អ្នកជំនាញវិស័យថាមពល និងអ្នកពាក់ព័ន្ធ ព្រមាន៖ ការសាងសង់ទំនប់វារីអគ្គិសនីបន្ថែម មិនមែនជាដំណោះស្រាយទៅនឹង​វិបត្តិ​ដាច់​ភ្លើង​នោះទេ

ដោយ មាន ឫទ្ធិ
2019.04.18
ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ១៤៤០ ២០១៧ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​ជំនាញ​វិស័យ​ថាមពល និង​អ្នក​ពាក់ព័ន្ធ ព្រមាន​ថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ច្រើន​បន្ថែម​ទៀត មិនមែន​ជា​ដំណោះស្រាយ​សមស្រប ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ខ្វះ​អគ្គិសនី​ប្រើប្រាស់ ឬ​ដាច់​ភ្លើង​ក្នុង​រដូវប្រាំង និង​ជា​យូរអង្វែង​នោះ​ទេ​។ ពួកគេ​យល់ស្រប​គ្នា​ថា ជម្រើស​ល្អ​បំផុត​តែមួយគត់ ដែល​អាច​រួម​ចំណែក​ដល់​ឯករាជ្យ​ភាព​វិស័យ​សន្តិសុខ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា នោះ​គឺ​ការ​ទាញ​យក​ប្រភព​ពី​ថាមពល​ព្រះអាទិត្យ និង​ថាមពល​អាច​បម្លែង​បាន​ដទៃ​ទៀត ដែល​មិនមែន​ជា​វារីអគ្គិសនី។សូម​លោក​អ្នកនាង​បាន​ស្ដាប់​ភាគ​បញ្ចប់​នៃ​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក មាន ឫទ្ធិ ជុំវិញ​មូលហេតុ និង​ផល​ប៉ះពាល់​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​នេះ។

កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាង ៣០ ឆ្នាំ​ប្លាយ​មកនេះ នៅតែ​ជួបប្រទះ​បញ្ហា​មូលដ្ឋាន​សាមញ្ញ​ដដែល​ជា​ដដែល ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ចុង​ក្រោយនេះ ដាច់​ភ្លើង និង​ទឹក​ថែមទៀត​។ បញ្ហា​នោះ​គឺ​ការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់ ឬ​ដាច់​ចរន្តអគ្គិសនី​។ ការ​ដាច់​ចរន្តអគ្គិសនី​នេះ មិនមែន​កើតមានឡើង​នៅ​តំបន់​ផ្ទះ​លោក ហ៊ុន សែន កូនចៅ​លោក មន្ត្រី​បរិវារ​របស់​លោក​រស់នៅ នៅ​ព្រះបរមរាជវាំង ឬក៏​នៅ​តាម​បន​ល្បែង​កាស៊ីណូ និង​សណ្ឋាគារ ឬ​ទីតាំង​ក្រុមហ៊ុន​វិនិយោគ​ធំៗ​របស់​ឈ្មួញចិន​-​វៀតណាម​នោះ​ទេ​។ ក៏ប៉ុន្តែ ការ​ដាច់​ភ្លើង​នេះ ភាគច្រើន​តែង​កើតមានឡើង​ស្ទើរ​រាល់ថ្ងៃ នៅ​តាម​តំបន់​ដែល​មាន​របាយ​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម និង​ក្រីក្រ​រស់នៅ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​រអ៊ូរទាំ​មិន​ដាច់​ពី​មាត់។

ខុស​ពី​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) លើក​នេះ លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក មិន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក ថា ជា​អ្នក​នៅ​ពីក្រោយ ឬ​ជា​មេខ្លោង​ធ្វើ​ឱ្យ​កម្ពុជា ដាច់​ភ្លើង ដូច​ករណី​បដិវត្ត​ពណ៌ ដែល​ទីបំផុត​ទៅ​របប​របស់​លោក មិន​ហ៊ាន​កោះហៅ ប្ដឹង​រដ្ឋាភិបាល​អាមេរិក ឬ​បណ្ដេញ​មន្ត្រី​ការទូត​អាមេរិក​ចេញពី​ទឹកដី​កម្ពុជា​នោះ​ឡើយ​។ លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក បែរជា​ស្នើសុំ​ពលរដ្ឋ​ទូទៅ ឱ្យ​មានការ​យោគយល់ និង​អធ្យាស្រ័យ «​សូម​មេត្តា​អត់ធ្មត់ ក្នុង​ស្ថានភាព​លំបាក​» ចំពោះ​ករណី​វិបត្តិ​ខ្វះ​ចរន្តអគ្គិសនី ឬ​ដាច់​ភ្លើង​ញឹកញាប់​នេះ ដោយ​ទម្លាក់​កំហុស​ទៅលើ​ធម្មជាតិ បណ្ដាល​ឱ្យ​មាន​បម្រែបម្រួល​អាកាសធាតុ រួមផ្សំ​នឹង​ការ​កើន​ឡើង​យ៉ាង​គំហុក ក្នុង​វិស័យ​សំណង់​ផង ដែល​មាន​កំណើន​ដល់​ទៅ ៧០០ ភាគរយ លើស​ពី​ការ​រំពឹងទុក​។ ផ្ទុយទៅវិញ របប​នេះ​ចាត់ទុកថា នេះ​គឺជា​ការ​ប្រឈម​ក្នុង​រយៈពេល​ខ្លី​មួយ ដែល​អាច​អូស​បន្លាយ​យ៉ាង​យូរ​ត្រឹម​ចុងខែ​ឧសភា ដោយ​ត្រូវ​ខ្វះ​ថាមពល​អគ្គិសនី​ចំនួន ៤០០ មេហ្គាវ៉ាត់ ស្មើនឹង ១៣​% នៃ​ការ​ផ្គត់ផ្គង់​សរុប។ ដំណោះស្រាយ​រយៈពេល​ខ្លី​ដែល​អគ្គិសនី​កម្ពុជា ដាក់​ចេញ រួមមាន ការ​សុំ​ទិញ​អគ្គិសនី​បន្ថែម​ពី​ប្រទេសជិតខាង រួមមាន ថៃ​បន្ថែម ៨០ MW ឡាវ​បន្ថែម ១០ MW និង​លើកលែងតែ​វៀតណាម​ដែល​បដិសេធ ដោយ​រក្សា​ការ​ផ្គត់ផ្គង់​ដូចដើម ដោយសារ​ប្រទេស​នេះ​ថា ខ្លួន​ក៏​កំពុង​ជួបប្រទះ​បញ្ហា​នេះ​ដែរ​។ ទន្ទឹម​នឹង​នេះ ក៏​គ្រោង​ទិញ​អគ្គិសនី​ពី​នាវា​ផលិត​អគ្គិសនី ២០០ មេហ្គាវ៉ាត់​ពី​ប្រទេស​តួកគី តែ​ក្រោយមក​បាន​លុបចោល​វិញ​ដោយសារ​ចរចា​លក្ខខណ្ឌ​មិន​ត្រូវ។

ប្រកាស​អាសន្ន​រត់​ទៅ​ទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង និង​ដាក់​ចេញ​វិធានការណ៍​រយៈពេល​ខ្លី​ជា​បន្តបន្ទាប់​នេះ ស្ដែង​ឱ្យ​ឃើញ​ថា របប​ក្រុងភ្នំពេញ​កំពុង​បារម្ភ​ពី​បញ្ហា​ដ៏​រសើប​មួយ​នេះ។ ហេតុការណ៍​នេះ ក៏​បញ្ជាក់​ថា របប​នេះ​ខ្វះ​ផែនការ​សកម្មភាព និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​ជាក់លាក់ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យភាព​ខាង​វិស័យ​ថាមពល ដែល​ជា​កត្តា​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ ស្រប​ពេល​ដែល​របប​នេះ អួតអាង​មិន​ដាច់​ពី​មាត់​ថា កម្ពុជា​ជា​ខ្លា ឬ​ហង្ស​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី។

សារព័ត៌មាន​ជា​ភាសា​អង់គ្លេស Asia Times បាន​ស្រង់​ប្រសាសន៍ លោក ឆេង គឹមឡុង នាយក​មជ្ឈមណ្ឌល​ដើម្បី​អភិបាលកិច្ច ការ​បង្កើត​ថ្មី និង​ប្រជាធិបតេយ្យ នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (Asian Vision Institute) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ក្នុងស្រុក ថា តម្លៃ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​បណ្តាល​មក​ពី​ការ​ដាច់​ភ្លើង​នេះ អាស្រ័យ​ទៅ​លើ​ភាព​ញឹកញាប់ និង​រយៈពេល​នៃ​ការ​ដាច់​ភ្លើង។ លោក​ថា តាម​ការ​ប៉ាន់ស្មាន មាន​រោងចក្រ​ប្រមាណ​ពី​៤០ ទៅ​៥០ ភាគរយ កំពុង​ទទួលរង​ការ​ប៉ះពាល់​ពី​ការ​ដាច់​ចរន្តអគ្គិសនី ហើយ​ថា​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ដំណើរការ​ផលិតកម្ម​របស់​រោងចក្រ​ទាំងនេះ ក្នុង​ចន្លោះ​ពី​២០ ទៅ​៣០%។ សារព័ត៌មាន​ដដែល​នេះ ក៏បាន​ស្រង់​ប្រសាសន៍​អ្នក​ជំនាញ​ក្នុងស្រុក​មួយ​ចំនួន​ដែល​ថា វិបត្តិ​ដាច់​ភ្លើង​នេះ អាច​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ តម្លៃ​សេដ្ឋកិច្ច​ដល់​ទៅ​រាប់​សិប​លាន​ដុល្លារ​អាមេរិ។ យ៉ាងណាក៏ដោយ គិត​មក​ទល់​ពេល​នេះ គ្មាន​ការសិក្សា​ស្រាវជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ច្បាស់លាស់​ណាមួយ ជុំវិញ​ករណី​ខាតបង់​ផ្នែក​សេដ្ឋកិច្ច ដោយសារ​វិបត្តិ​អូស​បន្លាយ​ការ​ដាច់​ភ្លើង​នេះ​នៅឡើយ​ទេ​។ ទន្ទឹម​នឹង​នេះ​ក៏​គម្រោង​ទិញ​អគ្គិសនី​ពី​នាវា​ផលិត​អគ្គិសនី ២០០ មេហ្គាវ៉ាត់​ពី​ប្រទេស​តួកគី តែ​ក្រោយមក​បាន​លុបចោល​វិញ​ដោយសារ​ចរចា​លក្ខខណ្ឌ​មិន​ត្រូវ។

ការ​ប្រកាសអាសន្ន​រត់​ទៅ​ទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង និង​ដាក់​ចេញ​វិធានការណ៍​រយៈពេល​ខ្លី​ជា​បន្តបន្ទាប់​នេះ ស្ដែង​ឱ្យ​ឃើញ​ថា របប​ក្រុងភ្នំពេញ​កំពុង​បារម្ភ​ពី​បញ្ហា​ដ៏​រសើប​មួយ​នេះ​។ ហេតុការណ៍​នេះ ក៏​បញ្ជាក់​ថា របប​នេះ ខ្វះ​ផែនការ​សកម្មភាព និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​ជាក់លាក់ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យភាព​ខាង​វិស័យ​ថាមពល ដែល​ជា​កត្តា​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ ស្រប​ពេល​ដែល​របប​នេះ អួតអាង​មិន​ដាច់​ពី​មាត់​ថា កម្ពុជា​ជា​ខ្លា ឬ​ហង្ស​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី។

សារព័ត៌មាន​ជា​ភាសា​អង់គ្លេស Asia Times បាន​ស្រង់​ប្រសាសន៍ លោក ឆេង គឹមឡុង នាយក​មជ្ឈមណ្ឌល​ដើម្បី​អភិបាលកិច្ច ការ​បង្កើត​ថ្មី និង​ប្រជាធិបតេយ្យ នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (Asian Vision Institute) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ក្នុងស្រុក ថា តម្លៃ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​ការ​ដាច់​ភ្លើង​នេះ អាស្រ័យ​ទៅ​លើ​ភាព​ញឹកញាប់ និង​រយៈពេល​នៃ​ការ​ដាច់​ភ្លើង។ លោក​ថា តាម​ការ​ប៉ាន់ស្មាន មាន​រោងចក្រ​ប្រមាណ​ពី ៤០ ទៅ ៥០ ភាគរយ កំពុង​ទទួលរង​ការ​ប៉ះពាល់​ពី​ការ​ដាច់​ចរន្តអគ្គិសនី ហើយ​ថា អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ដំណើរការ​ផលិតកម្ម​របស់​រោងចក្រ​ទាំងនេះ ក្នុង​ចន្លោះ​ពី ២០ ទៅ ៣០ %។ សារព័ត៌មាន​ដដែល​នេះ ក៏បាន​ស្រង់​ប្រសាសន៍​អ្នក​ជំនាញ​ក្នុងស្រុក​មួយ​ចំនួន​ដែល​ថា វិបត្តិ​ដាច់​ភ្លើង​នេះ អាច​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ តម្លៃ​សេដ្ឋកិច្ច​ដល់​ទៅ​រាប់​សិប​លាន​ដុល្លារ​អាមេរិក​។ យ៉ាងណាក៏ដោយ គិត​មក​ទល់​ពេល​នេះ គ្មាន​ការសិក្សា​ស្រាវជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ច្បាស់លាស់​ណាមួយ ជុំវិញ​ករណី​ខាតបង់​ផ្នែក​សេដ្ឋកិច្ច ដោយសារ​វិបត្តិ​អូស​បន្លាយ​ការ​ដាច់​ភ្លើង​នេះ​នៅឡើយ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ សម្ដែង​ការ​ភ្ញាក់ផ្អើល​ដែល​កម្ពុជា ជួបប្រទះ​ការ​ខ្វះ​ភ្លើង​ប្រើ​តាំងពី​ខែ​កុម្ភៈ​មក ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទើប​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ដែល​ជា​វា​រី​អគ្គិសនី​ធំជាង​គេ​បំផុត​របស់​កម្ពុជា កាលពី​ចុង​ឆ្នាំ ២០១៨ ជាមួយ​ក្ដី​រំពឹង​ថា អាច​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​បាន ៤០០ មេហ្គាវ៉ាត់៖ «យើង​មានការ​ភ្ញាក់ផ្អើល​បន្តិច ព្រោះ​តាមពិត​ការ​ខ្វះ​ភ្លើង តាម​ធម្មតា​យើង​សង្កេត​ច្រើន​កើតមានឡើង​នៅ​ខែ ៤ និង​ខែ ៥ ទាក់ទង​ទៅ​នឹង​ទំនប់​វារីអគ្គិសនី។ ប៉ុន្តែ​ឆ្នាំនេះ ខែ ២ មិនទាន់​ផង គឺ​ទំនប់​វារីអគ្គិសនី​ហាក់​ដូចជា​អស់​ទឹក​។ ហើយ​ជាពិសេស​ទាក់ទង​នឹង​ទំនប់​សេ​សាន​ក្រោម​ពីរ​នេះ ដែល​រដ្ឋាភិបាល​រំពឹង​បង្កើត​ថាមពល​បាន ៤០០ មេហ្គាវ៉ាត់​នេះ មក​ឱ្យ​ជួយ​ទប់​កាត់​ការ​ខ្វះខាត​។ ទីបំផុត​គឺ​ការ​ផ្គត់ផ្គង់​មិន​បាន​ដូច​ការ​គិតទុក។ ហើយ​ខ្ញុំ​ជឿ​រឿង​នេះ អ្នក​ជំនាញ​គេ​បាន​និយាយ​ថា វា​អាច​ទាក់ទង​នឹង​ការ​ឌីហ្សាញ​ទំនប់​វារីអគ្គិសនី ទាក់ទង​បច្ចេកទេស​ការ​បើក​ទឹក ទាក់ទង​នឹង​ការ​ផ្ដល់​មក​ទិន្នន័យ​ផ្ដល់​ព័ត៌មាន​មាន​ការ​មិន​ពិត​ជាដើម​។ អ៊ីចឹង​បញ្ហា​ទំនប់​វារីអគ្គិសនី​ជា​បញ្ហា​មួយ ត្រូវ​ពិនិត្យ​សិក្សា​ឡើងវិញ ហើយ​មុននឹង​ឈាន​ទៅ​ធ្វើ​ទំនប់​វារីអគ្គិសនី​ថ្មី ត្រូវ​ពិនិត្យ​សិក្សា​ទំនប់​វា​រី​អគ្គិសនី​ចាស់ រៀន​សូត្រ​ពី​បទ​ពិសោធន៍​ធ្វើ​យ៉ាងម៉េច​កុំ​ឱ្យ​បញ្ហា​ទាំង​អស់​វា​កើតមានឡើង»

បន្ថែម​ពីលើ​ការ​ភ្ញាក់ផ្អើល​នេះ សកម្មជន​បរិស្ថាន និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ឌ្រូ ហ្កាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ​ការណ៍​ដែល​របប​ក្រុងភ្នំពេញ មិនទាន់​អាច​ដោះស្រាយ​បញ្ហា​ខ្វះ​ភ្លើង​នេះ ដោយ​នៅតែ​ពឹងផ្អែក​ស្ទើរ​តែ​ទាំងស្រុង​តែ​ទៅលើ​ប្រភព​ថាមពល​បាន​មក​ពី​វារីអគ្គិសនី និង​ប្រភព​ថាមពល​នាំចូល ឬ​ទិញ​ពី​ប្រទេសជិតខាង ថា​ជា​ការ​បរាជ័យ​របស់​រដ្ឋាភិបាល ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដ៏​សំខាន់​មួយ​នេះ៖ «រឿង​ហ្នឹង​គ្មាន​នរណា​អាច​ប្រកែក​បានទេ​។ សូម្បីតែ​ក្មេងៗ​នៅ​តាម​សាលារៀន​ហ្នឹង ក៏​គេ​យល់ថា រដ្ឋាភិបាល​កំពុងតែ​បរាជ័យ​នៅ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​មួយ​ចំនួន​ដូចជា​ភ្លើង​ជាដើម​។ អាហ្នុង​គឺ ១០០ ភាគរយ»

ការរិះគន់​រឿង​ដាច់​ភ្លើង​នេះ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​កាត់ផ្ដាច់​ចរន្តអគ្គិសនី នៅ​តាម​ផ្ទះ​ពលរដ្ឋ ឬ​អ្នកវិភាគ​ទាំងឡាយ​ណា​ដែល​ហ៊ាន​រិះគន់​របប​របស់​លោក ថា​ធ្វើ​ឱ្យ​ដាច់​ភ្លើង ដើម្បី​ធ្វើជា​លេស​ទៅ​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម​ទៀត៖ «ចុះបើ​ឯង វិភាគ​អ៊ីចឹងៗ ឯង​មិន​ខ្លាច​រន្ទះ​បាញ់​ទេ​អី​? គេ​កំពុងតែ​ដោះស្រាយ​បញ្ហា​ភ្លើង ឯង​ថា​លោក ហ៊ុន សែន ធ្វើ​ឱ្យ​ដាច់​ភ្លើង​ដើម្បី​បង្កើត​លេស​ធ្វើ​វារីអគ្គិសនី​ថ្មី​។ ... ឥឡូវ​អញ្ចេះ បើ​យើង​ស្គាល់​វា អា​ផ្ទះ​ហ្នឹង​ទៅ​កាត់​ភ្លើង​តែម្ដង​។ ឱ្យ​ទៅ​កាត់​អា​ផ្ទះ​ហ្នឹង ឱ្យ​ហ្អែង​ដុត​ចន្លុះ ដើម្បី​ឱ្យ​ហ្អែង​ដឹង​ថា វា​ខ្វះ​អគ្គិសនី​មិនមែន​យក​ហេតុផល​ដើម្បី​នឹង​ធ្វើ​វារីអគ្គិសនី។ វា​ថា​យើង​ហ្នឹង​ធ្វើ​ឱ្យ​ដាច់​ភ្លើង​ដើម្បី​បង្កើត​លេស​បង្កើត​វារីអគ្គិសនី​។ ចង្រៃ​! វា​ដូច​ហួសហេតុ​ពេក​។ វា​អយុត្តិធម៌»

សារ​ព្រមាន​របស់​លោក ហ៊ុន សែន និយាយ​ខ្លួនឯង​មិនទាន់​ផុត​ពី​មាត់​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ជុំវិញ​រឿង​លេស​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោក​ខ្លួនឯង នៅ​ថ្ងៃទី៥ មេសា បាន​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​នូវ​គម្រោង​សាងសង់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ១ ក្នុង​តម្លៃ​ជាង ២៣០ លាន​ដុល្លារ​អាមេរិក ជាមួយ​ក្រុមហ៊ុន​ចិន មាន​អានុភាព ៨០ មេហ្គាវ៉ាត់ ស្ថិត​ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិសាត់ សម្រាប់​រយៈពេល​សម្បទា​ន ៣៩​ឆ្នាំ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មានការ​រិះគន់​កាន់តែ​ខ្លាំង ស្រប​ពេល​ដែល​បញ្ហា​នេះ​ក្លាយ​ជា​រឿង​រសើប របប​លោក​ក៏បាន​អនុម័ត​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ២​កន្លែង គឺ​នៅ​ខេត្ត​ពោធិ៍សាត់ មាន​អានុភាព ៦០ មេហ្គាវ៉ាត់ និង​នៅ​កំពង់ឆ្នាំង ៦០​មេហ្គាវ៉ាត់។

ការ​សម្រេច​អនុម័ត​ដោយ​របប​លោក ហ៊ុន សែន នេះ ជា​អ្វីមួយ​ដែល​លោក អាឡិកហាន់ដ្រូ យល់​ឃើញ​ថា របប​នេះ កំពុងតែ​ញៀន​នឹង​រឿង​សាងសង់​វារីអគ្គិសនី​នេះ ព្រោះ​លោក​ថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ វា​ក៏​ជា​ឱកាស​មួយ​ឱ្យ​របប​នេះ​ទទួល​ផល​ប្រយោជន៍​ពី​ការប្រព្រឹត្តិ​អំពើពុករលួយ និង​អំពើ​ខុស​ច្បាប់ៗ​នានា​។ លោក​សង្កេត​ឃើញ​ថា ជាទូទៅ​ការ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ណាមួយ​ទៅ​សាងសង់​វារីអគ្គិសនី ឬ​វិនិយោគ​លើ​វិស័យ​រ៉ែ ឬ​វិស័យ​ផ្សេងទៀត ធ្វើឡើង​ដោយ​ការសម្រេច​តាម​អំពើ​ចិត្ត គ្មាន​ការ​ធ្វើ​លទ្ធកម្ម​ត្រឹមត្រូវ ដោយ​របប​នេះ​ផ្ដល់​សិទ្ធិ​ឱ្យ​ដល់​ក្រុមហ៊ុន​ណា​ដែល​ជា​បក្សពួក ឬ​ជាប់​សាច់ឈាម​នឹង​លោក ហ៊ុន សែន តែប៉ុណ្ណោះ៖ «និយាយ​រួម គឺ​ទម្លាប់​របស់​រដ្ឋាភិបាល​ជាពិសេស​ក្រសួង​រ៉ែ និង​ថាមពល គឺ​មិនដែល​ឃើញ​មានការ​ដេញថ្លៃ​ជា​សាធារណៈ ឬក៏​មិនដែល​ប្រកាស​តាម​គេហទំព័រ ឬ​តាម​ហ្វេសប៊ុក​ទេ។ គេ​សម្រេចចិត្ត​តាម​អំពើ​ចិត្ត ឬក៏​ក្រុមហ៊ុន​ដែល​ជិត​ស្និទ្ធ​ជាមួយ​នឹង​លោក ហ៊ុន សែន ឬក៏​ក្រុមហ៊ុន​កូន​លោក ហ៊ុន សែន តែម្ដង​ដូចជា ក្រុមហ៊ុន Electricity Private ដែល​ជា​ក្រុមហ៊ុន​របស់ ហ៊ុន ម៉ាណា ផង ហ៊ុន ម៉ាលី ផង និង​កូន លី យ៉ុងផាត់ ផង»

ដូចគ្នា​នេះ​ដែរ បណ្ឌិត យ៉ង សាំងកុមារ យល់​ឃើញ​ថា ការ​ឈាន​ទៅ​សាង​សង់​វារីអគ្គិសនី​បន្ថែម​នៅ​ខេត្ត​ពោធិ៍សាត់ មិនមែន​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ នៅ​ឆ្នាំក្រោយៗ​នោះ​ទេ ដែល​លោក​គិត​ថា នឹង​រឹតតែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ លោក​ថា គោលនយោបាយ​អភិវឌ្ឍន៍​អគ្គិសនី ឆ្នាំ ២០៣០ របស់​រដ្ឋាភិបាល ផ្ដោត​តែ​ទៅលើ​តែ​វារីអគ្គិសនី និង​ធ្យូងថ្ម ហើយ​នឹង​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​។ ប៉ុន្តែ មិនបាន​ផ្តោត​ទៅ​លើ​ថាមពល​អគ្គិសនី​បាន​មក​ពី​ប្រភព​អាច​បម្លែង​បាន​ដទៃ​ទៀត ដូចជា​ថាមពល​ព្រះអាទិត្យ ដែល​ជា​សក្ដានុពល​ធំ​បំផុត​សម្រាប់​កម្ពុជា​នោះ​ឡើយ៖ «យើង​យល់​ឃើញ​ថា គោលនយោបាយ​នេះ ពុំ​ទាន់​បើក​ចំហ​បើកទូលាយ ឬ​ជំរុញ​លើកស្ទួយ​នូវ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នោះ​ទេ​។ នេះ​គឺជា​ចំណុច​ខ្វះខាត​មួយ ដែល​រដ្ឋាភិបាល​ត្រូវ​កែតម្រូវ​ដើម្បី​ដោះស្រាយ បញ្ហា​អគ្គិសនី​ដែល​ខ្ញុំ​គិត​ថា នឹង​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត នៅ​ឆ្នាំនេះ និង​នៅ​ឆ្នាំ​ខាងមុខ ដោយ​តម្រូវ​ការ​កើន​កាន់តែ​ខ្ពស់​។ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ពោធិ៍សាត់​មិន​អាច​ដោះស្រាយ​បញ្ហា​ឆ្នាំនេះ និង​ឆ្នាំក្រោយ​នោះ​ទេ​។ ពីព្រោះ​ទំនប់​វារីអគ្គិសនី​ដូច​សេសាន​ក្រោម​ពីរ ត្រូវការ​ពេល​ដល់​ទៅ ៤ ឆ្នាំ​ឯណោះ បាន​សាងសង់​ហើយ ហើយ​វា​មាន​បញ្ហា​ជាច្រើន​។ អ៊ីចឹង​យើង​ត្រូវ​មាន​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​អគ្គិសនី ជាពិសេស ផ្ដោត​ទៅ​លើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែល​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​របស់​យើង»

លោក អាឡិកហាន់ដ្រូ យល់ស្រប​ទៅ​នឹង​អំណះអំណាង​របស់​បណ្ឌិត យ៉ង សាំងកុមារ ដែល​ថា កម្ពុជា​គួរ​ផ្តោត​លើ​ថាមពល​ពី​ព្រះអាទិត្យ​នេះ ព្រោះ​លោក​យល់ថា វា​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​ដល់​បរិស្ថាន រួម​ទាំង​បញ្ហា​អសកម្ម​នានា៖ «ដំណោះស្រាយ​គឺ​យើង​និយាយ​ដដែលៗ​ទេ គួរតែ​ផ្តោត​ទៅ​លើ​អគ្គិសនី​ដោយ​ពឹង​ទៅលើ​ពន្លឺ​ថ្ងៃ ដែល​យើង​ឃើញ​ថា ដូចជា​កំពុងតែ​ថោក​ជាង​វារីអគ្គិសនី​ឆ្ងាយ ប៉ះពាល់​បរិស្ថាន​តិចតួច​បំផុត ឬ​អត់​តែម្ដង​។ អត់​ចាំបាច់​ជម្លៀស​ប្រជាជន ហើយ​អាច​សាងសង់​នៅ​ក្បែរៗ​ភ្នំពេញ មិន​ចាំបាច់​ទៅ​សាងសង់​នៅ​កណ្ដាល​ព្រៃ ផ្តល់​ឱកាស​ឱ្យ​មនុស្ស​ខិលខូច​ទៅ​កាប់​ឈើ​នោះ​ទេ»

ផ្អែក​តាម​យុទ្ធសាស្ត្រ និង​ផែនការ​អភិវឌ្ឍន៍​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​នៅ​កម្ពុជា ឆ្នាំ​២០១១ ដល់​ឆ្នាំ ២០៣០ ដែល​រដ្ឋាភិបាល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១១ រដ្ឋាភិបាល​មាន​គោលដៅ​ផ្គត់ផ្គង់​អគ្គិសនី​ប្រើប្រាស់​ដល់​តាម​គ្រប់​ភូមិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ ២០២០ និង​យ៉ាងហោចណាស់ ៧០% នៃ​គ្រួសារ​ទាំងអស់ ត្រឹម​ឆ្នាំ ២០៣០។ ក្នុងចំណោម​ថាមពល​សរុប ២.៦៥០MW ដែល​កម្ពុជា​ត្រូវការ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក កាលពី​ឆ្នាំ២០១៨ ថាមពល​ផលិត​ក្នុងស្រុក​មាន​ជាង ៨៥% (៨៥,៤៥ %) បាន​មក​ពី​ប្រភព​វារីអគ្គិសនី ជិត ៥០% (៤៨,៤៧%) ធ្យូងថ្ម​ជាង ៣៤% (៣៤,៥០%) ប្រេង​ឥន្ទនៈ ១,៩៣% ថាមពល​កកើត​ឡើងវិញ ០,៤៦% និង​ប្រភព​ផ្ទាល់ខ្លួន​របស់​រោងចក្រ និង​អ្នក​ចែកចាយ ០,០៩%។ ក្រៅពីនោះ ជិត ១៥% ទៀត (១៤,៥៥ %) បាន​មកពី​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង គឺ​ថៃ ២,៨២% ស្មើនឹង ១៣៥,៥០MW ពី​វៀតណាម ១១,០៤% ស្មើនឹង ២៧៧MW និង​ពី​ឡាវ ០,៦៩% ស្មើនឹង ៣០MW

បច្ចុប្បន្ន​កម្ពុជា​មាន​ទំនប់​វារីអគ្គិសនី​មិន​តិច​ជាង ១០ ឡើយ កំពុង​ដាក់​ឱ្យ​ដំណើរការ ភាគច្រើន​មាន​នៅ​តាម​តំបន់​ជាប់​ឆ្នេរសមុទ្រ ក្នុង​នោះ​រួមមាន វារីអគ្គិសនី​កំចាយ និង​បូកគោ​នៅ​កំពត វារីអគ្គិសនី​គីរីរម្យ​១ នៅ​កំពង់ស្ពឺ វារីអគ្គិសនី​ស្ទឹង​ឬស្សីជ្រុំក្រោម ស្ទឹង​តាតៃ និង​គិរីរម្យ ៣ នៅ​កោះកុង វារីអគ្គិសនី​ស្ទឹង​អាតៃ នៅ​ពោធិ៍សាត់ វារីអគ្គិសនី​អូជ្រុំ១ និង​អូជ្រុំ ២ នៅ​រតនគិរី និង​ចុងក្រោយ​ទំនប់​វា​រី​អគ្គិសនី​សេសានក្រោម ២ នៅ​ស្ទឹងត្រែង​។ ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ មាន​អានុភាព​ផលិត​ថាមពល​សរុប​បាន​ដល់​ទៅ​ប្រមាណ ១.៣៣០MW (.៣២៩,៧០ MW)​។ របប​ក្រុងភ្នំពេញ ក៏​មាន​គម្រោង​សិក្សា​លទ្ធភាព​សាងសង់​វារីអគ្គិសនី​មិន​តិច​ជាង ១៥ កន្លែង​ទៀត ក្នុង​នោះ​មាន​វារីអគ្គិសនី​នៅ​ស្ទឹង​ឆាយអារ៉ែង នៅ​កោះកុង វារីអគ្គិសនី​សំបូរ​នៅ​ក្រចេះ និង​វារីអគ្គិសនី​ស្ទឹងត្រែង​ជាដើម។

អ្នក​ប្រឹក្សា​ឯករាជ្យ ផ្នែក​ថាមពល បញ្ហា​បរិស្ថាន និង​អភិបាលកិច្ច​ទឹក លោក ហែម ឧត្ដម មានប្រសាសន៍ថា ការ​គិត​តែ​ពី​សាងសង់​ទំនប់​វារីអគ្គិសនី ដើម្បី​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច តែ​ពុំបាន​គិតគូរ​ដល់​បញ្ហា​អភិបាលកិច្ច​ទឹក និង​អេកូឡូស៊ី ទីបំផុត​ទៅ នឹង​ខូចប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​រួម​ដដែល៖ «មិនមែន​មានន័យថា យើង​មិន​ឱ្យ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ណាមួយ​នោះ​ជា​ការ​រាំងស្ទះ​នោះ​ទេ​។ ប៉ុន្តែ​យើង​មើល​នៅ​ក្នុង​ទស្សនៈ​នៃ​អភិបាលកិច្ច​ទឹក​គឺ​យើង​មិន​សម្តៅ​លើ​តែ​ការ​ទាញ​យក​ថាមពល​ពី​ទន្លេ​ទេ ប៉ុន្តែ​យើង​និយាយ​អំពី​ធនធាន​ជលផល​ដែរ។ គ្រប់គ្នា​នៅ​ពេល​ដែល​យើង​ទៅ​ផ្សារ យើង​ចង់​ញ៉ាំ​ត្រី​ទន្លេ ត្រី​ស្រែ ប៉ុន្តែ​បើសិនជា​យើង​មិន​បាន​ការពារ​ថែរក្សា​ទន្លេ​ឱ្យ​បាន​យកចិត្តទុកដាក់ តើ​យើង​បាន​ត្រី​ទន្លេ​មក​ពី​ណា​មក​ញុំា? ដូច្នេះ​យើង​គិត​ទស្សនៈ​នៅ​ក្នុង​អភិបាលកិច្ច​ទឹក​ឱ្យ​បាន​ទូលំទូលាយ​។ នៅ​ពេល​ដែល​យើង​ធ្វើ​អ្វីមួយ​ដែល​នាំ​ឱ្យ​ផ្លាស់ប្ដូរ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​យើង​នឹង​ប៉ះពាល់​។ ហើយ​ខូចប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ដូចគ្នា»

លោក ហែម ឧត្តម ផ្ដល់​ឧទាហរណ៍​អំពី​ការសិក្សា​មួយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ របស់​ក្រសួង​កសិកម្ម ជុំវិញ​ការ​គ្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សំបូរ​នៅ​ក្រចេះ រក​ឃើញ​ថា នៅ​ឆ្នាំ ២០៣០ បើ​ទំនប់​នេះ​ចាប់ផ្ដើម​ដំណើរការ​នោះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ធនធាន​ជលផល ឬ​ប្រូតេអ៊ីន បាន​ពី​ត្រី ពី ១៦ ភាគរយ ទៅ ៣១ ភាគរយ​។ ខណៈ​ការសិក្សា​ខ្លះ​ទៀត ហៅ​គម្រោង​វារីអគ្គិសនី​សំបូរ​នេះ ថា ជា​គម្រោង «​ផ្ដាច់ជីវិត​ទន្លេ​មេគង្គ»។ លោក ហែម ឧត្តម ថា នេះ​គេ​នៅ​មិនទាន់​វិភាគ​ផល​ប៉ះពាល់​វប្បធម៌ ប្រពៃណី សង្គម និង​គុណភាព​នៃ​ជីវិត​របស់​ប្រជាជន​ជា​រួម​នៅឡើយ​ផង៖ «បើ​យើង​វិភាគ​ឱ្យ​ស៊ីជម្រៅ​ទៅលើ​ការ​ប៉ះពាល់​ទៅលើ​វប្បធម៌​ប្រពៃណី ផល​ប៉ះពាល់​សង្គម​មួយ​ចំនួន ឧទាហរណ៍​ដូចជា​នាំ​ឱ្យ​មាន​ចំណាកស្រុក ការបាត់បង់​មុខរបរ​នេសាទ​អី​ផ្សេងៗ ហើយ​នឹង​ជីវចម្រុះ ក៏​យើង​ពិបាក​គណនា​ជា​លុយ​នោះ​ដែរ​។ អ៊ីចឹង​នៅ​ពេល​ដែល​រដ្ឋាភិបាល​គិត​អំពី​តម្លៃ​សេដ្ឋកិច្ច​នោះ ពេលខ្លះ​អ្នក​អភិវឌ្ឍន៍​មួយ​ចំនួន​គាត់​ភ្លេច​គិត​អំពី​តម្លៃ​អេកូឡូស៊ី។ ឧទាហរណ៍​ដូច​ផ្សោត បើសិនជា​ទំនប់ សង់​នៅ​កន្លែង​ដែល​មាន​ផ្សោត បើ​បាត់​ផ្សោត​ស្លាប់ តើ​វា​អស់​តម្លៃ​ប៉ុន្មាន​? គឺ​អត់​ដឹង​។ វា​ជា​បេតិកភណ្ឌ​ជាតិ និង​អន្តរជាតិ​។ តំបន់​រ៉ាំ​សារ បើ​មានការ​ប៉ះពាល់ ទៅលើ​តំបន់​រ៉ាំ​សារ ដែល​ជា​ប្រភព​ទាក់ទាញ​ជីវចម្រុះ​ដូចជា​សត្វ​ស្លាប ទន្លេ​ភាគច្រើន យើង​អត់​អាច​គណនា​ជា​តម្លៃ​លុយ​បានទេ»

ក្រៅពី​បញ្ហា​អស់ទាំង​នេះ លោក ហែម ឧត្តម មើល​ឃើញ​ថា ការសាងសង់​ទំនប់​វារីអគ្គិសនី ធ្វើ​ឱ្យ​កម្ពុជា ត្រូវ​ជាប់​កាតព្វកិច្ច​ក្នុង​កិច្ចសន្យា​រយៈពេល​យូរ​ដល់​ទៅ​រាប់​សិប​ទសវត្សរ៍ ដែល​មិន​អាច​បត់បែន​បាន​តាម​សភាពការណ៍ នៅ​ពេល​ដែល​មាន​បច្ចេកវិទ្យា​ទាញ​យក​ថាមពល​ថ្មី​មក​នោះ​។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ចេញ​ជា​គោលនយោបាយ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី បែប​វិសហមជ្ឈការ​ថាមពល ផ្ដោត​លើ​ប្រភព​ថាមពល​កកើត​ថ្មី​អាច​បំលែង​បានជា​ពិសេស​ថាមពល​ព្រះអាទិត្យ៖ «មានន័យថា យើង​គួរ​បង្កើត​គោលនយោបាយ ឬមួយ​ក៏​យើង​លើកទឹកចិត្ត​ថ្នាក់​សហគមន៍ ថ្នាក់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្ទាល់ខ្លួន ឱ្យ​គាត់​ផលិត​ថាមពល​ដោយ​ខ្លួនឯង លើកទឹកចិត្ត​ឱ្យ​គាត់​ផលិត។ ជួនកាល​កន្លែង​ខ្លះ ឧបមា​ថា គាត់​សង់​ដំបូល​ផ្ទះ យើង​និយាយ​ឱ្យ​ងាយ​យល់ បើសិនជា​គាត់​ដាក់​សូឡា​តែមួយ​ផ្ទាំង​ពីរ​ទៅ គឺ​គាត់​អាច​ប្រើ​នៅ​ពេល​អត់​ភ្លើង​ទៅ គឺ​ពុំ​ចាំបាច់​ពឹងផ្អែក​តែ​ទៅលើ​ខ្សែ​បណ្ដាញ​របស់​ជាតិ។ ហើយ​អ្វី​ដែល​សំខាន់​នៅ​ពេល​ដែល​យើង​ត្រូវការ​ភ្លើង សំខាន់​បំផុត​គឺ​ខ្សែ​បណ្ដាញ បើសិនជា​អត់​មាន​ខ្សែ​បណ្ដាញ​គឺ​ពិបាក​មែនទែន។ ឧទាហរណ៍​ដូច​ទំនប់​តាតៃ ដែល​សង់​រួច​នេះ ដូចជា ផ្អាក​អត់​ទាន់​បាន​ទាញ​យក​ថាមពល​ផ្គត់ផ្គង់​មួយ​ឆ្នាំ​ដោយសារ​អត់​មាន​ក្រុមហ៊ុន​វិនិយោគ​ទៅលើ​ខ្សែ​បណ្ដាញ​នេះឯង»

អ្នក​ជំនាញ​ម្នាក់ទៀត ខាង​វិស័យ​សន្តិសុខ​ថាមពល ទឹក និង​ស្បៀង ប្រចាំ​តំបន់​ទន្លេ​មេគង្គ នៃ​មជ្ឈមណ្ឌល ស្ទីមសុន សែនធ័រ (Stimson Center) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ប្រាយអ៊ិន អាយលឺ (Brian Eyler) ពន្យល់​ថា មេរៀន​ដែល​កម្ពុជា​អាច​រៀន​សូត្រ​បាន​ពី​ករណី​នេះ​គឺ ច្បាស់​ណាស់​ថា វារីអគ្គិសនី​ច្រើន មិនមែន​ជា​ដំណោះស្រាយ ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អគ្គិសនី​នូវ​រដូវប្រាំង។ លោក​បន្ត​ថា វារីអគ្គិសនី ជាពិសេស រឹតតែ​មិន​អាច​ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា នឹង​អូស​បន្លាយ​រយៈពេល​រដូវ​ប្រាំង​ឱ្យ​កាន់តែ​វែង ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខនេះ​។ លោក ប្រាយអ៊ិន អាយលឺ ថា ក្នុង​ចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ទាំងអស់ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​សម្រាប់​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ពី​បន្ទះ​សូឡា​ព្រះអាទិត្យ។ លោក​ផ្ដល់​ជា​អនុសាសន៍​ថា វា​ជា​ការ​ប្រសើរ​បំផុត ប្រសិនបើ​ក្រុម​អ្នកធ្វើ​គោលនយោបាយ​នៅ​កម្ពុជា គិតគូរ​ផ្តោត​លើ​ការពង្រីក​សមត្ថភាព​នៃ​កម្រិត​ផលិត​ថាមពល​អគ្គិសនី​ទាញ​យក​ពី​ព្រះអាទិត្យ ព្រមទាំង​ប្រភព​ថាមពល​អាច​បំលែង​បាន​ដទៃ​ទៀត ដូចជា ជីវម៉ាស់ និង​ខ្យល់ ដោយសារតែ​វា​អាច​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​មាន​តម្លៃ​ថោក ជា​ប្រព័ន្ធ​ផលិត​អគ្គិសនី​គិតគូរ​រួចជាស្រេច​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការ​បិទ​បញ្ចប់​ការ​ដាច់​ភ្លើង​ជាប្រចាំ​នេះ។ លោក​ព្រមាន​ថា បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​ត្រូវ​បង្ខំចិត្ត​បង់ថ្លៃ​ទិញ​ភ្លើងអគ្គិសនី​ពី​ប្រទេសជិតខាង រួមមាន​វៀតណាម ថៃ និង​ឡាវ ក្នុង​តម្លៃ​ថ្លៃ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។

បញ្ហា​ដាច់​ចរន្តអគ្គិសនី​នេះ គឺជា​រឿង​អាម៉ាស់​ថ្មី​មួយ​សម្រាប់​របប​ក្រុងភ្នំពេញ​។ បញ្ហា​នេះ កើតមានឡើង គាប់​ជួន​ពេល​ដែល​របប​ក្រុងភ្នំពេញ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP របស់​ខ្លួន ដោយសារតែ​របប​នេះ​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ និង​ជម្នះ​រៀបចំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ខ្វះ​ការ​ទទួល​ស្គាល់​ភាព​ស្របច្បាប់​ពី​អន្តរជាតិ​។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ របប​លោក ហ៊ុន សែន បាន​ដាក់​ចេញ​ជា​កញ្ចប់​កំណែទម្រង់​ថ្មី​មួយ ដែល​លោក​អះអាង​ថា អាច​ចូលរួម​កាត់​បន្ថយ​ថ្លៃ​ចំណាយ​របស់​ក្រុមហ៊ុន​វិនិយោគ​ឯកជន បាន​ដល់​ទៅ​ប្រមាណ ៤០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។ ក៏ប៉ុន្តែ ការ​ដាក់​ចេញ​ជា​កញ្ចប់​កំណែទម្រង់​នេះ ទំនង​ដូចជា​រៀង​យឺត​ពេល​បន្តិច​ទៅ​ហើយ ខណៈ​ឱសានវាទ​របស់​សហភាព​អឺរ៉ុប​កាន់តែ​រំកិល​ជិត​មកដល់​។ បន្ថែម​ពីលើ​កង្វះ​ឯករាជ្យ​ភាព​ថាមពល​អគ្គិសនី​ដែល​មាន​ស្រាប់ បញ្ហា​ឆ្អឹង​ទទឹង​ក​មួយ គឺ​ស្ថិត​នៅ​ត្រង់​ថា តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ខ្ពស់ ឬ​ថ្លៃ​ជាង​ប្រទេសជិតខាង​ក្នុង​តំបន់​នៅឡើយ ដែល​ធ្វើ​ឱ្យ​ថ្លៃ​ដើម​នៃ​ការផលិត​ទំនិញ​នានា​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ មិន​អាច​ធានា​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ទំនិញ​របស់​ប្រទេស​ដទៃ​ទៀត​បាន​ឡើយ។

នៅ​ទីបំផុត​ទៅ ក្រៅតែ​ពី​ផ្ដាច់​ជីវិត​ទន្លេ​មេគង្គ តើ​វារីអគ្គិសនី​អាច​នឹង​ផ្ដាច់​ជីវិត​សេដ្ឋកិច្ច​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ដែរ​ឬទេ​? មានតែ​ពេលវេលា​ទេ ដែល​អាច​ផ្ដល់​ចម្លើយ​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។