នាទី​កិច្ចការ​អន្តរជាតិ៖ អ្នក​ជំនាញ​ព្រមាន​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ (ភាគ​១)

ដោយ មាន ឫទ្ធិ
2019-03-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក ប្រាយអ៊ិន អាយលឺ (Brian Eyler) អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ថាមពល ទឹក និង​ស្បៀង​ប្រចាំ​តំបន់​ទន្លេ​មេគង្គ នៃ​មជ្ឈមណ្ឌល​ស្ទីមសុន សែនធ័រ (Stimson Center) ក្នុង​បន្ទប់​ផ្សាយ​របស់​អាស៊ីសេរី។
(ឆ្វេង) លោក ប្រាយអ៊ិន អាយលឺ (Brian Eyler) អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ថាមពល ទឹក និង​ស្បៀង​ប្រចាំ​តំបន់​ទន្លេ​មេគង្គ នៃ​មជ្ឈមណ្ឌល​ស្ទីមសុន សែនធ័រ (Stimson Center) ក្នុង​បន្ទប់​ផ្សាយ​របស់​អាស៊ីសេរី។
Photo: RFA

អ្នក​ជំនាញ​វិស័យ​សន្តិសុខ​ថាមពល ទឹក និង​ស្បៀង​ប្រចាំ​តំបន់​ទន្លេ​មេគង្គ នៃ​មជ្ឈមណ្ឌល ស្ទីមសុន សែនធ័រ (Stimson Center) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក ព្រមាន​ថា ការ​ផ្ដោត​ខ្លាំង​ពេក​តែ​ទៅលើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ប្រឈម​ទៅ​នឹង​ការបាត់បង់​ស្ទើរ​តែ​ទាំងស្រុង​នូវ​សក្ដានុពល​ធនធាន​ជីវចម្រុះ​ប្រកបដោយ​ចិរភាព ដែល​ប្រព័ន្ធ​ទន្លេ​មេគង្គ​នេះ​កំពុង​ផ្គត់ផ្គង់។

នេះ​ជា​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ នៃ​អាស៊ីសេរី និង​លោក ប្រាយអ៊ិន អាយលឺ (Brian Eyler) អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ថាមពល ទឹក និង​ស្បៀង​ប្រចាំ​តំបន់​ទន្លេ​មេគង្គ នៃ​មជ្ឈមណ្ឌល Stimson Center ដែល​មាន​សេចក្ដី​ដូចតទៅ។

មាន ឫទ្ធិ៖ ជម្រាបសួរ លោក ប្រាយ​អ៊ិន​! អរគុណ​ណាស់ ដែល​លោក​អញ្ជើញ​មកដល់​បន្ទប់​ផ្សាយ​របស់​អាស៊ីសេរី​នា​ពេល​នេះ​។ ខ្ញុំ​ដឹង​ថា ថ្មីៗ​នេះ​កាលពី​ខែ​កុម្ភៈ មជ្ឈមណ្ឌល Stimson Center របស់​លោក បាន​ចេញ​ផ្សាយ​នៅ​របាយការណ៍​មួយ​ស្ដីពី​តំបន់​មេគង្គ​៖ ឆ្ពោះ​ទៅ​រក​និរន្តរភាព​អនាគត​វិស័យ​ថាមពល ទឹក និង​ស្បៀង​នៅ​កម្ពុជា​។ មុន​ពេល​ដែល​យើង​ឈាន​ទៅ​ជជែក​គ្នា​លម្អិត​អំពី​របក​គំហើញ និង​អនុសាសន៍​នានា ដែល​របាយការណ៍​នេះ បាន​រក​ឃើញ និង​ដាក់​ចេញ ជា​ដំបូង ខ្ញុំ​ចង់​ដឹង​ថា តើ​អ្វី​ទៅជា​បញ្ហា​ប្រឈម​សំខាន់ៗ ដែល​តំបន់​មេគង្គ​ទាំងមូល​កំពុង​ជួបប្រទះ និង​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា ជុំវិញ​បញ្ហា​និរន្តរភាព​វិស័យ​ថាមពល ទឹក និង​ស្បៀង​នេះ បាទ​?

ប្រាយអ៊ិន៖ បាទ​! អរគុណ​ណាស់​ដែល​អនុញ្ញាត​ឱ្យ​ខ្ញុំ​បាន​ផ្ដល់​កិច្ច​សម្ភាស​នៅ​ទីនេះ​។ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជជែក​ជាមួយ​លោក និង​និយាយ​ទៅកាន់​ពលរដ្ឋ​កម្ពុជា ដែល​មាន​ការ​បារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​តំបន់​ទន្លេ​មេគង្គ​នេះ​។ លោក​ដឹង​ទេ មួយ​ភាគ​បី​នៃ​ប្រជាពលរដ្ឋ កម្ពុជា កំពុង​រស់នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ និង​ទន្លេសាប ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ទន្លេ​មេគង្គ។ ពលរដ្ឋ​ទាំងនោះ​កំពុង​ទាញ​យក​ធនធាន​នានា​ពី​ប្រព័ន្ធ​ទន្លេ​នេះ​។ ធនធាន​ទាំងនេះ​អាច​ជា ធនធាន​ត្រី ឬ​ធនធាន​ដទៃ​ទៀត ដែល​អាច​យក​ទៅ​ប្រើ​សម្រាប់​ផលិតកម្ម​កសិកម្ម ឬក៏​ប្រើប្រាស់​ធនធាន​ទឹក​នៃ​ទន្លេ​មេគង្គ​នេះ​។ ទន្លេ​មេគង្គ គឺជា​ធនធានធម្មជាតិ​ដ៏​មាន​សារសំខាន់​បំផុត​មួយ សម្រាប់​ពលរដ្ឋ​កម្ពុជា។

ជា​ការ​គួរ​ឱ្យ​សោកស្ដាយ ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សាំញ៉ាំ​មួយ​នេះ ដែល​ជា​ប្រភព​ជំរុញ​ឱ្យ​មាន​ផលិតភាព​កសិកម្ម ធនធាន​ត្រី​ដ៏​សម្បូរណ៍​ហូរហៀរ​បាន​មក​ពី​បឹង​ទន្លេសាប​ជា​រៀងរាល់​ឆ្នាំ គឺជា​អ្វីមួយ​ដែល​គេឯង​មិនសូវ​យល់ដឹង​ច្បាស់​នៅឡើយ​ទេ សូម្បីតែ​អ្នកវិទ្យាសាស្ត្រ​ក៏ដោយ​នោះ​។ ខ្ញុំ​គិត​ថា យើង​កំពុងតែ​ចាប់ផ្ដើម​ធ្វើដំណើរ​ទៅកាន់​ទិសដៅ​មួយ ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ ចាប់ផ្ដើម ស្វែងយល់​បាន​ច្រើន​ពី​ប្រព័ន្ធ​ទន្លេ​មេគង្គ​នេះ​។ ថា​តើ វា​មាន​ទំនាក់ទំនង​យ៉ាងម៉េច​ខ្លះ រវាង​ធនធាន​ទឹក ត្រី និង​ប្រព័ន្ធ​ជីវៈ​ដទៃ​ទៀត ដែល​ទ្រទ្រង់​ដល់​ជីវចម្រុះ​នៃ​ប្រព័ន្ធ​ទន្លេ​នេះ លំហូរ​ទឹក និង​ការពង្រីក​វិសាលភាព​ទឹក​ទន្លេ បង្កើត​បាន​ជា​ប្រព័ន្ធ​អេកូឡូស៊ី (Ecology) មួយ​នេះ។

នេះ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ដទៃ​ទៀត ដើម្បី​ស្វែងយល់​ថា តើ​អ្វី​ទាំងអស់​នេះ វា​ដំណើរការ​ទៅ​ដោយ​របៀប​ណា​។ លោក​ដឹង​ទេ ប្រព័ន្ធ​ទន្លេ​មេគង្គ ផលិត​បាន​បរិមាណ​ត្រី​ជាង ២,៦ លាន​តោន​ត្រី​ក្នុង​មួយឆ្នាំៗ​។ នេះ​ជា​បរិមាណ​ត្រី​ដែល​នេសាទ​បាន ដែល មិនមែន​ជា​ត្រី​សរុប​នោះ​ទេ​។ ជា​បរិមាណ​ត្រី​ដែល​ពលរដ្ឋ​នៅ​តាម​ប្រព័ន្ធ​ទន្លេ​មេគង្គ នេសាទ​យក​មក​បរិភោគ​។ គ្មាន​ប្រព័ន្ធ​ទន្លេ​ណា​ដទៃ​នៅ​លើ​ពិភពលោក អាច​ផ្គត់ផ្គង់​ត្រី​បាន​ច្រើនយ៉ាង​ដូច្នេះ​ឡើយ​។ នៅ​សហរដ្ឋអាមេរិក​ឯណេះ បូករួម​ទាំង កាណាដា ម៉ិចស៊ិច និង​ទ្វីប​អាមេរិក​ខាងជើង​ទាំងមូល ទន្លេ និង​បឹងបួ​ទាំងអស់ អាច​ផ្គត់ផ្គង់​បាន​បរិមាណ​ត្រី​ត្រឹមតែ ១៦ ម៉ឺន​តោន​ត្រី​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ​។ ដូច្នេះ ទន្លេ​មេគង្គ ផលិត​បាន​ច្រើន​លើសលប់ ជាង​តំបន់​ដទៃ​ទៀត។

ទន្លេសាប គឺជា​ជីពចរ នៃ​ប្រព័ន្ធ​ទន្លេ​មេគង្គ ដែល​ជា​ប្រភព​ដើម​នៃ​ជីវចម្រុះ​។ សូម​កុំ​ច្រឡំ ធនធាន​ដែល​មាន​ប្រភព​ចេញពី​ខ្សែទឹក​ខាងលើ​ពី​ប្រទេស​ចិន​មក​។ ជីវចម្រុះ​មាន​ប្រភព​ចាប់ផ្ដើម​ពី​ប្រទេស​កម្ពុជា។ ធនធាន​ត្រី ដែល​មាន​ប្រភព​ចេញពី​បឹង​ទន្លេសាប​នេះ ហែល​ឆ្លង​ទៅកាន់​ទីកន្លែង​ដទៃ​ទៀត​នៃ​ប្រព័ន្ធ​ទន្លេ​នេះ​។ ទន្លេសាប​នេះ គឺជា​ចំណុច​ចម្បង​មួយ ដើម្បី​ស្វែងយល់​ទំនាក់ទំនង​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ដ៏​មាន​សារសំខាន់​នេះ សម្រាប់​សហគមន៍ សម្រាប់​អ្នក​សិក្សា សម្រាប់​អ្នកវិទ្យាសាស្ត្រ និង​ជាពិសេស សម្រាប់​ក្រុម​អ្នកធ្វើ​គោល​នយោបាយ​។ ខ្ញុំ​គិត​ថា ជា​ការ​គួរ​ឱ្យ​សោកស្ដាយ សម្រាប់​ក្រុម​អ្នកធ្វើ​សេចក្តី​សម្រេច​ចិត្ត ដែល​ពួកគេ​នៅតែ​មិនទាន់​មាន​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​ទំនាក់ទំនង​នេះ​។ ប្រសិនបើ​ពួកគេ​មានការ​ស្វែងយល់​ច្បាស់លាស់​ជាង​នេះ នោះ​នឹង​មាន​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ជាង​នេះ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ទន្លេ​មេគង្គ។

មាន ឫទ្ធិ​៖ ខ្ញុំ​កត់សម្គាល់​ឃើញ​ថា មាន​គម្រោង​ផែនការ​ជាច្រើន​ដើម្បី​ពង្រីក​ថាមពល ជាពិសេស​សម្រាប់​កម្ពុជា​។ ផ្អែក​តាម​ទស្សនវិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា ពួកគេ​ចង់​បំពេញ​តម្រូវ​ការ​ថាមពល ហើយ​នឹង​កំណើន​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ទាំងមូល ដោយសារ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ផ្សារភ្ជាប់​គ្រប់​ភូមិ​ទាំងអស់​ឱ្យ​មាន​អគ្គិសនី​ប្រើប្រាស់​ត្រឹម​ឆ្នាំ២០២០។ ក្នុង​ចំណោម​យុទ្ធសាស្ត្រ​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ គឺ​សាងសង់​វារីអគ្គិសនី​ឱ្យ​បាន​កាន់តែ​ច្រើន តាម​ដង​ទន្លេ​មេគង្គ និង​តំបន់​ដទៃ​ទៀត។ ដូច្នេះ នេះ​ក៏​គឺជា​បញ្ហា​ប្រឈម​មួយ ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ជួបប្រទះ ហើយ​វា​អាច​ប៉ះពាល់​ដល់​បរិស្ថាន ឬ​កត្តា​ដទៃ​ទៀត​។ តើ​លោក​គិត​យ៉ាង​ណា​ដែរ​ចំពោះ​បញ្ហា​នេះ?

ប្រាយអ៊ិន៖ ប្រាកដ​ណាស់​! មាន​សម្ពាធ​ជាច្រើន ដើម្បី​បំពេញ​តម្រូវ​ការ​កំពុង​កើន​ឡើង​នៃ​ថាមពល និង​តម្រូវ​ការ​កើន​ឡើង​នៃ​អគ្គិសនី​នៅ​កម្ពុជា។ ដូច្នេះ យើង​និយាយ​ពី​រឿង​វិស័យ​រោងចក្រ​នៅ​កម្ពុជា មាន​អគ្គិសនី​ផ្គត់ផ្គង់ វិនិយោគទុន​ផ្ទាល់​របស់​បរទេស​ចូល​មក​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ដើរ បង្កើត​ឱកាស​ការងារ​សម្រាប់​មនុស្ស​វ័យក្មេង​ដែល​មក​ក្រុងភ្នំពេញ និង​តំបន់​ជាយក្រុង​ដទៃ​ទៀត​...​។ ទន្ទឹម​នឹង​នេះ​ដែរ ក៏​មាន​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ដទៃ​ទៀត ដែល​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ដែល​ពលរដ្ឋ​នៅ​ទីនោះ អាច​នឹង​ត្រូវ​គេ​ផាត់​ចោល​។ វា​ជា​រឿង​ងាយស្រួល​ណាស់​ក្នុង​ការ​ជ្រើសរើស​យក​ជម្រើស​មួយ ហើយ​ទុកចោល​សហគមន៍ ដោយ​មិន​ថែរក្សា​វប្បធម៌​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​។ យើង​ចាំបាច់​ត្រូវ​មាន​ភ្លើងអគ្គិសនី ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។

អ្នកដឹង​ទេ ទន្លេ​មេគង្គ ត្រូវ​គេ​មើល​ឃើញ​ថា​ជា កន្លែង​ផលិត​អគ្គិសនី​។ នៅ​ពេល​ដែល​គេ​មើល​ទៅ​ទឹកទន្លេ​នោះ គេ​អាច​គិត​អំពី​អានុភាព​ទឹកទន្លេ​ជា​ប្រព័ន្ធ​នេះ ហើយ​ថា​តើ​យើង​ធ្វើ​ម៉េច អាច​ទាញ​យក​ប្រយោជន៍​បាន​ពី​ទឹក​នោះ ដើម្បី​បង្កើត​ទៅជា​អគ្គិសនី។

ប៉ុន្តែ ប្រសិនបើ​មានការ​ផ្ដោត​ខ្លាំង​ហួសហេតុ​ពេក​ទៅលើ​បញ្ហា​នេះ នៃ​គោល​គំនិត​បែបនេះ ពេលនោះ យើង​អាច​នឹង​បាត់បង់​នូវ​អ្វីៗ​ទាំងអស់​ដែល​ទន្លេ​មេគង្គ​ទាំងមូល ផលិត​បាន។ នៅ​កម្ពុជា ភាគច្រើន​គឺជា​ធនធាន​ត្រី និង​តំបន់​ទឹក​លិច ជា​ព្រៃរនាម ដែល​អាច​ធ្វើ​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​កម្ពុជា។ ខ្ញុំ​ថា សំណាង​ដែរ ដែល​ឥឡូវនេះ​ទើប​មាន​វារីអគ្គិសនី​ធំ​តែមួយ ត្រូវ​បាន​គេ​សាងសង់​ឡើង​នៅ​លើ​ប្រព័ន្ធ​ទន្លេ​មេគង្គ​នៅ​កម្ពុជា។ ឥឡូវនេះ មាន​វារីអគ្គិសនី​ជាង ៦០ ដែល​ស្ទើរតែ​សង់​រួចរាល់​ហើយ នៅ​តាម​ខ្សែទឹក​ខាងលើ ដែល​ប៉ះពាល់​ដល់​ការ​ផ្សាភ្ជាប់​ខ្សែទឹក​នៃ​ទន្លេសាប​។ នៅ​កម្ពុជា​ខ្លួនឯង គ្រាន់​តែ​មាន​វារីអគ្គិសនី​ធំ​មួយ​ប៉ុណ្ណោះ​។ នោះ​គឺ​វារីអគ្គិសនី​សេសា​ន​ក្រោម​ពីរ ដែល​នៅ​ទី​ប្រសព្វ​រវាង​ទន្លេ​ស្រែពក និង​ទន្លេ​សេសាន។ តាម​ទស្សនៈ​របស់ខ្ញុំ នេះ​គឺជា​កន្លែង​អាក្រក់​បំផុត​សម្រាប់​យក​មក​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​លើ​ទន្លេ​មេគង្គ​... ដោយសារតែ​ហេតុ​ថា ដៃទន្លេ​មេគង្គ​វា​មាន​សារសំខាន់​ណាស់ សម្រាប់​រក្សា​ទំនាក់ទំនង​នៃ​ទន្លេសាប​។ ប៉ុន្តែ យើង​មិន​អាច​សើរើ​រឿង​នេះ​បានទេ។ យើង​ត្រូវ​ទទួលស្គាល់​ការពិត​ពី​រឿង​មួយ​នេះ។ ក៏ប៉ុន្តែ ក៏​មាន​វារីអគ្គិសនី​ខ្នាត​តូច​មួយ ត្រូវ​បាន​គេ​សាងសង់​ឡើង​នៅ​ខេត្ត​បាត់ដំបង ដែល​អាច​ផលិត​វារីអគ្គិសនី បាន ១៣ មេហ្គាវ៉ាត់ សម្រាប់​បម្រើ​ពហុ​វិស័យ​។ វារីអគ្គិសនី​ដទៃ​ទៀត ត្រូវ​បាន​គេ​សាងសង់​ឡើង​នៅ​តាម​តំបន់​ឆ្នេរ។

ដល់ពេល​ហើយ​នា​ពេល​ឥឡូវនេះ ដែល​ក្រុម​អ្នកធ្វើ​ផែនការ​ថាមពល​នៅ​កម្ពុជា អ្នកធ្វើ​ផែនការ​ទឹក អ្នក​បរិស្ថាន និង​ក្រុម​អ្នកធ្វើ​គោលនយោបាយ ជាពិសេស ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ក្រុម​អ្នកប្រើប្រាស់ ដែល​រង​ការ​ប៉ះពាល់ ដូចជា​អ្នកនេសាទ អ្នកប្រើប្រាស់​អគ្គិសនី ចាំបាច់​ត្រូវ​ងាក​មក​គិតគូរ​រួមគ្នា អំពី​អនាគត​ថាមពល​នៅ​កម្ពុជា។ ... ពីព្រោះ​ថា នៅ​មាន​ពេល​នៅ​ឡើយ​ទេ ក្នុង​ការ​ធ្វើ​ផែនការ​ជុំវិញ​ការផលិត​អគ្គិសនី​នៅ​កម្ពុជា​នេះ។

មាន ឫទ្ធិ​៖ ដូច្នេះ តើ​លោក​គិត​ថា ផែនការមេ​នៃ​ថាមពល ឬ​យុទ្ធសាស្ត្រ​ថាមពល​ទាំងមូល​នៅ​កម្ពុជា អាច​ទទួល​យក​បាន​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែរ​ឬទេ​? ហេតុអ្វី​បានជា​រដ្ឋាភិបាល ហាក់បីដូចជា​ផ្ដោត​ខ្លាំង​ម្ល៉េះ តែ​ទៅលើ​ថាមពល​បាន​មកពី​វារីអគ្គិសនី ចៀស​ជាង ថាមពល​អាច​បម្លែង​បាន ដែល​បាន​មក​ពី​ប្រភព​មិនមែន​ជា វារីអគ្គិសនី​នោះ ហើយ​ដែល​អាច​មាន​និរន្តរភាព​ជាង​នេះ បាទ?

ប្រាយអ៊ិន៖ បាទ​! ខ្ញុំ​គិត​ថា គិត​មក​ទល់​ពេល​នេះ វារីអគ្គិសនី​គឺជា​ជម្រើស​ផលិត​ថាមពល​ដ៏​ថោក​មួយ​សម្រាប់​កម្ពុជា​។ អគ្គិសនី មានតម្លៃ​ថ្លៃ​មែនទែន​នៅ​កម្ពុជា​។ ពលរដ្ឋ​នៅ​ជនបទ ត្រូវ​ចំណាយ​បង់ថ្លៃ​ភ្លើង រាប់ពាន់​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដើម្បី​ប្រើ​អគ្គិសនី​ផលិត​ដោយ​សាំង​។ វា​បំពុល​បរិយាកាស វា​មានតម្លៃ​ថ្លៃ ហើយ​មិន​អាច​ទុកចិត្ត​បាន​។ រីឯ​អ្នក​នៅ​តំបន់​ទីក្រុង​វិញ ពួកគេ​អាច​បង់ថ្លៃ ៨០០ រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ តម្លៃ​នេះ​អាច​មាន​ការប្រែប្រួល។

កាល​ពី​ពេល​អតីតកាល ទីផ្សារ​នៃ​ថាមពល​មិនមែន​វារីអគ្គិសនី​ដែល​អាច​បម្លែង​បាន រួមមាន​ថាមពល​ព្រះអាទិត្យ ខ្យល់ និង​ជីវម៉ាស នៅ​មិន​ទាន់​មាន​ការប្រកួតប្រជែង​នៅឡើយ​ទេ​។ តែ​ឥឡូវនេះ វា​មាន​ការ​ប្រកួតប្រជែង​ហើយ ហើយ​កើតឡើង​លឿន​ណាស់។ កិច្ចពិភាក្សា​របស់​យើង​ជាមួយ​ក្រុម​អ្នកធ្វើ​គោល​នយោបាយ សន្និដ្ឋាន​ថា បដិវត្ត​ថាមពល​បម្លែង​បាន កំពុង​កើតមានឡើង​យ៉ាង​ឆាប់រហ័ស ជាង​អ្វី​ដែល​គេ​រំពឹង​ទុក ទាំង​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​កម្ពុជា​។ នេះ​គឺ​ជា​សារ ដែល​យើង​ប្រាប់​ទៅកាន់​បណ្ដាញ​របស់​យើង​នៅ​កម្ពុជា ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ​។ ដំបូង​ឡើយ នៅ​ពេល​ដែល​យើង​និយាយ​ពី​រឿង​ថាមពល​អាច​បម្លែង​បាន​នេះ អ្នកដឹង​ទេ មនុស្ស​ទូទៅ​គេ​សើចចំអក ថា​នឹង​មិន​អាច​មាន​ទីតាំង​ផ្ទាំង​ស្រូប​ថាមពល​ព្រះអាទិត្យ ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ក្នុង​រយៈពេល ១០​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ទេ​។ ប៉ុន្តែ ឃើញ​ទេ ឥឡូវនេះ ចាប់ផ្ដើម​មាន​មួយ​ហើយ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល