មន្ត្រី​បក្ស​ប្រឆាំង​ចុះ​សិក្សា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង

អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​សំដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​កោះកុង ដែល​រដ្ឋាភិបាល​បាន​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។

0:00 / 0:00

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នៅ​តំបន់​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ស្រុក​កោះកុង និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅ​ថ្ងៃ​ចន្ទ ទី​១៦ មេសា ឆ្នាំ​២០១២។

លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា លោក​និង​សហការី​អ្នក​សិក្សា​ស្រាវជ្រាវ​របស់​លោក នឹង​ចំណាយ​ពេល​ប្រមាណ​ជា​ពីរ​ថ្ងៃ ឬ​អាច​ច្រើន​ជាង​នេះ ដើម្បី​សិក្សា​អំពី​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ​ឲ្យ​បាន​ច្បាស់លាស់។

តំបន់​ដែល​លោក​ត្រូវ​ធ្វើ​ការ​សិក្សា​អង្កេត​ជា​បឋម​នោះ គឺ​នៅ​តំបន់​ស្ទឹង​អារ៉ែង ដែល​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ចិន មាន​គម្រោង​នឹង​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

លោក សុន ឆ័យ៖ «ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្ទឹង​អារ៉ែង ថា​នឹង​កើត​មាន​វារីអគ្គិសនី​នៅ​ស្ទឹង​អារ៉ែង​នោះ មាន​ផល​ប៉ះពាល់​លើ​ព្រៃ​ឈើ​ធម្មជាតិ រុក្ខជាតិ សត្វ​ព្រៃ មាន​ត្រី​នៅ​ក្នុង​ស្ទឹង​អាច​ស្លាប់​ផុត​ពូជ ដែល​វា​មាន​ផល​ប៉ះពាល់​មិន​ត្រឹម​តែ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ទេ គឺ​ថា សត្វ​ដ៏​កម្រ​នៅ​ទី​នោះ​នឹង​អាច​បាត់​បង់»

លោក​បន្ត​ថា ការ​ចុះ​អង្កេត​ស្រាវជ្រាវ​នេះ​បន្ទាប់​ពី​មាន​ក្តី​បារម្ភ​ពី​ប្រជាពលរដ្ឋ​ពី​ផល​ប៉ះពាល់ និង​មាន​សេចក្ដី​រាយការណ៍​ជា​ញឹកញាប់​ពី​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ៖ «យើង​ដឹង​ថា​នៅ​មិន​ឆ្ងាយ​ពី​ស្ទឹង​អារ៉ែង​ប៉ុន្មាន មាន​ស្ទឹង​តាតៃ ដែល​មាន​ការ​កសាង​ទំនប់​វារីអគ្គិសនី​រួច​ទៅ​ហើយ មាន​ការ​កាប់​ព្រៃ​ឈើ​ក្នុង​ទំនប់​នោះ​មួយ​ចំនួន​ផង ហើយ​ក៏​មាន​ការ​កាប់​ឈើ​នៅ​ទី​នោះ»។

​ក្រោយ​ការ​ចង​ក្រង​របាយការណ៍​អំពី​បញ្ហា​នេះ​ចប់​សព្វ​គ្រប់ លោក​នឹង​ផ្ញើ​របាយការណ៍​នោះ​ទៅ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ និង​ត្រូវ​មាន​វិធានការ​បញ្ឈប់​បញ្ហា​ដែល​កើត​មាន​ទាំង​នោះ​ជា​បន្ទាន់។

កន្លង​មក​លោក​នាយករដ្ឋាមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់​ទៅ​លើ​ផល​ប៉ះពាល់​បរិស្ថាន​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ​ថា ជា​ក្រុម​ជ្រុល​និយម។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា រាល់​ការ​អភិវឌ្ឍ គឺ​ជៀស​មិន​ផុត​ពី​ផល​ប៉ះពាល់​នោះ​ឡើយ។

រដ្ឋាភិបាល​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ថា ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង​នោះ នឹង​សាងសង់​នៅ​ពេល​ណា​មួយ​ច្បាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា ទំនប់​នេះ​អាច​នឹង​សាងសង់​រួច​នៅ​ឆ្នាំ​២០១៧ ខាង​មុខ៖ «នៅ​ឆ្នាំ​២០១៧ ហ្នឹង ទំនប់​វារីអគ្គិសនី​ឆាយ​អារ៉ែង ១០០ មេហ្គាវ៉ាត់​ទៀត​ដើរ»

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ការងារ​របស់​រដ្ឋាភិបាល​បាន​មក​ប្រជុំ​ប្រាប់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ថា​ គេ​គ្រោង​នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​អារ៉ែង​នេះ នៅ​ដើម​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

គម្រោង​នេះ​អាច​ប៉ះពាល់​ដល់​ឃុំ​ចំនួន​បី គឺ​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​មួយ​ភាគ​នៃ​ឃុំ​ថ្មដូនពៅ។ ឃុំ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

នៅ​ខេត្ត​កោះកុង មាន​គម្រោង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​កំពុង​សាងសង់ និង​គ្រោង​ចាប់​ផ្ដើម​សាងសង់​សរុប​ចំនួន​បី​កន្លែង​ធំៗ។ ទី​១ ទំនប់​វារីអគ្គិសនី​តាតៃ ​កម្លាំង ២៤៦​ម៉េហ្គាវ៉ាត់ (MW) ស្ថិត​នៅ​ក្នុង​ឃុំ​បឫស្សីជ្រុំ ស្រុក​ថ្មបាំង និង​ឃុំ​តាតៃ ស្រុក​កោះកុង។ ទី​២​វារីអគ្គិសនី​ឫស្សីជ្រុំ​ក្រោម ស្ថិត​នៅ​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា។ ទំនប់​នេះ​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ៣៣៨​មេហ្គាវ៉ាត់ និង​ទី​៣ ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង ដែល​​មាន​ថាមពល​ប្រមាណ ១០០​ម៉េហ្គាវ៉ាត់ (MW) ស្ថិត​នៅ​ស្រុក​ថ្មបាំង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។