ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ស្រណោះ​អាល័យ​ពេល​ថ្វាយ​ព្រះ​ភ្លើង​សព​ព្រះចៅ​អធិការ​ខ្មែរ​ក្រោម​ព្រះតេជ​ព្រះគុណ តាង៉ុក កោ

0:00 / 0:00

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត វត្ត​ដំបង​ពាក់ ខេត្ត​ព្រះ​ត្រពាំង សម្រេច​ថ្វាយ​ព្រះ​ភ្លើង​សព​ព្រះពិក្ខុ​ព្រះតេជព្រះគុណ តាង៉ុក កោ នៅ​រាត្រី​ទី១២ ខែ​មេសា។ ព្រះចៅ​អធិការ ព្រះអង្គ តាង៉ុក កោ បាន​កសាង​ស្នាដៃ​ជា​ច្រើន ក្នុង​ការ​ថែ​រក្សា​ប្រពៃណី​វប្បធម៌ អក្សរសាស្ត្រ​ខ្មែរ នៅ​លើ​ទឹក​ដី​កំណើត​ដែល​វៀតណាម​កំពុង​ត្រួតត្រា។

ព្រះសង្ឃខ្មែរ​ក្រោម​ថ្លែង​ក្នុង​វិយោគ​កថា ពេល​ថ្វាយ​ព្រះភ្លើង​សព បាន​បង្ហាញ​ការ​សោក​ស្តាយ​ទាំង​អាឡោះអាល័យ​ចំពោះ សព​ព្រះតេជព្រះគុណ តាង៉ុក កោ។ ថ្លែង​ក្នុង​សំឡេង​ទួញ​សោក​ក្ដុកក្ដួល ព្រះសង្ឃ​ខ្មែរ​ក្រោម​មាន​ថេរ​ដីកា​ថា ដ្បិត​រូប​រាងកាយ​ព្រះអង្គ​ត្រូវ​រំលាយ​ដោយ​អំណាច​ព្រះ​អគ្គី​ក្តី ប៉ុន្តែ​ស្នាព្រះហស្ត ដែល​ព្រះអង្គ​បាន​កសាង​នៅ​តែ​គង់វង្ស ស្ថិតស្ថេរ និង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

ព្រះចៅ​អធិការ​វត្ត​ដំបង​ពាក់ ភូមិ​ដំបង​ពាក់ ឃុំ​ផ្សារ​ឆេះ ស្រុក​មាត់​សមុទ្រ ខេត្ត​ព្រះត្រពាំង ព្រះតេជ​ព្រះគុណ តាង៉ុក កោ បាន​សុគត​កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ដោយ​អាថ៌កំបាំង និង​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ ក្នុង​ព្រះជន្ម ៤២ព្រះ​វស្សា។

ព្រះតេជ​ព្រះគុណ តា ង៉ុកកោ ក៏​គឺ​ជា​អ្នក​ចលនា​ក្នុង​ការ​ថែ​រក្សា​វប្បធម៌ ប្រពៃណី​យ៉ាង​សកម្ម​នៅ​ដែន​ដី​កម្ពុជា​ក្រោម ។ ព្រះអង្គ បាន​ស្រាវជ្រាវ តំបន់​ភូមិសាស្ត្រ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​មាន​ឈ្មោះ​ភូមិ ឃុំ ស្រុក​ជា​ភាសា​ខ្មែរ ហើយ​និពន្ធ​ទៅ​ជា​បទ​ចម្រៀង ដើម្បី​ថែ​រក្សា​វប្បធម៌​ខ្មែរ​ក្រោម​ផង និង​រក្សា​ឈ្មោះ​ភូមិសាស្ត្រ​ជា​ភាសា​ខ្មែរ​ផង។ ព្រះអង្គ​បាន​បង្ហោះ​ចម្រៀង​ទាំង​នោះ​តាម​បណ្ដាញ​សង្គម​យូធូប ដោយ​ប្រើ​ឈ្មោះ គឹម ខាយ។ ក្នុង​មួយឆ្នាំៗ មាន​ព្រះសង្ឃ និង​កុមារ​ខ្មែរ​ក្រោម​ប្រមាណ ២០០នាក់ និង​អង្គ បាន​ចូល​រៀន​សូត្រ​អក្សរ​ខ្មែរ និង​ធម៌​វិន័យ​នៅ​វត្ត​ដំបង​ពាក់។ ព្រះតេជ​ព្រះគុណ តា ង៉ុកកោ បាន​ចាប់​ផ្តើម​កសាង​ព្រះពុទ្ធរូប​កម្ពស់​ជាង ៣០ម៉ែត្រ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ព្រះពុទ្ធ​រូប​នេះ​មិន​ទាន់​សាងសង់​បញ្ចប់​ផង ព្រះតេ​ព្រះគុណ តាង៉ុក កោ ក៏​ត្រូវ​សុគត។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ថេរ​ដីកា​ថា ស្នាដៃ​របស់​ព្រះ តេជគុណ តា ង៉ុកកោ ក្នុង​ការ​ថែ​រក្សា​វប្បធម៌ និង​អក្សរសាស្ត្រ​ខ្មែរ ជា​ស្នាដៃ​ដ៏​កម្រ​មួយ៖ «អាត្មាភាព​សោក​ស្ដាយ​ជា​ខ្លាំង​ដោយ​សារ​តែ​ព្រះ​អង្គ លោក​មាន​ស្នាដៃ ក្នុង​ការ​កសាង​វត្ត​ជាមួយ​នឹង​ការ​ពង្រឹង និង​ពង្រីក​វប្បធម៌​សិល្បៈ​នៅ​កម្ពុជា​ក្រោម»

ព្រះអង្គ សឺង យ៉ឹងរតនា ជា​ចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ (California) អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់​ចូលរួម​កសាង​ព្រះ​ពុទ្ធរូប និង​ស្នាដៃ​ផ្សេង​ទៀត ដែល ព្រះ តេជគុណ តា ង៉ុកកោ មិន​ទាន់​កសាង​ចប់​សព្វ​គ្រប់៖ «ញាតិ​មិត្ត​នៅ​ក្នុង​ពិភព​លោក និង​ចំណុះ​វត្ត​ខំ​រួបរួម​សាមគ្គី​គ្នា ធ្វើ​យ៉ាង​ណា​បន្ត​ការ​ចូលរួម​ចំណែក​ការ​កសាង​សមិទ្ធផល និង​ព្រះ​ពុទ្ធរូប ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ»

កន្លង​ទៅ​មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ច្រើន​អង្គ​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក ហើយ​ដាក់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង​នោះ បាន​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ដល់​កូន​ក្មេង​ជំនាន់​ក្រោយ។​

ព្រះតេជព្រះគុណ តាង៉ុក កោ ធ្លាប់​មាន​ថេរ​ដីកា មុន​សុគត​ថា អាជ្ញាធរ​វៀតណាម​មិន​ចូល​ចិត្ត​នឹង​សកម្មភាព​របស់​ព្រះអង្គ​ដែល​បាន​បណ្ដុះ​គំនិត​ខ្មែរ​ក្រោម ឲ្យ​ចេះ​ថែ​រក្សា​អត្តសញ្ញាណ​ជា​ខ្មែរ នៅ​លើ​ទឹក​ដី​កំណើត​ដែល​វៀតណាម​កំពុង​ត្រួតត្រា​នោះ​ទេ។ ព្រះអង្គ​ធ្លាប់​គិត​ថា ថ្ងៃ​ណា​មួយ​វៀតណាម​នឹង​ចាប់​ព្រះអង្គ​ដាក់​ពន្ធនាគារ​ជា​មិន​ខាន។ ព្រះអង្គ​ធ្លាប់ ចោទ​សួរ​កូន​សិស្ស​ព្រះអង្គ​ថា ប្រសិន​បើ​ព្រះអង្គ​ជាប់​ពន្ធនាគារ ថ្ងៃ​ណា​មួយ តើ​ព្រះសង្ឃ​ទាំង​នោះ​ហ៊ាន​ជូន​ចង្ហាន់​ព្រះ​អង្គ​ទេ? ត្រង់​នេះ កូនសិស្ស ព្រះអង្គ​បញ្ជាក់​ថា ព្រះអង្គ តាង៉ុក កោ ចង់​ពញ្ញាក់​ស្មារតី​ខ្មែរ​ក្រោម ឲ្យ​ក្លាហាន ការពារ និង​ថែ​រក្សា​អត្តសញ្ញាណ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។