លោកឧត្ដមសេនីយ៍ ឌី ភេន ប្រធានការិយាល័យទំនាក់ទំនងព្រំដែនខ្មែរថៃ បានមានប្រសាសន៍កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ថា ប្រជាពលរដ្ឋខ្មែរចំនួន ១២នាក់ ក្នុងនោះមាន ២នាក់ជាទាហានខ្មែរនៃកងពលលេខ៥២ ត្រូវបានទាហានថៃនៃកងរយលេខ៥១៦ ចាប់កាលពីថ្ងៃទី២៥ ខែមិថុនា ខណៈដែលពួកគេបានចូលទៅរកបោចផ្ដៅនៅតំបន់ព្រំដែនខ្មែរថៃ ទល់មុខច្រកសែនចៅ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង អស់រយៈពេល ៧ថ្ងៃមកហើយនោះ។
លោកឧត្ដមសេនីយ៍ ឌី ភេន បានបញ្ជាក់ថា ៖ «វេលាម៉ោង៥ នៅថ្ងៃទី២៥ ខែ៦ ២០១០នេះ ប្រជាពលរដ្ឋ និងកងទ័ពយើងកងពលលេខ៥២ សរុប ១២នាក់ ទៅរកស៊ីបោចផ្ដៅ ៧ថ្ងៃហើយ ត្រូវទាហានថៃកងរយលេខ៥១៦ ចាប់ ៣ថ្ងៃ។ រហូតដល់ថ្ងៃទី២៨ ខែ៦ ២០១០ វេលាម៉ោង៥ល្ងាច ខ្ញុំបានបញ្ជាឲ្យទៅទាក់ទង។ មកដល់ពេលនេះ គឺយើងបានយកប្រជាពលរដ្ឋទាំង ១២នាក់នោះមកដល់ ហើយបានប្រគល់ឲ្យទៅលោកអភិបាលរងស្រុកសំឡូត គ្រាន់នឹងចាត់ចែងឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ...»។
លោកបានបន្តថា ៖ «...សុខភាពពួកគាត់អត់បញ្ហាទេ! ពេលដែលថៃចាប់ទៅនោះ គេឲ្យហូបបាយ ១ថ្ងៃ ៣ពេល ប៉ុន្តែនៅពេលដែលគាត់ចាប់ទៅភ្លាម ខ្ញុំបានបញ្ជាឲ្យក្រុមការងារខ្ញុំកាលពីថ្ងៃសៅរ៍នេះ ធ្វើម៉េចចូលទៅឲ្យដល់ សួរនាំពួកគាត់ ហើយសុំកុំឲ្យមានការបញ្ជូនទៅណាទៅណីអី ដើម្បីយើងសម្របសម្រួលគ្នា ព្រោះក្នុងខែ៣នេះ ខ្ញុំបានទៅជួបជុំជាមួយពួកគាត់ និងក្រុមការងារកម្ពុជាយើងនៅក្នុងខែត្របាត់ដំបង ស្រុកសំឡូតនេះ។ អ៊ីចឹងយើងបាននិយាយគ្នា បើសិនជាមានប្រជាពលរដ្ឋយើងពាក់ព័ន្ធចំណុចខ្លះៗអី សូមឲ្យមានការយោគយល់ផង ពីព្រោះពួកគាត់វាមានកន្លែងខ្លះគាត់មិនអាចដឹងបានទេ ពីព្រោះគាត់ម៉េចនឹងដឹងថា កន្លែងណាដីថៃ កន្លែងណាដីខ្មែរ! អ៊ីចឹងខុសឆ្គងបន្តិចបន្តួចអី អាចសម្រួលបាន យើងសម្រួលឲ្យពួកខ្ញុំមក! អ៊ីចឹងពេលនោះភាគីថៃគេក៏បានឆ្លើយតបនឹងយើងថា គេនឹងដោះស្រាយឲ្យយើងនៅថ្ងៃច័ន្ទ»។
លោកឧត្ដមសេនីយ៍បានមានប្រសាសន៍ថា មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរបានសម្រេចប្រគល់ប្រជាពលរដ្ឋខ្មែរទាំង ១២នាក់នោះទៅឲ្យអាជ្ញាធរស្រុកសំឡូតហើយ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា បន្ទាប់ពីបានអន្តរាគមន៍រំដោះពីកងទាហានថៃរួចមក។
លោកឧត្ដមសេនីយ៍ ឌី ភេន បានមានប្រសាសន៍ថា ចំណុចដែលទាហានថៃនៃកងរយលេខ៥១៦ ចាប់ប្រជាពលរដ្ឋខ្មែរ ១២នាក់នោះ គឺជាទឹកដីខ្មែរ ប៉ុន្តែទាហានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងនោះចូលទៅដីថៃ កៀកនឹងបន្ទាយទាហានថៃ ទើបពួកគេចាប់ឃាត់ប្រជាពលរដ្ឋខ្មែរទាំង ១២នាក់ទុករង់ចាំភាគីកម្ពុជាចូលទៅដោះស្រាយ៕