លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ បានផ្ញើលិខិត១ច្បាប់ជូនលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើជួយស៊ើបអង្កេតករណីពុករលួយដែលក្រុមគ្រូបង្រៀនបានចោទប្រកាន់ទៅលើប្រធានការិយាល័យរដ្ឋបាលមន្ទីរអប់រំខេត្តឧត្តរមានជ័យ។
កិច្ចអន្តរាគមន៍នេះកើតមានបន្ទាប់ពីសមាគមគ្រូបង្រៀនបានទទួលសារអេឡិចត្រូនិកពីគ្រូបង្រៀននៅខេត្តឧត្តរមានជ័យ ស្នើឲ្យជួយមានវិធានការ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២។
ខ្លឹមសារលិខិតបានឲ្យដឹងថា ប្រធានការិយាល័យនៃមន្ទីរអប់រំខេត្តឧត្តរមានជ័យ បានលាក់ឈ្មោះគ្រូបង្រៀនដែលបោះបង់ការងារមួយចំនួនទុកបើកប្រាក់ខែយកខ្លួនឯង និងមានគ្រូបង្រៀន ២នាក់ទៀត ដែលបានលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ត្រូវមន្ត្រីអប់រំនោះយកលក់ទៅឲ្យបុគ្គលផ្សេង។
លិខិតបានបង្ហាញថា លោក កែវ វន្ថា ដែលត្រូវបានលុបចេញពីក្របខ័ណ្ឌមន្ត្រីរាជការត្រូវបានប្រធានរដ្ឋបាលមន្ទីរអប់រំខេត្តឧត្តរមានជ័យ លក់ទៅឲ្យបុរសម្នាក់ឈ្មោះ រ៉េន ក្នុងតម្លៃ ១ពាន់ដុល្លារ និងលោក ឈួន ទីន ត្រូវលក់ទៅឲ្យលោក ថង សុផល ក្នុងតម្លៃ ៤០០ដុល្លារ។
ទាក់ទិនបញ្ហានេះ លោក រ៉ុង ឈុន បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់៖ «ទង្វើនេះវាធ្ងន់ធ្ងរ ហើយយើងចាត់ទុកជាអំពើពុករលួយ។ ហើយបើក្រសួងអប់រំគ្មានយន្តការបោសសំអាតជុំវិញមន្ត្រីខិលខូចនោះទេ វាប៉ះពាល់ដល់ដំណើរការអប់រំ ហើយធ្វើឲ្យគ្រូបង្រៀនខកចិត្ត ដោយសារតែគាត់មើលឃើញបំណាំអ្នកដឹកនាំដែលមិនល្អ ចេះតែកេងប្រវ័ញ្ចពុករលួយ។ វាជាផ្នែកមួយប៉ះពាល់ដល់ដំណើរការបង្រៀន និងអប់រំនៅកម្ពុជា»។
គ្រូបង្រៀនខេត្តឧត្តរមានជ័យ ដែលសុំមិនបញ្ចេញឈ្មោះក៏ចង់ឃើញមន្ត្រីក្រសួងអប់រំមានវិធានការតាមផ្លូវច្បាប់ពីភាពមិនប្រក្រតីកើតមាននៅក្នុងស្ថាប័នមន្ទីរអប់រំខេត្តឧត្តរមានជ័យ ឲ្យបានឆាប់។
ទោះយ៉ាងណា លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំមិនទាន់មានប្រតិកម្មយ៉ាងណាជុំវិញសំណើរបស់លោក រ៉ុង ឈុន នៅឡើយទេ។ ប៉ុន្តែលោក អ៊ឹង បូរ៉ាត់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានអះអាងនៅថ្ងៃទី២៨ ខែកុម្ភៈ ថា លោកនឹងកោះហៅប្រធានរដ្ឋបាលរបស់ខ្លួនមកសួរនាំរកការពិត និងចាត់វិធានការតាមផ្លូវច្បាប់។
លោក អ៊ឹង បូរ៉ាត់ បន្ថែម៖ «បើដឹង បើរកឃើញលក់ឈ្មោះ ខ្ញុំលប់វិញអត់ឲ្យមានលក់ទេ ហើយហៅប្រធានរដ្ឋបាលការិយាល័យរដ្ឋបាលមកសួរនាំ។ ប៉ុន្តែមិនទាន់ដឹងទេ មិនដឹងយ៉ាងម៉េច ចាំខ្ញុំតាមដានសិន»។
លិខិតសមាគមគ្រូបង្រៀនបានឲ្យដឹងថា លោក កែវ វន្ថា អតីតគ្រូបង្រៀននៅសាលាទទឹងថ្ងៃ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបាននាយកសាលានេះលុបឈ្មោះចេញពីបញ្ជីឈ្មោះបំរើការងារ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៩។ ប៉ុន្តែឈ្មោះនេះត្រូវបានប្រធានរដ្ឋបាលមន្ទីរអប់រំ ខេត្តឧត្តរមានជ័យ លក់ទៅឲ្យឈ្មោះ រ៉េន ក្នុងតម្លៃ ១ពាន់ដុល្លារ និងឈ្មោះ ឈួន ទីន អតីតគ្រូបង្រៀននៅសាលាច្រោក ស្រុកត្រពាំងប្រាសាទ ត្រូវលក់ទៅឲ្យឈ្មោះ ថង សុផល ក្នុងតម្លៃ ៤០០ដុល្លារអាមេរិក។
ភាពមិនប្រក្រតីទាំងនេះ សមាគមគ្រូបង្រៀនទទូចស្នើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ ចុះពិនិត្យ និងស៊ើបអង្កេតចំពោះករណីអំពើពុករលួយក្នុងមន្ទីរអប់រំ ខេត្តឧត្តរមានជ័យ ឲ្យបានឆាប់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។