លោក ហោ ណាំហុង៖ កម្ពុជា​​ចង់​បាន​​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​មក​​ឆាប់ៗ

ភាគី​កម្ពុជា និង​ថៃ បាន​សំដែង​ការ​គាំទ្រ​រៀងៗ ខ្លួន ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ថ្មីៗ នេះ។ ប៉ុន្តែ បញ្ហា​ដែល​កម្ពុជា​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់​ក្រោយ​ពី​ការ​សម្រេច​នោះ គឺ​អ្នក​សង្កេតការណ៍​ ពី​ប្រទេស​ឥណ្ឌូណេស៊ី មក​ត្រួត​ពិនិត្យ​លើ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ។
ដោយ សុខ សេរី
2011-07-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២០-កក្កដា-២០១១ ៖ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​វិល​ត្រឡប់​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។
២០-កក្កដា-២០១១ ៖ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​វិល​ត្រឡប់​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។
RFA/Sok Serey

ប្រមុខ​ការ​ទូត​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ ២០១១ បាន​បញ្ជាក់​ថា លោក​កំពុង​តែ​រង់ចាំ​ចម្លើយ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី ជា​ប្រធាន​អាស៊ាន ក្នុង​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​លើ​បទ​ឈប់​បាញ់ មក​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក្រោយ​ពី​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ (Haque) ប្រទេស​ហុល្លង់ (Netherland) កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១១​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​ឧបនាយក​រដ្ឋមន្ត្រី លោក ហោ ណាំហុង មាន​ប្រសាសន៍ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ ខែ​កក្កដា​ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Narty Natalegawa) កាល​ថ្ងៃ​ទី ១៩ ខែ​កក្កដា​ថ្មីៗ នេះ។

លោក​បន្ត​ថា ៖ «អត់​មាន​ចាំបាច់​ការ​កិកកុក​របស់​ថៃ​ទៀត​ទេ។  ខ្ញុំ​បាន​ស្នើ​ឲ្យ​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន គឺ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នេះ​មួយ។ ដោយឡែក​និយាយ​អំពី​បញ្ហា​នេះ ឲ្យ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​មក​ឲ្យ​បាន​ឆាប់ ស្រប​តាម​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ»។

លោក ហោ ណាំហុង បាន​ពណ៌នា​នៅ​ក្នុង​សន្និសីទ​កាសែត​ថា សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង ឡាអេ ប្រទេស​ហុល្លង់​ថ្មីៗ នេះ គឺ​ស្រប​តាម​បំណង​របស់​កម្ពុជា​កន្លងមក ៖ «តុលាការ បាន​ចេញ​សេចក្ដី​សម្រេច​នេះ ឃើញ​ថា​ឆ្លើយ​តប​នឹង​សំណូមពរ​ទាំង​ពីរ​របស់​យើង គឺ​មាន​ការ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍។ ខ្ញុំ​យល់​ថា ជា​អចិន្ត្រៃយ៍​ហើយ»។

គេ​នៅ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ី ជុំវិញ​ការ​ស្នើសុំ​របស់​លោក ហោ ណាំហុង ថ្មីៗ នេះ។ ប៉ុន្តែ កាសែត​ថៃ​ឈ្មោះ បាងកក​ប៉ុស្តិ៍ (Bangkok Post) បាន​ដក​ស្រង់​សំដី​របស់​អគ្គ​លេខាធិការ អាស៊ាន លោក សូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) ដែល​មាន​ប្រសាសន៍​ថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា កំពុង​តែ​រង់ចាំ​សញ្ញា​ច្បាស់លាស់​ពី​ភាគី​កម្ពុជា និង​ថៃ ដែល​គាត់​អាច​ជួយ​សម្របសម្រួល​បាន ដើម្បី​ធានា​សន្តិភាព និង​សន្តិសុខ​នៅ​តាម​ព្រំដែន​កម្ពុជា និង​ថៃ។

លោក​បណ្ឌិត​សភាចារ្យ រស់ ចន្ត្រាបុត្រ និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រធាន​អាស៊ាន គឺ​មាន​កាតព្វកិច្ច​អនុវត្តន៍​តាម​ការ​សម្រេច​របស់​ស្ថាប័ន​អន្តរជាតិ​កំពូល ៖ «ដូច្នេះ ក្នុង​គោលដៅ​ទាំង​អស់​នេះ យើង​ឃើញ​ថា ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​បច្ចុប្បន្ន​របស់​សមាគម​អាស៊ាន​នេះ គឺ​ថា​ទទួល​ភារកិច្ច ២។ មួយ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​មួយ​ថ្មី​នេះ​ទៀត តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ។  ដូច្នេះ នៅ​ក្នុង​បញ្ហា​នេះ គឺ​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់»។

កន្លង​មក​ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រធាន​អាស៊ាន បាន​យល់​ព្រម​ជញ្ជួន​អ្នក​សង្កេតការណ៍​លើ​បទ​ឈប់​បាញ់​ចំនួន ៣០ នាក់ គឺ ១៥ នៅ​កម្ពុជា និង ១៥ នាក់​ទៀត នៅ​ភាគី​ខាង​ថៃ។ ប៉ុន្តែ គម្រោងការ​នោះ បាន​ផ្អាក​ទៅ​វិញ ដោយសារ​លក្ខខណ្ឌ​របស់​ថៃ។

ភាគី​កម្ពុជា​កន្លង​មក បាន​ស្នើសុំ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី បញ្ជូន​អ្នក​សង្កេតការណ៍​លើ​បទ​ឈប់​បាញ់​មក​ឈរ​ជើង​នៅ​កន្លែង​ចំនួន ៣ គឺ​ទី១ តំបន់​ចាក់​ច្រែង ទី​២ នៅ​តំបន់​តា​សឹម និង​ទី​៣ នៅ​តំបន់ ៥ មករា ក្បែរ​តំបន់​ប្រសាទ​ព្រះវិហារ៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Thai already destroy the Temple. It did not matter.

Jul 20, 2011 09:11 PM

អ្នក​អាន​អនាមិក

ចាំមើលទៅទៀតមើលរឿងនិងវាយ៉ាងមិចទៀត ? តើអាស៊ានអាចដោះស្រាយបញ្ហានេះបានដែរឬទេ ?
បរាជ័យកន្លងមកគឺដោយសាររដ្ធាភិបាលមិនបានបើកភ្នែកមើលពីការរិះគន់របស់បក្សប្រឆាំងដែរស្មើរឲ្យមានការកោះប្រជុំអ្នកដែរបានចុះហត្តលេខានៅក្រុងប៉ារីស​!​ហេតុអីបានជារដ្ធាភិបាលមិនកោះប្រជុំ?​ ព្រោះវាទាក់ទងទៅនិងបញ្ហាព្រំដែនខាងកើតដែរបានបោះបង្គោលរួចទៅហើយ ! រដ្ធាភិបាលខ្មែរកំពុងពិចារណាមិនដឹងទៅតាមផ្លូវណា ក្លាចបាត់ប្រយោជន៏មហាសមមិត្តយួន

Jul 20, 2011 08:27 PM

គេហទំព័រ​ទាំងមូល