ក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិយាយថា អាជ្ញាធរ និងក្រុមសមត្ថកិច្ចចម្រុះរបស់ខេត្តឧត្តរមានជ័យ មានប៉ូលិស កងរាជអាវុធហត្ថ និងទាហាន បានចុះបណ្ដេញប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលគេអះអាងថាបានចូលទៅសង់ទីលំនៅខុសច្បាប់ ក្នុងតំបន់ដែនជម្រកសត្វព្រៃនៃឧទ្យានជាតិគូលែនព្រហ្មទេព ឬព្រៃស្អាក នៃភូមិអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភានេះ។
ក្រុមប្រជាពលរដ្ឋអះអាងថា អាជ្ញាធរបានរុះរើ និងបណ្ដេញអ្នកភូមិចេញពីលំនៅប្រមាណ ១០០ខ្នង ហើយខ្ទមប្រជាពលរដ្ឋមួយចំនួនទៀតរងការដុតបំផ្លាញពីសំណាក់អាជ្ញាធរ។
អភិបាលស្រុកអន្លង់វែង លោក យឹម ផាន់ណា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ឧសភា ក្នុងពេលចុះអនុវត្តការបណ្ដេញនោះ ថា តំបន់ព្រៃស្អាកគឺជាដែនជម្រកសត្វព្រៃរបស់ឧទ្យានជាតិគូលែនព្រហ្មទេព ដែលច្បាប់បានការពារមិនឲ្យមានការចូលទៅតាំងទីលំនៅខុសច្បាប់។
លោក យឹម ផាន់ណា បានបញ្ជាក់ថា ៖ «ទីនេះវាជាតំបន់ព្រៃក្រាស់ ដែនឧទ្យានជាតិគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃ វាជាតំបន់ទេសចរណ៍ផង។ ការអនុវត្តវិធានការចុងក្រោយនេះ គឺខាងតុលាការខេត្តសៀមរាប ឧត្ដរមានជ័យយើងផ្ទាល់ គាត់អញ្ជើញមក ហើយនិងមានឯកឧត្ដមអភិបាលរងខេត្តឧត្ដរមានជ័យ ហើយនិងមានមេបញ្ជាការតំបន់ប្រតិបត្តិការសឹកសៀមរាប ហើយនិងជំនាញនៅក្នុងស្រុកអន្លង់វែង។ នេះជាផែនការរបស់ខាងក្រសួង លោកឲ្យយើងនាំកម្លាំងទាំងអស់ហ្នឹងទៅអនុវត្ត»។
អាជ្ញាធរស្រុកអន្លង់វែងបានកំណត់ឲ្យប្រជាពលរដ្ឋទាំងនោះត្រូវរុះរើ និងចាកចេញឲ្យអស់ក្នុងរយៈពេល ៥ថ្ងៃខាងមុខ ហើយបញ្ជូនពួកគេឲ្យទៅរស់នៅកន្លែងថ្មីមួយ ដែលអាជ្ញាធរបានបែងចែកឲ្យ នៅភូមិរំចេក ឃុំអន្លង់វែង។
ប៉ុន្តែក្រុមប្រជាពលរដ្ឋខ្លះដែលធ្លាប់រស់នៅតំបន់ព្រៃស្អាកនោះ បានជំទាស់ថា ពួកគេនឹងមិនចាកចេញទៅរស់នៅកន្លែងថ្មីទេ ពីព្រោះកន្លែងថ្មីដែលអាជ្ញាធររៀបចំឲ្យនោះ អាចនឹងពុំមានទឹក ឬពុំមានដីស្រែចម្ការគ្រប់គ្រាន់សម្រាប់ពួកគេប្រកបរបរចិញ្ចឹមជីវិត។
កន្លងមកអាជ្ញាធរបានចាប់ខ្លួនតំណាងអ្នកភូមិម្នាក់ដាក់ពន្ធនាគារ ពីបទកាប់រានដីព្រៃរបស់រដ្ឋ និងចាប់ខ្លួនមន្ត្រីបរិស្ថាន ២នាក់ផ្សេងទៀតពីបទលក់ដីព្រៃរបស់រដ្ឋទៅឲ្យអ្នកភូមិ៕