អ្នក​ភូមិ​៥​នាក់​ស្លាប់​ដោយ​ជំងឺ​រាក​ក្អួត​នៅ​ខេត្ត​រតនគិរី

ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ថា ករណី​ជំងឺ​រាតត្បាត​នេះ​កើត​ឡើង​ដោយសារ​អ្នក​ភូមិ​នៅ​ប្រកាន់​ប្រពៃណី​ អប្បិយជំនឿ និង​ព្យាបាល​ដោយ​ថ្នាំ​បូរាណ មិន​យក​អ្នក​ជំងឺ​ទៅ​មណ្ឌល​សុខ​ភាព ឬ​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បន្ត​បន្ទាប់។
ដោយ រដ្ឋា វីសាល
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឆ្លង​ជំងឺ​រាករូស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១០។
អ្នក​ឆ្លង​ជំងឺ​រាករូស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១០។
RFA/Or Phearith

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ល្បាំង​មួយ ស្រុក​លំផាត់ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា​ថា អ្នក​ភូមិ​កាទឹង​ចំនួន ៥​នាក់ ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​រាក​ក្អួត។ មេ​ឃុំ​ល្បាំង​មួយ លោក ប៉េវ វិល បញ្ជាក់​ថា អ្នក​ភូមិ​ដែល​ស្លាប់ ៥​នាក់​នោះ ឋិត​ក្នុង​សមាជិក ៤​គ្រួសារ​នៃ​សហគមន៍​ជន​ជាតិ​ដើម​គ្រឹង ក្នុង​នោះ​មាន ៣​នាក់ ជា​មនុស្ស​ចាស់ និង​ពីរ​នាក់​ជា​ក្មេង​អាយុ ៦​ឆ្នាំ បាន​ស្លាប់​បន្ត​បន្ទាប់​គ្នា កាល​ពី​រាត្រី​ថ្ងៃ​ទី​២៧ និង​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១០ ដោយ​សារ​ជំងឺ​រាក​ក្អួត។

លោក ប៉េវ វិល មាន​ប្រសាសន៍​ដូច្នេះ ៖ «រាក​ក្អួត​ៗ ស្លាប់​ភ្លាមៗ​ម៉្មង អស់​កម្លាំង​ដាច់​ខ្យល់​ម៉្មង។ពេទ្យ​ហ្នឹង​ពី​ផ្លូវ​ថ្នល់​ទៅ​ដល់​កន្លែង​គេ​ហ្នឹង​ឆ្ងាយ​ដែរ»

នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១០ ក្រុម​មន្ត្រី​សុខាភិបាល​ខេត្ត​រតនគិរី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​កើត​ហេតុ​នោះ​ហើយ ដើម្បី​ធ្វើ​ការ​សង្គ្រោះ និង​សិក្សា​ស្វែង​រក​ហេតុ​ផល​ពិត​ប្រាកដ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្លាប់​បែប​នេះ។

ប្រធាន​មណ្ឌល​សុខភាព​ស្រុក​លំផាត់ លោក សាយ សឿន មាន​ប្រសាសន៍​ថា តួ​លេខ​សរុប អ្នក​ភូមិ​ដែល​រង​នូវ​ជំងឺ​រាក​ធ្ងន់ធ្ងរ​នៅ​ភូមិ​កាទឹង មាន​១៨​ករណី ក្នុង​នោះ​៥​នាក់​ស្លាប់ និង​១៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ និង​កំពុង​ព្យាបាល​បន្ត​ទៀត​នៅ​ក្នុង​ភូមិ​របស់​ពួក​គេ​ដោយ​មន្ត្រី​សុខាភិបាល។

លោក​បន្ត​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ នា​ឆ្នាំ​២០១០ នេះ ក្នុង​ស្រុក​លំផាត់​មាន​ផ្ទុះ​ចេញ​នូវ​ជំងឺ​រាក​ក្អួត​ដោយ​សារ​អ្នក​ភូមិ​រស់​នៅ​ខ្វះ​អនាម័យ ក្នុង​ការ​បរិភោគ​ចំណី​អាហារ និង​ការ​ប្រើប្រាស់​ទឹក ៖ «ភូមិ​វា​ដាច់​ស្រយាល​ពេក យើង​ពិបាក​ចេញ​ចូល យើង​ទៅ​មិន​ទាន់។ ទើប​កើត​មួយ​កន្លែង​ហ្នឹង​ទេ»

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគីរី លោក​វេជ្ជបណ្ឌិត ថា ប៊ុន​ថាក់ មាន​ប្រសាសន៍​បញ្ជាក់​ថា ភូមិ​នេះ​នៅ​ដាច់​ស្រយាល មិន​មាន​ផ្លូវ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទើប​អ្នក​ភូមិ​មិន​យក​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ ហើយ​អ្នក​ភូមិ​នៅ​ប្រកាន់​អប្បិយជំនឿ មិន​យក​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព​ទាន់​ពេល​វេលា។ លោក​បន្ត​ថា មន្ត្រី​ផ្នែក​សុខាភិបាល​ខេត្ត​កំពុង​ផ្សព្វ​ផ្សាយ​ការ​អប់រំ​កែប្រែ​ឥរិយាបថ​ប្រជា​ពលរដ្ឋ​ទាក់​ទិន​ជំងឺ​រាករូស ដើម្បី​កាត់​បន្ថយ​ជំនឿ​មិន​សម​ហេតុ​ផល។

លោក​វេជ្ជបណ្ឌិត ថា ប៊ុន​ថាក់ មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ទើប​ធ្វើ​ហើយ​ថ្មីៗ នៅ​កាចាញ ប៉ុន្តែ​យើង​ផ្ដោត​លើ​ខ្លឹមសារ​នៃ​ជំងឺ​រាករូស ដើម្បី​ឲ្យ​ប្រជាជន​គាត់​បាន​យល់​ពី​ការ​រាករូស​ហ្នឹង ដើម្បី​ឲ្យ​មាន​អា​របៀប​វិធានការ​ជួយ​អន្តរាគមន៍​ទាំង​អស់​គ្នា»

ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១០ តួលេខ​ផ្ដល់​ដោយ​មន្ត្រី​សុខាភិបាល​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​រាក​ក្អួត​ចំនួន ២៤​នាក់ និង​១០២៣​ករណី​មាន​ជំងឺ​រាករូស និង​ព្យាបាល​បាន​ទាន់​ពេល​វេលា។

មន្ត្រី​ផ្នែក​សុខាភិបាល​ខេត្ត​ឲ្យ​ដឹង​ដែរ​ថា តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដោយ​នាយកដ្ឋាន​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល ដែល​វិភាគ​ទៅ​លើ​លាមក​អ្នក​ជំងឺ​រាក​ក្អួត​នៅ​ខេត្ត​រតនគិរី លើក​ទី​១​ចំនួន ៨​ករណី បាន​បង្ហាញ​ថា មាន​ពីរ​ករណី​បណ្ដាល​មក​ពី​មេរោគ​អាសន្នរោគ (Virus Cholera) និង​ការ​ពិសោធន៍​លើក​ទី​២ ក្នុង​ចំណោម​១៨​ករណី មាន​៣​ករណី ក៏​បង្ហាញ​ថា បណ្ដាល​មក​ពី​មេរោគ​អាសន្នរោគ​ដូច​គ្នា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល