នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​រំឭក​ពី​ទិវា​៧​មករា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​រំឭក​ទិវា​៧​មករា កាលពី​៣០​ឆ្នាំ​មុន​ដែល​លោក​បាន​ចាត់​ទុក​ថា​ជា​ទិវា​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​ពី​អំពើ​កាប់​សម្លាប់​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរ​ក្រហម។

ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​គឺ​បាន​ធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ​មុន​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ត្រៀម​រៀបចំ​ពិធី​ដ៏អឹកអធឹក​មួយ​រំឭក​ទិវា​៧​មករា ឆ្នាំ​១៩៧៩​កន្លង​មក​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «នេះ​ជា​សច្ចៈធម៌​នៃ​ប្រវត្តិសាស្ត្រ សូម្បីតែ​ពួក​អគតិ ពួក​ជ្រុល​និយម គេ​ត្រូវតែ​ទទួល​ស្គាល់​នូវ​ការ​ពិត​បែប​នេះ។ បើ​អ្នកឯង​មិន​ហ៊ាន​ទទួល​ស្គាល់​នូវ​ការ​ពិត អ្នក​ឯង​មិន​មែន​ជា​មនុស្ស​ទេ គឺ​ពិត​ជា​សត្វ។ នេះ​ជា​រឿង​ពិត បើ​គ្មាន​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩​ទេ តើ​យើង​មាន​ថ្ងៃ​នេះ​ទេ?»

រហូត​មក​ទល់​ពេល​នេះ​បើ​ទោះ​បី​ជា​ទិវា​៧​មករា​ត្រូវ​រដ្ឋាភិបាល​ខ្មែរ​បាន​ចាត់ទុក​ជា​ទិវា​បុណ្យ​ជាតិ​រំឭក​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ក៏​ដោយ ក៏​មតិ​មួយចំនួន​បាន​ចោទ​ថា​ជា​ទិវា​នាំ​មក​នូវ​ការលុកលុយ​របស់​កងទ័ព​វៀតណាម​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នោះ​ផងដែរ។

នៅ​មុន​ការប្រារព្ធ​ទិវា​ថ្ងៃ​៧​មករា​នោះ​ដែរ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​គេ​បាន​រក​ឃើញ​គ្រាប់បែក​ច្នៃ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ដែល​គេ​បាន​ដាក់​បង្កៃ​ក្នុង​ផ្លូវ​រាជធានី​ភ្នំពេញ។

អាជ្ញាធរ​បាន​សង្ស័យ​ថា​ជា​អំពើ​ជាប់​ទាក់ទង​នឹង​ជន​សង្ស័យ​២​នាក់​ដែល​គេ​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ៕