អង្គការ ILO៖ លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ឲ្យ​ដឹង​ថា ល័ក្ខខ័ណ្ឌ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ល្អ បើ​ទោះ​បី​ជា​ការគោរព​ច្បាប់​ទៅ​លើ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​កាត់ដេរ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ក្ដី ។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣០ មិថុនា ស្ដីពី​ការផ្សព្វផ្សាយ​របាយការណ៍​សំយោគ​ទី​២០ របស់​គម្រោង​ឈ្មោះ «រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា» អង្គការ ILO បាន​ឲ្យ​ដឹង​ថា តាម​ការពិនិត្យ​ឃ្លាំ​មើល ដែល​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០០៧ រហូត​ដល់​ថ្ងៃ​៣០ មេសា ឆ្នាំ​២០០៨ ទៅ​លើ​រោងចក្រ​ចំនួន ២០០ រោងចក្រ គេ​រក​ឃើញ​ថា មាន​កម្មករ​និង​និយោជិត​ជាង ៣៥០.០០០​នាក់ ដែល​ទិន្នន័យ​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ។

អង្គការ ILO បាន​ឲ្យ​ដឹង​ទៀត​ថា គេពុំ​ឃើញ​មាន​កម្មករ​និយោជិត​មិន​ទាន់​គ្រប់​អាយុ​នោះ​ទេ ហើយ​ថា ៧៩​%​នៃ​រោងចក្រ​ទាំង​នោះ សុទ្ធតែ​មាន​សហជីព យ៉ាង​តិច​ចំនួន​មួយ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ១៤​%​ នៃ​រោងចក្រ​ទាំងអស់​នោះ មាន​បញ្ហា​កូដកម្ម​បាន​កើត​ឡើង ៕