វគ្គហ្វឹកហ្វឺនពិសេសនេះ គឺបានធ្វើឡើងតាមបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី ព្រមទាំងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍ នេត្រ សាវឿន នៅគ្រាដែលកម្ពុជា កំពុងធ្វើជាប្រធានអាស៊ាន (Asean) នៅឆ្នាំ២០១២ នេះ។
កងកំលាំងនគរបាលអន្តរាគមន៍ចំនួនជិត ៤០០នាក់នោះ បានទទួលការហ្វឹកហ្វឺនពិសេសពីមន្ត្រីនគរបាលជំនាញមកពីអគ្គស្នងការនគរបាលជាតិ ផ្ដោតលើយុទ្ធសាស្ត្របង្ការ និងទប់ស្កាត់ និងឈានដល់ការបង្ក្រាបក្រុមអ្នកបាតុកម្ម កុបកម្ម និងកូដកម្មហិង្សា តវ៉ា និងបិទផ្លូវជាដើម ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។
មេរៀនសំខាន់ៗជាច្រើនដែលត្រូវបានហ្វឹកហ្វឺននោះ មានដូចជា៖ ទី១ យុទ្ធសាស្ត្រការពារក្បួនប្រតិភូឆ្លងកាត់ ការពារគោលដៅ និងរបៀបប្រើប្រាស់លួសបន្លា។ ទី២ យុទ្ធសាស្ត្រប្រើប្រាស់ខែល ទី៣ យុទ្ធសាស្ត្រទប់ស្កាត់បាតុកម្ម និងកូដកម្ម ទី៤ បច្ចេកទេសប្រើប្រាស់អាវុធវែង និងខ្លី ទី៥ របៀបប្រយុទ្ធឆែកឆេរ ចាប់ខ្លួនជនល្មើស និងរបៀបដាក់ខ្នោះជនល្មើស ទី៦ យុទ្ធវិធីរំដោះចំណាប់ខ្មាំងនៅលើអាគារផ្ទាល់ដី និងទី៧ យុទ្ធវិធីចរចា និងសម្រេចភារកិច្ចចុងក្រោយ។

នៅក្នុងឈុតមួយដែលគេបានបង្ហាញនៅក្នុងពិធីបិទវគ្គនោះ គេបានសំដែងឲ្យមានក្រុមបាតុករហិង្សាមួយក្រុមចំនួនជាង ២០នាក់ បានប្រើប្រាស់ដបទឹកសុទ្ធ និងដុំថ្មគ្រវែងមកនគរបាល។ នៅគ្រានោះហើយ ក្រុមនគរបាលអន្តរាគមន៍ជាង ៥០នាក់ ប្រើប្រាស់ខែលការពារ និងដំបង បានរុញច្រានបាតុករ ហើយបានរាយកំលាំងរបៀបជាស្នែងក្របី ដើម្បីព័ទ្ធចាប់ខ្លួនបាតុករឲ្យក្រាបលើដី និងដាក់ខ្នោះដៃ។
ស្នងការនគរបាលក្រុងភ្នំពេញ លោកឧត្ដមសេនីយ៍ត្រី ទូច ណារ៉ុថ ដែលធ្វើជាអធិបតីនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសនេះ បានមានប្រសាសន៍ថា ភ្នាក់ងារនគរបាលត្រូវតែគោរពសីលធម៌ខ្ពស់ជាមួយប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋ។ ក្នុងករណីមានបាតុកម្ម គឺនគរបាលបំពេញតួនាទីត្រឹមតែបង្ការ និងទប់ស្កាត់មិនឲ្យមានអំពើហិង្សា ប៉ុន្តែបើសិនណាបាតុករប្រើអំពើហិង្សា នៅពេលនោះហើយនគរបាលឈានដល់ការបង្ក្រាប។
លោកឧត្ដមសេនីយ៍ត្រី ទូច ណារ៉ុថ៖ «ដូច្នេះកុំឲ្យមានពាក្យបង្ក្រាប យើងចង់បានតែពាក្យបង្ការ ទប់ស្កាត់ ថ្វីត្បិតតែយើងមានតួនាទីបង្ក្រាបពិតមែន។ ធ្វើម៉េចបង្កភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋដែលគាត់ជាបាតុករ។ ខែលយើងកុំទាន់ប្រឈម យើងដាក់ និយាយស្ទាបស្ទង់ និយាយជាមួយគាត់បានហើយ ធ្វើឲ្យមនោសញ្ចេតនារបស់អ្នកទាំងពីរក្លាយជាបងប្អូន ក្លាយជាឪពុកម្ដាយ និងកូន ខ្ញុំជឿថា គ្មានអំពើហិង្សាទេ»។
លោកបញ្ជាក់ថា វិធានការរក្សាសន្តិសុខ និងសុវត្ថិភាពនេះ នៅគ្រាដែលកម្ពុជា កំពុងធ្វើជាប្រធានអាស៊ាន គឺជាការចាំបាច់ណាស់ មិនឲ្យក្រុមបាតុករអុកឡុក និងបិទផ្លូវ ធ្វើឲ្យកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋច្រើនលាននាក់។
មន្ត្រីនគរបាលតំណាងឲ្យកងកំលាំងអន្តរាគមន៍ជិត ៤០០នាក់ គឺលោកអនុសេនីយ៍ទោ អ៊េម សារ៉ាវុធ បានឡើងថ្លែងថា នគរបាលទាំងអស់អនុវត្តឲ្យបាននូវបទបញ្ជា និងការណែនាំនេះ៖ «នឹងគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ និងបង្ការរាល់បទល្មើសដែលកើតឡើងនៅក្នុងមូលដ្ឋាន ដើម្បីសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ»។
ទាក់ទងនឹងការបង្ក្រាបបាតុករកន្លងមកនេះ ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ លោក មឿន តុលា បានមានប្រសាសន៍ថា ការបង្ក្រាបបាតុករកន្លងមក គឺកងកំលាំងនគរបាលអន្តរាគមន៍បានប្រើកំលាំងជ្រុលលើបាតុករ៖ «មិនអាចប្រើអំពើហិង្សាទៅលើស្រ្តី លើកុមារ និងបុរស ជាពិសេសរដ្ឋយើងជារដ្ឋមួយដែលបានចុះហត្ថលេខាលើកាតិកសញ្ញាមិនប្រើអំពើហិង្សា ធ្វើទារុណកម្ម»។
ការបង្ក្រាបបាតុករកន្លងមកដែលសកម្មជនការពារសិទ្ធិមនុស្សបានថ្កោលទោសលើកំលាំងសមត្ថកិច្ចនោះ មានដូចជា ការបាញ់មកលើកម្មការិនីចំនួន ៣នាក់ ឲ្យរងរបួសធ្ងន់នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
ការបង្ក្រាបប្រជាពលរដ្ឋតវ៉ាទាមទារដីធ្លី និងបានបាញ់ឲ្យកុមារីម្នាក់ឈ្មោះ ហេង ចាន់ថា អាយុ ១៤ឆ្នាំស្លាប់ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ និងការបង្ក្រាបបាតុករចុងក្រោយ គឺនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ បានបណ្ដាលឲ្យបាតុករម្នាក់ឈ្មោះ រ៉ុង បញ្ញា រងរបួសធ្ងន់នៅមុខវត្តបទុមវតី នៅគ្រាលោក រ៉ុង ឈុន បានដឹកនាំបាតុករទៅដាក់ញត្តិជូនខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យអន្តរាគមន៍ដោះស្រាយតាមលក្ខខណ្ឌរបស់កម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
