លោក ជួន ណារ៉ុង អ្នកនាំពាក្យគណបក្សខ្មែរសាធារណរដ្ឋ បានមានប្រសាសន៍នៅថ្ងៃទី៣០ មិថុនា ឲ្យដឹងថា ការរួមគ្នារបស់គណបក្សទាំងបី គឺដើម្បីជួយប្រមូលសន្លឹកឆ្នោតឲ្យគ្នា ព្រោះគណបក្សទាំងបីនេះមិនបានឈរឈ្មោះនៅគ្រប់មណ្ឌលទេ តែគេមានអ្នកគាំទ្រនៅគ្រប់២៤មណ្ឌលទូទាំងប្រទេស ។
លោក ជួន ណារ៉ុង បានមានប្រសាសន៍ឲ្យដឹងថា ៖ «នៅពេលនេះ ដែលយើងជួបគ្នាដល់ម៉ោងនេះ បើយើងនិយាយឲ្យខ្លីទៅ គឺវាយឺតបន្តិចហើយ ប៉ុន្តែគ្រាន់តែថា យើងធ្វើយុទ្ធសាស្ត្រនេះ គឺដើម្បីអនាគត នៅពេលជួបគ្នាខាងមុខនេះ យើងនឹងរៀបចំជជែកគ្នា យើងមិនទាន់ប្រាកដថា តើអស់លោកផ្សេងៗដែលជជែកហ្នឹង ថាជាសម្ព័ន្ធក្នុងពេលបច្ចុប្បន្ននេះ ឬក៏ជាសម្ព័ន្ធទៅថ្ងៃមុខ ឬក៏យើងត្រូវតែមូលគ្នា យើងមិនទាន់ប្រាកដទេ» ។
ទាក់ទងជាមួយការចូលគ្នានេះដែរ លោក បាន សុផល ប្រធានគណបក្សសង្គមយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា ការចូលគ្នានេះមិនមានដាក់លក្ខខណ្ឌអ្វីទេ ហើយគណបក្សទាំង៣ មានគម្រោងចុះហត្ថលេខាសម្ព័ន្ធភាពជាផ្លូវការនៅថ្ងៃទី៧ កក្កដា ខាងមុខនេះ ។
លោក បាន សុផល មានប្រសាសន៍ដូច្នេះថា ៖ «ចូលគ្នានេះ គឺមិនទាន់រំលាយចូលគ្នាទេ គ្រាន់តែយើងចុះហត្ថលេខាសម្ព័ន្ធភាពមួយដើម្បីចែករំលែកមណ្ឌលគ្នាកុំឲ្យខាតសន្លឹកឆ្នោត» ។
ចំណែកលោក ក្រវាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ បានមានប្រសាសន៍ថា ការរួមគ្នានេះបានបង្ហាញថា គណបក្សនយោបាយចេះរួមគ្នា ហើយអាចជួយពង្រឹងគ្នាបាន ៖ «យើងអាចចែកគ្នា ឧទាហរណ៍ ភ្នំពេញ ខ្ញុំមានដាក់បេក្ខជនដែរ ប៉ុន្តែខ្ញុំឲ្យសកម្មជនបោះឆ្នោតឲ្យគណបក្សឈប់ក្រ ហើយឧទាហរណ៍ថា គណបក្សខ្មែរសាធារណរដ្ឋ មានកម្លាំងនៅកន្លែងណាច្រើន យើងទៅបូកឲ្យគាត់នៅកន្លែងហ្នឹងតែម្ដង» ។
លោក គល់ បញ្ញា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ ខុមហ្រ្វែល បានមានប្រសាសន៍ថា ការរួមគ្នានេះ ហាក់ដូចជាហួសពេលទៅហើយ ៖ «ខ្ញុំគិតថា ពេលវេលាហាក់ដូចជាហួសបន្តិចហើយ សំខាន់តើគោលបំណង ដើម្បីអ្វី? បើដើម្បីតែចូលគ្នាដើម្បីប្រមូលកម្លាំងអ្នកនយោបាយដូចគ្នា អាហ្នឹងវាមិនជាអីទេ ចូលឥឡូវក៏បាន ចូលពេលណាក៏បាន ប៉ុន្តែបើដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត វាហួសពេលហើយ» ។
តាមតារាងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា គណបក្សសង្គមយុត្តិធម៌ មានបេក្ខជនឈរឈ្មោះនៅចំនួន ៧មណ្ឌល គណបក្សខ្មែរឈប់ក្រ មានបេក្ខជនឈរឈ្មោះនៅចំនួន ៧មណ្ឌល និងគណបក្សខ្មែរសាធារណរដ្ឋ មានបេក្ខជនឈរឈ្មោះនៅចំនួន ៩មណ្ឌលក្នុងចំណោមមណ្ឌលទាំងអស់មានចំនួន ២៤ទូទាំងប្រទេស ៕
