នាទី​កិច្ចការ​អន្តរជាតិ៖ អ្នក​ជំនាញ​នៅ​តែ​ព្រួយបារម្ភ​ពី​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន

ដោយ មាន ឫទ្ធិ
2019-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​បណ្ឌិត ហ្សាក ឃូពឺរ (Zack Cooper) សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Georgetown និង​ជា​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ​ប្រចាំ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute, AEI)។
​បណ្ឌិត ហ្សាក ឃូពឺរ (Zack Cooper) សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Georgetown និង​ជា​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ​ប្រចាំ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute, AEI)។
Print screen

អ្នក​ជំនាញ​ខាង​កិច្ចការ​អន្តរជាតិ នៅតែ​សម្ដែង​ក្តី​ព្រួយបារម្ភ និង​មាន​មន្ទិលសង្ស័យ​ខ្លាំង​ដដែល អំពី​មហិច្ឆតា​ពិតប្រាកដ​នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ដែល​ពួកគេ​ថា អាច​ជា​អន្ទាក់​បំណុល និង​ជា​ការ​ដាក់​អាណានិគម​សម័យ​ទំនើប​ដល់​ប្រទេស​ក្រីក្រ ដូចជា​កម្ពុជា​ជាដើម​។ មហា​យក្ស​ចិន បាន​ព្យាយាម​ដាក់​ចេញ​នូវ​វិធានការណ៍​កែសម្រួល​មួយ​ចំនួន ដល់​គម្រោង​មហិច្ឆតា​នេះ ក្នុង​អំឡុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​ពីរ​របស់​ខ្លួន​កាលពី​ចុងខែ​មេសា កន្លង​ទៅ។

បណ្ឌិត អៀ សុផល អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា បញ្ហា​នយោបាយ​ការទូត​បែប​អន្ទាក់​បំណុល នៅតែ​ជា​ក្តី​បារម្ភ​ដដែល ហើយ​ដែល​នេះ គឺ​បន្ថែម​ទៅលើ​ក្តី​បារម្ភ​អំពី​រឿង​ដែល​ចិន កំពុង​អនុវត្ត​នយោបាយ​ការទូត​បែប​ជា​ការ​ដាក់​អាណានិគម​សម័យ​ទំនើប​ចំពោះ​ប្រទេស​តូចតាច។ លោក​ថា បើ​ទោះ​បី​ជា​ចិន បាន​ព្យាយាម​កែសម្រួល និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ចំពោះ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​នេះ​ក៏ដោយ ក្រោយពី​មានការ​លើកឡើង​ពី​កង្វល់​នានា​នោះ ស្តង់ដារ​អន្តរជាតិ​សំខាន់ៗ​ដូចជា ការ​ធ្វើ​លទ្ធកម្ម ដោយមាន​ការ​ដេញថ្លៃ​ត្រឹមត្រូវ និង​ចិរភាព​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ និង​សារពើពន្ធ​នោះ មិន​ត្រូវ​បាន​ប្រទេស​ចិន​យក​ទៅ​ប្រើប្រាស់​នៅឡើយ​ទេ នៅ​ក្នុង​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត និង​ជា​សាស្ត្រាចារ្យ​កិត្តិយស​សភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី នៃ​សាកលវិទ្យាល័យ New South Wales គឺ បណ្ឌិត ខាល ថៃយ័រ (Carle Thayer) ពន្យល់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ព្យាយាម​អូសទាញ​ប្រទេស​នានា​ក្នុង​ពិភពលោក​ឱ្យ​គាំទ្រ​បន្ថែម និង​ជឿជាក់​លើ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​និង​ផ្លូវ​នេះ កាលពី​អំឡុង​ពេល​ធ្វើ​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើក​ទី​ពីរ​របស់​ខ្លួន នៅ​ឯ​រដ្ឋធានី​ប៉េកាំង។ លោក​ថា គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ នឹង​ត្រូវ​បាន​ពង្រីក​បន្ថែម​ចេញពី​ការ​ផ្ដោត​ដំបូង​តែ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​បូក​បញ្ចូល​នូវ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ទូលំទូលាយ​ជាង​មុន ក្នុង​អ្វីមួយ​ដែល​ចិន​អះអាង​ថា ដើម្បី​លើកកម្ពស់​ឱ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព ស្របតាម​បន្ទាត់​ដែល​បាន​ដាក់​ចេញ​ដោយ​អង្គការសហប្រជាជាតិ គឺ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​ឆ្នាំ​២០៣០ ដែល​រួមមាន​វិស័យ​កសិកម្ម បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិជ្ជា និង​ការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន។

បណ្ឌិត ខាល ថៃយ័រ ពន្យល់​បន្ត​ថា វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ បិទ​បញ្ចប់​ទៅ ជាមួយ​នឹង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ពី​កិច្ចប្រជុំ​កំពូល​តុ​មូល ដោយ​ប្រើប្រាស់​ពាក្យពេចន៍​ពីរោះៗ ដូចជា​ថា លើកកម្ពស់​ឱ្យ​មាន​សមធម៌ ការ​ចូល​រួម​ទាំងអស់​គ្នា ការ​បើក​ចំហ តម្លាភាព គ្មាន​អំពើពុករលួយ មាន​គុណភាព​ខ្ពស់ និង​ការ​ធ្វើ​ជំនួញ​ដោយ​គ្មាន​ការ​រឹតត្បិត ជាដើម​។ បណ្ឌិត ខាល ថៃយ័រ វាយតម្លៃ​ថា វេទិកា​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ គឺ​ជា​ការប៉ុនប៉ង​សំខាន់​មួយ​របស់​ចិន ក្នុង​ការ​កែប្រែ​មុខមាត់​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​២០១៣​កន្លងទៅ និង ដើម្បី​ឆ្លើយតប ឬ​ដោះស្រាយ​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​។ លោក​ថា មុខមាត់​ថ្មី​ដែល​ចិន​ព្យាយាម​កែ​លម្អ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ គឺជា​កម្មវិធី​ដ៏​ធំ​សម្បើម​មួយ​របស់​ចិន ក៏ប៉ុន្តែ​សំណួរ​ដដែល​នៅតែ​ត្រូវ​បាន​គេ​ចោទសួរ ដែល​ក្នុង​នោះ​រួមមាន តើ​រដ្ឋាភិបាល​កណ្ដាល​របស់​ចិន នៅ​រដ្ឋធានី​ប៉េកាំង អាច​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​គម្រោង​ទាំងអស់ ដែល​ខ្លួន​បាន​អនុម័ត​ដែរ​ឬទេ​? និង​ថា​តើ​រដ្ឋាភិបាល​ចិន អាច​កែប្រែ​វោហារសាស្ត្រ​របស់​ខ្លួន ឱ្យ​ក្លាយទៅជា​ការពិត ឬក៏​គោលដៅ​ដាក់​ចេញ​ប្រកបដោយ​ការ​ទាក់ទាញ​នេះ នឹង​ត្រូវ​បាន​លះបង់ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ផល​ចំណេញ​ពី​ការ​ពន្លឿន​ពង្រីក​ភូមិសាស្ត្រ​នយោបាយ និង​ការ​ទទួល​បាន​អត្ថប្រយោជន៍​រយៈពេល​ខ្លី​ដែរ​ឬ​យ៉ាងណា​នោះ​? លោក​បន្ត​ថា សម្រាប់​កម្ពុជា លទ្ធផល​ទទួល​បាន​ពី​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ គឺជា​ការធានា​ឡើងវិញ​ថា ជំនួយ និង​វិនិយោគ​របស់​ចិន នឹង​មិន​ត្រូវ​បាន​កាត់​ផ្ដាច់ ឬ​រីងស្ងួត​ឡើយ​។ លោក​ថា កម្ពុជា​អាច​ពឹងផ្អែក​ទៅលើ​ការ​បន្ត​កិច្ច​គាំទ្រ​របស់​ចិន​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​នេះ ដោយ​ពុំ​មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​នេះ។

បើទោះបី​ជាមាន​ការ​លើក​ឡើង​អំពី​កង្វល់ និង​មន្ទិលសង្ស័យ​ទាំងនេះ​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​នេះ​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបាន​ខ្វល់ខ្វាយ​អំពី​រឿងរ៉ាវ​ទាំង​នេះ​ឡើយ តែ​លោក​ថែមទាំង​បាន​ចេញ​មុខ​សរសើរ និង​ថ្លែង​ការពារ​មុខមាត់​ឱ្យ​មហា​យក្ស​ចិន កាលពី​ទៅ​ចូលរួម​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន​នេះ​ផង​។ លោក ហ៊ុន សែន ថា គម្រោងការ​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ ឬ​ហៅថា​វិថី​សូត្រ​ថ្មី​របស់​ចិន​នេះ មិនមែន​ជា​អន្ទាក់​បំណុល ដូច​ការ​លើកឡើង​របស់​ប្រទេស ឬ​ទស្សនៈ​មួយ​ចំនួន​នោះ​ទេ ដោយ​អះអាង​ថា ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​អាច​ចរចា និង​រៀបចំ​គម្រោង​នេះ​ជាមួយ​ចិន​បាន ដោយ​ឈរ​លើ​ស្មារតី​នៃ​ការ​ការពារ​ផលប្រយោជន៍​ជូន​ប្រជាជាតិ និង​ប្រជាជន​របស់​ខ្លួន ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថា ថែមទាំង​សម្រេច​បាន​នូវ​ការ​ធ្វើ​វិស្វកម្ម​ហិរញ្ញវត្ថុ​មួយ ដែល​មិន​បង្កើត​បន្ទុក​ហិរញ្ញវត្ថុ និង​បំណុល​សាធារណៈ​ដល់​រដ្ឋ​ថែម​ទៀត​ផង៖ «ដោយ​ឈរ​លើ​ស្មារតី​ខិតខំ​រួមគ្នា ចែក​រំលែក​ផលប្រយោជន៍​ជាមួយគ្នា និង​ទទួល​បាន​ឱកាស​ដូចគ្នា ខ្ញុំ​យល់ថា គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ នឹង​មិន​ផ្តល់​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រទេស​ណាមួយ​ឡើយ​។ ក្នុងនាម​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ យើង​មាន​សិទ្ធិ និង​ជម្រើស​ក្នុង​ការ​សម្រេច​យក​តែ​អ្វី ដែល​យើង​ចង់បាន និង​ប្រភេទ​ហិរញ្ញប្បទាន​ណា​ដែល​យើង​ត្រូវការ ហើយ​អនុវត្ត​គម្រោង​ទាំងនោះ​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការ​ពង្រឹង​ភាពជា​ម្ចាស់ និង​ភាពជា​អ្នកដឹកនាំ​លើ​ការអភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន»

ក៏ប៉ុន្តែ ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន នេះ អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​អន្តរជាតិ ប្រចាំ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute, AEI) និង​ជា​សហ​អ្នកនិពន្ធ​នៃ​របាយការណ៍​វាយតម្លៃ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន របស់​មជ្ឈមណ្ឌល​សន្តិសុខ​អាមេរិកាំង​ថ្មី (Center for a New American Security, CNAS) បណ្ឌិត ហ្សាក ឃូពឺរ (Zac Cooper) សម្ដែង​ក្តី​បារម្ភ​ថា មហា​យក្ស​ចិន​អាច​បង្កប់​គម្រោងការ​មហិច្ឆតា​យោធា ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​របស់​ខ្លួន​។ លោក​បញ្ជាក់​ថា លោក​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ ដែល​ថា អាច​នឹង​មាន​ទំនាក់ទំនង​រវាង​គម្រោង​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ ជាមួយ​នឹង​មហិច្ឆតា​វិស័យ​យោធា​របស់​ចិន ដោយ​លោក​ផ្ដល់​ឧទាហរណ៍ ករណី​នៅ​ប្រទេស​ប៉ាគីស្ថាន (Pakistan) ដែល​មាន​ការ​បង្កើត​កំពង់​ផែ ផ្លូវ​រទេះភ្លើង ដែល​ជា​សក្ដានុពល អាច​ឱ្យ​ចិន​ត​ភ្ជាប់​ទៅ​នឹង​មហាសមុទ្រ​ឥណ្ឌា​បាន​។ បណ្ឌិត ហ្សាក ឃូពឺរ វាយតម្លៃ​ថា គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន សុទ្ធសឹងតែ​ជា​គម្រោង​អាច​ប្រើប្រាស់​បាន​ពហុ​បំណង ដែល​អាច​ផ្ដល់​ឱ្យ​កងទ័ពជើងគោក និង​ជើង​ទឹក​របស់​ចិន យក​ទៅ​ធ្វើជា​ទីកន្លែង​ដែល​ពួកគេ​អាច​ប្រតិបត្តិការ​ពី​តំបន់​ទាំងនោះ និង​តំបន់​ដទៃ​ទៀត​ហួស​ពី​នោះ​បាន។

ករណី​ជាក់ស្ដែង​ចំពោះ​កម្ពុជា ចិន​បានសម្រេច​ផ្តល់​ជំនួយ​យោធា​ឱ្យ​កម្ពុជា ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ជាង ៦០០​លាន​យ័ន ឬ​ស្មើនឹង​ជិត ៩០​លាន​ដុល្លារ​អាមេរិក ក្រោយ​បិទ​បញ្ចប់​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើក​ទី​ពីរ​របស់​ខ្លួន​នេះ​។ បណ្ឌិត ខាល ថៃយ័រ ពន្យល់​ថា វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​ចិន​បានសម្រេច​ផ្តល់​ជំនួយ​យោធា​បែបនេះ​ដល់​កម្ពុជា ទន្ទឹមគ្នា​នឹង​ការ​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​នោះ​។ លោក​ថា កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦ នៅ​ពេល​ដែល​ប្រធានាធិបតី ចិន​លោក ស៊ី ជីនពីង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កិច្ចព្រមព្រៀង​ជា​កញ្ចប់​ចំនួន ៣១ ត្រូវ​បាន​ចុះហត្ថលេខា​ជាមួយ​កម្ពុជា ដែល​មាន​តម្លៃ​ទឹកប្រាក់​រហូតដល់​ទៅ ២៣៧​លាន​ដុល្លារ​អាមេរិក ហើយ​ក្នុង​ពេល​ជាមួយគ្នា​នោះ លោក ស៊ី ជីនពីង ក៏បាន​សន្យា​ផ្តល់​ជំនួយ​យោធា​ចំនួន ៩០ លាន​ដុល្លារ​អាមេរិក​។ លោក​ថា នេះ​ជា​ជំនួយ​យោធា​ធំ​បំផុត​ទី​បី ដែល​ចិន​បាន​សន្យា​ផ្ដល់​ឱ្យ​កម្ពុជា កាលពី​ឆ្នាំ​២០១៧ ខណៈ​ឆ្នាំ​២០១៨ ចិន​បាន​ផ្តល់​ជំនួយ​យោធា ១០០​លាន​ដុល្លារ​អាមេរិក និង​ក្នុង​ឆ្នាំ​២០១២ ចិន​ផ្តល់​ជំនួយ​យោធា​ចំនួន ១៩៥​លាន​ដុល្លារ​អាមេរិក។ បណ្ឌិត ខាល ថៃ​យ័រ ពន្យល់​ថា អត្ថន័យ​នៃ​ជំនួយ​យោធា របស់​ចិន​នេះ​មានន័យថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​កំពុងតែ​ពង្រីក​ធំ​លើស​ពី​វិស័យ​សេដ្ឋកិច្ច ហើយ​ដែល​ចិន ផ្ដល់​រង្វាន់​ដល់​កម្ពុជា សម្រាប់​ការដែល​ប្រទេស​នេះ​គាំទ្រ និង​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ។

ដោយឡែក​សម្រាប់​បណ្ឌិត អៀ សុផល វិញ លោក​ថា វា​ហាក់បីដូចជា​ថា ចិន​កំពុង​ផ្ដោត​លើ​វិស័យ​យោធា កាន់តែ​ខ្លាំង​ឡើងៗ​បន្ថែម​ទៀត​ជា​រៀងរាល់​ខែ។ លោក​ថា វា​ការចាំបាច់ ប្រសិនបើ​មេដឹកនាំ​នៃ​ប្រទេស​នេះ ព្យាយាម​គ្រប់គ្រង​ស្ថានភាព​វិស័យ​យោធា​ក្នុង​ប្រទេស​ខ្លួន ហើយ​ចិន​កំពុង​ជួយ​ឱ្យ​កិច្ចការ​នេះ​កើតមានឡើង។ លោក​សង្ឃឹមថា ជំនួយ​យោធា​របស់​ចិន​នេះ នឹង​មិន​មានន័យថា ជា​ការ​ផ្ដល់​ឧបករណ៍​តាម​ឈ្លប​មើល ដូច​អ្វី​ដែល​ចិន​បាន​លក់​ឧបករណ៍​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​អេក្វាទ័រ ដើម្បី​ធ្វើការ​តាមដាន​ប្រជាជន​របស់​ខ្លួន​ឡើយ។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត ខាល ថៃយ័រ មានប្រសាសន៍ថា ចិន​នឹង​បន្ត​ស្វះ​ស្វែងរក​ការ​កំណត់​ឡើងវិញ លើ​ក្រឹត្យក្រម​អន្តរជាតិ​ដែល​មាន​ស្រាប់ ដើម្បី​ពង្រីក​អត្ថប្រយោជន៍​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​ថា បើ​ទោះ​ជា​ចិន​មិន​មាន​មហិច្ឆតា​ចង់​ស្វះស្វែង​ឱ្យ​មានការ​បង្កើត​ម៉ូដែល​ថ្មី​នៃ​ស្ថាប័ន​អង្គការសហប្រជាជាតិ​ក៏ដោយ ក៏ប៉ុន្តែ​លោក​ថា ចិន​ចង់​បង្កើត​ឱ្យ​មាន​រចនាសម្ព័ន្ធ​ពហុភាគី​ថ្មី​នៃ​ទំនាក់ទំនង​អន្តរជាតិ​មួយ ដែល​ក្នុង​ម៉ូដែល​នោះ ចិន​គឺជា​តួឯក​សំខាន់ ហើយ​គ្មាន​ប្រទេស​ណាមួយ​អាច​អនុវត្ត​សិទ្ធិ​វេតូ​ចំពោះ​ទង្វើ​របស់​ចិន​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល