អាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង បានឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ទៀត ដើម្បីគំរាមកំហែងមិនឲ្យរិះគន់ អាជ្ញាធរវៀតណាម រឿងធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិមនុស្សខ្មែរក្រោម តាមបណ្ដេញសង្គម។ នេះជាលើកទីពីរហើយ នៅដើមឆ្នាំ២០២២ នេះ ដែលវៀតណាមបានបន្តឃាត់ខ្លួនសួរចម្លើយ និងផាកពិន័យយុវជនខ្មែរក្រោម ដោយសារតែពួកគេប្រើប្រាស់សិទ្ធិសំដែងមតិ។
សកម្មជនសិទ្ធិមនុស្ស និងការងារ លោក យឿង ខាយ ត្រូវបានអាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង ចាប់ទៅឃុំខ្លួនអស់មួយយប់កាលពីចុងសប្ដាហ៍នេះ ដោយគ្មានដីកា ហើយដោះលែងឲ្យមកផ្ទះវិញ ក្រោយព្រមានចាប់លោកដាក់ពន្ធនាគារ ប្រសិនបើលោកបន្តធ្វើការងារតស៊ូមតិឲ្យពលរដ្ឋខ្មែរក្រោម។ លោក យឿង ខាយ ប្រាប់ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៥ កុម្ភៈ ក្រោយពេលចេញពីកន្លែងឃុំខ្លួនថា អាជ្ញាធរវៀតណាមចោទប្រកាន់លោករឿងផ្សាយព័ត៌មានមិនពិត ដោយសារតែលោករិះគន់វៀតណាមថា បានរំលោភសិទ្ធិមនុស្ស សាសនា សេដ្ឋកិច្ចខ្មែរក្រោមតាមបណ្ដាញសង្គម។ លោកបន្តថា មន្ត្រីវៀតណាម ដែលសួរចម្លើយលោក បានបង្ខំលោកឲ្យសារភាព ប៉ុន្តែលោកបដិសេធដោយសារតែលោកប្រកាន់ជំហរថា រឿងដែលលោករិះគន់វៀតណាមពីការរំលោភសិទ្ធិខ្មែរក្រោមនោះជារឿងពិត៖ « បាទប្អូនធម្មតាទេបងអើយ។ ពេលខ្លះគេបានលួងលោមទិញទឹកចិត្តប្អូនដែរ តែប្អូនមិនយល់ព្រមទេ។ ប្អូនតស៊ូទៅមុខទៀតនឹងឲ្យអ្នកណាទិញឧត្ដមគតិប្អូនបានទេបង។ ប្អូនធ្វើដល់ថ្ងៃជីវិតចុងក្រោយបង»។
លោក យឿង ខាយ ថា ទោះបីវៀតណាមដោះលែងលោកក៏ដោយ ក៏ប៉ុន្តែវៀតណាម បានគំរាមចាប់លោកដាក់ពន្ធនាគារប្រសិនបើលោកនៅបន្តសកម្មភាព។ អាជ្ញាធរវៀតណាមក៏បានរឹបអូសយកទូរស័ព្ទលោកមួយគ្រឿងផងដែរ។ នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរវៀតណាមឃាត់ខ្លួន យុវជន យឿង ខាយ ទៅសម្លុត រឿងលោកសំដែងមតិដោយអហិង្សា។ កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២១កន្លងទៅ នគរបាលសន្តិសុខផ្ទៃក្នុងផ្នែកសេដ្ឋកិច្ច និងនគរបាលសន្តិសុខផ្នែកនយោបាយជិត ១០០នាក់ បានឆែកឆេរផ្ទះលោក យឿង ខាយ និងចាប់ខ្លួនលោកទៅឃុំដោយគ្មានលិខិតស្នាមត្រឹមត្រូវ។ កាលនោះ លោក យឿង ខាយ ថា ប៉ូលិសបានរឹបអូសយកទូរស័ព្ទ កុំព្យូទ័រ និងសៀវភៅសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើមជាង ១០០ក្បាល។
អាជ្ញាធរវៀតណាមពេលនេះ អះអាងថា អាជ្ញាធរបានឃាត់ខ្លួនលោក យឿង ខាយ ដោយសារតែលោក បានប្រើប្រាស់អ៊ីនធឺណិតផ្សព្វផ្សាយព័ត៌មានមិនពិតពីប្រវត្តិសាស្ត្រ ជនជាតិដើមខ្មែរក្រោម ហើយមានទំនាក់ទំនងនឹងអង្គការក្រៅរដ្ឋាភិបាលនៅបរទេសចង់បង្កើតតំបន់ស្វយ័ត ដែលជាការគំរាមកំហែងដល់សន្តិសុខវៀតណាម។ ទោះបីយ៉ាងណាក្ដី លោក យឿង ខាយ បដិសេធការចោទប្រកាន់នេះ។ លោកថា លោកបានផ្សព្វផ្សាយឯកសារ និងបទដ្ឋានច្បាប់អន្តរជាតិផ្សេងៗ ដើម្បីឲ្យពលរដ្ឋខ្មែរក្រោម ស្វែងយល់ដឹងពីសិទ្ធិជាជនជាតិដើម ដើម្បីអាចឈានទៅ ស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត។
យុវជនខ្មែរក្រោម លោក យឿង ខាយ បានស្ម័គ្រចិត្តធ្វើការងារលើកស្ទួយសិទ្ធិមនុស្សការងារ និងសិទ្ធិបញ្ចេញមតិរបស់កម្មករ និងពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកំណើត។ លោកបានបង្កើតទំព័រហ្វេសប៊ុក ឈ្មោះថា សិទ្ធិការងារខ្មែរក្រោម ដើម្បីផ្ដល់ចំណេះដឹងពីច្បាប់ការងារ។ ទំព័រហ្វេសប៊ុកនោះ ក៏បានផ្ដល់លេខទូរស័ព្ទ សម្រាប់ឱ្យកម្មករខ្មែរក្រោម ដែលរងការរំលោភបំពានផ្សេងៗ ទាក់ទង ដើម្បីពិគ្រោះយោបល់ស្វែងរកមធ្យោបាយដោះស្រាយបញ្ហាទាំងនោះ។ លោកក៏បានបង្កើតទំព័រហ្វេសប៊ុក (Facebook) មួយឈ្មោះ (ប្រទេសខ្មែរក្រោម) និងបន្ថែមពាក្យថា អង្គការអង្កេតសិទ្ធិខ្មែរជនជាតិដើមនៅកម្ពុជាក្រោម។ លោក យឿង ខាយ មានប្រសាសន៍បន្តទៀតថា ការឃាត់ខ្លួនលោកកាលពីថ្ងៃទី៤ កុម្ភៈ សប្ដាហ៍មុននេះ ពីព្រោះវៀតណាម មានចេតនាចង់សងសឹកនឹងលោក ដែលបន្តហ៊ានតស៊ូមតិ ដើម្បីទាមទារសិទ្ធិសេរីភាពឲ្យពលរដ្ឋខ្មែរក្រោម៖ « បញ្ហាហ្នឹង គេប្រុងបំបិទមាត់ប្អូន។មិនឲ្យនិយាយតទៅមុខទៀតហ្មង។ គេគំរាមកំហែងតែគេរកចំណុចណាធ្វើអ្វីប្អូនមិនកើតបង»។
ការឃាត់ខ្លួន លោក យឿង ខាយ ទៅឃុំ និងគំរាមនេះរបស់អាជ្ញាធរ នៅខេត្តឃ្លាំងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាមនៅ ខេត្ត ព្រះត្រពាំងបានផាកពិន័យយុវជនខ្មែរក្រោមម្នាក់ទៀត ឈ្មោះ ថាច់ កឿង ជាលើកទីពីរដោយចោទប្រកាន់លោកថា ផ្សាយព័ត៌មានមិនពិត កាលពីចុងខែមករាកន្លងទៅ។ វៀតណាមចោទប្រកាន់ លោក ថាច់ កឿង ដោយសារតែលោកហ៊ានចេញមុខ ធ្វើសកម្មភាពប្រមូលផ្ដុំថវិកា និងគាំទ្រការសាងសង់សាលាឆទានមួយ ដើម្បីឲ្យខ្មែរក្រោមអាចប្រតិបត្តិព្រះពុទ្ធសាសនា។ កាលពីឆ្នាំ២០២០ លោក ថាច់ កឿង ក៏ត្រូវវៀតណាមផាកចំនួន បីរយដុល្លារ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ ប៉ុន្តែអាជ្ញាធរវៀតណាមចោទលោកថា ល្មើសច្បាប់សន្តិសុខអ៊ីនធឺណិតវៀតណាម។
ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើយុវជនខ្មែរក្រោមក្នុងរយៈពេលចុងក្រោយនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើលិខិតស្នើកិច្ចអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ដើម្បីដាក់សំពាធលើរដ្ឋាភិបាលវៀតណាមក៏បញ្ឈប់រំលោភសិទ្ធិមនុស្សខ្មែរក្រោមជាបន្តទៅទៀត។ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធបានប្ដឹងទៅសហគមន៍អន្តរជាតិរួចរាល់ហើយ។ ព្រះអង្គបន្តថា វៀតណាមមានចេតនាលាក់បាំងព័ត៌មានអំពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមទៅសហគមន៍អន្តរជាតិ ទើបហាមឃាត់ខ្មែរក្រោមមិនឲ្យនិយាយរឿងនេះ៖ « មហិច្ឆតារបស់រដ្ឋាភិបាលវៀតណាមហ្នឹងគឺ លុបបំបាត់ពូជសាសន៍ខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោមហ្នឹង។ ព្យាយាមធ្វើឲ្យខ្មែរក្រោមគ្មានសិទ្ធិសេរី ហើយមិនហ៊ានក្រោកឈរតាមសិទ្ធិជាម្ចាស់ស្រុកនៅលើទឹកដីកំណើត»។
ចាប់តាំងពីពិភពលោកជួបបញ្ហាជំងឺ កូវីដ១៩ មក អាជ្ញាធរវៀតណាម បានចាប់ផ្ដើមរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម កាន់តែធ្ងន់ធ្ងរៗ ទៅ។ យ៉ាងហោចណាស់ ក៏មានកសិករខ្មែរក្រោមបីរូបត្រូវបានតុលាការវៀតណាមកាត់ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែហ៊ានងើបឡើងតវ៉ាទាមទារដីកេរដូនតាដើម្បីធ្វើស្រែ។ អាជ្ញាធរវៀតណាម ក៏បានចាប់ពលរដ្ឋខ្មែរក្រោមម្នាក់ទៀតថា ដាក់ពន្ធនាគារពីបទ «កេងចំណេញលើសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ទៅដល់កិត្តិយស អតីតមេដឹកនាំវៀតណាម»។ ក្រៅពីចាប់ខ្មែរក្រោមដាក់ពន្ធនាគារ វៀតណាម ក៏បានគាបសង្កត់ខ្មែរក្រោមមិនឲ្យសំដែងមតិរឿង វប្បធម៌ សាសនា និងបង្ខំឲ្យខ្មែរក្រោម សម្របសម្រួល និងទទួលយកការរស់នៅតាមបែបជនជាតិវៀតណាមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។