អាជ្ញាធរ​ខែត្រ​សៀមរាប​ចុះ​អនុវត្ត​ការ​រុះរើ​លំនៅ​ពលរដ្ឋ​នៅ​ឃុំ​ស្លក្រាម

ក្រុម​មន្ត្រី​ចម្រុះ​របស់​ខែត្រ​សៀមរាប បាន​ចុះ​អនុវត្ត​ការ​រុះរើ​លំនៅ និង​ដក​បង្គោល​របង​កំណត់​ព្រំ​ដី​ជា​ច្រើន​ប្លង់ នៅ​ភូមិ​ចុង​កៅស៊ូ ដើម្បី​បណ្ដេញ​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​ឲ្យ​ចាក​ចេញ។
ដោយ ហង្ស សាវយុត
2010-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​អាជ្ញាធរ​អប្សរា​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ ​មួយ​ខ្នង​នៅ​ភូមិ​គោកត្នោត សង្កាត់​ស្រះចក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ២០១០។
មន្ត្រី​អាជ្ញាធរ​អប្សរា​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ ​មួយ​ខ្នង​នៅ​ភូមិ​គោកត្នោត សង្កាត់​ស្រះចក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ២០១០។
Apsara Authorities' Photo

ក្រុម​មន្ត្រី​ចម្រុះ មាន​អាជ្ញាធរ​អប្សរា មន្ត្រី​ក្រុង​សៀមរាប ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង និង​មេធាវី​រាជ​រដ្ឋាភិបាល ព្រម​ទាំង​កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធ​ហត្ថ​ផង បាន​ចុះ​អនុវត្ត​ការ​រុះ​រើ​ផ្ទះ ខ្ទម និង​ដក​បង្គោល​របង​​កំណត់​ព្រំ​ដី​ចំនួន​ជាង ៦០​ប្លង់ នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ​ស្លក្រាម ក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ដើម្បី​បណ្ដេញ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​ឲ្យ​ចាក​ចេញ ដោយ​គេ​អះអាង​ថា ផ្ទះ និង​ដី​ជា​ច្រើន​ប្លង់​នោះ​បាន​ចូល​មក​សាង​សង់​អនាធិបតេយ្យ​ខុស​ច្បាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា។

លោក ខូយ គឹមទូ អនុ​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ទទួល​បន្ទុក​ដោះស្រាយ​គោល​នយោបាយ​ដី​ធ្លី និង​ជា​មន្ត្រី​អាជ្ញាធរ​អប្សរា បាន​មាន​ប្រសាសន៍​ក្នុង​ពេល​ចុះ​អនុវត្ត​ការ​រុះ​រើ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា កន្លែង​ដែល​ចុះ​អនុវត្ត​ការ​រុះរើ​នោះ គឺ​ជា​តំបន់​​ប្រព័ន្ធ​ការពារ​ខ្សែ​ក្រវាត់​ក្រុង ដែល​ស្ថិត​នៅ​ក្នុង​ប្លង់​បុរី​សណ្ឋាគារ​ទេសចរណ៍ និង​វប្បធម៌​របស់​រដ្ឋ ដោយ​អាជ្ញាធរ​ធ្លាប់​បាន​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ចូល​សង់​ទី​លំនៅ​ជា​ច្រើន​លើក​មក​ហើយ។

លោក ខូយ គឹមទូ បាន​បញ្ជាក់​ថា ៖ «ក្នុង​ពេល​ដែល​ធ្វើ​នេះ​គឺ​មាន​ជាង ៦០​ក្បាល​ដី​នេះ ក្នុង​នោះ​មាន​ដី​ទទេ​ព័ទ្ធ​របង។ យើង​ត្រូវតែ​អនុវត្ត​វិធានការ ព្រោះ​អត់​មាន​ម្ចាស់​ការពារ​អី​ទៀត​ទេ! ហើយ​យើង​ក៏​ដឹង​ដែរ​នៅ​ក្នុង​ឯកសារ​យើង មាន​អស់​ហើយ​ថា ម្ចាស់​នៅ​ភ្នំពេញ​ នៅ​ទី​ណា​ក៏​យើង​មាន! ដី​សាធារណៈ​របស់​រដ្ឋ មនុស្ស​អត់​មាន​នៅ​ទេ សង់​ហើយ​ដាក់​ចោល ឬ​ជួនកាល​គាត់​ឲ្យ​គេ​ចាំ​មួយ​ថ្ងៃ​ពីរ​អ៊ីចឹង ឈប់​ទៅ​វិញ​ទៅ! រលំ​ចោល​ខ្លះ​ពេល​ខ្យល់​ព្យុះ។ មាន​មួយ​ទៀត​គឺ​សង់​ផ្ទះ ពី​មុន​ឃើញ​អង្កេត​ម្ចាស់​ផ្សេង ដល់​ក្រោយ​មក​ម្ចាស់​ហ្នឹង​អត់​មាន​នៅ​ខ្លួន​ឯង​ទេ បែរ​ជា​ខណ្ឌ​បន្ទប់​ៗ​ជួល​ឲ្យ​គេ​នៅ សំណង់​អនាធិបតេយ្យ​ខុស​ច្បាប់!»

ទោះ​ជា​យ៉ាង​ណា ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ​ខ្លះ​បាន​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​ចូល​មក​ជួល​ដី​គេ​សង់​ផ្ទះ​នៅ​ខ្លួន​ឯង​នៅ​ក្នុង​តំបន់​នោះ ហើយ​នៅ​ពេល​ដែល​អាជ្ញាធរ​បណ្តេ​ញ​ឲ្យ​ចេញ​នោះ ពួក​គេ​កំពុង​ជួប​ផល​លំបាក​គ្មាន​កន្លែង​ថ្មី​រស់​នៅ​ទេ ដោយសារ​តម្លៃ​ជួល​កន្លែង​រស់​នៅ​ផ្សេង​គឺ​ថ្លៃ​មិន​អាច​រក​ប្រាក់​ជួល​បាន។

ស្ត្រី​ឈ្មោះ សុខ មៀន បាន​មាន​ប្រសាសន៍​ថា គាត់​បាន​មក​ជួល​ដី​គេ​រស់​នៅ​ទី​នោះ​តាំង​ពី​​ឆ្នាំ​២០០៣ ដោយ​ប្រកប​របរ​លក់​ដូរ​បន្តិច​បន្តួច ប៉ុន្តែ​ពេល​អាជ្ញាធរ​បណ្ដេញ​ឲ្យ​ចាក​ចេញ គាត់​កំពុង​វិល​វល់ មិន​ដឹង​ទៅ​រស់​នៅ​តំបន់​ណា​ទៀត។

អ្នក​ស្រី សុខ មៀន ចង់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​យោគយល់​អនុញ្ញាត​ឲ្យ​អ្នក​ក្រីក្រ​ដូច​គាត់​បាន​រស់​នៅ​ទី​នោះ​បន្ត ៖ «ខ្ញុំ​អត់​មាន​កន្លែង​នៅ​ផង! កំពុង​ស្មុគស្មាញ​ថា ទៅ​ជួល​ផ្ទះ​គេ​វា​អត់​លុយ! មុខរបរ​ខ្ញុំ​សព្វថ្ងៃ​លក់​បបរ លក់​នំ ថ្ងៃ​ណា​ទៅ​ក៏​ស៊ី​គ្រប់ ថ្ងៃ​ណា​ទៅ​ក៏​ស៊ី​មិន​គ្រប់! ថ្ងៃ​ណា​ទៅ​ក៏​សល់ បួន​ប្រាំ​ពាន់ ប្រាំ​មួយ​ពាន់​ប៉ុណ្ណឹង​ឯង វា​ពិបាក​ថ្លៃ​ផ្ទះ! ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ត្រឹម​ថា មាន​ភាព​អនុគ្រោះ​ដល់​ជន​ក្រីក្រ​ប៉ុណ្ណឹង​ទៅ!»

លោក អឿន ពៅ អភិបាល​រង​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​គម្រោង​រុះរើ​ផ្ទះ ខ្ទម និង​ប្លង់​ដី​សរុប​ទាំង​អស់​ចំនួន ៩៧​ក្បាល​ដី ដោយ​ជំហាន​ទី​១ គឺ​បាន​បណ្ដេញ​ចំនួន ៦១​ក្បាល​ដី​សិន។

លោក អឿន ពៅ បាន​មាន​ប្រសាសន៍​ថា ជា​គោលការណ៍​អាជ្ញាធរ​ត្រូវ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ទាំង​អស់​មិន​ឲ្យ​រស់​នៅ​លើ​ដី​នោះ​ទៀត​ទេ ដើម្បី​ប្រគល់​ដី​ទាំង​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា​មាន​សិទ្ធិ​គ្រប់គ្រង​ពេញលេញ។ ក្នុង​ការ​ដេញ​ប្រជា​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​នោះ អាជ្ញាធរ​មិន​បាន​ផ្ដល់​គោល​នយោបាយ​ដោះដូរ​ដី​ធ្លី​ទេ ដោយសារ​អាជ្ញាធរ​អះអាង​ថា កន្លង​មក​គេ​តែង​ទប់​ស្កាត់​សកម្មភាព​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ចូល​ធ្វើ​ទី​លំនៅ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ចេះ​តែ​លប​លួច​ចូល​ធ្វើ​ទី​លំនៅ​ខុស​ច្បាប់។

មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា គេ​បាន​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ដឹង​ថា ទី​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល