អ្នកជំនាញព្រមានពីហានិភ័យដល់វិស័យសន្តិសុខជាតិ ដោយសារទាហានខ្មែរ អាចឆ្លងជំងឺកូវីដ-១៩ ខណៈពួកគេកំពុងធ្វើលំហាត់សមយុទ្ធយោធានាគមាសជាមួយទាហានចិន។ ការព្រមាននេះ កើតមានឡើងស្របពេលរបបក្រុងភ្នំពេញ នៅតែជម្នះ រៀបចំធ្វើសមយុទ្ធយោធានាគមាសលើកទី៤ ជាមួយមហាមិត្តចិន ដោយមានទាហានចិន រាប់រយនាក់ចូលរួម ហើយរបបនេះ នៅតែមិនព្រមចេញបម្រាមហាមជនជាតិចិន ចូលទឹកដីកម្ពុជា។
អ្នកជំនាញមើលឃើញថា របបលោក ហ៊ុន សែន ចាត់វិធានការណ៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ មានចរិតនយោបាយ បែបរណបចិន និងប្រើស្តង់ដារពីរ ដោយមិនសូវផ្ដោតខ្លាំងលើការផ្តល់អាទិភាពដល់សុខុមាលភាពសាធារណៈរបស់ពលរដ្ឋ ខ្លួនជាចម្បងឡើយ។ នៅសប្ដាហ៍នេះ របបនេះ បានដាក់ចេញវិធានការណ៍បង្ការមួយចំនួន ដោយហាមប្រាម មិនឱ្យជនបរទេសមកពីអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ចូលក្នុងទឹកដីកម្ពុជា តែរបបនេះមិនបានហាមប្រាមជនជាតិចិនឡើយ។ លើសពីនេះទៀត របបនេះ ថែមទាំងជម្នះមិនព្រមលុបចោល ការធ្វើសមយុទ្ធយោធានាគមាសប្រចាំឆ្នាំលើកទី៤ ជាមួយមហាមិត្តចិននោះទេ ដោយមានទាហ៊ានចិនជាង២៦៥នាក់ចូលរួម។ អ្វីដែលខុសប្លែក គឺសមយុទ្ធយោធាលើកនេះ ធ្វើឡើងធំជាងកាលពីលើកមុនៗ ដោយមានទាហានខ្មែរ និងចិនចូលរួមសរុបដល់ទៅ ជាង ៣ពាន់នាក់ អមដោយការប្រើប្រាស់អាវុធ យុទ្ធភណ្ឌទំនើបៗ។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល មើលឃើញថា ការនៅតែជម្នះធ្វើសមយុទ្ធ យោធាក្នុងទ្រង់ទ្រាយធំជាមួយមហាមិត្តចិនបែបនេះ នឹងក្លាយជាគ្រោះមហន្តរាយមួយ សម្រាប់ប្រជាជាតិខ្មែរទាំងមូល។ លោកប្រាប់អាស៊ីសេរី ថា ពលរដ្ឋ និងកូនទាហ៊ានខ្មែរ ទាំងនេះ ត្រូវមេដឹកនាំសព្វថ្ងៃចាត់ទុកថា ជាមនុស្សកំប៉ិកកំប៉ុក ហើយគ្មានតម្លៃ ដែលត្រូវការពារពួកគេពីការឆ្លងរោគអ្វីនោះឡើយ។ លោកថា វាជារឿងចម្លែក ដែលកម្ពុជារបស់លោក ហ៊ុន សែន បើកដៃស្វាគមន៍ជាមួយចិនបែបនេះ ហើយផ្ដោតខ្លាំងលើ ភូមិសាស្ត្រនយោបាយ ជាជាងសុខភាពសាធារណៈ។ លោកព្រមានថា ដោយសារតែ របបក្រុងភ្នំពេញស្រេកឃ្លានទឹកប្រាក់ និងអំណាចខ្លាំងពេក របបនេះមិនបានយកចិត្តទុកដាក់ ចំពោះការរីករាលដាលនៃជំងឺកូវីត-១៩ ដែលអាចនឹងផ្ទុះឡើងក្នុងអំឡុងពេលធ្វើសមយុទ្ធ យោធានេះ។ លោកមើលឃើញថា ទាល់តែនាយទាហាន និងកងទ័ពរបស់ មេដឹកនាំរបបនេះ ព្រមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនខ្លួនឯងផង ត្រូវរងគ្រោះដោយសារតែការ វាយប្រហារនៃជំងឺនេះ ទើបរបបនេះប្ដូរជំហររបស់ខ្លួន ឆាប់រហ័សវិញ។
រីឯអ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម បណ្ឌិត មាស នី វិញ មើលឃើញថា ប្រសិនបើ មានការឆ្លងជំងឺកូវីដ-១៩ក្នុងចំណោមជួរកងទ័ពខ្មែរ ដោយសារតែការធ្វើសមយុទ្ធយោធានេះ នោះមេដឹកនាំបច្ចុប្បន្ន អាចនឹងរងការរិះគន់អវិជ្ជមាន ក្នុងចំណោមយោធាខ្មែរ ទៅលើការដឹកនាំរបស់ពួកគេ៖ «បើសិនជាមានការឆ្លង នោះវាអាចនឹងធ្វើឱ្យយោធាខ្មែរ នឹងបង្ហាញនូវការរិះគន់របស់ខ្លួនទៅលើ… ពីព្រោះអីយោធា យើងដឹងហើយ តែមេបញ្ជាឱ្យទៅគឺទៅហើយ។ បើនៅពេលណាដែលគាត់ឆ្លងជំងឺ នោះប្រហែលជា ប្រតិកម្មរបស់គាត់អាចនឹងមានប្រតិកម្មជាអវិជ្ជមានតិចឬច្រើន អាស្រ័យលើទំហំនៃគ្រោះថ្នាក់ ទំហំនៃការរីករាលដាលនោះ។ ហើយបើសិនជាធ្វើទៅវាមិនមានបញ្ហាអី ហើយវាល្អសុខស្រួលទេ នោះវាជាសំណាងមួយ ហើយក៏ស្ងប់ស្ងាត់ទៅវិញដែរ»។
បណ្ឌិត មាស នី ពន្យល់ថា កម្ពុជាមិនហ៊ានសម្រេចចិត្តហាមប្រាមមិនឱ្យជនជាតិចិនចូល មកទឹកដីខ្លួនឡើយ ព្រោះដោយសារតែការធ្វើដូច្នេះ អាចធ្វើឱ្យប៉ះពាល់ដល់ ការធ្វើសមយុទ្ធយោធាជាមួយចិន។ ក្រៅពីនោះ លោកក៏ព្រមានពីគ្រោះថ្នាក់ផ្សេងទៀត ដល់អនាគតកម្ពុជាផង ពិសេសគឺការពិបាករបស់កម្ពុជាក្នុងការបង្ហាញជំហរដាច់ណាត់ ណាមួយ ដើម្បីទប់ទល់ឥទ្ធិពលចិនមកលើប្រទេសខ្លួន៖ «គ្រោះថា្នក់មួយដែលវានឹងអាចកើតមាន ប្រសិនណាបើយើង បង្ហាញនូវសញ្ញាលម្អៀងហ្នុងកាន់តែច្រើនឡើងៗ វានឹងអាចធ្វើឱ្យកម្ពុជា អាចឃ្លាតឆ្ងាយពី អ្វីដែលយើងហៅថាជាឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន។ វាអាចនៅពេលដំបូងៗ យើងចេះតែរើបាន យើងចេះតែការពារបានហើយ ប៉ុន្តែ បើសិនជាស្ថានភាពចេះតែធ្ងន់ធ្ងរទៅៗ ហើយប្រទេសសាមីខ្លួនចេះតែទន់ទៅៗ នោះទីចុងបំផុតយើងមិនមានជម្រើសអីច្រើន ក្រៅពីទទួលយកនូវឥទ្ធិពលរបស់គេទេ»។
ចាប់តាំងពីមានការផ្ទុះឡើងដំបូងនៃមេរោគកូរ៉ូណាប្រភេទថ្មី ឬ SARS COV2 ដែលបង្កឱ្យកើត ជំងឺកូវីដ-១៩ នៅទីក្រុងវូហាន ប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន បង្ហាញភាពស្មោះស្ម័គ្រចាក់ទឹកមិនលេចជាមួយមហាមិត្តចិនរបស់លោក ដោយបានធ្វើចំណាត់ការផ្ទុយពីប្រទេសនានាលើពិភពលោក។ ក្នុងនោះមានការជម្នះមិន ជម្លៀសពលរដ្ឋខ្មែរពីតំបន់នោះ ការធ្វើដំណើរទៅជួបមេដឹកនាំចិន និងការមិនបិទជើងហោះហើរ ទៅកាន់ប្រទេសចិនជាដើម ក្រោមហេតុផលសេដ្ឋកិច្ច មិត្តភាព និងសីលធម៌ ដែលធ្វើឱ្យលោកត្រូវពលរដ្ឋចិនបញ្ចើចបញ្ចើរថា ជា «បុរសសង្ហារ ដើរបញ្ច្រាសទិស»។ លើសពីនេះទៀត លោកថែមទាំងហៅការសម្រេចចិត្តរបស់លោក ជាការសម្រេចចិត្តមហាត្រឹមត្រូវ និងប្រាប់ឱ្យពលរដ្ឋខ្មែររង់ចាំអ៊ុតមើលលទ្ធផល នាពេលអនាគតដោយសារតែការសម្រេចចិត្តរបស់លោកយ៉ាងដូច្នេះ។ លោកថែមទាំងបានហៅក្រុមអ្នករិះគន់របបលោក ដែលមិនបានចេញបម្រាមបិទមិន ឱ្យចិនចូលនេះ ថាមិនសមជាជនជាតិខ្មែរទៀតផង៖ «ក៏ប៉ុន្តែ ថ្ងៃនេះខ្ញុំក៏បានឃើញនូវហ្វេសប៊ុក នៃការឌឺដងរបស់ពួកអគតិ ដែលគេគិតថា វាជារឿងល្អដែលត្រូវបិទ ក៏ប៉ុន្តែ មិនឃើញបិទចិន ទាល់តែសោះ បែរជាបិទបារាំង បិទអាមេរិក បិទអ៊ីតាលី បិទអេស្ប៉ាញ បិទអាល្លឺម៉ង់។ អ្នកពិតជាអគតិជ្រុលហួស ហើយមិនសាកសមជាពលរដ្ឋខ្មែរទាល់តែសោះ ពិតមែនតែអ្នក មានឈាមជ័រជាខ្មែរ»។
នៅមួយថ្ងៃមុនពេលបើកធ្វើសមយុទ្ធយោធានាគមាសជាមួយចិនកាលពីថ្ងៃទី១៥ មីនា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរមិនគួរព្រួយបារម្ភពេក ចំពោះការឆ្លងមេរោគកូវីដ-១៩នោះទេ ព្រោះកងទ័ពចិនទាំងនេះ កម្ពុជាបានពិនិត្យសុខភាព យ៉ាងជាក់លាក់រួចហើយ ហើយពួកគេសុទ្ធតែមានថាមពលល្អ៖ «សុខភាពពួកគាត់ហ្នឹងគឺបចេ្ចកវិទ្យាខាងចិនហ្នឹង គឺហាក់ដូចជាពិភពលោកគឺពិបាកនឹងរកណាស់ ព្រោះចិនគេអាចទប់ទល់បានទាំងអស់ ហើយតំបន់ដែលគេចាត់ឱ្យកម្លាំងកងទ័ពរំដោះប្រជាជនចិនមកហ្នឹងវាអត់មានរឿង Covid-19 ឬកូរ៉ូណាស្អីទាំងអស់។ ដូច្នេះកងទ័ពគេបានពិនិត្យពិច័យយ៉ាងជាក់លាក់ហើយសុទ្ធសឹងតែមានលិខិតបញ្ជាក់អំពីសុខភាពដ៏មាំមួនពេញលេញពោរពេញទៅដោយថាមពលទាំងអស់»។
យ៉ាងណាក៏ដោយ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ស្នើថា ជាការប្រសើរដែលរបបក្រុងភ្នំពេញ គួរតែផ្អាក ឬលុបចោលការធ្វើសមយុទ្ធជាមួយនឹងចិននេះតែម្ដង។ លោកថា បញ្ហានាពេលឥឡូវនេះ គឺការធ្វើឱ្យករណីឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ នៅថេរ ហើយបញ្ឈប់ការឆ្លងនៃមេរោគនេះ តទៅទៀត។ លោកបន្តថា ការឱ្យមនុស្សនៅឆ្ងាយពីគ្នាគឺជាគន្លឹះដោះស្រាយបញ្ហានេះ ដូច្នេះហើយ ការប្រមូលផ្គុំគ្នា ធ្វើសមយុទ្ធយោធារួមគ្នានេះ មិនមែនជារឿងល្អនោះទេ។ លោកព្រមានថា រឿងរ៉ាវយូរអង្វែង គឺមិនមែនតែរឿងទប់ទល់នឹងជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ តែនោះគឺការបាត់បង់នូវសេរីភាព ការរំលោភសិទ្ធិមនុស្ស និងការរម្លាយប្រជាធិបតេយ្យ ដោយសារតែការសេពគប់ជាមួយ មហាមិត្តចិននេះឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។