សេចក្តីជូនដំណឹងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសរសេរថា ដោយមានការពិគ្រោះយោបល់ជាមួយអង្គភាពជនរងគ្រោះមកនោះ សហព្រះរាជអាជ្ញាបានកំណត់យកថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១០ ធ្វើជាកាលបរិច្ឆេទកំណត់សម្រាប់ការយល់ព្រមទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនានា ដែលអាចនឹងត្រូវបានបញ្ជូនដើម្បីដាក់បញ្ចូលនៅក្នុងសំណុំរឿងលេខ០០២ នៅក្នុងដំណាក់កាលនៃកិច្ចស៊ើបសួរ។
នៅក្នុងសេចក្តីជូនដំណឹងរបស់សាលាក្តីខ្មែរក្រហមដដែលបានសរសេរទៀតថា ជនណាដែលមានបំណងដាក់ពាក្យបណ្តឹងទាក់ទិននឹងសំណុំរឿងលេខ០០២ គួរដាក់ពាក្យបណ្តឹងឲ្យបានទាន់ពេលវេលាតាមរយៈការដាក់ពាក្យបណ្តឹងទៅអង្គភាពជនរងគ្រោះ មិនឲ្យហួសកាលបរិច្ឆេទកំណត់ដូចខាងលើនោះឡើយ។
កាលបរិច្ឆេទកំណត់នេះ មិនបានធ្វើការច្រានចោលជាមុន ឬធ្វើឲ្យជនណាម្នាក់បាក់ទឹកចិត្តលែងហ៊ានដាក់ពាក្យបណ្តឹងនៅក្រោយកាលបរិច្ឆេទខាងលើនេះទេ។ ប៉ុន្តែសូមធ្វើការណែនាំយ៉ាងទទួចថា គួរតែដាក់ពាក្យបណ្តឹងឲ្យបានមុនកាលបរិច្ឆេទនេះប្រយោជន៍នឹងធានាឲ្យប្រាកដថា ពាក្យបណ្តឹងអាចនឹងមានលទ្ធភាពខ្ពស់ជាងក្នុងការទទួលយកសម្រាប់ធ្វើជាភស្តុតាងនៅក្នុងសំណុំរឿងលេខ០០២នោះ។
សំណុំរឿងលេខ០០២នេះ មានទាក់ទងជាមួយការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហមមានដូចជា ខៀវ សំផន, នួន ជា, អៀង សារី, អៀង ធីរិទ្ធ និង កាំង ហ្កេកអ៊ាវ ហៅ ឌុច៕