សហព័ន្ធខ្មែរក្រោមថ្កោលទោសរដ្ឋាភិបាលវៀតណាម ដែលបន្តឃាត់ខ្លួនខ្មែរក្រោម រឿងសំដែងមតិ
2021.07.21
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានឃាត់ខ្លួនពលរដ្ឋខ្មែរក្រោម ដែលហ៊ានសំដែងមតិទាមទារសិទ្ធិជាជនជាតិដើម។ ការថ្កោលទោសជាថ្មីនេះ ក្រោយពេលអាជ្ញាធរវៀតណាមនៅខេត្ត ព្រះត្រពាំងបានឃាត់ខ្លួន ពលរដ្ឋខ្មែរក្រោមម្នាក់ ដែលហ៊ានអានសៀវភៅសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង នៅតាមបណ្ដាញសង្គម និងករណីរឹបអូសយកសៀវភៅស្ដីពីសិទ្ធិជនជាតិដើម និងសិទ្ធិមនុស្សជាច្រើនក្បាល។
អាជ្ញាធរវៀតណាម កាលពីចុងខែមិថុនាមុននេះ បានចាប់ផ្ដើមបើកយុទ្ធនាការចាប់ខ្លួន និងរឹបអូសសៀវភៅ ឯកសារ អាវយឺតពាក់ព័ន្ធនឹងការអប់រំពីសិទ្ធិជនជាតិដើម និងសិទ្ធិមនុស្ស។ អាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង កាលពីចុងខែមិថុនា បានឃាត់ខ្លួន លោក ថាច់ ថា អាយុ ៦១ រស់នៅខេត្តព្រះត្រពាំង ក្រោយលោកអានសៀវភៅអំពីសេចក្ដីប្រកាស អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម បន្តផ្ទាល់តាមបណ្ដាញសង្គម (Facebook) និងពាក់អាវយឺត ដែលមានរូបភាពទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ អាជ្ញាធរវៀតណាម ក្នុងករណីមួយផ្សេងទៀត ក៏បានស្ទាក់ឃាត់ និងចាប់យកសៀវភៅស្តីពីសិទ្ធិជនជាតិដើមចំនួនជាងមួយរយក្បាលផងដែរ។ លោក ថាច់ ថាត្រូវបានអាជ្ញាធរ វៀតណាមបានដោះលែង ក្រោយមានការតវ៉ាលក្ខណៈអន្តរជាតិ របស់សហព័ន្ធខ្មែរក្រោម និងក្រោយវៀតណាមបានគំរាមកំហែងលោកកុំឲ្យអានសៀវភៅបន្តផ្ទាល់តាមបណ្ដាញសង្គមទៀត។
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកទង្វើរបស់វៀតណាមនេះថា ជាការរំលោភសិទ្ធិមនុស្ស ជនជាតិដើមធ្ងន់ធ្ងរ ហើយវៀតណាមមិនបានគោរពកាតព្វកិច្ច ចំពោះមុខអង្គការសហប្រជាជាតិ ដែលប្រទេសនេះ បានចុះហត្ថលេខាទទួលស្គាល់សិទ្ធិជនជាតិដើម កាលពីឆ្នាំ២០០៧។ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាប្រាប់អាស៊ីសេរីថា ការឃាត់ខ្លួន និងរឹបអូសឯកសារអប់រំជនជាតិដើមនេះ គឺអាជ្ញាធរវៀតណាមចង់គំរាមកំហែងខ្មែរក្រោម កុំឲ្យហ៊ានងើបឡើងតវ៉ាទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត៖ «ក្រុមយុវជន ឬក៏ពលរដ្ឋដែលបានផ្សព្វផ្សាយសៀវភៅជនជាតិដើមហើយ និងច្បាប់ផ្សេងៗ របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិនយោបាយ និងកិច្ចការសង្គមនៅកម្ពុជាក្រោម ប៉ុន្មានថ្ងៃនេះ ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន និងសម្លុតបំភ័យ គឺរដ្ឋាភិបាលវៀតណាមប្រព្រឹត្តផ្ទុយពីច្បាប់អង្គការសហប្រជាជាតិ និងរំលោភសិទ្ធិចំពោះពលរដ្ឋខ្មែរក្រោម»។
យុទ្ធនាការបង្ក្រាបខ្មែរក្រោមឡើងវិញរបស់វៀតណាម កាលពីពេលថ្មីៗ នេះ ធ្វើឡើង បន្ទាប់ពីពលរដ្ឋខ្មែរក្រោមនៅប្រទេសមួយចំនួននៅលើជុំវិញពិភពលោក បានប្រារព្ធទិវាបាត់បង់ទឹកដីខ្មែរក្រោមអស់រយៈពេល ៧២ឆ្នាំ កាលពីដើមខែមិថុនា។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានជ្រើសរើសយកសារឲ្យខ្មែរក្រោមទាំងអស់ងើបឡើង ដើម្បីទាមទារសិទ្ធិជាជនជាតិដើមក្នុងទិវាបាត់បង់ទឹកដី។ សហព័ន្ធក៏ចង់ផ្ញើសាររំលឹករដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិមនុស្សជនជាតិដើមផងដែរ។
ភ្លាមក្រោយខួប ៧២ឆ្នាំនេះភ្លាម អាជ្ញាធរវៀតណាមខេត្តក្រមួនស កាលពីថ្ងៃទី៨ ខែមិថុនា ក៏បានចាប់ខ្លួនលោក ហ្វិន វ៉ាំងឌែប ជាកសិករខ្មែរក្រោមពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ចនិងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ក្នុងពេលប៉ះទង្គិចនឹងសមត្ថកិច្ចវៀតណាម ដែលចុះទៅរឹបអូសដីស្រែខ្មែរក្រោម។ កសិករខ្មែរក្រោម និងតំណាងខ្មែរក្រោមអះអាងថា លោក ហ្វិន វ៉ាំងឌែប មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយការចាប់ខ្លួននេះ ជាលេសដោយសារតែ លោកបានចូលរួមសំដែងមតិរឿងថ្ងៃបាត់បង់ទឹកដី តាមបណ្ដាញសង្គម (Facebook)។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុងជាប់ពន្ធនាគារ ហើយលោកត្រូវជាប់ពន្ធនាគាររហូត រយៈពេលពីរឆ្នាំទើបត្រូវតុលាការដោះលែង។
របាយការណ៍សហព័ន្ធខ្មែរក្រោមប្រចាំឆ្នាំឲ្យដឹងថា កាលពីឆ្នាំ២០២០ និងដើមឆ្នាំ២០២១ អាជ្ញាធរវៀតណាម បានបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងយុវជនខ្មែរក្រោម មិនឲ្យផ្សព្វផ្សាយប្រវត្តិសាស្ត្រពិតនៃការបាត់បង់ទឹកដី និងសិទ្ធិចែកចាយព័ត៌មានតាមបណ្ដាញសង្គម។ យុវជនខ្មែរក្រោមមួយចំនួន ត្រូវបានអាជ្ញាធរវៀតណាមចាប់ផាកពិន័យរាប់រយដុល្លារ និងបានរឹបអូសសៀវភៅ ស្ដីពីសិទ្ធិជនជាតិដើមជាដើម។ ចំណែកកសិករខ្មែរក្រោមដែលត្រូវអាជ្ញាធររឹបអូសយកដីស្រែកេរ្តិ៍ដូនតា ក៏ត្រូវតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគាររាប់ឆ្នាំទាំងអយុត្តិធម៌ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។