អាជ្ញាធរ​រំដោះ​ខ្មែរ​១២​នាក់​ត្រឡប់​មក​វិញ​ក្រោយ​ពេល​ត្រូវ​ថៃ​ឃុំ​អស់​៣​ថ្ងៃ

មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​ថៃ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​ភាគី​អាជ្ញាធរ​ថៃ ដោយ​បាន​រំដោះ​ពលរដ្ឋ​ខ្មែរ ១២​នាក់​មក​កម្ពុជា​វិញ បន្ទាប់​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​ទាហាន​ថៃ​នៃ​កង​រយ​លេខ​៥១៦ ចាប់​ឃុំ​ខ្លួន​អស់ ៣​ថ្ងៃ ខណៈ​ដែល​ពួក​គេ​បាន​ចូល​ទៅ​បោច​ផ្ដៅ​នៅ​តំបន់​ព្រំដែន​ខ្មែរ​ថៃ ក្នុង​ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ផ្សារ​​រុងក្លឿ ​ក្នុង​ទឹក​ដី​ថៃ​ជាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។
ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ផ្សារ​​រុងក្លឿ ​ក្នុង​ទឹក​ដី​ថៃ​ជាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។
RFA/Sophal Mony

លោក​ឧត្ដម​សេនីយ៍ ឌី ភេន ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​ថៃ បាន​មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ១២​នាក់ ក្នុង​នោះ​មាន ២​នាក់​ជា​ទាហាន​ខ្មែរ​នៃ​កង​ពល​លេខ​៥២ ត្រូវ​បាន​ទាហាន​ថៃ​នៃ​កង​រយ​លេខ​៥១៦ ចាប់​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ខណៈ​ដែល​ពួក​គេ​បាន​ចូល​ទៅ​រក​បោច​ផ្ដៅ​នៅ​តំបន់​ព្រំដែន​ខ្មែរ​ថៃ ទល់​មុខ​ច្រក​សែន​ចៅ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង អស់​រយៈពេល ៧​ថ្ងៃ​មក​ហើយ​នោះ។

លោក​ឧត្ដម​សេនីយ៍ ឌី ភេន បាន​បញ្ជាក់​ថា ៖ «វេលា​ម៉ោង​៥ នៅ​ថ្ងៃ​ទី​២៥ ខែ​៦ ២០១០​នេះ ប្រជា​ពលរដ្ឋ និង​កង​ទ័ព​យើង​កង​ពល​លេខ​៥២ សរុប ១២​នាក់ ទៅ​រកស៊ី​បោច​ផ្ដៅ ៧​ថ្ងៃ​ហើយ ត្រូវ​ទាហាន​ថៃ​កង​រយ​លេខ​៥១៦ ចាប់ ៣​ថ្ងៃ។ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​៦ ២០១០ វេលា​ម៉ោង​៥​ល្ងាច ខ្ញុំ​បាន​បញ្ជា​ឲ្យ​ទៅ​ទាក់ទង។ មក​ដល់​ពេល​នេះ គឺ​យើង​បាន​យក​ប្រជា​ពលរដ្ឋ​ទាំង ១២​នាក់​នោះ​មក​ដល់ ហើយ​បាន​ប្រគល់​ឲ្យ​ទៅ​លោក​អភិបាល​រង​ស្រុក​សំឡូត គ្រាន់​នឹង​ចាត់ចែង​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ...»

លោក​បាន​បន្ត​ថា ៖ «...សុខភាព​ពួក​គាត់​អត់​បញ្ហា​ទេ! ពេល​ដែល​ថៃ​ចាប់​ទៅ​នោះ គេ​ឲ្យ​ហូប​បាយ ១​ថ្ងៃ ៣​ពេល ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចាប់​ទៅ​ភ្លាម ខ្ញុំ​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ខ្ញុំ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ ធ្វើ​ម៉េច​ចូល​ទៅ​ឲ្យ​ដល់ សួរ​នាំ​ពួក​គាត់ ហើយ​សុំ​កុំ​ឲ្យ​មាន​ការ​បញ្ជូន​ទៅ​ណា​ទៅ​ណី​អី ដើម្បី​យើង​សម្រប​សម្រួល​គ្នា ព្រោះ​ក្នុង​ខែ​៣​នេះ ខ្ញុំ​បាន​ទៅ​ជួបជុំ​ជាមួយ​ពួក​គាត់ និង​ក្រុម​ការងារ​កម្ពុជា​យើង​នៅ​ក្នុង​ខែត្រ​បាត់ដំបង ស្រុក​សំឡូត​នេះ។ អ៊ីចឹង​យើង​បាន​និយាយ​គ្នា បើ​សិន​ជា​មាន​ប្រជា​ពលរដ្ឋ​យើង​ពាក់ព័ន្ធ​ចំណុច​ខ្លះ​ៗ​អី សូម​ឲ្យ​មាន​ការ​យោគយល់​ផង ពីព្រោះ​ពួក​គាត់​វា​មាន​កន្លែង​ខ្លះ​គាត់​មិន​អាច​ដឹង​បាន​ទេ ពីព្រោះ​គាត់​ម៉េច​នឹង​ដឹង​ថា កន្លែង​ណា​ដី​ថៃ កន្លែង​ណា​ដី​ខ្មែរ! អ៊ីចឹង​ខុស​ឆ្គង​បន្តិច​បន្តួច​អី អាច​សម្រួល​បាន យើង​សម្រួល​ឲ្យ​ពួក​ខ្ញុំ​មក! អ៊ីចឹង​ពេល​នោះ​ភាគី​ថៃ​គេ​ក៏​បាន​ឆ្លើយ​តប​នឹង​យើង​ថា គេ​នឹង​ដោះស្រាយ​ឲ្យ​យើង​នៅ​ថ្ងៃ​ច័ន្ទ»

លោក​ឧត្ដម​សេនីយ៍​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​បាន​សម្រេច​ប្រគល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង ១២​នាក់​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក​សំឡូត​ហើយ កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​មិថុនា បន្ទាប់​ពី​បាន​អន្តរាគមន៍​រំដោះ​ពី​កង​ទាហាន​ថៃ​រួច​មក។

លោក​ឧត្ដម​សេនីយ៍ ឌី ភេន បាន​មាន​ប្រសាសន៍​ថា ចំណុច​ដែល​ទាហាន​ថៃ​នៃ​កង​រយ​លេខ​៥១៦ ចាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ១២​នាក់​នោះ គឺ​ជា​ទឹក​ដី​ខ្មែរ ប៉ុន្តែ​ទាហាន​អះអាង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ចូល​ទៅ​ដី​ថៃ កៀក​នឹង​បន្ទាយ​ទាហាន​ថៃ ទើប​ពួក​គេ​ចាប់​ឃាត់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង ១២​នាក់​ទុក​រង់ចាំ​ភាគី​កម្ពុជា​ចូល​ទៅ​ដោះស្រាយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល