ការជំទាស់របស់សម្តេចព្រះសង្ឃរាជ ទេព វង្ស រហូតដល់មានសរសេរលិខិតប្តឹងទៅក្រសួងវប្បធម៌ខ្មែរឲ្យបិទឈប់ឲ្យមានការសម្តែងល្ខោនអូប៉េរ៉ាតទៅទៀតផងនោះ គឺដោយសំអាងថា ឈុតខ្លះនៃសាច់រឿងទីដំរីយំបានធ្វើខូចកិត្តិយសនិងតម្លៃព្រះសង្ឃជាង៥ម៉ឺនអង្គ និងពុទ្ធសាសនានៅកម្ពុជា។
ល្ខោនអូប៉េរ៉ារឿងទីដំរីយំបានសម្តែងនៅក្រុងភ្នំពេញកាលពីដើមខែវិច្ឆិកានិងខែធ្នូ ឆ្នាំ២០០៨កន្លងទៅនេះ។ នៅក្នុងខ្លឹមសាររឿងទីដំរីយំមានឈុតមួយគឺមានតួអង្គសង្ឃមួយអង្គបានចាប់ចិត្តស្រឡាញ់នារីខ្មែរមួយរូបគឺនាងបុប្ផា។
ដោយសារឈុតឆាកខាងលើនេះ នៅក្នុងលិខិតចុះថ្ងៃទី៣០ ធ្នូ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ សម្តេចសង្ឃរាជ ទេព វង្ស គឺបានទាមទារឲ្យអ្នកដឹកនាំរឿង អ្នកសរសេររឿង រួមទាំងតួសម្តែងធ្វើការសុំទោស។
លោក អៀង ស៊ីធុល ជាតារាសម្តែងមួយរូបនៅក្នុងល្ខោនអូប៉េរ៉ានៃរឿងទីដំរីយំបានថ្លែងថា នឹងមានកិច្ចប្រជុំមួយចំពោះប្រតិកម្មរបស់សម្តេចសង្ឃរាជ ទេព វង្ស ដើម្បីនាំឲ្យមានការយល់គ្នាចំពោះខ្លឹមសារនៃសិល្បៈនិងការសម្តែងនោះ។
នៅពេលដែលសួរថាតើលោកឆ្លើយបំភ្លឺយ៉ាងដូចម្តេចចំពោះប្រតិកម្មរបស់សម្តេចព្រះសង្ឃរាជ ទេព វង្ស លោក អៀង ស៊ីធុល មិនមានប្រសាសន៍សុំទោសទេ ក៏ប៉ុន្តែបានពន្យល់យ៉ាងដូច្នេះថា ៖ «និយាយថាទស្សនិកជនទៅលោក(សង្ឃ)មិនមែនទស្សនិកជនទេ ប៉ុន្តែគ្រាន់ថា បើមានការប្រតិកម្មចេញពីមជ្ឈដ្ឋានណាក៏ដោយវារមែងតែមានធាតុសកម្មនិងអសកម្ម។ ហើយចំពោះបំណងនៃការសម្ដែងដែលជាវណ្ណកម្មថ្មីដែលយើងគិតថា និយាយមួយម៉ាត់ថាជាល្ខោនអូប៉េរ៉ា ទីដំរីយំនេះ យើងមិនប្រកែកប្រណាំងអីទេ ប៉ុន្តែអូប៉េរ៉ាល្ខោនច្រៀងដែលជាល្ខោនសម័យថ្មីមួយដែលយើងកំពុងតែចាប់ផ្ដើមបណ្តុះនៅក្នុងសង្គមជាតិយើង ហើយចំពោះរឿងដែលទាក់ទងនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ដែលមាននិយាយនៅក្នុងរឿងទីដំរីយំនេះ វាមិនខុសពីរឿងដែលយើងមានកន្លងមក ដូចជារឿងទុំទាវ តួទុំ តួពេជ និងតួសង្ឃដទៃទៀតដែលជាប់ជំពាក់នៅក្នុងជីវិតជាសង្ឃ ហើយពេលនោះក៏មានសេចក្ដីស្នេហាជាមួយនឹងស្រីឬនាងទាវ»។
លោក អៀង ស៊ីធុល មានប្រសាសន៍បន្ថែមខ្លឹមសារសម្តែងនោះគឺដើម្បីជាការឆ្លុះបញ្ចាំងតថភាពនៃសង្គមមនុស្សប៉ុណ្ណោះ ៖ «យើងដឹងថាក៏មានសង្ឃល្អ សង្ឃត្រឹមត្រូវ សង្ឃប្រកបដោយគុណធម៌ ហើយក៏មានសង្ឃដែលប្រកបដោយអគុណធម៌និងមិនត្រឹមត្រូវជាវិន័យសង្ឃ...។ មុននឹងចាក់មួយថ្ងៃខ្ញុំក៏ឮសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ពេលសន្និបាតសង្ឃលោកមានប្រសាសន៍ មានវត្តខ្លះពេលធ្វើបុណ្យហើយសួរថាយកលុយទៅណា? ថា យកទៅទិញឡានជិះអស់ហើយ ប៉ុន្តែបំណងល្អរបស់អ្នកនិពន្ធឬក៏អ្នកសម្ដែងគឺចង់ឲ្យគុណធម៌សង្ឃខ្ពស់ ឲ្យសង្ឃដែលគ្របដោយស្បង់ចីវរនោះគឺជាសង្ឃល្អ»។
លោក អៀង ស៊ីធុល បានថ្លែងឲ្យដឹងទៀតថា ល្ខោនអូប៉េរ៉ារឿងទីដំរីយំដែលមានអ្នកសម្ដែងជាខ្មែរនិងបរទេសសរុបជាង៣០នាក់រំពឹងថា នឹងបន្តសម្តែងនៅប្រទេសមួយចំនួនដូចជាប្រទេសកូរ៉េខាងត្បូង សឹង្ហបុរី ហុងកុង ជប៉ុន និងសហរដ្ឋអាមេរិក ហើយក៏គ្រោងនឹងសម្តែងនៅក្រុងសៀមរាបនាចុងឆ្នាំនេះឬដើមឆ្នាំ២០១០ផងដែរ៕