ជំងឺ​រាក​ក្អួត​រាតត្បាត​ពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី ខែត្រ​ក្រចេះ

ជំងឺ​រាក​ក្អួត​មួយ​ប្រភេទ​បាន​សម្លាប់​មនុស្ស​អស់ ៨​នាក់​ហើយ​កាល​ពី​ថ្ងៃ​ទី​២៥ មីនា នៅ​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ និង​មនុស្ស​ប្រមាណ ៤០​នាក់​ទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ និង​នៅ​តាម​ភូមិ។
ដោយ ឱ ភារិទ្ធ
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូ​ពេទ្យ​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ដល់​អ្នក​ជំងឺ​រាក​ក្អួត នៅ​មន្ទីរពេទ្យ​បង្អែក ក្នុង​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​២៥ មីនា ២០១០។
គ្រូ​ពេទ្យ​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ដល់​អ្នក​ជំងឺ​រាក​ក្អួត នៅ​មន្ទីរពេទ្យ​បង្អែក ក្នុង​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​២៥ មីនា ២០១០។
RFA/Or Phearith

លោក មុំ ខាំ មេ​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី បាន​ផ្ដល់​សម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ថា ជំងឺ​រាក​ក្អួត​បាន​ចាប់ផ្ដើម​ដំបូង​នៅ​ភូមិ​ទ្រាប នៅ​ថ្ងៃ​ទី​២៥ មីនា ដោយ​បាន​សម្លាប់​មនុស្ស​អស់ ២​នាក់ បន្ទាប់​មក​សម្លាប់​មនុស្ស​ម្នាក់​ទៀត​នៅ​ឃុំ​សណ្ដាយ ហើយ​ក៏​បន្ត​សម្លាប់​មនុស្ស ៥​នាក់ រួម​ទាំង​កូន​ក្នុង​ផ្ទៃ​ផង​នៅ​ភូមិ​១០៥។

លោក មុំ ខាំ បាន​ឲ្យ​ដឹង​ថា ៖ «ព័ត៌មាន​មក​ថ្មី អ្នក​ជំងឺ​កើន​ឡើង​ដល់​៤៣ ខ្ញុំ​ចុះ​ទៅ​ដល់​ទីតាំង ទឹក​ហ្នឹង​តែម្ដង គាត់​អត់​សូវ​បាន​ព្យាយាម​ដាំ​ទឹក។ ៤៣​(នាក់)​ហ្នឹង គឺ​យើង​ដឹក​ជញ្ជូន​បាន​មក​តែ ៣៦​ទេ ប៉ុន្តែ​នៅ​ប៉ុន្មាន​ព្យាបាល​នៅ​ទី​នោះ។ នៅ​ឆ្នាំ​៩៣ មាន​ម្ដង​ដែរ ស្លាប់ ២​នាក់ ៣​នាក់​ដែរ»

អ្នក​កើត​ជំងឺ​រាក​ក្អួត​នេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ត​បន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៥ មីនា ដែល​មក​ទល់​នឹង​ពេល​នេះ លោក អ៊ូ ឃីឡាយ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បាន​បញ្ជាក់​ថា ទទួល​បាន​អ្នក​ជំងឺ​ប្រមាណ ៥០​នាក់​ហើយ ហើយ​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​ផុត​ពិការ​ស្លាប់​ទាំង​អស់។

លោក អ៊ូ ឃីឡាយ បាន​បញ្ជាក់​ថា ៖ «ឥឡូវ​ក្រុម​ខាង​ខ្ញុំ​កំពុង​តែ​យក​វត្ថុ​វិភាគ​ផ្ញើ​ទៅ​ភ្នំពេញ ហើយ​យើង​មិន​ទាន់​ដឹង​ថា បណ្ដាល​មក​ពី​ស្អី! គ្រាន់តែ​ដាក់​ជា​រោគ​សញ្ញា​បណ្ដោះ​អាសន្ន ជំងឺ​រាក​ស្រួច​ស្រាវ»

អ្នក​ជំងឺ​ដែល​បាន​ផ្ដល់​សម្ភាសន៍​ក្នុង​មន្ទីរពេទ្យ​ឲ្យ​ដឹង​ថា ពួក​គេ​ពុំ​ធ្លាប់​ជួប​ប្រទះ​នូវ​ជំងឺ​បែប​នេះ​ទេ ដោយ​គ្រាន់តែ​អង្គុយ​ស្ងៀម​ៗ ក៏​ស្រាប់តែ​បង្ក​ជា​លក្ខណៈ​រាក និង​ក្អួត​ទន់​ខ្លួន​ភ្លាម​ៗ​តែម្ដង ៖ «ជំងឺ​រាក​ក្អួត ចាប់​ពី​ថ្ងៃ​ម្សិល មក​ថ្ងៃ​ត្រង់​ហ្នឹង ហើយ​និង​ព្រឹក​មិញ​ទៀប​ភ្លឺ។ រាក​ក្អួត​ឈូ​ៗ អត់​មាន​ហូប​អី​ខុស​ទេ ហើយ​ឡាន​គេ​បើក​ទៅ​ពេទ្យ។ ក្ដៅ​ពេក ហើយ​ហុយ​ដី​ចូល​ពេញ​ផ្ទះ ពេញ​សម្បែង​ទៀត។ ខ្ញុំ ពុក​ខ្ញុំ កូន​ខ្ញុំ ប្អូន​ខ្ញុំ មាន​ស្លាប់ នៅ​ស្ងៀម​ៗ​ហ្នឹង ភ្លាម​ៗ តែ​យើង​ហូប​ទឹក​អណ្ដូង​អត់​បាន​ស្ងោរ អត់​បាន​ដាំ តាំង​ពី​ដើម​មក​អត់​ដែល​មាន​ដាំ​ទេ!»

អ្នក​ជំងឺ​ម្នាក់​ទៀត​បាន​បន្ត​ថា ៖ «ខ្ញុំ​ឈ្មោះ ធើត ជនជាតិ​ព្នង អត់​ដឹង​អី​ទេ ខ្ញុំ​នេះ! ទើប​តែ​ឈឺ​ឆ្នាំ​នេះ​ទេ។ ដើមហេតុ​វា មុន​ដំបូង​ឈឺ​ក្បាល រួច​ក្អួត រាក។ ស្លាប់​ដែរ ក្នុង​ថ្ងៃ​នេះ​អស់ ៦​នាក់ ក្មួយ​ខ្ញុំ​បង្កើត​ស្លាប់!»

មេ​ឃុំ​ថ្មី​បាន​អះអាង​ថា ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ច្រើន​ខ្វះ​អនាម័យ​ពី​រឿង​ទឹក ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​នេះ​ឡើង តែ​ទោះ​ជា​បែប​នេះ​ក៏​ដោយ ក៏​លោក​វេជ្ជបណ្ឌិត អ៊ូ ឃីឡាយ បញ្ជាក់​ថា រោគសញ្ញា​ត្រូវ​បាន​បញ្ជូន​ទៅ​វិភាគ​នៅ​ភ្នំពេញ​ហើយ មិន​ទាន់​ទទួល​លទ្ធផល​នៅ​ឡើយ​ទេ។

លោក​គ្រាន់តែ​កំណត់​រោគសញ្ញា​នោះ​បណ្ដោះ​អាសន្ន​ថា ជា​ជំងឺ​រាក​ក្អួត​ស្រួច​ស្រាវ តែ​បាន​ធូរ​ស្រាល​ទៅ​វិញ បន្ទាប់​ពី​បាន​ដាក់​ពង្រាយ​កម្លាំង​មន្ត្រី​ពេទ្យ​ប្រចាំការ​នៅ​ភូមិ​កើត​ហេតុ ហើយ​ការ​ព្យាបាល​ជំងឺ​នេះ ត្រូវ​បាន​អង្គការ​មូលនិធិ​សមធម៌​នៅ​ចាំ​សម្ភាស​ចេញ​ប្រាក់​ថ្លៃ​ព្យាបាល​ជូន និង​មន្ទីរ​សង្គមកិច្ច​ក៏​បាន​ត្រៀម​ផ្ដល់​អំណោយ​ជូន​ជន​រងគ្រោះ​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល