អ្នក​ស្រុក​​ត្អូញត្អែរ​ពី​ការ​លំបាក​ក្រោយ​ពេល​បោះ​បង្គោល​តម្រុយ​ព្រំដែន

អ្នក​ស្រុក​ដែល​រង​ការ​ប៉ះ​ពាល់ ដោយសារ​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន នៅ​ស្រុក​បុរីជលសា ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​២៩ ឧសភា​នេះ ថា ពួក​គាត់​មិន​អាច​ចូល​ទៅ​បាញ់​ថ្នាំ​ស្មៅ​នៅ​ក្នុង​ដី​ស្រែ​របស់​ពួក​គាត់ ដើម្បី​ការពារ​ដំណាំ​ស្រូវ​បាន​ទេ ក្រោយ​ពី​ដី​ស្រែ​របស់​គាត់​ត្រូវ​បាន​គេ​បោះ​បង្គោល​តម្រុយ​ព្រំដែន​ខ្មែរ​-​វៀតណាម​រួច​មក។
ដោយ គឹម ពៅ
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ផ្សេង​ទៀត ដែល​មាន​ដី​ស្រែ​ប្រមាណ ១​ហិកតារ​នៅ​កន្លែង​បោះ​បង្គោល​កំណត់​ព្រំដែន​បណ្ដោះ​អាសន្ន​នោះ បាន​ថ្លែង​ថា គាត់​កំពុង​តែ​បារម្ភ​អំពី​ការ​បាត់​បង់​ដី​ស្រែ​នៅ​ឆ្នាំ​ខាង​មុខ​នេះ ក្រោយ​ពី​អាជ្ញាធរ​បាន​ហាម​ឃាត់​អ្នក​ស្រុក​មិន​ឲ្យ​ចូល​ទៅ​ជិត​ដី​ស្រែ​ដែល​គាត់​ធ្លាប់​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ​មក។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «តវ៉ា​ទៅ​ណា? បើ​ខ្ញុំ​តវ៉ា​ទៅ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​គេ​ថា ឲ្យ​នៅ​ឲ្យ​ស្ងៀម​សិន​ទៅ រាជ​រដ្ឋាភិបាល​មិន​ឲ្យ​យើង​អត់​ទេ! ដី​ដែល​ធ្លាប់​ធ្វើ​ស្រូវ​ហើយ​គឺ​ទុក ឆ្នាំ​ក្រោយ​ក៏​នៅ​តែ​ធ្វើ​ស្រូវ​អ៊ីចឹង​ដែរ! ចុះ​បើ​ឆ្នាំ​ក្រោយ​គេ​មិន​ឲ្យ​ធ្វើ បាន​ស្រូវ​ពី​ណា​ច្រូត ច្រូត​ស្រូវ​វៀតណាម​ម្ដង?»។

ការ​បោះ​បង្គោល​តំរុយ​ព្រំដែន​លេខ​២៧០ នៅ​ក្នុង​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​២៥ ឧសភា​ថ្មី​ៗ​នេះ។ ប្រភព​ពី​អ្នក​ស្រុក​បាន​អះអាង​ថា ការ​បោះ​បង្គោល​នោះ​បាន​ធ្វើ​ឡើង​ចូល​មក​ក្នុង​ដី​ស្រែ​របស់​អ្នក​ស្រុក​ចំនួន ២០០​ម៉ែត្រ ហើយ​មាន​អ្នកស្រុក​ប្រហែល ៩​គ្រួសារ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដី​ស្រែ​ដែល​គេ​បោះ​បង្គោល​នោះ។

ប្រភព​ដដែល​បាន​និយាយ​ថា អ្នក​ស្រុក​បាន​ព្យាយាម​ប្តឹង​អាជ្ញាធរ​ភូមិ ឃុំ អំពី​ការ​បាត់​បង់ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បាន​សន្យា​ថា នឹង​ធ្វើ​ការ​ដោះស្រាយ ដោយ​គំរាម​មិន​ឲ្យ​និយាយ​រឿង​នេះ​បន្ត​ទៀត​ឡើយ។

យ៉ាង​ដូច្នេះ​ក្តី អភិបាល​ខេត្ត​តាកែវ លោក ស្រី បេន មាន​ប្រសាសន៍​បដិសេធ​មិន​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ ដោយ​បញ្ជាក់​ថា គ្មាន​ការ​បង្គោល​លើ​ដី​របស់​អ្នក​ស្រុក​ឡើយ។

លោក ស្រី បេន បាន​ចោទ​ថា អ្នក​ប្ដឹង​ផ្ដល់​អំពី​រឿង​បាត់​ដី​នោះ​ចេះ​តែ​ថា​ប៉ុណ្ណោះ ៖ «ខំ​ថែ​រក្សា​ទឹក​ដី​មាំ​ណាស់! ទឹក​ដី​កាល​ពី​មុន​ព្រៃ​ទេ គេ​ទើប​តែ​ដាក់​ប្រជាជន​ទៅ​ទេ! សុទ្ធ​តែ​ស្មៅ សុទ្ធ​តែ​ត្រែង​ជុំវិញ! ព្រំដែន​គេ​វាស់ តវ៉ា​អ៊ីចឹង ប៉ុន្តែ​គេ​គ្រាន់តែ​ដាក់​តម្រុយ​តើ! អាជ្ញាធរ​គេ​ទទួល​ខុស​ត្រូវ​ហើយ គណៈកម្មការ​ព្រំដែន​គេ​ច្បាស់លាស់​ហើយ!»

ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​ពី​ការ​បោះ​បង្គោល​តម្រុយ​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​ទៅ​នាយក​រដ្ឋមន្ត្រី សុំ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​លេខ​២៧០ នៅ​ស្រុក​បុរីជលសា ជា​បណ្ដោះ​អាសន្ន។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​អះអាង​ថា ក្រុម​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នឹង​ចូល​ទៅ​កាន់​ទី​នោះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ពិនិត្យ​សើរើ​ឡើង​វិញ ប្រយោជន៍​ការពារ​ដី​ស្រែ​របស់​អ្នក​ស្រុក​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់។

លោក យឹម សុវណ្ណ បាន​អះអាង​ថា ៖ «ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ណាស់! ហើយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ័យ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​លែង​ហ៊ាន​បញ្ចេញ​មតិ ក៏​ប៉ុន្តែ​ខ្ញុំ​ថា ដី​ធ្លី​គឺ​ជា​ឆ្នាំង​បាយ​របស់​គាត់ គាត់​មិន​អាច​រស់​ដោយ​គ្មាន​ដី​ទេ។ កាល​ណា​តែ​ប៉ះ​ពាល់​ទៅ​ដល់​ដី​ធ្លី​របស់​គាត់ គឺ​អ្នក​មាន​អំណាច​ខិត​ខំ​គំរាម​កំហែង​មិន​ឲ្យ​គាត់​បញ្ចេញ​មតិ​យ៉ាង​ណា ក៏​គាត់​នៅតែ​បញ្ចេញ​អ៊ីចឹង!»

ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​កន្លង​មក បាន​នាំ​ឲ្យ​អ្នក​ស្រុក​ចំនួន ២​នាក់​ត្រូវ​អាជ្ញាធរ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ ក្រោយ​ពី​ការ​តវ៉ា​ប្រឆាំង​ចំពោះ​ការ​បាត់​បង់​ដី​ស្រែ​របស់​ខ្លួន។

ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដដែល បាន​គ្រោង​ថា ពួក​គេ​នឹង​ចូល​ទៅ​ពិនិត្យ​ការ​បោះ​បង្គោល​លេខ​១២៤ និង ១២៥ នៅ​ខេត្ត​កំពង់ចាម​បន្ត​ទៀត ក្រោយ​ពី​ដំណើរ​ទៅ​មើល​ទល់​ដែន​នៅ​ខេត្ត​តាកែវ​រួច​មក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល