្របានយល់ព្រមថា នឹងសងប្រាក់អត្ថប្រយោជន៍ដល់កម្មករទាំងអស់ ដែលរោងចក្របានបញ្ចប់កិច្ចសន្យា និងកំពុងតវ៉ា។ លោកថា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ខាងរោងចក្រ នឹងយកបញ្ជីឈ្មោះកម្មករ និងរបៀបគណនាប្រាក់អត្ថប្រយោជន៍មកផ្ទៀងផ្ទាត់ជាមួយកម្មករ។ ចំណែកអគាររោងចក្រ ស្យុងយិន នឹងត្រូវជួលឲ្យរោងចក្រ ញូ ជេនើរ៉េសិន ថេកស្ថាយ (New Generation (Cambodia) textile Co.,Ltd) ដែលនៅក្បែរនោះវិញ។
ទោះយ៉ាងណា លោក សំរ៉ុង បូរី ប្រាប់ថា កម្មករទទួលយកដំណោះស្រាយរបស់តំណាងរោងចក្រ តែនឹងនៅបន្តយាមមុខរោងចក្រទាំងថ្ងៃ និងយប់ដដែល រហូតដល់ពេលកម្មករទទួលបានសំណងតាមផ្លូវច្បាប់ត្រឹមត្រូវ។
រោងចក្រ ស្យុង យិន មានកម្មករសរុប ៥៩២នាក់ ថៅកែជនជាតិចិន ហើយជារោងចក្រកាត់ដេរសំលៀកបំពាក់ យីហោ H&M និងម៉ាកផ្សេងទៀត។ វិវាទរវាងក្រុមកម្មករ និងថៅកែរោងចក្រ បានកើតឡើង ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៩ ដោយសារកម្មករចោទថា ថៅកែបានបញ្ចប់កិច្ចសន្យាការងារកម្មករ ដោយមិនត្រឹមត្រូវ និងមិនព្រមសងសំណងឲ្យកម្មករ តាមច្បាប់ស្ដីពីការងារ។ ក្រុមកម្មករ បានដាក់ញត្តិស្នើសុំដំណោះស្រាយពីស្ថាប័នរដ្ឋ និងដេកយាមមុខរោងចក្រ ឃាត់ឡានដឹកសម្ភារៈ ក្នុងបរិវេណរោងចក្រ ស្យុង យិន ជាញឹកញាប់។
ជុំវិញករណីថា រោងចក្រ ស្យុង យិន បិទទ្វារដោយសារគ្មានអ្នកបញ្ជាទិញនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីខាងភាគីរដ្ឋបាលរោងចក្រ លោក តុំ សឿន និងភាគីក្រសួងការងារ លោក ទេស រុក្ខាផល អ្នកទទួលបន្ទុកដោះស្រាយបាតុកម្ម និងកូដកម្មគ្រប់មុខសញ្ញា របស់ក្រសួងការងារ បានទេ ដោយសារមិនមានអ្នកទទួលទូរស័ព្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។