ជន​អនាមិក​ប្លុង​គ្រាប់មីន​មុខ​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​នៅ​ប៉ោយ​ប៉ែត

អ្នក​ភូមិ​នៅ​ក្រុង​ប៉ោយប៉ែត​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​មាន​គ្រាប់​មីន​គេ​ប្លុង​ចោល​នៅ​មុខ​ផ្ទះ​មួយ​នៅ​កណ្តាល​ទី​ក្រុង​ប៉ោយ​ប៉ែត។
ដោយ សុផល មុន្នី
2010-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មនុស្ស​ជា​ច្រើន​រយ​នាក់​និង​សមត្ថកិច្ច​ជំនាញ​ផង​បាន​នាំ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ប្លុង​គ្រាប់​មីន​ស្គរ​មួយ​គ្រាប់​ទាំង​កណ្តាល​ថ្ងៃ​ នៅ​ខាង​មុខ​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​ចំ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែត។

កញ្ញា សុន គន្ឋា វ័យ ២០ឆ្នាំ ដែល​ជា​លក់​នំបុ័ង​ជិត​កន្លែង​កើត​ហេតុ​បាន​ថ្លែង​ថា នៅ​វេលា​ម៉ោង២​និង​៣០​នាទី ​មាន​បុរស់​ម្នាក់​អាយុ​ប្រហែល ៣០​ឆ្នាំ​បាន​បើក​រថយន្ត​កូរ៉េ​ពណ៌​មួយ​គ្រឿង​ឈប់​ចូល​ទៅ​ទិញ​ថ្នាំ​ពេទ្យ​។ ពេល​ទិញ​ថ្នាំ​ពេទ្យ​រួច​បុរស​ចេញ​មក​វិញ​ហើយ​ក៏​បើក​កញ្ចក់​ទម្លាក់​គ្រាប់​មីន​នោះ​ចេញ​ពី​ក្នុង​រថយន្ត​ដាក់​ចំ​មុខ​ផ្ទះ​លក់​ថ្នាំ​ពេទ្យ។

កញ្ញា សុន គន្ឋា ដែល​ឃើញ​ហេតុ​ការណ៍​នោះ​បញ្ជាក់​ថា ៖ «ខ្ញុំ​ឃើញ​គាត់​ឈប់​ឡាន​មក​ទិញ​ថ្នាំ​រួច​ហើយ​បើក​កញ្ជាក់​ទម្លាក់ ហើយ​បើក​ឡាន​ចេញ​ទៅ​ម៉ោង​២​កន្លះ ឡាន​ហ្នឹង​ពណ៌​ស អត់​ឃើញ​ផ្លាក​លេខ​ប៉ុន្មាន​ផង ​អត់​បាន​ចាប់​អារម្មណ៍​»

លោក ស្រី ម៉ុក ច័ន្ទ សាវ៉ាត អាយុ ៤៥​ឆ្នាំ ម្ចាស់​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​ឈ្មោះ "ឱសថស្ថាន​រង «ខ»” បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មាន​ការ​តក់​ស្លុត។

លោក​ស្រី​បញ្ជាក់​ថា គ្រួសារ និង​មុខរបរ​រកស៊ី​របស់​លោក​ស្រី​មិន​ធ្លាប់​កើត​មាន​ទំនាស់ ឬ​គំនុំ​ជា​មួយ​អ្នក​ណា​ទេ ៖ «តាំង​ពី​ខ្ញុំ​មក​នៅ​ហ្នឹង​និយាយ​រួម​ទៅ​ខ្ញុំ​អត់​ដែល​មាន​បញ្ហា​ជា​មួយ​ប្រជាជន ឬ​អ្នក​ជិត​ខាង​ទេ។ នេះ​ជា​ការ​មួយ​ហួស​ចិត្ត​ស្មាន​មិន​ដល់​បើ​និយាយ​ថា គុំគឺ​មិន​អាច​ព្រោះ​ខ្ញុំ​អត់​ដែល​មាន​ទំ​នាស់ ឬ​បញ្ហា​អញ្ចឹង ឬ​ក៏​ជា​ការ​យល់​ច្រឡំ​ផ្ទះ​ស្មាន​មិន​ត្រូវ​»

ទោះ​យ៉ាង​ណា គ្រាប់​មីន​ដែល​ជន​មិន​ស្គាល់​មុខ បាន​លួច​ដាក់​នោះ​ពុំ​បាន​ផ្ទុះ​ឡើយ​ដោយ​សារ​ ឃើញ​ទាន់​ពេល។ លោក ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ប៉ូលិស និង​មន្ត្រី​ដោះ​មីន​ស៊ីម៉ាក​បាន​សហការ​គ្នា​ចុះ​ទៅ​ដោះ​យក​គ្រាប់​មក​រក្សា​ទុក ប៉ុន្តែ​នៅ​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បែប​ណា​ទេ។

អ្នក​ក្រុង​ប៉ោយប៉ែត​ដែល​ជា​សាក្សី​ឃើញ​ហេតុ​ការណ៍​ខាង​លើ​នេះ​អ្នក​ខ្លះ​សន្និដ្ឋាន​ថា ការ​ដាក់​គ្រាប់​នេះ​ទំនង​កើត​ចេញ​ពី​គំនុំ​គុំ​កួន​តែ​ថា ជន​មិន​ស្គាល់​មុខ​ទំនង​មាន​ការ​ភាន់​ច្រឡំ ៖ «ប្រហែល​ជា​ច្រឡំ​ផ្ទះ​ព្រោះ​ផ្ទះ​នេះ​ជា​ផ្ទះ​លក់​ថ្នាំ គាត់​មិន​ដែល​មាន​បញ្ហា​ជា​មួយ​អ្នក​ជម្ងឺ​ទេ ពេទ្យ​ផ្សារ​អគ្គ​ នៅ​កន្លែង​គាត់​ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​អ៊ីចឹង»

កន្លង​ទៅថ្មីៗ​គ្លីនិក​ផ្សារ​អគ្គ​ដែល​នៅ​ជាប់​ផ្ទះ​លក់​ថ្នាក់​ពេទ្យ​នោះ​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​ព្យាល​បាន​បុរស់​ម្នាក់​ឈ្មោះ ឡាម ឆាត អាយុ ៤១​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​រួច​ហើយ​យក​សព​បុរស​នោះ​ ទៅ​បោះ​ចោល​នៅ​វត្ត​សុរិយារាម​ហៅ​វត្ត​ថ្មី ដោយ​ម្ចាស់​គ្លីនិក​ផ្សារ​អគ្គ​នោះ​បាន​ផ្តល់​លុយ ៤០​ម៉ឺន​រៀល​ទៅ​ឲ្យ​លោក​តា​អាចារ្យ​ដើម្បី​ដុត​សព​នោះ​ចោល៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល