ពលករ​ខ្មែរ​២១​នាក់​ត្រូវ​បាន​បញ្ជូន​មក​ពី​ប្រទេស​ថៃ

ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​អន្តរាគមន៍​រំដោះ​ពលករ​ខ្មែរ ២១​នាក់​មក​​ស្រុក​ខ្មែរ​វិញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កញ្ញា បន្ទាប់​ពី​ពលករ​ខ្មែរ ៣​នាក់​ត្រូវ​បាន​ស្ថានទូត​ខ្មែរ​អន្តរាគមន៍​យក​មក​ស្រុក​ខ្មែរ​រួច​មក​នា​ ពេល​ថ្មីៗនេះ។
ដោយ សួន សុផល មុន្នី
2010-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​អូស​រទេះ​ឆ្លង​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១០
ពលករ​ខ្មែរ​អូស​រទេះ​ឆ្លង​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១០
RFA/Soun Sophalmony

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ជន​រង​គ្រោះ​ខ្មែរ​ប្រុស​ស្រី​ចំនួន ២១​នាក់​មក​ដល់​ស្រុក​ខ្មែរ​វិញ​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កញ្ញា តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ បន្ទាប់​ពី​បាន​ជាប់​ឃុំ​ជា​ច្រើន​ខែ ដោយ​សារ​ចាញ់​ការ​ឆ​បោក មេខ្យល់​នាំ​ទៅ​ធ្វើការ​នៅ​រោង​ចក្រ​ផលិត​ប្រហិត​មួយ នៅ​ក្នុង​ប្រទេស​ថៃ។

ពលករ​ខ្មែរ ២១​នាក់ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​តាម​រថយន្ត​ទេសចរណ៍​ធុន​តូច ចេញ​ពី​ក្រុង​បាងកក​មក​ស្រុក​ខ្មែរ​វិញ ដោយ​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ប្រទេស​ថៃ​អម​ដំណើរ។

លេខា​ទី​២ នៃ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក ប្រទេស​ថៃ លោក សាយ កានី ដែល​បាន​ធ្វើ​ដំណើរ​មក​ជា​មួយ​ពលករ​ខ្មែរ​ទាំង ២១​នាក់​នោះ បាន​ឲ្យ​ដឹង​ថា ការ​អន្តរាគមន៍​យក​ពលករ​ខ្មែរ ២១​នាក់ មក​ស្រុក​ខ្មែរ​វិញ​នេះ គឺ​ជា​លើក​ទី​២ បន្ទាប់​ពី​ពលករ​ខ្មែរ​បី​នាក់ ត្រូវ​បាន​បញ្ជូន​មក​ជា​លើក​ទី​១ កាល​ពី​ពេល​ថ្មីៗនេះ។

នៅ​មុន​ការ​បញ្ជូន​ពលករ​ខ្មែរ ២១​នាក់​មក​ទឹក​ដី​ខ្មែរ​វិញ ខាង​មុខ​ជាប់​គល់​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត គេ​សង្កេត​ឃើញ​មាន​បង​ប្អូន​ក្រុម​គ្រួសារ​ក្មេង​ចាស់​របស់​ពួក​គេ​ជាង ១០​នាក់ បាន​ឈរ​រង់ចាំ​មើល​ផ្លូវ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។

នៅ​ពេល​មក​ដល់​ទឹក​ដី​ខ្មែរ ពលករ​ខ្មែរ​ទាំង​២១​នេះ ត្រូវ​គេ​បញ្ជូន​ទៅ​ដាក់​នៅ​មជ្ឈ​មណ្ឌល​សំចត​ប៉ោយ​ប៉ែត ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ធ្វើ​កំណត់​ហេតុ។

លោក​ស្រី ឈា ម៉ានិត ប្រធាន​មជ្ឈ​មណ្ឌល​សំចត​ប៉ោយ​ប៉ែត បាន​មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ ទាំង​២១​នាក់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​បង​ប្អូន ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​នៅ​តាម​ស្រុក​ភូមិ​នៅ​ក្រោយ​ការ​ធ្វើ​កំណត់​ហេតុ​រួច។

អនុ​រដ្ឋ​លេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា នៅ​ក្រោយ​រដូវ​ភ្ជុំ​បិណ្ឌ ភាគី​កម្ពុជា​នឹង​បញ្ជូន​តំណាង​ពលករ​ខ្មែរ​ខ្លះ ក្នុង​ចំណោម​ពួក​គេ ២១​នាក់ ទៅ​ធ្វើ​ជា​សាក្សី ឆ្លើយ​បំភ្លឺ​ជូន​តុលាការ​ថៃ ទាក់​ទិន​សំណុំ​រឿង​ថៅកែ​ក្រុមហ៊ុន​ផលិត​ប្រហិត​ជន​ជាតិ​ថៃ ដែល​គេ​ចោទ​ពី​បទ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ខុស​ច្បាប់។

ចំនួន​ពលករ​ខ្មែរ ដែល​រដ្ឋាភិបាល​ខ្មែរ​អន្តរាគមន៍​មក​ស្រុក​ខ្មែរ​វិញ​ទាំង​ពីរ​លើក សរុប​មាន​ចំនួន ២៤​នាក់ ស្រី​១៧​នាក់ ប្រុស​៧​នាក់។

កាល​ពី​ដើម​ឆ្នាំ​២០១០ ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន ២៩​នាក់ ជា​អ្នក​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​បាត់​ដំបង ត្រូវ​បាន​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ផលិត​ប្រហិត​ថៃ​មួយ នៅ​ស្រុក​មហាឆៃ ខេត្ត​សាមុត​សាខន​ប្រទេស​ថៃ មាន​ពលករ​ចំនួន ៥​នាក់​បាត់​ដំណឹង មិន​ឃើញ​មក​វិញ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល