អ្នកជំនាញតំបន់ទន្លេមេគង្គពន្យល់ថា ការធ្លាក់ចុះទិន្នផលត្រីមិនធ្លាប់មានពីមុនមកក្នុងតំបន់ទន្លេមេគង្គ និងបញ្ហាអូសបន្លាយគ្រោះរាំងស្ងួត មិនមែនបណ្ដាលមកតែពីបាតុភូតអែលនីណូ (El Nino) ឬក៏ការប្រែប្រួលអាកាសធាតុតែមួយមុខនោះទេ។ ក៏ប៉ុន្តែ លោកថា អាចមានកត្តារួមផ្សំដទៃទៀត ដែលក្នុងនោះ ការសាងសង់ទំនប់វារីអគ្គិសនីខ្នាតយក្សដ៏សម្បើម នៅប្រទេសចិន និងតាមប្រទេសខ្សែទឹកខាងលើនៃដងទន្លេមេគង្គ ជាពិសេសប្រទេសឡាវ ជាដើម។ លោកចង់ឃើញប្រទេសនៅតាមខ្សែទឹកខាងក្រោមទន្លេមេគង្គ បើកកិច្ចសន្ទនាជាមួយប្រទេសចិន ដើម្បីចុះកិច្ចសន្យាចែករម្លែកទឹកតាមទន្លេមេគង្គ ឱ្យបានសមស្រប ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួតនៅចំពោះមុខនេះ។
នេះជាបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងលោក ប្រាយអ៊ិន អាយល័រ (Brian Eyler) នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ STIMSON Center ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជុំវិញបញ្ហានេះដូចតទៅ៖
មាន ឫទ្ធិ៖ មានរបាយការណ៍នានាលើកឡើងថាទន្លេមេគង្គកំពុងតែជួបវិបត្តិ ហើយវិបត្តិនេះកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀងនៅក្នុងតំបន់នេះ ដោយសារតែមានការធ្លាក់ចុះទិន្នផលត្រីមិនធ្លាប់មានពីមុនមក។ តើលោកវាយតម្លៃយ៉ាងដូចម្តេចដែរចំពោះវិបត្តិនេះ? តើវាធ្ងន់ធ្ងរដល់កម្រិតណាដល់តំបន់មេគង្គជារួម និងប្រទេសកម្ពុជាជាពិសេសនោះ?
ប្រាយអ៊ិន អាយល័រ៖ បាទ ពិតណាស់! ឆ្នាំនេះគឺខុសប្លែកពីឆ្នាំដទៃៗទៀត ដែលទិន្នន័យពីទន្លេមេគង្គត្រូវបានគេកត់ត្រានោះ។ អ្វីដែលខុសប្លែកនោះ គឺនៅត្រង់ថា ជាទូទៅទន្លេមេគង្គប្ដូរផ្លាស់ពីរដូវប្រាំង ទៅរដូវរំហើយ មូសុង ពោលគឺពីក្តៅខ្លាំង មកជាសំណើមខ្លាំង។ ក៏ប៉ុន្តែ រឿងរ៉ាវអស់ទាំងនេះ មិនបានកើតមានឡើងដូច្នេះទេក្នុងឆ្នាំនេះ។ នៅតាមកន្លែងភាគច្រើន រដូវមូសុងមិនបានកើតមានឡើងនោះទេ។ ដូច្នេះហើយ រដូវប្រាំងត្រូវបន្តយូរតទៅទៀត។ មានភ្លៀងធ្លាក់ខ្លាំងមួយចំនួនដែរ ដែលបានបណ្តាលឱ្យមានជំនន់ខ្លាំងនៅប្រទេសឡាវភាគខាងត្បូង និងប្រទេសថៃភាគខាងជើង និងនៅផ្នែកមួយចំនួននៃប្រទេសកម្ពុជា។ ប៉ុន្តែទឹកភ្លៀងនោះបានស្រកទៅវិញយ៉ាងឆាប់រហ័ស ហើយវិលទៅរកសភាពហួតហែងវិញ។ ដូច្នេះ កម្រិតទឹកទន្លេគឺទាបជាងពេលណាៗទាំងអស់ សម្រាប់ពេលនេះក្នុងឆ្នាំនេះ។ ផ្នែកខ្លះនៃទន្លេនេះ មានកម្រិតទឹក ដែលត្រូវគេកត់ត្រាថា ទាបជាងពេលណាណាទាំងអស់។ អ្នកអាចមើលរូបភាពពីតំបន់ត្រីកោណមាសនៅប្រទេសថៃ ផ្ទាំងថ្មប៉ប្រះទឹកដែលគេមិនធ្លាប់ឃើញក្នុងទន្លេ កាលពីពេលមុនមក ឥឡូវគេអាចឃើញវាលេចឡើងនៅតាមបណ្តោយព្រំដែនថៃជាមួយឡាវ ហើយដែលគេអាចដើរឆ្លងកាត់បាន។ គឺវាស្ងួតហែងមែនទែន។ មានរបាយការណ៍នានាពីកម្ពុជា ជុំវិញការធ្លាក់ចុះទិន្នផលត្រីប្រមូលបានក្នុងឆ្នាំនេះ។ រីឯក្នុងតំបន់ដីសណ្តទន្លេមេគង្គ នៅប្រទេសវៀតណាមឯណោះវិញ យើងឃើញមានទឹកជំនន់កាន់តែខ្លាំង។ តើរឿងនេះ កើតឡើងដោយរបៀបណាខណៈតំបន់ទន្លេមេគង្គកំពុងខ្វះទឹកនោះ? នេះមិនមែនជាជំនន់ទឹកទន្លេទេ តែគឺដោយសារជំនន់ទឹកសមុទ្រ។ ដូច្នេះ មានទឹកជោរជន់ខ្លាំងរាល់ថ្ងៃពីសមុទ្រ ខណៈនៅតំបន់ខ្សែទឹកខាងលើ មានសភាពខុសពីនេះ។
វិបត្តិនេះ ភាគច្រើនបណ្តាលមកពីបាតុភូត អែល នីណូ ដែលបានបណ្តាលឱ្យផ្ទៃរងទឹកភ្លៀងមានកម្រិតទាបខុសពីប្រក្រតី។ ឆ្នាំនេះគឺមានកម្រិតទាបមែនទែន។ ក៏ប៉ុន្តែ ក៏មានកត្តា បណ្តាលមកពីខ្សែទឹកខាងលើ ដូចជា ការសាងសង់ទំនប់វារីអគ្គិសនីជាច្រើន ដែលកំពុងតែធ្វើឱ្យប៉ះពាល់ដល់លំហូរទឹក ផ្គត់ផ្គង់ដៃទន្លេនានានៅតាមខ្សែទឹកខាងក្រោមនោះ។
មាន ឫទ្ធិ៖ តើលោកគិតថា វិបត្តិទន្លេមេគង្គនេះ គួរតែជាការប្រកាសអាសន្នដែរទេ សម្រាប់ប្រទេសក្នុងតំបន់មេគង្គខាងក្រោម? តើវាដល់ពេលហើយឬនៅ ក្នុងការប្រកាសអាសន្ន ឬក៏ពួកគេត្រូវរង់ចាំឱ្យមានវិបត្តិបន្ថែមទៀត ឬក៏ស្ថានភាពកាន់តែអាក្រក់ទៀតនោះ?
ប្រាយអ៊ិន អាយល័រ៖ ខ្ញុំគិតថា ពិតជាមានកម្រិតនៃភាពអនាធិបតេយ្យនៅតំបន់ទន្លេមេគង្គនេះ។ ខណៈនៅក្នុងតំបន់ផ្សេងដែលមានការគ្រប់គ្រងប្រសើរជាងនេះ យើងអាចនឹងឃើញមានឡើងនូវការឆ្លើយតបដែលមានការព្រមព្រៀងគ្នា ឬក៏យ៉ាងហោចណាស់ មានការអំពាវនាវឱ្យមាននូវការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ហើយភាគីដទៃបានចូលមកជួយ។ យើងឃើញថាមិនទាន់មានរឿងទាំងនេះនៅឡើយទេនៅតំបន់ទន្លេមេគង្គ។ ទីមួយ គឺដោយសារនេះអាចជារឿងរ៉ាវថ្មីថ្មោងសម្រាប់តំបន់ទន្លេមេគង្គ។ ដូច្នេះ យើងពីបាកនឹងព្យាករណ៍អំពីផលប៉ះពាល់ដែលនឹងកើតមានឡើង។
កម្ពុជា និងវៀតណាម ធ្លាប់បានឆ្លងកាត់គ្រោះរាំងស្ងួតហួតហែងខ្លាំងកាលពីពេលមុនមក។ គេទំនងជាអាចដឹងបានពីផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម ប្រសិនបើគេនិយាយអំពីគ្រោះរាំងស្ងួតកាលពីឆ្នាំ២០១៦ នៅរដូវផ្ការីក នៅប្រទេសវៀតណាម កាលពីពេលកន្លងទៅ។ ខ្ញុំគិតថាប្រទេសនេះ បានបាត់បង់នូវទិន្នផលស្រូវ ប្រមាណជា ៥លានតោន កាលពីឆ្នាំហ្នុង។ ការណ៍នេះ បង្កើតជាផលប៉ះពាល់ដល់សេដ្ឋកិច្ច។
ក៏ប៉ុន្តែ អ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភគឺបឹងទន្លេសាបនៅកម្ពុជា។ នោះគឺការពង្រីកនិងការរួមតូចនៃផ្ទៃបឹងទន្លេសាបប្រចាំឆ្នាំដែលជាកម្លាំងចលករផ្តល់នូវទិន្នផលត្រីប្រមាណ ៥សែនតោនសម្រាប់កម្ពុជា និងទិន្នផលត្រីសរុប ២លានតោន សម្រាប់តំបន់ទន្លេមេគង្គទាំងមូល។ គ្មានការយល់ដឹងច្បាស់ឡើយទេថា មូលហេតុអ្វីបានជាហេតុការណ៍នេះមិនកើតមានឡើងក្នុងឆ្នាំនេះ។ កង្វះទឹក បរិមាណត្រីកង្វះជាតិល្បាប់ ហូរចូលទៅក្នុងបឹងទន្លេសាប តើបញ្ហាទាំងនេះ រួមចំណែកនាំឱ្យមានឱ្យទិន្នផលត្រីទាប ក្នុងឆ្នាំនេះ ឬក៏យ៉ាងណានោះ?
ដូច្នេះ យើងអាចនិយាយប្រកបដោយការជឿជាក់បានថា ទិន្នផលត្រីប្រមូលបាននឹងមានកម្រិតទាបក្នុងឆ្នាំនេះ។ យើងអាចនិយាយទៅកាន់ក្រុមអ្នកនេសាទនៅតាមទន្លេសាប ហើយដឹងថា ការប្រមូលត្រីរបស់ពួកគេក្នុងឆ្នាំនេះ ពេលនេះ គឺធ្លាក់ចុះពី៥០ ទៅ៧០ភាគរយ។ បញ្ហានេះ គួរតែជាសញ្ញាណអាសន្នមួយ។ ប៉ុន្តែ រដូវប្រមូលទិន្នផលត្រី ឬខែត្រីត្រូវ មិនមែននាពេលនេះទេ គឺក្នុងខែធ្នូ និងខែមករា នៅពេលដែលត្រីបំលាស់ទីចូលក្នុងប្រព័ន្ធទន្លេនេះ ពីទន្លេសាបទៅផ្ទៃអាងទន្លេមេគង្គ។ យើងមិនទាន់ដឹងថា តើផលប៉ះពាល់ នឹងទៅជាយ៉ាងណានោះទេ។ សម្រាប់ការយល់ឃើញរបស់ខ្ញុំ ពីបញ្ហាជលផលទន្លេសាប នោះគឺជាពេលដែលប្រមូលបានទិន្នផលត្រីខ្ពស់ជាងគេ។ ដូច្នេះ នោះគឺជាពេល ដែលគេត្រូវមើល ហើយបើទិន្នផលប្រមូលត្រីបានទាបមែននោះ នោះអាចនឹងជាវិបត្តិធ្ងន់ធ្ងរមែនទែន។
មាន ឫទ្ធិ៖ ដូច្នេះ បើយើងមើលទៅក្នុងន័យបញ្ហាសន្តិសុខស្បៀងវិញ អាចថាកម្ពុជានឹងរងគ្រោះខ្លាំងជាងគេដែរឬទេ ដោយរឿងនេះ នៅក្នុងតំបន់ទន្លេមេគង្គនោះ បាទ?
ប្រាយអ៊ិន អាយល័រ៖ ខ្ញុំគិតថាកម្ពុជា នៅមានភាពធន់ទៅនឹងបញ្ហានេះតិចតួច ឬអន់ជាងគេនៅឡើយ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដល់ទិន្នផលត្រីនេះ។ ការប្រមូលទិន្នផលត្រីនេះ ចិញ្ចឹមពលរដ្ឋកម្ពុជាពីប្រមាណ ៦០ទៅ ៧០ភាគរយ នៃប្រតេអ៊ីនដែលពួកគេបរិភោគជារាងរាល់ឆ្នាំ។ ប្រូតេអ៊ីនគឺពិតជាមានសារសំខាន់ក្នុងការទ្រទ្រង់ជីវិត។ អ្នកមិនអាចរស់ដោយគ្មានវាបានទេ។ ភាពធន់ទៅនឹងបញ្ហានេះ គឺនៅមានកម្រិតទាបមែនទែន ដែលនេះគឺជាភាពងាយរងគ្រោះខ្លាំងមែនទែនសម្រាប់កម្ពុជា។ ការដោះស្រាយបញ្ហាបាត់បង់ប្រូតេអ៊ីននេះ មិនមែនជាអ្វីដែលធ្វើឡើងតែមួយថ្ងៃនោះទេ ត្រូវការការរៀបចំរាប់សិបឆ្នាំ ដោយមានរយៈពេលអន្តរកាលទីផ្សារ ការវិនិយោគទៅលើកសិកម្ម និងការស្វែងរកប្រភពប្រូតេអ៊ីនដទៃទៀត។ និយាយឱ្យចំទៅ គឺ កម្ពុជានៅពុំទាន់មានលទ្ធភាពដោះស្រាយបញ្ហានេះនៅឡើយទេ។
មាន ឫទ្ធិ៖ បាទ មុននេះ លោកបានមានប្រសាសន៍ថា ផ្នែកមួយនៃហេតុផលដែលបណ្តាលឱ្យមានរដូវក្តៅយូរ ឬក៏វិបត្តិទន្លេមេគង្គនេះ គឺដោយសារតែបញ្ហាបាតុភូត អែលនីញ៉ូ។ ចុះចំពោះបញ្ហាសាងសង់វារីអគ្គិសនីនៅលើខ្សែទឹកខាងលើវិញ តើអ្វីទៅជាផលប៉ះពាល់របស់វានាពេលឥឡូវនេះ? តើយើងអាចមើលឃើញពីផលប៉ះពាល់បង្កឡើងដោយភាពអណាធិបតេយ្យនៃការសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គនេះហើយឬនៅ?
ប្រាយអ៊ិន អាយល័រ៖ បាទ ពិតណាស់ ដោយគ្មានមន្ទិល វារីអគ្គិសនីនៅខ្សែទឹកខាងលើទាំងនោះ ពិតជាបង្កផលប៉ះពាល់។ ទាំងនោះរួមទាំងវារីអគ្គិសនីសេសានក្រោម២ នៅកម្ពុជាផង។ នេះជាវារីអគ្គិសនីនៅលើដៃទន្លេ ដែលត្រូវបានព្យាករ និងវាយតម្លៃដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានរកឃើញថា វារីអគ្គិសនីនេះ នឹងកាត់បន្ថយបរិមាណត្រីនៅទន្លេមេគង្គ រហូតដល់ ៩,៣ភាគរយ។
មានវារីអគ្គសនីដល់ទៅ ៦៤ នៅប្រទេសឡាវ ដែលបានសាងសង់រួច ខណៈនៅខ្សែទឹកខាងលើ គឺនៅប្រទេសចិន មានវារីអគ្គិសនីសាងសង់រួចសរុប ១១។ វារីអគ្គិសនីទាំងនេះមួយៗ សុទ្ធតែបង្កផលប៉ះពាល់ដល់ទន្លេសាប។ បន្តិចម្តងៗ វាមានផលប៉ះពាល់ ហើយរួមបញ្ចូលគ្នាទាំងអស់ទៅ វានឹងមានផលប៉ះពាល់ខ្លាំងជាងនេះ។ តើផលប៉ះពាល់ទាំងនេះជាអ្វីខ្លះ? ដោយសារតែភាពអនាធិបតេយ្យនៃការសាងសង់ទំនប់វារីអគ្គិសនីទាំងនេះ កង្វះការស្រាវជ្រាវ កង្វះកិច្ចខិតខំប្រឹងប្រែង ដើម្បីគិតគូរដិតដល់ ចំពោះផលប៉ះពាល់ទាំងនោះ ពីសំណាក់រដ្ឋាភិបាល ឬដោយរដ្ឋាភិបាលទាំងនោះបើកឱ្យមានការស្រាវជ្រាវពីខាងក្រៅ ដើម្បីសិក្សាពីបញ្ហាអស់ទាំងនេះ... កត្តាអស់ទាំងនេះហើយ នាំឱ្យតំបន់មេគង្គ និងកម្ពុជាផង កំពុងធ្វើដំណើរទៅរកស្ថានភាពកាន់តែប្រឈមនឹងគ្រោះថ្នាក់ ឬហានិភ័យកាន់តែខ្លាំងឡើងៗ។
មាន ឫទ្ធិ៖ ចុះចំពោះដំណោះស្រាយដែលលោកចង់ឃើញឱ្យរដ្ឋាភិបាលពាក់ព័ន្ធដោះស្រាយ ជាពិសេសឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការណ៍នោះ ខ្ញុំបានអានអត្ថបទរបស់លោក ដែលលោកបានចុះផ្សាយនៅលើទំព័រកាសែតក្នុងស្រុក សំណើមួយដែលលោកស្នើឡើងនោះ គឺលោកចង់ឱ្យក្រុមប្រទេសតំបន់ទន្លេមេគង្គខ្សែទឹកខាងក្រោម នាំគ្នាប្តឹងទៅចិនជុំវិញបញ្ហានេះ។ សូមលោកជួយបកស្រាយបន្ថែមត្រង់កន្លែងនេះ? តើប្រទេសទាំងនេះធ្វើដូច្នេះយ៉ាងម៉េចទៅ ខណៈដែលពួកគេចង់រក្សាទំនាក់ទំនងជិតដិតជាមួយចិន?
ប្រាយអ៊ិន អាយល័រ៖ ខ្ញុំប្រើពាក្យថាប្តឹងចិននេះ មិនមែនមានន័យថា ប្តឹងចិនទៅតុលាការនោះទេ។ ប៉ុន្តែក្នុងន័យថា ស្វែងរកដំណោះស្រាយ ដើម្បីស្វែងរកភាពប្រសើរបំផុត ឬផលប្រយោជន៍រួម តាមរយៈការចុះកិច្ចសន្យាជាមួយចិន ដើម្បីចែករំលែកទឹក ពីប្រទេសចិន ដែលមានវារីអគ្គិសនីធំៗ។ ជាការសំខាន់ដែលគេត្រូវដឹងថា ក្នុងអំឡុងពេលរដូវក្តៅ និងពេលវេលាគ្រោះរាំងស្ងួតដូច្នេះ មួយភាគនៃទន្លេរបស់ចិន ចូលរួមចំណែកផ្តល់ទឹកដល់ប្រព័ន្ធទន្លេមេគង្គនេះពី ៤០ ទៅ៥០ ភាគរយនៃទឹកទន្លេ។ ទឹកទន្លេនេះបានមកពីការរលាយទឹកកកនៅភ្នំហិមាល័យ និងតំបន់ខ្ពង់រាបទីបេ។ ប្រសិនបើតំបន់អាងទន្លេមេគង្គខាងក្រោម មិនមានការធ្លាក់ភ្លៀងនោះទេ ចិនជាអ្នកផ្តល់ទឹកនោះភាគច្រើនឱ្យទៅតំបន់នោះ។ ដូច្នេះ អ្វីដែលកើតមាននៅពីក្រោយ និងឆ្លងកាត់ទំនប់វារីអគ្គិសនីរបស់ចិន គឺពិតជាមានសារសំខាន់ណាស់។ មានមធ្យោបាយមួយក្នុងអំឡុងពេលរដូវប្រាំង និងពេលជួបគ្រោះរាំងស្ងួតហួតហែងខ្លាំង ដែលថា វារីអគ្គីសនីទាំងនោះ គួរមានការបើកទ្វាទឹក ឱ្យទឹកអាចឆ្លងកាត់បាន ដើម្បីបង្កើតជាចរន្តទឹកជំនន់បែបធម្មជាតិ និងការចែកចាយទឹកតាមរបៀបទៀងទាត់មួយ។ យើងមានវិទ្យាសាស្ត្រមានទិន្នន័យ ដើម្បីកំណត់ថា តើគេត្រូវធ្វើរឿងនេះដោយរបៀបណា ហើយត្រូវទូទាត់យ៉ាងម៉េច ដើម្បីឱ្យលំហូរទន្លេអាចកើតមានឡើងស្រដៀងគ្នានឹងធម្មជាតិរបស់វា។ ប្រទេសខ្សែទឹកខាងក្រោម ចាំបាច់ត្រូវសម្រេចឱ្យបាននូវគោលដៅនេះ។ បើមិនដូច្នេះទេ នៅពេលមានបញ្ហាដូច្នេះកើតឡើង ការទទួលខុសត្រូវនឹងធ្លាក់ទៅប្រទេសឡាវ។ ក៏ដូចគ្នានេះដែរ ឡាវអាចប្រើប្រាស់វារីអគ្គិសនីទាំង៦៤របស់ខ្លួន ដើម្បីដោះស្រាយបញ្ហារាំងស្ងួតនេះ។ តែរដ្ឋាភិបាលឡាវ ផ្តល់កិច្ចសហប្រតិបត្តិតិចតួចជាងគេ នៅក្នុងតំបន់ទន្លេមេគង្គ ចំពោះបញ្ហានេះទេ។
មាន ឫទ្ធិ៖ ខ្ញុំចង់ដឹងថាតើ វាមានចីរភាពកម្រិតណាទៅ ដោយគ្រាន់តែនិយាយជាមួយរដ្ឋាភិបាលចិន និងឡាវជុំវិញរឿងសុំឱ្យបើកទ្វាទឹកនេះ ដើម្បីបែងចែកទឹកមកឱ្យខ្សែទឹកខាងក្រោមនោះ។ នេះមិនមានន័យថា គ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីនោះទេ ឬក៏យ៉ាងម៉េច?
ប្រាយអ៊ិន អាយល័រ៖ ទេ មិនមែនទេ។ វាមិនមែនជាដំណោះស្រាយរយៈពេលខ្លីទេ។ វាត្រូវតែជាដំណោះស្រាយរយៈពេលយូរអង្វែង។
មាន ឫទ្ធិ៖ ក៏ប៉ុន្តែ តើយើងអាចផ្លាស់ប្តូរទៅបានដោយរបៀបណា លើបញ្ហាអាណាធិបតេយ្យ បង្កឡើងដោយការសាងសង់វារីអគ្គិសនី ដែលបានកែប្រែលំហូរទឹកទន្លេ និងបំលាស់ទីរបស់ត្រីនោះ?
ប្រាយអ៊ិន អាយល័រ៖ បាទ ខ្ញុំគិតថាមានតួនាទីសម្រាប់ដៃគូអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងប្រទេសដទៃទៀត ក្នុងជួយប្រទេសនៅតំបន់ទន្លេមេគង្គ ឱ្យទទួលស្គាល់អំពីភាពធ្ងន់ធ្ងរនៃវិបត្តិដែលនឹងកើតឡើងនេះ។ ត្រូវផ្តល់ឱ្យប្រទេសទាំងនេះ នូវព័ត៌មានច្រើនជាងនេះ និងការសម្រេចចិត្តសមហេតុផល។ ដូចគ្នានេះដែរ ប្រទេសពាក់ព័ន្ធ ក៏ត្រូវធ្វើការដោះស្រាយរឿងនេះដោយខ្លួនឯងដែរ។
ជម្រើសផ្សេងទៀតគឺអាចជាកិច្ចសន្ទនារវាងប្រទេសតំបន់មេគង្គខ្សែទឹកខាងក្រោមជាមួយនឹងប្រទេសចិន។ ដូច្នេះ ចាំបាច់ត្រូវមាននូវកិច្ចសន្ទនា ជាលក្ខណៈអន្តរកម្ម រវាងប្រទេសមេគង្គខាងក្រោម និងប្រទេសស្ថិតក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់ប្រទេសចិន។ តាមអ្វីដែលខ្ញុំដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់ចិននេះ ចិនចាប់អារម្មណ៍ទៅនឹងការស្វែងរកដោះស្រាយចំពោះបញ្ហាគ្រោះរាំងស្ងួត។ ដូច្នេះ មានចំណាប់អារម្មណ៍ដូចគ្នាត្រង់ចំណុចនេះ។ ក៏ប៉ុន្តែ នៅពុំទាន់មានការជំរុញថា តើត្រូវដោះស្រាយ ឬធ្វើដោយរបៀបណា។ ចិនជាប្រទេសនៅខ្សែទឹកខាងលើតែមួយ ដែលមានឥទ្ធិពល ក្នុងការដោះស្រាយ បញ្ហាការចែកចាយលំហូរទឹកនៅតំបន់ទន្លេមេគង្គនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
