អាជ្ញាធរ​បកស្រាយ​ពី​រឿង​បោះ​បង្គោល​តម្រុយ​ព្រំដែន​នៅ​តាកែវ

ប្រធាន​ក្រុម​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤ លោក ស៊ឹន សុធានី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ចំពោះ​មុខ​អ្នក​ភូមិ​អញ្ចាញ​ជា​ច្រើន​នាក់ នៅ​ថ្ងៃ​​២៦ ឧសភា​នេះ ថា ប្រតិកម្ម​របស់​​ពលរដ្ឋ​ដែល​ថា ការ​បោះ​តម្រុយ​បង្គោល​កំណត់​ព្រំដែន​នៅ​ភូមិ​អញ្ចាញ ស្រុក​បុរី​ជលសា ខេត្ត​តាកែវ បណ្ដាល​ឲ្យ​បាត់​ដី​ស្រែ​នោះ​ជា​ការ​មិន​ពិត។
ដោយ សេក បណ្ឌិត
2010-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤

លោក ស៊ឹន សុធានី បាន​អះអាង​ថា ការ​បោះ​តម្រុយ​បង្គោល​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម មិន​បាន​ធ្វើ​ឲ្យ​បាត់​បង់​ដី​ស្រែ​ប្រជា​ពលរដ្ឋ​នោះ​ឡើយ។

លោក ស៊ឹន សុធានី បាន​បញ្ជាក់​ថា ៖ «បញ្ហា​ដែល​ប្រជាជន​គាត់​ផ្អើល​ម្សិលមិញ ខ្ញុំ​បាន​សួរ​ផ្ទាល់​ចំពោះ​លោក ឃឹម ប៉ាក សួរ​ចុះ​សួរ​ឡើង​ទៅ គាត់​អត់​មាន​ដី​ទាក់ទង​នឹង​តំបន់​ហ្នឹង​ទេ! ដី​គាត់​នៅ​ប្រហែល​ពីរ​បី​រយ​ម៉ែត្រ ឆ្ងាយ​ដែរ! គាត់​គ្រាន់​តែ​ឃើញ​បង្គោល គាត់​តម្រង់​ខ្លួន​គាត់ គាត់​ថា បាត់​ដី​ស្រែ​គាត់ អ៊ីចឹង​គាត់​ផ្អើល​ឆោឡោ។ ចំណុច​មួយ​ទៀត​ដែល​ថា ដក​បង្គោល​ឈើ​មាន​ទង់ជាតិ​វៀតណាម​ហ្នឹង គឺ​អត់​មាន​ទេ​បង្គោល​ហ្នឹង អត់​មាន​ទង់ជាតិ​វៀតណាម អត់​មាន​អី​សោះ! គ្រាន់តែ​ជា​បង្គោល​តម្រុយ​ឈើ និង​មាន​សរសេរ​លេខ​២៧០ តែ​ប៉ុណ្ណឹង​ទេ គឺ​លេខ​ទីតាំង​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន មិន​មែន​ជា​បង្គោល​ថ្ម​ទេ យើង​អត់​ទាន់​ធ្វើ​ទេ​បង្គោល​ថ្ម។ ខ្ញុំ​សូម​ជម្រាប​ថា ការ​អនុវត្ត​លើ​ដី មិន​មែន​ដូច​គាត់​ថា វៀតណាម​ទេ​ណា៎! ម្សិលមិញ​គឺ​កម្ពុជា​ពាក់​កណ្ដាល វៀតណាម​ពាក់​កណ្ដាល ប៉ុន្តែ​គាត់​ឈរ​មើល​ពី​ចម្ងាយ គាត់​ថា សុទ្ធតែ​វៀតណាម»

លោក​មាន​ប្រសាសន៍​បែប​នេះ នៅ​ខណៈ​លោក និង​ក្រុម​ការងារ ព្រមទាំង​សមត្ថកិច្ច​ប៉ូលិស​ប្រមាណ ១០​នាក់ បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ សាកសួរ​ពី​ប្រតិកម្ម​ដែល​ថា បាត់​ដី​ស្រែ និង​ពន្យល់​ពី​ការងារ​បោះ​តម្រុយ​បង្គោល​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម ថែម​ថ្មី​មួយ​ទៀត គឺ​មាន​លេខ​២៧០ បន្ទាប់​ពី​បង្គោល​ចំនួន ១១ ដែល​បាន​ឯកភាព​គ្នា​រួច​ហើយ​កាល​ពី​ពេល​កន្លង​មក។

វិទ្យុ​អាស៊ី​សេរី​បាន​សុំ​ការ​អនុញ្ញាត​ចុះ​ទៅ​មើល​ផ្ទាល់​នូវ​ទីតាំង​បោះ​បង្គោល​តម្រុយ​កំណត់​ព្រំដែន ដែល​កំពុង​មាន​បញ្ហា​ជាមួយ​ប្រជា​ពលរដ្ឋ​នោះ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ដោយ​លោក​គ្រាន់តែ​ផ្ដល់​នូវ​រូបថត ព្រមទាំង​ប្រាប់​ឲ្យ​ដឹង​ថា បង្គោល​លេខ​២៧០​នោះ​ជា​បង្គោល​ឈើ រាង​ជា​បន្ទះ​ក្ដារ មាន​ទទឹង ២​តឹក មាន​កម្រាស់ ៥​ហ៊ុន និង​មាន​កម្ពស់​ពី​ដី ៦​តឹក។

ចំពោះ​ការ​លើក​ឡើង​ពី​ប្រជា​ពលរដ្ឋ​ថា ការ​បោះ​បង្គោល​តម្រុយ​កំណត់​ព្រំដែន​នោះ​បាន​ស្ថិត​នៅ​លើ​ដី​ស្រែ​របស់​ពួក​គាត់ ដែល​បាន​ធ្វើ​ស្រែ​រាល់​ឆ្នាំ​នោះ លោក ស៊ឹន សុធានី អះអាង​បញ្ជាក់​ថា ៖ «ខ្ញុំ​និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​ដាំ​ម្សិលមិញ ខ្ញុំ​អត់​បាន​គិត​ដី​ស្រែ ឬ​មិន​ដី​ស្រែ​ទេ ព្រោះ​តំបន់​ហ្នឹង​ជា​វាល​ស្មៅ ដី​ស្រែ​ប្រជាជន​ប្រហែល​ពីរ​បី​រយ​ម៉ែត្រ ឆ្ងាយ​ពី​ហ្នឹង អា​ហ្នឹង​ខ្ញុំ​ឃើញ​គេ​ធ្វើ​ស្រែ​មែន!»

ប្រជា​ពលរដ្ឋ​ភូមិ​អញ្ចាញ​ម្នាក់ លោក កែត សុគុណ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ដោយ​នៅតែ​អះអាង​ថា បង្គោល​តម្រុយ​កំណត់​ព្រំដែន​នោះ គឺ​ស្ថិត​នៅ​លើ​ដី​ស្រែ​របស់​គាត់​ផ្ទាល់ មាន​ទំហំ ៤​ហិកតារ ដែល​គាត់​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៨៤​មក ប៉ុន្តែ​លោក​បញ្ជាក់​ថា ដី​នោះ​ធ្វើ​បាន​តែ​មួយ​រដូវ​ទេ គឺ​នៅ​ដើម​រដូវ​ប្រាំង ក្រៅ​ពី​នេះ​គឺ​ទុក​ទំនេរ​ចោល។

លោក កែត សុគុណ បាន​អះអាង​ថា ៖ «ខ្ញុំ​ថា ដី​ខ្ញុំ​នៅតែ​បាត់​ដដែល ព្រោះ​គាត់​ថា ក្នុង​ផែនទី​គាត់​មិន​ឲ្យ​បាត់​ដី​មួយ​ចំអាម​ទេ ព្រោះ​គាត់​ថា ដី​វៀតណាម​ក៏​ត្រូវតែ​ប៉ះពាល់ ដី​ខ្មែរ​ក៏​ត្រូវតែ​ប៉ះពាល់ អ៊ីចឹង​ទេ​ដី​ខ្ញុំ​នៅតែ​បាត់​ដដែល ព្រោះ​គេ​បោះ​ចូល​មក​ទៅ​ហើយ ហើយ​អ៊ីចឹង​ខ្ញុំ​នៅតែ​ព្រួយ​បារម្ភ​ដដែល។ លុះ​ត្រា​តែ​បង្គោល​ហ្នឹង​មិន​ដាំ​នៅ​លើ​ដី​ខ្ញុំ បាន​ខ្ញុំ​បាត់​ការ​ព្រួយ​បារម្ភ»

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រជា​ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​មួយ​ចំនួន​កំពុង​មាន​ការ​ភ័យ​ខ្លាច និង​រត់​គេច​ចេញ​ពី​ភូមិ​បណ្ដោះ​អាសន្ន បន្ទាប់​ពី​បាន​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​បាត់​ដី​ស្រែ ដោយសារ​ការ​បោះ​បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម កាល​ពី​ថ្ងៃ​ទី​៥ ឧសភា​កន្លង​មក​ថ្មី​ៗ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល