សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ និយាយថា មានមនុស្សចំនួន ៦នាក់ ជាក្រុមនិស្សិត អាយុចាប់ពី ២០ ទៅ ២២ឆ្នាំ ត្រូវបានឆេះស្លាប់យ៉ាងអាណោចអាធ័មក្នុងរថយន្តកាមរីបាឡែនមួយគ្រឿងរបស់ពួកគេ នៅពេលដែលរថយន្តនោះបានជិះទៅបុកពេញទំហឹងជាមួយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសូគីម៉ិច នៅថ្ងៃទី១១ កុម្ភៈ។
លោក សេង ចំរើន អធិការរងស្រុកព្រៃនប់ ដែលបានចុះទៅអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជន ៥នាក់ និងយុវតីម្នាក់ បានធ្វើដំណើរតាមរថយន្តកាមរីបាឡែនមួយគ្រឿង រួមគ្នាក្នុងល្បឿនលឿន ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដើម្បីដើរលងក្នុងពិធីបុណ្យចូលឆ្នាំចិន។
លុះធ្វើដំណើរដល់ភូមិមនោរម្យ ឃុំជើងគោ ក្នុងស្រុកព្រៃនប់ ជិតចម្ការដូងប្រេង រថយន្តនោះបានជិះជ្រែចូលចំណែកផ្លូវម្ខាងទៀត បណ្ដាលឲ្យជ្រុលចង្កូតទៅបុករថយន្តដឹកប្រេងក្នុងទិសដៅបញ្ចៀសគ្នាពេញទំហឹង៖ «ក្រោយបុកឡានសូគីម៉ិច វាក៏ក្រឡាប់ និងឆេះតែម្ដង។ ស្លាប់ ៦នាក់ក្នុងឡានបាឡែនហ្នឹងជួយសង្គ្រោះអូសចេញបាន ២នាក់ ប៉ុន្តែស្លាប់ហើយអូសចេញហ្នឹង ប្រុសម្នាក់ស្រីម្នាក់ នៅសល់ ៤នាក់ឆេះស្លាប់សល់តែផេះ។ មិត្តភ័ក្ដិ ហើយសុទ្ធតែជានិស្សិតនៅភ្នំពេញទាំងអស់»។
លោកបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ រថយន្តដឹកប្រេងបានរេចង្កូតធ្លាក់ពីលើផ្លូវចូលក្នុងចម្ការដូងប្រេងនៅក្បែរនោះ រីឯតៃកុងឡានរថយន្តដឹកប្រេង បានរត់គេចខ្លួនបាត់។ លោកបន្តទៀតថា សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងពីមូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍នោះ គឺបណ្ដាលមកពីតៃកុងឡានកាមរីបាឡែន បើកលើសល្បឿនកំណត់ និងមិនប្រកាន់ស្ដាំ។
តាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា កាលពីថ្ងៃអាទិត្យ ជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន មានមនុស្សចំនួន ១៥នាក់ បានស្លាប់ និងរបួសចំនួន ៥៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ ចំនួនគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៣៨ករណីនៃថ្ងៃដំបូងនៃពិធីបុណ្យនេះ។ មូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ និងអ្នកបើកបរស្រវឹង។
ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ លោក ហ៊ឹម យ៉ាន បដិសេធមិនធ្វើការអត្ថាធិប្បាយទេ នៅថ្ងៃទី១១ ខែកុម្ភៈ ដោយបញ្ជាក់ថា របាយការណ៍ផ្លូវការនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំចិន នឹងចេញផ្សាយនៅចុងសប្ដាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
