អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បារម្ភ​ពី​ចាប់​ខ្មែរ​ក្រោម​ពិនិត្យ​ឯកសារ​ដូច​ជនជាតិ​វៀតណាម

ដោយ យាង សុជាមេត្តា
2016.08.25
ជន​អន្តោប្រវេសន៍​វៀតណាម ២០១៦ ៨៥៥ ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ដែល​ក្នុង​នោះ​មាន​ខ្មែរ​ក្រោម​ខ្លះ ត្រូវ​ប៉ូលិស​អន្តោប្រវេសន៍​ស្នាក់ការ​កណ្ដាល​នៃ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។
Photo: RFA

អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​សហការ​ជាមួយ​អង្គការ-​សមាគម​ខ្មែរ​ក្រោម​មុន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម។ ការ​ស្នើ​សុំ​នេះ ស្រប​ពេល​ដែល​អាជ្ញាធរ​ខ្មែរ​កំពុង​ចាប់​ខ្លួន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​បញ្ជូន​ចេញ​ពី​កម្ពុជា។ អាជ្ញាធរ​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចាប់​ខ្លួន​មនុស្ស ២១​នាក់ បញ្ជូន​មក​នាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ភ្នំពេញ ដើម្បី​ពិនិត្យ ក្នុង​នោះ​ក៏​មាន​ខ្មែរ​ក្រោម​ចំនួន ៦​រូប​ផង​ដែរ។

អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្ដែង​ការ​បារម្ភ​នៅ​ពេល​ឃើញ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​មក​សួរ​នាំ និង​ពិនិត្យ​រក​ឯកសារ​ដូច​ជនជាតិ​វៀតណាម ផ្សេង​ទៀត។

បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង ៦​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចាប់​ខ្លួន​បញ្ជូន​មក​ភ្នំពេញ ហើយ​ត្រូវ​បាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ខេត្ត​សៀមរាប វិញ ក្រោយ​ការ​ពិនិត្យ​ក្ដី អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​យល់​ថា សកម្មភាព​ចាប់​ខ្លួន​នេះ គឺ​នៅ​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ការ​បារម្ភ​ពី​ការ​ចាប់​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​កាន់​ប្រទេស​វៀតណាម វិញ ពី​សំណាក់​អាជ្ញាធរ​ខ្មែរ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​កើត​នៅ​លើ​ទឹកដី​គ្រប់គ្រង​ដោយ​វៀតណាម​ក្ដី ប៉ុន្តែ​ខ្មែរ​ក្រោម​មិន​បាន​បាត់បង់​ជាតិ​ជា​ខ្មែរ ឬ​កាត់​ផ្ដាច់​ខ្លួន​គាត់​ចេញ​ពី​ជនជាតិ​ខ្មែរ​នោះ​ដែរ។ លោក​ថា សូម្បី​តែ​​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​វៀតណាម ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​ត្រូវ​បាន​រដ្ឋ​អំណាច​វៀតណាម បញ្ជាក់​ថា ជា​ជនជាតិ​ខ្មែរ​ដែរ។ លើស​ពី​នេះ លោក​ថា សំនៀង​និយាយ​របស់​ខ្មែរ​ក្រោម​ក៏​មិន​ដូច​គ្នា​នឹង​ជនជាតិ​វៀតណាម ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​នោះ​ដែរ។ ករណី​នេះ លោក​ថា បើ​ទោះជា​ខ្មែរ​ក្រោម​នៅ​កម្ពុជា មិន​ទាន់​មាន​ឯកសារ ឬ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្ដី វា​ក៏​មិន​ពិបាកធ្វើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​សំគាល់​នោះ​ឡើយ។

លោក ថាច់ សេដ្ឋា ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ ពិសេស​ក្រសួង​មហាផ្ទៃ ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពី​បញ្ហា​នេះ និង​ជួយ​ផ្តល់​លិខិត​ស្នាម​ស្របច្បាប់​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ៖ «ខ្ញុំ​សូម​ជម្រាប​ថា ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ថា ពួកគាត់ (ខ្មែរ​ក្រោម) ជា​ជនជាតិ​យួន ព្រោះ​គាត់​និយាយ​ភាសា​រដឺន​តាម​ខ្មែរ​ក្រោម​ដូចជា​យួន​អ៊ីចឹង ចាប់​ទុក​មួយ​កន្លែង។ ខ្ញុំ​ថា​ដើម្បី​ងាយស្រួល​សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​កាល​ណា​មាន​មន្ទិលសង្ស័យ​អ្នក​នោះ​ជា​ជនជាតិ​យួន សូម​ឲ្យ​ទាក់ទង​យើង​ខ្ញុំ​ជា​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​យើង​បម្រើ និង​ធ្វើ​កិច្ចការ​ហ្នឹង យើង​ដឹង​ច្បាស់​អ្នក​ណា​ខ្មែរ​ក្រោម អ្នក​ណា​យួន យើង​បែងចែក​ច្បាស់លាស់​ណាស់»

លោក ថាច់ សេដ្ឋា ក៏​សម្ដែង​ការ​បារម្ភ​ចំពោះ​ខ្មែរ​ក្រោម​មួយ​ចំនួន​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ផ្ដល់​ឲ្យ​នូវ​លិខិត​ស្នាម​ស្របច្បាប់ ឬ​អត្តសញ្ញាណប័ណ្ណ​ដល់​ពួកគាត់។ លោក ថាច់ សេដ្ឋា សង្កត់​ធ្ងន់​ថា ការ​មិន​ផ្ដល់​លិខិត​ស្នាម​រស់​នៅ​ស្របច្បាប់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​បារម្ភ​ពី​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កម្ពុជា​ក្រោម​វិញ​ដោយ​អាជ្ញាធរ​ខ្មែរ​នោះ​ទេ តែ​ខ្មែរ​ក្រោម​ទាំង​នោះ​ក៏​ត្រូវ​បាត់បង់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ផ្នែក​នយោបាយ​ទៀត​ផង ពិសេស​គឺ​សិទ្ធិ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​តែម្ដង៖ «យ៉ាង​ហោច​ណាស់​យើង​ត្រូវ​ជ្រើសរើស​មេដឹកនាំ​នៅ​ប្រទេស​កម្ពុជា នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ការពារ​សិទ្ធិ​របស់​យើង​ផង ហើយ​ក៏​ដើម្បី​ការពារ​កម្ពុជា ដែល​នៅ​ប៉ុន​បាតដៃ​គ្រាន់​ជ្រក​ទាំង​អស់​គ្នា​ផង ជាពិសេស​យើង​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស ពេល​ដែល​នៅ​ខាង​ក្រោម យើង​មិន​ថា​ទេ ដោយសារ​ថា ទោះ​ចង់​មិន​ចង់​នៅ​កម្ពុជា​ក្រោម​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យួន»

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៣ ចែង​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ និរទេស ឬ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ លើកលែង​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ។

កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ ដឹក​នាំ​ប្រទេស ព្រះអង្គ​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​បាន​ឡើង​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ព្រះអង្គ​តែង​ផ្ដល់​ដីធ្លី ផ្ទះសម្បែង និង​បង្ក​ភាព​ងាយស្រួល​ដល់​ខ្មែរ ក្រោម​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា។

លើស​ពី​នេះ កាល​ពី​ឆ្នាំ​២០០៦ ព្រះអង្គ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា ព្រះអង្គ​គាំទ្រ​ឲ្យ​ខ្មែរ​ក្រោម​នៅ​កម្ពុជា មាន​សិទ្ធិ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណ​គ្រួសារ ការ​ចុះ​បញ្ជី​សៀវភៅ​អត្រានុកូលដ្ឋាន និង​លិខិត​ឆ្លង​ដែន​ជាដើម។ បន្ថែម​ពី​លើ​នេះ កាល​ពី​ឆ្នាំ​១៩៩៣ នៅ​ពេល​អង្គការ​សហប្រជាជាតិ​មក​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ចូលរួម​បោះឆ្នោត​ទៀត​ផង។

ឆ្លើយ​តប​ចំពោះ​ការ​បារម្ភ​របស់​ខ្មែរ​ក្រោម អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ខ្មែរ​ក្រោម​មិន​ចាំបាច់​បារម្ភ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា សម្រាប់​ខ្មែរ​ក្រោម​ដែល​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម រដ្ឋាភិបាល​កម្ពុជា មិន​អាច​គ្រប់គ្រង​បាន​ឡើយ ប៉ុន្តែ​លោក​ថា សម្រាប់​ខ្មែរ​ក្រោម​ដែល​ឡើង​មក​កម្ពុជា ពួកគេ​ត្រូវ​ទទួល​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ។

លោក​បញ្ជាក់​ដែរ​ថា ការ​ដែល​មាន​ខ្មែរ​ក្រោម​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នោះ​ដោយសារ​សកម្មភាព​របស់​អាជ្ញាធរ​ពេល​ចុះ​ចាប់​ជនអន្តោប្រវេសន៍​ជា​ការ​វាយឆ្មក់ ដូច្នេះ​អាជ្ញាធរ​មិន​អាច​ប្រកាស​មុន​បាន​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ថា នៅ​ពេល​ពិនិត្យ​ឃើញ​ថា មាន​ខ្មែរ​ក្រោម​ក្នុង​ចំណោម​ជនជាតិ​វៀតណាម អាជ្ញាធរ​បាន​ដោះលែង​ពួកគេ​វិញ៖ «ទេ! មិន​ចាប់​ទេ ឲ្យ​តែ​ជា​ខ្មែរ​កម្ពុជា​ក្រោម យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​តើ! ច្បាប់​របស់​យើង​មិន​អាច​គ្របដណ្ដប់​កន្លែង​គាត់​រស់​នៅ កន្លែង​ដើម (វៀតណាម) ច្បាប់​យើង​គ្របដណ្ដប់ បាន​ត្រឹមតែ ១៨១.០៣៥​គីឡូម៉ែត្រ គាត់​ត្រូវ​ទទួល​បាន​សិទ្ធិ​ជា​ខ្មែរ​ជា​ស្វ័យប្រវត្តិ​ទាំង​សាច់ ទាំង​ឈាម សូម្បី​ភាសា​និយាយ​ស្តី​គឺ​ដឹង​ហើយ បរទេស​និយាយ​ខ្មែរ​គឺ​ខុស​ពី​កម្ពុជា​ក្រោម កម្ពុជា​ក្រោម​និយាយ​ខ្មែរ គឺ​ខ្មែរ​បរទេស​និយាយ​ខ្មែរ ទោះជា​ដូច​ខ្មែរ​ក៏ដោយ​នៅ​តែ​ជាប់​កន្ទុយ​អ៊ីចឹង»

មន្ត្រី​គម្រោង​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច លោក សឺន ជុំសុធន សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ខៀវ សុភ័គ។ ប៉ុន្តែ​លោក​ថា ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ពិត​ជា​យកចិត្តទុកដាក់​ចំពោះ​ខ្មែរ​ក្រោម​មែន រដ្ឋាភិបាល​គួរ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​កុំ​ឲ្យ​មាន​ការ​រើសអើង​ចំពោះ​ខ្មែរ​ក្រោម និង​ជួយ​ពន្លឿន​ឲ្យ​គ្រប់​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​លិខិត​ស្នាម​រស់នៅ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​ទាំង​អស់ ជាពិសេស​ខេត្ត​សៀមរាប ទទួល​នូវ​បទបញ្ជា​របស់​អតីត​ព្រះមហាក្សត្រ ហើយ​ក៏​ទទួល​ធ្វើ​នូវ​អត្តសញ្ញាណប័ណ្ណ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​គាត់​ទទូច​សុំ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ»

​ខ្មែរ​ក្រោម​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ពួកគេ​ទៅ​កម្ពុជា​ក្រោម​វិញ។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០០៧ អាជ្ញាធរ​ខ្មែរ​បាន​ចាប់​បញ្ជូន​អតីត​ព្រះសង្ឃ​ខ្មែរ​ក្រោម ព្រះនាម ទឹម សាខន អតីត​ព្រះចៅ​អធិការ​វត្តភ្នំ​ដិន​ខាងជើង ក្នុង​ខេត្ត​តាកែវ ទៅ​ឲ្យ​តុលាការ​វៀតណាម កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ។

លោក ថាច់ សេដ្ឋា ថ្លែង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្មែរ​ក្រោម​ឲ្យ​ដូច​ទៅ​នឹង​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។