សហព័ន្ធ​ខ្មែរ​ក្រោម​ព្រមាន​រដ្ឋាភិបាល​វៀតណាម​ថា ខ្មែរក្រោម​នឹង​តវ៉ា​ទៅ​មហា​អំណាច​សេដ្ឋកិច្ច​កុំ​ឲ្យ​បន្ត​ជួយ​វៀតណាម បើ​ប្រទេស​នេះ បន្ត​ធ្វើ​​បាប​ពលរដ្ឋ​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន
2020-02-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ សេរីវុឌ្ឍ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះតេជព្រះគុណ សឺន ទី ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​អាជ្ញាធរ​វៀតណាម​ដកហូត​លិខិត​ឆ្លង​ដែន កាល​ពី​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ២០០២។
លោក ប្រាក់ សេរីវុឌ្ឍ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះតេជព្រះគុណ សឺន ទី ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​អាជ្ញាធរ​វៀតណាម​ដកហូត​លិខិត​ឆ្លង​ដែន កាល​ពី​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ២០០២។
រូប៖ ព្រះតេជព្រះគុណ សឺន ទី និង​ហ្វេសប៊ុក

សហព័ន្ធ​ខ្មែរ​ក្រោម​ព្រមាន​រដ្ឋាភិបាល​វៀតណាម​ថា ខ្មែរ​ក្រោម​នឹង​តវ៉ា​ទៅ​ប្រទេស មហា​អំណាច​សេដ្ឋកិច្ច​នៅ​លើ​ពិភព​លោក កុំ​ឲ្យ​បន្ត​ជួយ​សេដ្ឋកិច្ច​វៀតណាម ប្រសិន​បើ​ប្រទេស​មួយ​នេះ បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។ ការ​ព្រមាន​នេះ ដោយសារតែ​រដ្ឋាភិបាល​វៀតណាម ទើប​តែ​បាន​រឹប​អូស​លិខិត​ឆ្លង​ដែន​ពី​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ ដោយ​ចោទ​ប្រកាន់​ព្រះអង្គ​ថា បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​អ៊ិនធឹណិត។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ថា វៀតណាម​នឹង​បាត់​បង់​ផល​ប្រយោជន៍​ធំ​ប្រសិនបើ​ប្រទេស​នេះ បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ទៅ​លេង​ស្រុក​កំណើត​ជា​បន្ត​ទៀត៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ ប្រាប់​ទៅ​រដ្ឋាភិបាល​វៀតណាម​ថា រឿង​គាប​សង្កត់​ទៅ​លើ​បង​ប្អូន​ខ្មែរ​ក្រោម ជា​ពិសេស ព្រះតេជព្រះគុណ សឺន ទី ហ្នឹង បាន​ប្រយោជន៍​ដូច​ទៅ​នឹង​កាក់។ វៀតណាម​ត្រូវ​សម្លឹង​ទៅ​ប្រយោជន៍​ដុំ»

រដ្ឋាភិបាល​វៀតណាម​កំពុង​តែ​ព្យាយាម​ចាប់​ដៃ​នឹង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ដោយ​មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល ជា​ថ្នូរ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស។ កាល​ពី​សប្ដាហ៍​សហភាព​អឺរ៉ុប បាន​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​វៀតណាម​ឲ្យ​អនុគ្រោះ ៩៩ភាគ​រយ​លើ​ទំនិញ​នាំ​ចូល​របស់​វៀតណាម។

ចំណែក​សហរដ្ឋ​អាមេរិក ក៏​គ្រោង​នឹង​បើក​វេទិកា សន្ទនា​អាមេរិក​និង​វៀតណាម ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ ២០២០​ខាងមុខ​ ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​វៀតណាម ដើម្បី​អាច​ធានា​វៀតណាម អាច​ធ្វើ​ពាណិជ្ជកម្ម​នឹង​អាមេរិក​លុះ​ត្រា​តែ ការ​គោរព​សិទ្ធិ​មនុស្ស​មាន​លក្ខណៈ​រីក​ចំរើន។  ទោះ​បី​យ៉ាង​ណា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​រិះគន់​ថា វៀតណាម​មិន​សម​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នោះ​ទេ ដោយសារតែ វៀតណាម​មិន​បាន​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឲ្យ​ល្អ​ប្រសើរ​នោះ​ទេ ពិសេស ការ​បន្ត​ឃុំ​ខ្លួន​អ្នកទោសនយោបាយប្រមាណ៣ រយ​នាក់​ក្នុង​ពន្ធនាគារ គាប​សង្កត់​សេរីភាព​បញ្ចេញ​មតិ​ជា​ដើម។ អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ថា ស្ថានភាព​អាក្រក់​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​វៀតណាម នឹង​ជំរុញ​ឲ្យ​សភា​សហភាព​អឺរ៉ុប​នឹង​ដក​សេចក្ដី​ទុក​ចិត្ត​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប និង​វៀតណាម។

កាល​ពី​ខែ​មករា​មុន​នេះ ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់​បាន​ស្នើ​ឱ្យ​ក្រសួងការបរទេស​អាមេរិក និង គណៈកម្មការ​ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ ជំរុញ​ឱ្យ រដ្ឋាភិបាល​វៀតណាម ផ្ដល់​សិទ្ធិ​សេរី ផ្នែក សាសនា នយោបាយ និង​ការអប់រំ​ស្មើភាព​គ្នា ដល់​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​។

ក្នុង​ជំនួប​នឹង​មន្ត្រី​អាមេរិក​លោក​ ប្រាប់ សេរីវុឌ្ឍ បាន​ជម្រាប​ជូន​មន្ត្រី​អាមេរិក​នូវ​ក្ដី​កង្វល់​ជាច្រើន ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ ដូចជា ការ​កេណ្ឌ​យុវជន​ខ្មែរ​ក្រោម​ឱ្យ​ចូល​បម្រើ​ទាហាន​វៀតណាម និង​ការ​រឹត​បណ្ដឹង​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម ការ​គំរាម​កំហែង​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​មិន​ដោះ​ស្រាយ​ករណី​ឃាតកម្ម​លើ​យុវជន​ខ្មែរ​ក្រោម​ជា​ដើម។

ការ​ព្រមាន​ដាក់​គំនាប​ជា​ថ្មី​ទៅ​លើ​រដ្ឋាភិបាល​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​នេះ ដោយសារតែ ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ព្រះនាម សឺន ទី កាល​ពី​សប្ដាហ៍​មុន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះ​ត្រពាំង ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​បទ​ល្មើស​ប្រឆាំង​ច្បាប់​អ៊ិនធឹណែត (Cyber law) ដោយ​សារ​តែ​ព្រះអង្គ បាន​ចែក​ចាយ​ព័ត៌មាន​ស្ដីពី​ការ​ប្រារព្ធ​ខួប ៧០ឆ្នាំ នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម​ទៅ​ឲ្យ​វៀតណាម និង​ខ្លឹម​សារ​កិច្ច​សម្ភាសន៍​មន្ត្រី​សហព័ន្ធ​ខ្មែរ​ក្រោម​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​តាម​បណ្ដាញ​សង្គម (Facebook) ពេល​ព្រះ​អង្គ​គង់​នៅ​កម្ពុជា។ អាជ្ញាធរ​វៀតណាម បាន​រឹបអូស​យក​លិខិត​ឆ្លង​ដែន​ពី​ព្រះ​អង្គ និង​គំរាម​ចាប់​ផ្សឹក ពេល​ព្រះ​អង្គ​ទៅ​ចូល​រួម​មង្គល​ការ​បង​ប្អូន បណ្ដាល​ឲ្យ​ព្រះ​អង្គ​មិន​អាច​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​បាន។ ព្រះអង្គ សឺន ទី បាន​និមន្ត​ទៅ​កម្ពុជា​រយៈ​ពេល ២០ឆ្នាំ ហើយ​ព្រះ​អង្គ​មាន​លិខិត​ឆ្លង​ដែរ​កម្ពុជា។ ករណី​គំរាម​កំហែង ព្រះ​សង្ឃ​ខ្មែរ​ក្រោម​នេះ មិន​មែន​ជា​លើក​ដំបូង​ឡើយ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ពីរ​នាក់​ផ្សេង​ទៀត ក៏​រង​ការ​គំរាម​កំហែង​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​សារ​តែ​ពួក​គេ​ចែក​រំលែក​ព័ត៌មាន​ស្ដីពី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ស្រុក​កំណើត ដែល​គ្រប់គ្រង​ដោយ​វៀតណាម។

មន្ត្រី​សិទ្ធិ​មនុស្ស និង​សហព័ន្ធ​ខ្មែរ​ក្រោម​អះអាង​ថា ព្រះសង្ឃ សឺន ទី មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​នឹង​ច្បាប់​វៀតណាម​ឡើយ ដោយសារ​តែ​ព្រះសង្ឃ​ជា​ពលរដ្ឋ​ខ្មែរ និង​មាន​លិខិត​ឆ្លង​ដែន​ខ្មែរ ហើយ​ការ​ចែក​ចាយ​ព័ត៌មាន​ព្រះសង្ឃ​ធ្វើ​នៅ​កម្ពុជា​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​វៀតណាម​បាន​សុខ​ចិត្ត​ប្រគល់​លិខិត​ឆ្លង​ដែន​ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​វិញ ក្រោយ​ពេល​ពលរដ្ឋ​ខ្មែរ​ក្រោម​ទូទាំង​ពិភព​លោក​ប្រឆាំង និង​តវ៉ា​ការ​រឹបអូស​លិខិត​ឆ្លង​ដែន​ព្រះ​សង្ឃ​ទាំង​ខុស​ច្បាប់​នេះ។ ព្រះសង្ឃ សឺន ទី មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​មិន​បាន​ប្រព្រឹត្ត​កំហុស ដូច្នោះ​ទោះ​បី​អាជ្ញាធរ​វៀតណាម​បង្ខំ​ឲ្យ​ព្រះអង្គ ចុះ​ហត្ថលេខា​ទទួល​កំហុស ក៏​ព្រះ​អង្គ​មិន​ធ្វើ​ដែរ៖ «ត្មា​មិន​ខ្លាច​ទេ។ ត្មា​ថា ដក​លិខិត​ឆ្លង​ដែន​ហ្នឹង​ខុស​នីតិវិធី​ច្បាប់​វៀតណាម ហើយ​រំលោភ​សិទ្ធិ passport អាត្មា​ទៀត»

ព្រះសង្ឃ សឺន ទី មាន​ថេរ​ដីកា​ថា ព្រះអង្គ​នឹង​ចាក​ចេញ​ពី​ទឹក​ដី​កំណើត​ទៅ​កម្ពុជា​វិញ ក្រោយពេល ព្រះអង្គ​ទទួល​អារម្មណ៍​ថា ក្រុម​គ្រួសារ​ព្រះ​អង្គ​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត មាន​សុវត្ថិភាព។

ការ​រឹប​អូស លិខិត​ឆ្លង​ដែន​ពលរដ្ឋ​ខ្មែរ ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម បណ្ដាល​ឲ្យ​មាន​មតិ​រិះគន់​ជា​ច្រើន​ថា រដ្ឋាភិបាល​វៀតណាម មិន​បាន​គោរព​ច្បាប់​កម្ពុជា។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង ប្រាប់​អាស៊ី​សេរី​ថា ស្ថានទូត​ខ្មែរ​នៅ​វៀតណាម​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ព្រះសង្ឃ​ខ្មែរ​ក្រោម រហូត​វៀតណាម​ប្រគល់​លិខិត​ឆ្លង​ដែន​ឲ្យ​ព្រះ​សង្ឃ​វិញ។ ប៉ុន្តែ លោក​ការពារ​អាជ្ញាធរ​វៀតណាម​ថា ព្រះអង្គ សឺន ទី អាច​ប្រព្រឹត្ត​ល្មើស​ច្បាប់​វៀតណាម៖ «វៀតណាម​ដក​លិខិត​ឆ្លង​ដែន​ហ្នឹង ដោយសារ​តែ​គេ​យក​ឃើញ​ព្រះអង្គ ធ្វើ​កំហុស​តាម​ច្បាប់​វៀតណាម»

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ លោក​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​បន្ត​ធ្វើ​ដំណើរ​ទៅ​វៀតណាម ឬ​ប្រទេស​ដទៃ​ទៀត​បាន ដោយ​គ្មាន​ការ​គំរាម​កំហែង។

ឆ្លើយតប​ទៅ​នឹង​ការ​ទម្លាប់​កំហុស​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ លោក ប្រាក់ សេរីវុឌ្ឍ បដិសេធ​ទាំង​ស្រុង។ លោក​ថា ព្រះ​អង្គ សឺន ទី មិន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ទី​មួយ​វា​អត់​ប៉ះ​សន្តិសុខ​ប្រទេស​ខ្មែរ។ ទី​២ ក៏​គ្មាន​ប៉ះ​ពាល់​សន្តិសុខ​ប្រទេស​យួន​ដែរ»។

សព្វថ្ងៃ​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​លាន​នាក់ កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ដែល​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម។ ខ្មែរ​ក្រោម​ក្នុង​ស្រុក និង​ជំរុញ​ពិភព​លោក កំពុង​ស្វែង​រក​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។

ព្រះអង្គ សឺន ទី មាន​ថេរ​ដីកា​ថា ទោះ​បី​ជា​វៀតណាម បាន​គំរាម និង​ដក​ហូត លិខិត​ឆ្លង​ដែន​ក៏​ដោយ ក៏​ព្រះ​អង្គ​មិន​ខ្លាច​អាជ្ញាធរ​វៀតណាម​នោះ​ទេ ហើយ​ព្រះ​អង្គ​នឹង​និមន្ត​ទៅ​លែង​ស្រុក​កំណើត​ជា​បន្ត​ទៀត ប្រសិន​បើ​គ្មាន​ការ​រារាំង
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល