កម្មវិធី​វប្បធម៌ នៅ​ក្នុង​របប កម្ពុជា​ប្រជាធិបតេយ្យ (៧៣​គ)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាលមរណៈ ភាគ​ទី​៧៣​គ សូម​លើក​យក​សេចក្តី​រាយការណ៍ ស្ដី​អំពី កម្មវិធី​វប្បធម៌​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។
ដោយ ឡេង ម៉ាលី
2008-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រៅពី​ទម្រង់​សិល្បៈ​និង​បទ​ចម្រៀង របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​មាន​បង្កើត​ពាក្យ​ស្លោក​ងាយ​ចាំ​ជា​ច្រើន​ទៀត ដើម្បី​បម្រើ​គោលដៅ​ផ្សេងៗ​របស់​ខ្លួន ។ ពាក្យស្លោក​ភាគច្រើន​សុទ្ធតែ​ជា​ពាក្យ​លើក​តម្កើង​បដិវត្តន៍ ជា​ពាក្យ​បន្ទាប​បន្ថោក​វប្បធម៌​ពី​សង្គម​ចាស់​មុន​បដិវត្តន៍ និង​ជា​ការ​ចាត់ទុក​កម្មករ កសិករ យុទ្ធជន យុទ្ធនារី ជា​វីរបុរស​របស់​បដិវត្តន៍​កម្ពុជា ។

ផ្អែក​តាម​កូន​សៀវភៅ​មួយ​ក្បាល​មាន​ចំណងជើង​ថា "Pol Pot's Little Red Book, The Saying of​ Angkar" ឬ​អាច​ប្រែ​ថា "កូន​សៀវភៅ​ក្រហម​របស់ ប៉ុល ពត ស្តីពី​ពាក្យស្លោក​របស់​អង្គការ" ដែល​ប្រមូល​ចងក្រង​ដោយ​លោក Henri Locard បាន​បង្ហាញ​នូវ​គោលដៅ​ធំៗ​មួយចំនួន សម្រាប់​ពាក្យស្លោក​ទាំង​នោះ ឧទាហរណ៍ ៖ ពាក្យស្លោក​សម្រាប់​ការ​លើកសរសើរ​របប មាន​ដូចជា​ពាក្យ "ជយោ​! កម្ពុជា​ប្រជាធិបតេយ្យ​ដ៏​រុងរឿង និង​មហិមា" និង "ជយោ​! បក្ស​កុម្មុយនីស្ដ​កម្ពុជា​ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង មហា​អស្ចារ្យ" ។

ពាក្យស្លោក​ខ្លះ​ដែល​យក​តាម​គំនិត​របស់ ម៉ៅ សេទុង មាន​ដូចជា ៖ "អង្គការ​មហា​លោត​ផ្លោះ មហា​អស្ចារ្យ” និង "អង្គការ​មហា​ត្រឹមត្រូវ មហា​ភ្លឺស្វាង មហា​អស្ចារ្យ" ជាដើម ។

ក្រៅពី​នេះ​ក៏​មាន​ពាក្យស្លោក​រាប់​រយ​ទៀត​ដែល​ទាក់ទង​នឹង​យុទ្ធសាស្រ្ត​របស់​អង្គការ គោលដៅ​កម្ទេច​ខ្មាំង គោលដៅ​ការងារ​ពលកម្ម និង​គោលដៅ​លើក​តម្កើង​សមូហភាព និង​ការ​កម្ទេច​របប​ចាស់ បុគ្គល​សួនតួ​និយម​ជាដើម ត្រូវ​បាន​គេ​ប្រើ​នៅក្នុង​ពិធី​បុណ្យ អង្គ​ប្រជុំ បទ​ចម្រៀង និង​ឈ្មោះ​បទ​ចម្រៀង​ផ្សេងៗ ឧទាហរណ៍​ដូចជា ៖  "យើង​ប្តេជ្ញា​ជំរុញ​គោលជំហរ​សមូហភាព​និង​សន្សំ​សំចៃ​ឲ្យ​ខ្ពស់ ដើម្បី​ជំរុញ​ការ​កសាង​កម្ពុជា​ប្រជាធិបតេយ្យ ។ ជូន​ពរ​មហា​ជោគជ័យ​ថ្ងៃ ១៧ មេសា" ។

លោក សាំង សារ៉េត នៅ​ក្រុង​ភ្នំពេញ​បាន​រំឭក​អំពី​ពាក្យស្លោក​មួយ​ឃ្លា​ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព និង​ផ្លូវចិត្ត​ដូច្នេះ​ថា ៖ «ឈឺ​វា​ថា​គ្រុនញាក់​គ្រុន​ញ័រ គ្រុន​អាត្រាក់ទ័រ​គ្រុន​បាយ​បាន ។ បាយ​បាន​ឯណា​បើ​ឲ្យ​គ្នា​ហូប​តែ​អាចម៍​ទន្សាយ​ថ្នាំ​ពេទ្យ​វា វា​ថា​យើង​ធ្វើពុត​ហើយ​បាន​វា​និយាយ​អ៊ីចឹង វា​ថា​យើង​ខ្ជិល​ធ្វើការ​វា​លើក​ពាក្យ​ហ្នឹង​មក ។ ហើយ​យើង​ឈឺ​ល្អមៗ​ម៉េច​ហ៊ាន​ឈប់ ចេះ​តែ​ធ្វើ​ទៀត​ហើយ ។ ឈប់​យូរ​ពេក​អត់​បាន​ដែរ ឈឺ​ទ្រាំ​ធ្វើ​ទាំង​ឈឺ ឈប់​តែ​មិន​ស្រួល​បាត់ ខ្ញុំ​ឃើញ​អ្នក​ឈប់​មុនៗ​ច្រើន​តែ​បាត់​អ៊ីចឹង យក​ទៅ​ពេទ្យៗៗ អត់​ឃើញ​វិល​មក​កន្លែង មិន​ដឹង​ទៅ​ណា​ឃើញ​តែ​យក​ទៅ​បាត់ ឲ្យ​ដេក​ពេទ្យៗ អត់​ឃើញ​អ្នក​ណា​វិល​មក​កន្លែង​យុវជន​កន្លែង​អី​វិញ​ផង ទៅ​បាត់ៗ មិន​ដឹង​យក​ទៅ​ណា ស្លាប់​ក៏​មិន​ឲ្យ​ដឹង វ៉ៃ​ចោល​ក៏​មិន​ឲ្យ​យើង​ដឹង»

លោក សាំង សារ៉េត នៅ​ចង​ចាំ​ពាក្យស្លោក​ផ្សេងៗ​ទៀត​ដែរ ដែល​ត្រូវ​បាន​គេប្រើ​ញឹកញាប់​ពេញ​សម័យ​កាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ពាក្យ​ស្លោក​ដែល​លោក​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​រហូត​ដល់​សព្វថ្ងៃ​នេះ គឺ​ពាក្យ​ថា "ក្បាល​នរណា សក់​អ្នក​នោះ" និង​ពាក្យ​ថា "ជីក​ស្មៅ ត្រូវ​ជីក​ទាំង​ឫស" ដោយ​លោក​មាន​ប្រសាសន៍​ដូច្នេះ ៖ «វា​ច្រើន​ប្រជុំ "ឯករាជ្យ​ម្ចាស់​ការ" "ក្បាល​អ្នក​ណា​សក់​អ្នក​ហ្នឹង" តែ​ក្បាល​អ្នក​ណា​សក់​អ្នក​ហ្នឹង​ឯណា បើ​ឧបមាថា​យើង​ខុស​វា​មិន​យក​តែ​យើង​ឯណា ទាំង​ប្អូន ទាំង​ម្ដាយ​ទាំងអស់ និយាយរួម​ទាំង​ពូជៗ​សោះ ។ និយាយ​ថា ក្បាល​អ្នកណា​សក់​អ្នក​ហ្នឹង ដល់​ខុស​ខ្លះ​កូន​នៅ​កង​ចល័ត​ឯណោះ ទៅ​តាម​កូន​មក​វ៉ៃ​ចោល​ដែរ ហើយ​ថា​ក្បាល​អ្នក​ណា​សក់​អ្នក​ហ្នឹង​ណា ។ បើ​យើង​ឥឡូវ​អ្នក​ណា​ខុស​អ្នក​ហ្នឹង​ហើយ ។ វាចូល​ជីក​ស្មៅ​ទាំង​ឫស ខ្លះ​នៅ​កង​ចល័ត​កូន ហើយ​ម្ដាយ​គ្នា​ឯណេះ​ខុស ឪពុក​គ្នា​ខុស យក​ឪពុក​ទៅ​អស់​ហើយ​ទៅ​តាម​យក​កូន​ទៅ​ទៀត យើង​គិត​មើល៍ ។ បាន​ថា​អា​នេះ​ពិតជា​ជីក​ស្មៅ​ទាំង​ឫស​ដូច​វា​ថា​មែន ខ្លាច​ទុក​ទៅ​ក្លាច​ផល​វិបាក​ដល់​វា​ថ្ងៃ​ក្រោយ​ទៀត ដល់​អ៊ីចឹង​យក​ទាំង​ឫស»

អ្នកស្រី ហ៊ីង កន បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​យ៉ាង​ដូច្នេះ ៖ «ជីក​ស្មៅ​ជីក​ទាំង​ឫស ដូច​ថា​ធ្វើ​ឲ្យ​ងាប់​ទាំង​អស់​តែម្ដង​ទៅ កុំ​ឲ្យ​ទុក ខ្ញុំ​យល់​ថា​អ៊ីចឹង»

នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា កម្មវិធី​វប្បធម៌​ដែល​បញ្ជា​ពី​ថ្នាក់​លើ​មក​ថ្នាក់​ក្រោម ពី​អង្គការ​មក​ប្រជាជន​ថ្នាក់​មូលដ្ឋាន បាន​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​អ្នកដឹកនាំ​បាន​គិត​សម្រាប់​ប្រជាជន​នោះ ថា​សុទ្ធតែ​ល្អ​ជាង​អ្វី​ដែល​ប្រជាជន​ចង់​សម្តែង​ចេញ​តាម​ឆន្ទៈ​របស់​គេ ។ កម្មវិធី​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ប្រទេស​ចិន​ក្រោម​របប​ម៉ៅ​និយម និង​ប្រទេស​វៀតណាម ដែល​កាន់​លទ្ធិ​កុម្មុយនីស្ត​ដូចគ្នា ក៏​ប៉ុន្តែ​ការ​ហាមប្រាម​ទៅ​លើ​ការ​សម្តែង​ខាង​វប្បធម៌​មូលដ្ឋាន នៅ​ប្រទេស​ទាំង​ពីរ​នោះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ការ​ហាមប្រាម​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ ។

ចំពោះ​ប្រជាជន​ខ្មែរ​ជាច្រើន​បាន​ចាត់ទុក​កម្មវិធី​វប្បធម៌​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ថា មិនមាន​លក្ខណៈ​គួរ​ឱ្យ​ចូលចិត្ត​ឡើយ ហើយ​ថា​កម្មវិធី​វប្បធម៌​ទាំងនោះ​មិន​មាន​លក្ខណៈ​ជា​ខ្មែរ​ទៀត​ផង ។

បើ​ទោះបី​ជា​បទ​ចម្រៀង​បដិវត្តន៍​ខ្លះ ប្រើ​ទំនុក​ភ្លេង​ប្រពៃណី​ខ្មែរ​ក៏ដោយ ក៏​ចម្រៀង​ទាំង​នោះ​មិនសូវ​មាន​មនោសញ្ចេតនា​ដែរ ដូច​អ្នកស្រី ហ៊ីង កន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ចម្រៀង​គេ​បំពាក់​បំប៉ន​ភ្លឺ​ស្រែ មិត្ត​យើង​ខំ​សម្រុក​វ៉ៃ​ខ្មាំង​អ៊ីចឹង ។ ចម្រៀង​ហ្នឹង​ដូច​ថា​វា​អត់​មាន​ចេតនា​ក្នុង​ចិត្ត ។ ចម្រៀង​ពី​ដើម​បទ ស៊ីន ស៊ីសាមុត, ម៉ៅ សារ៉េត, ប៉ែន រ៉ន អី​ចូល​ចិត្ត»

សាក្សី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ម្នាក់​ទៀត​នៅ​ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ៖ «ក្នុង​ចិត្ត​វា​អត់​មាន​មនោសញ្ចេតនា​អី​ចម្រៀង​ប៉ុលពត ចូល​ចិត្ត​តែ​ពី​សង្គម​បុរាណ»

អ្នក​នៅ​រស់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្លះ​បាន​ពោល​ថា នៅ​ពេល​ដែល​ពួកគេ​ស្តាប់​ចម្រៀង​ទាំងនោះ​យូរៗ​ទៅ ហាក់​ដូចជា​ចម្រៀង​ទាំងនោះ​កំពុងតែ​វាយត្បក​ធ្ងន់ៗ មកលើ​ពួកគេ​ជា​អ្នកស្តាប់​ដូច្នោះ​ដែរ ។

ទំនុក​ភ្លេង​មួយចំនួន​ទៀត​គឺ​យក​តាម​លំនាំ​ទំនុក​បទភ្លេង​ចិន​ម៉ៅ​និយម​ត្រង់ៗ​តែម្តង ។ កម្មវិធី​វប្បធម៌​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ចម្លង​តាម​វប្បធម៌​របស់​ប្រទេស​ចិន កាន់​លទ្ធិ​ម៉ៅ​និយម ដែល​នៅ​ទី​នោះ​បដិវត្តន៍​វប្បធម៌​មួយ ទើបតែ​បាន​កើត​ឡើង​ថ្មីៗ ។ ប៉ុល ពត និង​សមមិត្ត​របស់​គាត់ បាន​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​បដិវត្តន៍​វប្បធម៌​របស់​ប្រទេស​ចិន ដែល​បាន​ប្រមូល​ប្រជាជន និង​ធនធាន​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដាក់ជា​សមូហភាព ហើយ​ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ជំហាន "មហា​លោតផ្លោះ មហា​អស្ចារ្យ" ។

មេដឹកនាំ​ខ្មែរក្រហម​ជឿជាក់​ថា ជំហាន​មហា​លោតផ្លោះ មហា​អស្ចារ្យ​នោះ​ហើយ ដែលនាំ​ប្រទេស​ចិន​ឆ្ពោះ​ទៅ​រក​មាគ៌ា​សង្គមនិយម​បាន ។ មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ ប្រហែលជា​មិន​បាន​ដឹង​ទេ​ថា ការ​ដកពិសោធន៍​ជំហាន​មហា​លោតផ្លោះ មហា​អស្ចារ្យ​នោះ​ហើយ ដែល​បាន​ធ្វើឱ្យ​មនុស្ស​ជាង​ម្ភៃ​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត ហើយ​ក៏​ទំនង​ជា​មិន​បាន​ដឹង​ទេ​ថា ជំហាន​មហា​លោតផ្លោះ មហា​អស្ចារ្យ​នោះ​ត្រូវ​បាន​គេ​លប​បោះបង់​ចោល​វិញ​យ៉ាង​ស្ងាត់ៗ ។

ទោះ​ជា​បែប​នេះ​ក្តី ថ្នាក់​ដឹកនាំ​ខ្មែរក្រហម​តែង​បាន​អះអាង​ថា បដិវត្តន៍​កម្ពុជា​គឺ​ជា​បដិវត្តន៍​ស្អាតស្អំ មិន​ពុករលួយ មិន​ជាប់​ជំពាក់​ឥទ្ធិពល​បរទេស ជា​បដិវត្តន៍​តាម​បែប​ខ្មែរ​សុទ្ធសាធ មិន​មែន​ចម្លង​តាម​ការ​អនុវត្ត​របស់​បរទេស​ណាមួយ​ឡើយ ទាំង​ការ​ស្លៀកពាក់ ទាំង​វប្បធម៌​និង​ឥរិយាបថ ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល