"កម្ពុជា​ព្យាយាម​យក​បញ្ហា​អធិបតេយ្យ ជា​ខែល​បាំង​អំពើ​រំលាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស"

ដោយ មាន ឫទ្ធិ
2019-10-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថ្លែង​​នៅ​ឯ​មហាសន្និបាត​លើក​ទី​៧៤ របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៩។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថ្លែង​​នៅ​ឯ​មហាសន្និបាត​លើក​ទី​៧៤ របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ប្រាក់ សុខុន

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា នៅ​ឯ​មហាសន្និបាត​លើក​ទី​៧៤ របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​ព្យាយាម​យក​បញ្ហា​សិទ្ធិ​អធិបតេយ្យ និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ធ្វើជា​ខែល ដើម្បី​បិទបាំង​អំពើ​រំលាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន។ ការ​លើកឡើង​នេះ កើត​មាន​ឡើង​​ក្រោយ​ពេល​ដែល​កាលពី​ចុងខែ​កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ របប​លោក ហ៊ុន សែន ជាថ្មី​ម្តង​ទៀត បន្ត​ប្រើប្រាស់​យន្តការ​វេទិកា​អង្គការសហប្រជាជាតិ​ប្រចាំ​ឆ្នាំ​នេះ ធ្វើជា​យុទ្ធនាការ​ឃោសនា​ជាមួយ​ក្រុម​ប្រទេស​កុម្មុយនិស្ត និង​ផ្ដាច់ការ​និយម វាយប្រហារ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ និង​បស្ចិម​លោក រឿង​រំលោភ​ដែន​អធិបតេយ្យ ឬ​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​របស់​ខ្លួន ក្រោម​លេស​សិទ្ធិមនុស្ស។

ជា​រៀងរាល់​ឆ្នាំ ឱ្យ​តែ​ដល់​ខែ​កញ្ញា​ម្តងៗ ក្រសែភ្នែក​ពិភពលោក​ទាំងមូល​តែង​ផ្ដោត​មក​ទី​ស្នាក់​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នា​បូរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។ គឺ​ខែ​នេះ​ហើយ និង​នៅ​ទីកន្លែង​នេះ​ហើយ ដែល​ក្រុម​អ្នកការទូត​មកពី​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ទូទាំង​ពិភពលោក តំណាង​ឱ្យ​រដ្ឋ​សមាជិក​របស់​​អង្គការសហប្រជាជាតិ​ទាំងអស់ បាន​ណាត់គ្នា មក​ជួប​ប្រជុំ​គ្នា​ម្តង តាមរយៈ​ការប្រើប្រាស់​យន្តការ​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត អង្គការ​កំពូល​របស់​ពិភព​លោក​​មួយ​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​បិទ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទីពីរ។ គឺ​នៅ​វេទិកា​មហាសន្និបាត​នេះ​ហើយ ដែល​ក្រុម​មេដឹកនាំ​ពិភព​លោក មានឱកាស​មក​ជួបជុំ​គ្នា ថ្លែង​សារ​នយោបាយ​ទៅកាន់​ពិភពលោក អំពី​ការ​វិវឌ្ឍ និង​ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​បន្ទាប់ សម្រាប់​ប្រទេស​របស់​ខ្លួន និង​ពិភព​លោក ដើម្បី​រិះរក​វិធានការណ៍​នានា ក្នុង​ការធានា​រក្សា​សន្តិសុខ ស្ថិរភាព និង​សណ្ដាប់ធ្នាប់​ពិភពលោក។

សម្រាប់​មហា​សន្និបាទ​លើក​ទី​៧៤ ឆ្នាំ​២០១៩​នេះ មិន​មាន​ឡើយ​វត្តមាន​របស់​លោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា ហើយក៏​គ្មាន​បាតុកម្ម​ផុលផុស​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ឬ​ការ​ប្រមូល​ផ្ដុំ​ក្រុម​អ្នកគាំទ្រ​ចាំ​ស្វាគមន៍​លោក ហ៊ុន សែន ដូច​កាលពី​ឆ្នាំ​២០១៨​ កន្លងទៅ​នោះ​ដែរ។ ផ្ទុយ​ទៅវិញ លោក ហ៊ុន សែន បាន​បញ្ជូន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស ឱ្យ​មក​ថ្លែងការណ៍​ជំនួស ឬ​តំណាង​ឱ្យ​របប​លោក​វិញ។

ក៏ប៉ុន្តែ អ្វី​ដែល​ដដែល​នោះ គឺ​ការ​បន្ត​ប្រើ​យន្តការ​វេទិកា​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នេះ ធ្វើជា​ឱកាស​ទៅ​សូត្រ​មេរៀន វាយប្រហារ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ គោលការណ៍​ស្នូល​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តាមរយៈ​ការ​ប្រើ​ហេតុផល ឬ​លេស​ដដែលៗ ​នោះ ​គឺ​ការ​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​អធិបតេយ្យ និង​ការ​មិន​អនុញ្ញាត​ឱ្យ​បរទេស​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន៖ «កម្ពុជា​ចង់​ឃើញ​នូវ​កិច្ច​សហប្រតិបត្តិការ​ពិត​ប្រាកដ​មួយ ដែល​គ្រប់​ប្រទេស​ទាំងអស់ ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ ហើយ​ដែល​លក្ខខណ្ឌ​តែមួយ​នោះ គឺ​គោរព​នូវ​សិទ្ធិ​អធិបតេយ្យ​របស់​យើង​។ យើង​នឹង​មិន​អាច​ទទួល​យក​បាន​​ជា​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង ទោះជា​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ហើយ​យើង​ក៏​នឹង​មិន​យក​អធិបតេយ្យ​របស់​យើង ទៅ​ដោះដូរ​​ជា​មួយ​​នឹង​ទម្រង់​ណាមួយ​នៃ​កិច្ច​សហប្រតិបត្តិការ ឬ​ការ​ផ្តល់​ការ​អនុគ្រោះ​ណាមួយ​នោះ​ឡើយ»

ប្រសិនបើ​គេ​ទៅ​ស្ដាប់​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស​កុម្មុយនិស្ត ឬ​ក្រុម​ប្រទេស​ផ្ដាច់ការ ជា​ពិសេស​មហាអំណាច​ចិន ប្រទេស​កូរ៉េខាងជើង វៀតណាម ឬ​វេណេហ្ស៊ុយអេឡា (Venezuela) អី​ជាដើម​នោះ សម្ដី​របស់​លោក ប្រាក់ សុខុន នេះ មិនមែន​ជា​រឿង​ចម្លែក​នោះ​ឡើយ​។ វា​គឺជា​អំណះអំណាង​ដដែលៗ ដែល​ក្រុម​ប្រទេស​ទាំងនេះ​និយម​យក​មក​សូត្រ​ស្ទើរ​រត់មាត់​តៗ​គ្នា។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ជាទូទៅ ក្រុម​ប្រទេស​មិន​និយម​ប្រជាធិបតេយ្យ ឬ​កុម្មុយនិស្ត តែងតែ​ចង់​បន្ត​រក្សា​និន្នាការ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​បន្ត​រក្សា​អំណាច​ដឹកនាំ​របស់​មេដឹកនាំ​តែ​ម្នាក់​របស់​ខ្លួន​ជា​រៀង​រហូត​។ លោក​ថា ជា​រឿង​សាមញ្ញ​ទៅ​ហើយ ដែល​បញ្ហា​គោរព​សិទ្ធិ​អធិបតេយ្យ ឬ​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក ត្រូវ​បាន​ក្រុម​ប្រទេស​កុម្មុយនិស្ត ឬ​ផ្ដាច់ការ​ទាំងនេះ យក​ទៅ​ប្រើប្រាស់​ធ្វើជា​ខែល​បិទបាំង​ការពិត ឬ​គណនេយ្យភាព ខណៈ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស កំពុង​បន្ត​កើតមានឡើង​ពេញបន្ទុក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត គឺ​បណ្ឌិត ពៅ សូរពង្ស សាស្ត្រាចារ្យ​ផ្នែក​ការសិក្សា​អំពី​កិច្ចការ​សន្តិភាព និង​សន្តិសុខ​សាកល នៃ​សាកលវិទ្យាល័យ Ryerson University នៃ​ប្រទេស​កាណាដា ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១ តុលា ថា នេះ​ជា​តាកតិច (Tactic) នយោបាយ​របស់​ក្រុម​មេដឹកនាំ​ដែល​មិន​គោរព​សិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យ ដែល​តែង​យក​រឿង​នេះ​ទៅ​និយាយ។ លោក​ហៅ​ការ​ថ្លែងការណ៍​ពី​បញ្ហា​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​អធិបតេយ្យ និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​នេះ​ថា ជា​រឿង​ឥតប្រយោជន៍ ព្រោះថា កម្ពុជា មិន​ទាន់​មាន​ភាព​ម្ចាស់ការ​ខ្លួនឯង​នៅឡើយ​ទេ ហើយ​ប្រទេស​នេះ នៅតែ​ចាំបាច់​ត្រូវ​ពឹង​ពាក់​ជំនួយ​របស់​បរទេស​ដដែល​នោះ៖ «បើ​យើង​ចង់​កុំ​ឱ្យ​គេ​ជ្រៀតជ្រែក ទាល់តែ​យើង​ធ្វើជា​ម្ចាស់ការ​ខ្លួនឯង​។ មិន​ពឹង​គេ។ បើកាលណា​យើង​ត្រូវការ​ទីផ្សារ​របស់​គេ យើង​ត្រូវការ​ជំនួយ​របស់​គេ យកការណ៍​ហ្នឹង​ទៅ​ការពារ​ខ្លួន វា​ពុំ​មាន​ប្រសិទ្ធភាព​ទេ»

បណ្ឌិត ពៅ សូរពង្ស ផ្ដល់​អនុសាសន៍​ថា ក្រុម​មេដឹកនាំ​ខ្មែរ ផ្ទុយទៅវិញ គួរ​ប្រើ​ប្រាស់​វេទិកា​ដ៏​មាន​សារសំខាន់​នេះ ផ្ដោត​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ កែ​លម្អ និង​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ឱ្យ​បាន​ដូច​អ្វី​ដែល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ជាមួយ​ភាគី​អន្តរជាតិ ជាពិសេស​ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៖ «អ្នក​ដឹកនាំ​ខ្មែរ​យើង​ត្រូវតែ​បង្ហាញ​ថា យើង​នៅតែ​គោរព​ប្រជាធិបតេយ្យ ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ ត្រូវ​តែ​ទទួល​ស្គាល់ ត្រូវតែ​ការពារ​កិច្ចការ​ទាំងនោះ ហើយ​កាលណា​បើ​គាត់ ឬ​អ្នកដឹកនាំ​ខ្មែរ​យើង​នៅតែ​និយាយ​ដដែលៗ​ពី​រឿង​កុំ​ឱ្យ​ជ្រៀតជ្រែក​របប​ផ្ទៃក្នុង​នៅ​ស្រុក​ខ្មែរ រឿង​នេះ​ជា​ការ​ឥតប្រយោជន៍ ពីព្រោះ​វា​គ្រាន់តែ​ថា យក​ហេតុផល ឬ​លេស​ទៅ​ការពារ​របប​ខ្លួនឯង វា​ឥតមាន​នរណា​គេ​គាំទ្រ​ប៉ុន្មាន​ទេ​តាម​ខ្ញុំ​ដឹង លើកលែងតែ​ប្រទេស​ដែល​ធ្វើ​ដូចគ្នា​ដែរ​។ ជា​ការ​គួរ​ឱ្យ​សោកស្ដាយ​ប្រទេស​ច្រើន​អ៊ីចឹង​ដែរ មាន​បញ្ហា​ច្រើន​នៅ​ក្នុង​ស្រុក​ទេស ហើយ​មិន​ចង់​ឱ្យ​គេ​ជ្រៀតជ្រែក​នៅ​ក្នុង​ប្រទេស​គេ។ ប្រទេស​ចិន​ជាពិសេស ជា​ប្រទេស​ដែល​ការពារ​ដូច្នេះ»

បណ្ឌិត អៀ សុផល យល់ស្រប​នឹង​ការ​លើកឡើង​នេះ និង​ផ្ដល់​អនុសាសន៍​ថា របប​ក្រុងភ្នំពេញ គួរ​យក​វេទិកា​នេះ ផ្ដោត​លើ​ការ​ឆ្លុះ​បញ្ចាំង​ឡើងវិញ​ពី​ខ្លួនឯង និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន ជុំវិញ​របៀប​ធ្វើ​កំណែ​ទម្រង់ និង​លើកកម្ពស់​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​លុប​បំបាត់​ចោល​នូវ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ខ្លួន។ លោក​ថា ជា​ការ​គួរ​ឱ្យ​សោកស្ដាយ ដែល​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ ត្រូវ​បាន​ក្រុម​មេដឹកនាំ​ផ្ដាច់ការ និង​រដ្ឋមន្ត្រីការបរទេស​របស់​ពួកគេ យក​ទៅ​ធ្វើជា​កន្លែង ឃោសនា ដើម្បី​បកស្រាយ​រឿង​ខ្មៅ​ទៅ​ជាស និង​ស​ទៅជា​ខ្មៅ​វិញ ឬ​ពី​ការ​ពិត ទៅជា​ការ​មិន​ពិត​វិញ​នោះ។ លោក​ថា មនុស្ស​គ្រប់រូប​ដឹង​ច្បាស់​ណាស់​អំពី​ការពិត ដូច​អ្វី​ដែល​សកម្មជន​ប្រឆាំង​របស់​អតីត​សហភាពសូវៀត​មួយ​រូប​ឈ្មោះ អង់ឌ្រៀ សាខារ៉ូវ (Andrei Sakharov) ធ្លាប់​លើកឡើង​ថា «ខ្ញុំ​តែងតែ​ធ្លាប់​បាន​គិត​ថា សព្វាវុធ​ដ៏​មាន​អំណាច​បំផុត​នៅ​ក្នុង​ពិភពលោក​គឺ​គ្រាប់បែក ដូច្នេះ​ហើយ​​បានជា​ខ្ញុំ​ផ្ដល់​គ្រាប់បែក​ទៅ​ឱ្យ​ប្រជាជន​របស់​ខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំ​បាន​សន្មត​ថា អាវុធ​ដែល​មាន​អំណាច​បំផុត​នៅ​លើ​ពិភពលោក គឺ​មិនមែន​ជា​គ្រាប់បែក​នោះ​ទេ តែ​នោះ​គឺ​ជា​ការពិត»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល