ជំងឺ​ផ្ដាសាយ​ A(H1N1) ឆ្លង​រាល​ដាល​២៧​ករណី​ថ្មី​ទៀត

មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​២៩ កក្កដា​នេះ ថា ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A(H1N1) បាន​ឆ្លង​រាល​ដាល​កើន​ឡើង​ចំនួន ២៧​ករណី​ថ្មី​ទៀត។
ដោយ អ៊ុក សាវបូរី
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ដំណើរ​ពាក់​ម៉ាស​មុខ ខណៈ​ដើ​រកាត់​ផ្សារ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ តុលា ២០០៩។
អ្នក​ដំណើរ​ពាក់​ម៉ាស​មុខ ខណៈ​ដើ​រកាត់​ផ្សារ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ តុលា ២០០៩។
AFP/TANG CHHIN SOTHY

អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ថ្លែង​បន្ត​ថា ក្នុង​ខែ​មិថុនា និង​ខែ​កក្កដា ឆ្នាំ​២០១០​នេះ ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A(H1N1) បាន​ឆ្លង​រាល​ដាល​កើន​ដល់ ២៧​ករណី​បន្ថែម​លើ​ចំនួន​អ្នក​ឆ្លង​ជំងឺ​ចាស់​ដែល​មាន ៦២៣​ករណី។ លោក​ថា ករណី​ឆ្លង​រាល​ដាល​ថ្មី ២៧​ករណី គិត​មក​ដល់​ថ្ងៃ​២២ ខែ​កក្កដា មិន​ទាន់​មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំង​អស់​ប្រុង​ប្រយ័ត្ន និង​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ។

របាយការណ៍​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បង្ហាញ​ថា ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A(H1N1) ត្រូវ​បាន​រក​ឃើញ​ដំបូង​បំផុត​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​២៣ ខែ​មិថុនា ឆ្នាំ​២០០៩ ដោយ​និស្សិត​ស្រី​ម្នាក់​បាន​ចម្លង​ជំងឺ​នេះ​មក​ពី​ប្រទេស​អាមេរិក។ ចាប់​ពី​មាន​ជំងឺ​នោះ​ឆ្លង​ចូល​មក​កម្ពុជា​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០០៩ រហូត​មក​ដល់​ថ្ងៃ​២២ ខែ​កក្កដា ឆ្នាំ​២០១០ មាន​អ្នក​ជំងឺ​ឆ្លង​ចំនួន ៦៥០​ករណី​ហើយ។ ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន ៦​នាក់​នា​ពេល​កន្លង​មក។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​បន្ត​ថា មហា​ជន​គួរ​យក​ចិត្ត​ទុក​ដាក់​ជួយ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល ដោយ​គ្រាន់​តែ​ទូរស័ព្ទ​បន្ទាន់​មក​លេខ​១១៥ នៅ​ពេល​ដែល​ឃើញ​មាន​អ្នក​កើត​ជំងឺ​ផ្ដាសាយ​ច្រើន​នៅ​កន្លែង​ណា​មួយ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ដែរ​ថា ជាមួយ​នឹង​ការ​ចូលរួម​ជួយ​ការពារ​អាយុ​ជីវិត​ជន​កម្ពុជា​ពី​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A(H1N1) អង្គការ​សុខភាព​ពិភពលោក​បាន​ផ្ដល់​វាក់សាំង​មក​ដល់​ប្រទេស​កម្ពុជា​ចំនួន ១​លាន ៨​សែន​ដូស ដើម្បី​ចាក់​ការពារ​ប្រជាជន​ទូទាំង ២៤​ខេត្ត​ក្រុង។ លោក​ថា វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A(H1N1) ផ្ដល់​អាទិភាព​មុន​គេ​គឺ​កុមារ​ចាប់​ពី​អាយុ ៦​ខែ​ ដល់ ២៤​ខែ ស្ត្រី​មាន​ផ្ទៃ​ពោះ ក្រុម​អ្នក​កើត​ជំងឺ​សួត​រ៉ាំរ៉ៃ និង​កង​កម្លាំង​ការពារ​សន្តិសុខ​ជាតិ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល