ក្រសួង​ទេសចរណ៍​រក​វិធានការ​អភិរក្ស​ស៊ីក្លូ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៣ បាន​កោះ​ប្រជុំ​ជាមួយ​តំណាង​សមាគម​អភិរក្ស​ស៊ីក្លូ តំណាង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា និង​សមាគម​សណ្ឋាគារ​ជាដើម ដើម្បី​រិះរក​វិធានការ​បន្ទាន់​មួយ​ក្នុង​ការ​ថែ​រក្សា ឬ​អភិរក្ស​ស៊ីក្លូ នៅ​ទីក្រុង​ភ្នំពេញ ដោយ​សារ​តែ​គេ​បាន​កត់​សម្គាល់​ថា ចំនួន​ស៊ីក្លូ​កំពុង​តែ​ថយ​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ។
ដោយ សុខ សេរី
2013.01.09
Share on WhatsApp
Share on WhatsApp
ថោង ខុន ៣០៥ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដឹកនាំ​កិច្ច​ប្រជុំ​នៅ​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៣។
RFA

វិធានការ​អភិរក្ស​ស៊ីក្លូ នោះ គឺ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា លោក​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ស៊ីក្លូ​នៅ​ថ្ងៃ​អនាគត បើ​សិន​ណា​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​នោះ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន និង​តំណាង​សមាគម​អភិរក្ស​ស៊ីក្លូ និង​តំណាង​សមាគម​សណ្ឋាគារ ព្រម​ទាំង​តំណាង​សមាគម​មួយ​ចំនួន​ទៀត បាន​ឯកភាព​គ្នា​ថា គេ​នឹង​បន្ត​អភិរក្ស​ស៊ីក្លូ​មិន​ឲ្យ​បាត់​បង់​នៅ​ថ្ងៃ​អនាគត​ឡើយ ដោយ​បង្កើន​គុណភាព​សេវា និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​បរទេស នៅ​គ្រា​ដែល​គេ​ត្រូវ​ការ​ស៊ីក្លូ​ជិះ​កម្សាន្ត​នៅ​ភ្នំពេញ។

វិធានការ​រក្សា​សុវត្ថិភាព​របស់​អ្នក​ធាក់​ស៊ីក្លូ​នោះ មាន​ដូច​ជា ស៊ីក្លូ​នីមួយៗ​ត្រូវ​មាន​កញ្ចក់ ហ្វ្រាំង ដំបូល និង​ចង្កៀង​បំភ្លឺ​ផ្លូវ​ជាដើម។ អ្នក​ធាក់​ស៊ីក្លូ​គប្បី​មាន​ឯក​សណ្ឋាន​ត្រឹមត្រូវ និង​មាន​អាវ​ភ្លៀង​សម្រាប់​រដូវ​ភ្លៀង​ធ្លាក់។ នៅ​ជំហាន​បន្ទាប់​ទៀត អ្នក​ធាក់​ស៊ីក្លូ​ម្នាក់​ត្រូវ​មាន​ប័ណ្ណ​បើកបរ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ការ​ទុក​ចិត្ត​ជាដើម។

ក្រៅ​ពី​នេះ សមាគម​អភិរក្ស​ស៊ីក្លូ​ត្រូវ​តែ​ផ្តល់​ការ​អប់រំ​រៀន​សូត្រ​ដល់​អ្នក​ធាក់​ស៊ីក្លូ។ សមាគម​នេះ​គប្បី​បង្កើន​សមាជិក​បន្ត​ទៀត​ឲ្យ​បាន​ចំនួន​ច្រើន។ អ្នក​ធាក់​ស៊ីក្លូ​គប្បី​ចេះ​និយាយ​ភាសា​បរទេស​ខ្លះៗ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​មាន​ប្រសាសន៍​ថា ស៊ីក្លូ​គឺ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សំខាន់​មួយ​ដែរ​ក្នុង​វិស័យ​ទេសចរណ៍​បៃតង៖ «ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ចំណត ចំណត​ស៊ីក្លូ ពិសេស​នៅ​តាម​ភោជនីយដ្ឋាន នៅ​តាម​សណ្ឋាគារ នៅ​តាម​ហាង​លក់​ទំនិញ នៅ​តាម​គោល​ដៅ​ទេសចរណ៍​ទាំង​អស់​ដូច​ថា រៀបចំ​ចំណត​អាទិភាព ពិសេស​សម្រាប់​ស៊ីក្លូ​នេះ។ ទន្ទឹម​នោះ សាលា​ក្រុង​ក៏​លោក​នឹង​រៀបចំ​ឲ្យ​មាន​ផ្លូវ ពិសេស​សម្រាប់​ស៊ីក្លូ​នៅ​កន្លែង​មួយ​ចំនួន ពី​គោលដៅ​ទេសចរណ៍​មួយ​ទៅ​គោលដៅ​ទេសចរណ៍​មួយ។ ឧទាហរណ៍ ពី​វិមាន​ឯករាជ្យ​ទៅ​វត្ត​ភ្នំ រៀបចំ​ឲ្យ​មាន​ផ្លូវ​ស៊ីក្លូ និង​ផ្លូវ​កង់​ដោយ​ឡែក ឬ​ក៏​ពី​ព្រះបរមរាជវាំង ឬ​ក៏​ពី​គុក​ទួល​ស្លែង ទៅ​ផ្សារ​ទួល​ទំពូង។ល។»

ជាមួយ​គ្នា​នេះ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខ​របរ​ក្រៅ​ប្រព័ន្ធ លោក អ៊ឹម សម្បត្តិ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចាត់​វិធានការ​មួយ​ចំនួន​តាម​ការ​ឯកភាព​គ្នា​នេះ៖ «ទីមួយ គឺ​យើង​រៀបចំ​ស៊ីក្លូ​ឲ្យ​មាន​ឯក​សណ្ឋាន ហើយ​ចំណុច​ទី២ គឺ​រៀបចំ​រចនាបថ​ស៊ីក្លូ​ដូច​សម័យ​រាស្ត្រ​និយម មាន​កណ្ដឹង មាន​ចង្កៀង ហើយ​និង​មាន​ចំណាំងផ្លាត ហើយ​និង​មាន​លេខ​កូដ។ ទាក់​ទង​លេខ​កូដ​នេះ ប្រហែល​ជា​យើង​រៀបចំ​ឲ្យ​មាន​លេខ​កូដ​បណ្ដោះ​អាសន្ន​សិន រង់ចាំ​សម្រេច​ពី​ក្រសួង​សាធារណការ ដើម្បី​យើង​ចុះ​ជា​ស្ថាពរ។ ស៊ីក្លូ​នៅ​ទីក្រុង​ភ្នំពេញ វា​អត់​មាន​បង្កើត​ថ្មី​ទេ វា​មាន​តែ​ថយ​ចុះ ដូច្នេះ​វា​អាស្រ័យ​លើ​អ្នក​ធាក់ សូម្បី​តែ​មាន ៥១៧​គ្រឿង ក៏​មិន​មាន​អ្នក​ធាក់​គ្រប់គ្រាន់​ដែរ»

ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខ​របរ​ក្រៅ​ប្រព័ន្ធ លោក អ៊ឹម សម្បត្តិ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៣។
ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខ​របរ​ក្រៅ​ប្រព័ន្ធ លោក អ៊ឹម សម្បត្តិ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៣។
RFA/Sok Serey

អ្នក​ធាក់​ស៊ីក្លូ​ជើង​ចាស់​ម្នាក់​ឈ្មោះ ម៉ែន ច័ន្ទ អាយុ ៧១​ឆ្នាំ មក​ពី​ស្រុក​បាទី ខេត្ត​តាកែវ បាន​ថ្លែង​ថា មុខ​របរ​ធាក់​ស៊ីក្លូ គឺ​ជា​ការងារ​បន្ទាប់​បន្សំ​ក្រៅ​ពី​ការ​ធ្វើ​ស្រែ។ មួយ​ថ្ងៃ​លោក​អ៊ំ​រក​បាន​កំរៃ​រវាង ៨​ពាន់​រៀល ទៅ ២​ម៉ឺន​រៀល។ ប៉ុន្តែ​លោក​អ៊ំ​នៅ​ស្រឡាញ់​មុខ​របរ​ធាក់​ស៊ីក្លូ​នេះ៖ «ខ្ញុំ​បាន​ចូល​សមាគម​នេះ​ដូច​ថា​វា​សប្បាយ​ចិត្ត ដោយ​សារ​បាន​លុយ​កាក់​ចិញ្ចឹម​កូន​ប្រពន្ធ។ កាល​ណា​បាត់​ស៊ីក្លូ​ទៅ គឺ​ថា​ជា​ការ​ព្រួយ​បារម្ភ វា​មិន​សប្បាយ​ចិត្ត​ទេ»

របាយការណ៍​បណ្ដោះ​អាសន្ន​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ស៊ីក្លូ​សរុប​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន ៥១៧​គ្រឿង ប្រៀបធៀប​នឹង​សម័យ​មុនៗ ទីក្រុង​ភ្នំពេញ​មាន​ស៊ីក្លូ​ចំនួន​ជាង ១ពាន់​គ្រឿង។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ចំនួន​ស៊ីក្លូ​ថយ​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ គឺ​ដោយ​សារ​តែ​មាន​កំណើន​មធ្យោបាយ​ទំនើបៗ​ជាច្រើន​នៅ​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល