ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​របស់​ដាណឺម៉ាក​ចាប់​ដំណើរ​ការ​នៅ​កម្ពុជា

ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ដ៏​ធំ​មួយ​របស់​ប្រទេស​ដាណឺម៉ាក (Denmark) បាន​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​កម្ពុជា​ហើយ ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១២ ដោយ​បាន​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​សណ្ឋាគារ ខេមបូឌីយ៉ាណា (Cambodiana Hotel) ក្រោម​អធិបតី​របស់​ព្រះអង្គម្ចាស់ក្សត្រី​នៃ​ប្រទេស​ដាណឺម៉ាក ព្រះនាង ម៉ារី (Marie)។

0:00 / 0:00

ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​របស់​ប្រទេស​ដាណឺម៉ាក នោះ ឈ្មោះ ហ្គូហ្វ បាងខឺ ខេមបូឌា (Go4 Bunker Cambodia Co., Ltd.) បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០១២ នេះ ដើម្បី​ផ្គត់ផ្គង់​ប្រេង ឬ​លក់​ប្រេង​ចំនួន ១​ម៉ឺន​តោន​ក្នុង​មួយ​ខែ ទៅ​ឲ្យ​នាវា​ដឹក​ប្រេង​អន្តរជាតិ​នានា ដែល​ឆ្លង​កាត់​ដែន​សមុទ្រ​កម្ពុជា។

ប្រភព​ប្រេង​ដែល​ក្រុមហ៊ុន​ត្រូវ​ផ្គត់ផ្គង់​នោះ គឺ​ជា​ប្រេង​ដឹក​ចូល​មក​ពី​តំបន់​មជ្ឈិម​បូព៌ា (Middle East) និង​ប្រទេស​នានា​នៅ​អឺរ៉ុប​ខាង​កើត (East Europe) ប៉ុន្តែ​នៅ​ពេល​ក្រុមហ៊ុន​រាវ​រក​ប្រេង​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ សឺវរ៉ុន (Chevron) នឹង​ចាប់​ផ្ដើម​បូម​យក​ប្រេង​ពី​បាត​សមុទ្រ​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ គឺ​ក្រុមហ៊ុន ហ្គូហ្វ បាងខឺ ខេមបូឌា នឹង​ចាប់​ផ្ដើម​លក់​ប្រេង​នោះ​ឲ្យ​ទៅ​នាវា​ដឹក​ប្រេង​អន្តរជាតិ​នៅ​ពេល​នោះ​ដែរ។

ប្រភព​ពី​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ចំនួន​ទឹក​ប្រាក់​វិនិយោគ និង​រយៈពេល​មក​វិនិយោគ​នៅ​កម្ពុជា នោះ​ទេ ប៉ុន្តែ​ជា​ជំនួញ​មួយ​ទាក់ទង​នឹង​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា​ដែរ។

នាយក​ក្រុមហ៊ុន ហ្គូហ្វ បាងខឺ ខេមបូឌា លោក ច័ន្ទ ដារ៉ារិទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា កម្ពុជា​ក្លាយ​ជា​ដៃគូ​ល្អ​ជាមួយ​ក្រុមហ៊ុន​របស់​លោក៖ «ជា​គោលការណ៍​យើង​បាន​ទំនាក់​ទំនង និង​ជម្រាប​ជូន​ទៅ​រដ្ឋាភិបាល​ថា ពាណិជ្ជកម្ម​របស់​យើង​គឺ​ផ្ដល់​ជូន​កប៉ាល់​អន្តរជាតិ ដែល​ឆ្លង​កាត់​ដែន​សមុទ្រ​កម្ពុជា។ ខ្ញុំ​សូម​ជម្រាប​ជូន​អស់​លោក​ដែរ​ថា កន្លង​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​មាន​ការ​ផ្គត់ផ្គង់​ប្រេង​កប៉ាល់​ទេ។ កប៉ាល់​ដែល​ឆ្លង​កាត់​ដែន​សមុទ្រ​យើង គឺ​ឆ្លង​ទៅ​ចាក់​នៅ​ថៃ ឆ្លង​ទៅ​ចាក់​នៅ​សិង្ហបុរី ទាំង​អស់។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ទាញ​ផលប្រយោជន៍​មក​ដល់​ប្រទេស​កម្ពុជា»

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​នឹង​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ណា​ចាប់​ផ្តើម​លក់​ប្រេង និង​សេវាកម្ម​លក់​ប្រេង​ចាប់​ផ្ដើម​ដំណើរការ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហង្ស ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​វត្តមាន​នៃ​ក្រុមហ៊ុន​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ឯកអគ្គរាជទូត​ប្រទេស​ដាណឺម៉ាក លោក មីកែល ហីមនីទី វិនធឺ (Mikael Hemniti Winther) បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​យើង​ត្រូវ​គិត​នោះ គឺ​ស្វែង​រក​ដៃគូ​ល្អ​មួយ៖ «មូលហេតុ​ដែល​យើង​មក​សម្ពោធ​នៅ​ទី​នេះ គឺ​ស្ថានទូត​បាន​ទាក់ទង និង​ផ្ដល់​យោបល់​ឲ្យ​ក្រុមហ៊ុន​នេះ​មក​កម្ពុជា»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ហ្គូហ្វ បាងខឺ ខេមបូឌា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​ឈរ​ជើង​ប្រតិបត្តិការ​នៅ​ដែន​សមុទ្រ​កម្ពុជា នៅ​ក្បែរ​ច្រក​ចេញ​ចូល​របស់​នាវា​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។