ក្រសួង​ឧស្សាហកម្ម​គ្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស

ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មាន​ផែនការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ទប់ទល់​នឹង​ការ​ខាត​បង់​ថវិកា​រដ្ឋ ដែល​បាន​ចំណាយ​នៅ​ឆ្នាំ​២០១២ នេះ ដោយសារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​កន្លង​មក។

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា ក្រសួង​នេះ​អនុញ្ញាត​ឲ្យ​អគ្គិសនី​កម្ពុជា ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ បើ​មិន​ដូច្នោះ​ទេ អគ្គិសនី​កម្ពុជា មិន​អាច​បន្ត​រង​ការ​ខាត​បង់​ប្រាក់​ចំណូល​ទៀត​ឡើយ។

ការ​ខាត​បង់​ប្រាក់​ចំណូល​នោះ គឺ​ច្រើន​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១២ នេះ នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​បាន​ឡើង​ថ្លៃ​ខ្ពស់​រហូត​ដល់ ៥.៩០០​រៀល​ក្នុង​មួយ​លីត្រ ប្រៀប​ធៀប​នៅ​ពេល​នេះ តំលៃ​ប្រេង​សាំង​បាន​ធ្លាក់​តម្លៃ​មក ៥.០០០​រៀល​ក្នុង​មួយ​លីត្រ។ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ អគ្គិសនី​កម្ពុជា (EDC) បាន​ទទួល​ប្រាក់​ចំណេញ​ចំនួន​ជាង ៣០​លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ចរន្ត​អគ្គិសនី នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​នៅ​ថោក។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជាក់លាក់​ទេ​ថា តើ​ការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នោះ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ណា និង​មាន​តំលៃ​ប៉ុន្មាន​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង នៅ​តាម​តំបន់​នីមួយៗ។

តំលៃ​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន​មាន​តំលៃ​ខុស​គ្នា​តិច​ច្រើន​ទៅ​តាម​ចំនួន​ប្រើប្រាស់​អគ្គិសនី។ ក្នុង​នោះ​មាន​តម្លៃ ៣៥០ តំលៃ ៥៥០​រៀល និង​តំលៃ ៧៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ប្រៀបធៀប​នឹង​ខេត្ត និង​តំបន់​ដទៃ​ទៀត គឺ​តំលៃ ១.២០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង និង​តំលៃ​លើស​នេះ​ទៀត​ក៏​មាន។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល កំពុង​តែ​រៀបចំ​ឲ្យ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ឆាប់ៗ​នេះ​ហើយ៖ «ឆ្នាំ​នេះ​ទេ ប្រេង​ឡើង​ធ្វើ​ឲ្យ​ចំណូល​អគ្គិសនី​ហ្នឹង​មិន​បាន​តាម​បំណង ដោយសារ​អត់​ទាន់​ឡើង​ថ្លៃ​ភ្លើង (អគ្គិសនី) អ៊ីចឹង​ថ្លៃ​ភ្លើង​នឹង​អាច​សុំ​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បើ​សិន​មិន​ឡើង អគ្គិសនី​កម្ពុជា ខាត​ហើយ»

លោក​បាន​បន្ត​ថា មូលហេតុ​ដែល​តម្លៃ​អគ្គិសនី​កម្ពុជា ថ្លៃ​ជាង​ប្រទេស​ជិត​ខាង គឺ​ដោយសារ​តែ​កម្ពុជា មាន​រោងចក្រ​ផលិត​អគ្គិសនី​ភាគ​ច្រើន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។

ទាក់ទង​នឹង​បញ្ហា​គម្រោង​ឡើង​ថ្លៃ​អគ្គិសនី​នេះ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ខាង​ផ្នែក​ពាណិជ្ជកម្ម នៃ​អគ្គិសនី​កម្ពុជា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។

អាជីវករ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា គ្រួសារ​របស់​នាង​ប្រើប្រាស់​ចរន្ត​អគ្គិសនី​អស់​ចំនួន​ជាង ៣០០​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ និង​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ២៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

នាង​មិន​សប្បាយ​ចិត្ត​ចំពោះ​គម្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ខាង​មុខ​នេះ​ទេ៖ «...​កាល​ណា​ឯកជន​ឡើង​ថ្លៃ​តាម​ចិត្ត ប្រជារាស្ត្រ​រស់​នៅ​ងាប់​ហើយ ពិបាក​ងាប់​ហើយ ភ្លើង។ អ្នក​រត់​ម៉ូតូ​ឌុប​អី​ក៏​គេ​ត្រូវ​ការ​ភ្លើង​ប្រើ​ដែរ ដល់​ពេល​គាត់​ធ្វើ​អ៊ីចឹង ខ្ញុំ​អត់​គាំទ្រ​ទេ។ រដ្ឋ​មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ រដ្ឋ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ចូល​រួម​ដេញ​ថ្លៃ»

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ត្រូវ​ការ​ទិញ​ចរន្ត​អគ្គិសនី​ចំនួន ៤៥% នៅ​ទូទាំង​ប្រទេស​ពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។