ជំងឺ​គ្រុន​ឈាម​សម្លាប់​កុមារ​២​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​និង​កំពង់ចាម

យ៉ាង​ហោច​ណាស់​មាន​កុមារ​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ដែល​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

0:00 / 0:00

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​នៃ​ក្រសួង​សុខាភិបាល​លោក​វេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​បែប​នេះ​ក៏​ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​អ្នក​ជំងឺ​មាន​ការ​យឺតយ៉ាវ​យក​កូន​មក​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក​វេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ដល់​អ៊ីចឹង​ទៅ​ពេទ្យ​រដ្ឋ​របស់​យើង​មាន​ការ​លំបាក​ក្នុង​ការ​ជួយ​សង្រ្គោះ​ណាស់ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​យើង​នៅ​តែ​ព្យាយាម​អប់រំ​គាត់ ដើម្បី​ឲ្យ​គាត់​ស្រូត​មក​ទទួល​យក​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​យើង​ដែល​នៅ​តាម​មណ្ឌល​សុខភាព​ដើម្បី​ឲ្យ​គ្រូពេទ្យ​យើង​បញ្ជូន​មក​មន្ទីរពេទ្យ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។ គ្រប់​ពេទ្យ​នៅ​តាម​ខេត្ត ឬ​តាម​ក្រុង អត់​មាន​យក​ប្រាក់​ហិរញ្ញប្បទាន​ទេ មក​ទទួល​ការ​ព្យាបាល យើង​មាន​ការ​លើកលែង ហើយ​យើង​មាន​មូលនិធិ​សមធម៌​ដើម្បី​ចេញ​ជំនួស​ជូន»

មន្ដ្រី​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ដែរ​ថា ក្រៅ​ពី​មាន​កុមារ​ស្លាប់​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ចាម ឥឡូវ​នេះ​ជំងឺ​គ្រុនឈាម​បាន​ផ្ទុះ​រាត​ត្បាត​នៅ​ទីផ្សេងៗ​ទៀត​ដែរ ដូចជា​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​ព្រះសីហនុ ខេត្ក​កោះកុង និង​ខេត្ត​កំពត ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ។

ប្រធាន​កម្មវិធី​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​ប្រចាំ​ខេត្ដ​កោះកុង លោក​វេជ្ជបណ្ឌិត ម៉ក់ គឹមលី បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា នៅ​ខេត្ត​កោះកុង គឺ​គេ​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ដាក់​ថ្នាំ​អាបែត​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​គ្រុនឈាម ជា​ពិសេស​នៅ​ក្នុង​ឃុំ​បឹងព្រាវ ស្រុក​ស្រែ​អំបិល ដែល​ទើប​តែ​ផ្ទុះ​ជំងឺ​គ្រុនឈាម​នោះ។

លោក​វេជ្ជបណ្ឌិត ម៉ក់ គឹមលី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ល្អ​ជាង​គេ​ហើយ ដាក់​អាបែត​ហ្នឹង។ បើ​សិន​ណា​ថា ផ្ទុះ​ខ្លាំង​មែន​ទែន​អី​នៅ​មន្ទីរ​សុខាភិបាល យើង​មាន​ម៉ាស៊ីន​បាញ់ ៥​គ្រឿង»

មន្រ្តី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ ការ​កើត​ជំងឺ​គ្រុនឈាម​នៅ​ទូទាំង​កម្ពុជា​មាន​ចំនួន​ជិត ៦០០​ករណី។ ចំពោះ​ចំនួន​នេះ បើ​គេ​ធ្វើការ​ប្រៀបធៀប​ទៅ​ឆ្នាំ​កន្លង​ទៅ ក្នុង​រយៈពេល​ដូច​គ្នា​នោះ គេ​ឃើញ​ថា ជំងឺ​គ្រុនឈាម​ថយ​ចុះ​ក្នុង​ឆ្នាំ​នេះ ក៏​ដោយសារ​តែ​មាន​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​ក្រសួង​សុខាភិបាល​កាន់​តែ​មាន​សន្ទុះ​កើន​ឡើង។

គួរ​ជម្រាប​ជូន​ដែរ​ថា ចំពោះ​ជំងឺ​គ្រុនឈាម​នៅ​កម្ពុជា​គេ​សង្កេត​ឃើញ​ជា​ទូទៅ តែ​កាលណា​ដល់​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​នោះ​គឺ​ជំងឺ​គ្រុនឈាម​បាន​ចាប់​ផ្តើម​ធ្វើការ​រាត​ត្បាត​ដូច​ជា​ឥឡូវ​នេះ មាន​ការ​ធ្លាក់​ភ្លៀង​ឆាប់​ពី​ដើម​ឆ្នាំ គេ​ឃើញ​ជំងឺ​គ្រុន​ឈាម​បាន​ចាប់​ផ្តើម​ផ្ទុះ​ដែរ។ ហើយ​អ្នក​ដែល​រង​គ្រោះ​ខ្លាំង ភាគ​ច្រើន​ជា​កុមារ​ចាប់​ពី​អាយុ​១៥​ឆ្នាំ​ចុះ ចំណែក​ឯ​ចំពោះ​មនុស្ស​ចាស់​គឺ​គេ​កម្រ​ឃើញ​កើត​មាន​ជំងឺ​នេះ​ណាស់។

ទាក់ទង​នឹង​យុទ្ធនាការ​នៃ​ការ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​នេះ​គេ​ឃើញ​មាន​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី​បណ្ដា​អង្គការ​អន្ដរជាតិ​មួយ​ចំនួន ដូច​ជា ធនាគារ ADB បាន​ផ្ដល់​ចំនួន​ជាង ៥​សែន​ដុល្លារ ហើយ​និង​ធនាគារ​ពិភពលោក អង្គការ DFID និង AUSAID បាន​ផ្ដល់​ចំនួន​១​លាន​៨​សែន​ដុល្លារ៕